Tuesday, December 05, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»

CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
ឯកអគ្គរាជទូត/រដ្ឋទូត តំណាងស្ថានអង្គទូតនានាប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍
បងប្អូនប្រជាពលរដ្ឋតំណាងអ្នកទទួលកម្មវិធីជំនួយសង្គម ក៏ដូចជាអ្នកមានបណ្ណសមធម៌ដែលចូលរួមព្រឹកនេះ ព្រមទាំងជនរួមជាតិទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួន២ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) កូវីដ-១៩ ធ្វើឲ្យអត្រានៃភាពក្រីក្រដែលនៅក្រោម ១០% ក្នុងឆ្នាំ ២០១៧ ហក់ឡើងដល់ ១៧% វិញ

កម្មវិធីគោលនយោបាយអាទិភាពនេះ ត្រូវបានផ្ដួចផ្ដើមឡើងនៅអាណត្តិទី៦ ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ តាំងពីយើងបានបញ្ចប់សង្រ្គាមមក ជាមោទនភាពដែលប្រទេសយើងបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋយើងបានរីកចម្រើន ដែលជាក់ស្ដែង អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ក្នុងរយៈពេលជាង១៥ ឆ្នាំនេះ អត្រានៃភាពក្រីក្រកាលពីឆ្នាំ២០០៧ ដែលមានជាង ៤៧ភាគរយ ដល់ឆ្នាំ២០១៧ ត្រូវបានកាត់បន្ថយនៅក្រោម ១០ភាគរយ។ ប៉ុន្តែបាតុភាពនៃកូវីដ-១៩ បាន(ធ្វើឲ្យអត្រាភាពក្រីក្រ)កើនឡើងដល់ជាង ១៧ភាគរយ។ ទិន្នន័យនេះបានបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋរបស់យើងជាច្រើនមានការរីកចម្រើន ប្រែក្លាយពីជីវភាពក្រីក្រទៅជីវភាពមធ្យម ហើយប្រជាពលរដ្ឋខ្លះក៏មានលទ្ធភាពឈានទៅដល់ជីវភាពកម្រិតខ្ពស់ក៏ដោយ យើងក៏ត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមាន ជាពិសេសចំពោះ(ការប្រឈមនឹងកើតមាន)បាតុភាពស្ថានភាពបរិស្ថាន សេដ្ឋកិច្ចសកល (ដែល)មិនអាច(ឲ្យជីវភាពរស់នៅរបស់ប្រជាជន)នៅស្ថិតស្ថេរនោះទេ។

(២) បួនឆ្នាំកន្លងទៅ វិបត្តិកូវីដ-១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា  

វីដេអូអម្បាញ់មិញបានបញ្ជាក់ហើយ។ ក្នុងរយៈពេលត្រឹម៤ ឆ្នាំនេះ ពិភពលោកបានជួបប្រទះនូវបញ្ហាផ្ទួនៗ។ ទី១ គឺវិបត្តិជំងឺកូវីដ-១៩ ដែលប៉ះពាល់ទៅដល់ជីវភាពសង្គម សុខភាពប្រជាពលរដ្ឋ និងអាយុជីវិតប្រជាពលរដ្ឋ។ ក្រោយមក យើងក៏មានបញ្ហាដែលបង្កឡើងដោយសារសង្រ្គាមនៅអឺរ៉ុប និងឥឡូវរាលទៅដល់មជ្ឈិមបូព៌ា និងនៅកន្លែងផ្សេងទៀត​។ សូម្បីតែនៅក្នុងអាស៊ានរបស់យើងក៏មាន(ការតានតឹង)នៅប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនោះ វិបត្តិដែលកើតពីការប្រឈមនៃអតិផរណាសេដ្ឋកិច្ចពិភពលោក ក៏ប៉ះពាល់ដល់កម្ពុជា។ នេះក៏ដោយសារតែសេដ្ឋកិច្ចរបស់យើងបច្ចុប្បន្ន មិនមែនសេដ្ឋកិច្ចដែលនៅដាច់តែឯងឯកោ ឬដាច់ដោយដុំនោះទេ។ យើងភ្ជាប់សមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចពិភពលោក។ អញ្ចឹងអ្វីដែលប៉ះពាល់(ដល់ពិភពលោក) គឺអាចប៉ះពាល់ផ្ទាល់ដល់យើងតែម្ដង។ ក្នុងន័យនេះ (…) ជាគោលការណ៍ រាជរដ្ឋាភិបាល(បន្តជ្រោង)ស្មារតី​ “មិនទុកអ្នកណាម្នាក់ចោលដោយមិនបានយកចិត្តទុកដាក់នោះទេ”។ រាជរដ្ឋាភិបាលមិនមែនធ្វើសកម្មភាពតែពេលងាយស្រួល ហើយពេលលំបាកទុកប្រជាជនចោលនោះទេ។ ជារាជរដ្ឋាភិបាលបុរេសកម្ម ដែលក្នុង៤០ ឆ្នាំនេះ មានប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ (…)។

(៣) កម្មវិធីនានាក្នុងគោលនយោបាយគាំពារសង្គម បានឆ្លើយតបនឹងសម្ពាធកូវីដ-១៩ គ្រោះទឹកជំនន់ អតិផរណាពិភពលោក

កន្លងទៅ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់។ ដូចនៅក្នុងរបាយការណ៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន (បានបញ្ជាក់) កម្មវិធីដែលយើងរៀបចំបានជួយប្រជាពលរដ្ឋជាច្រើនមុខព្រួញ ជាពិសេសឆ្លើយតបទៅនឹងសម្ពាធ និងបាតុភាពដែលកើតឡើង ដូចជាជំងឺកូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់ បញ្ហាសម្ពាធអតិផរណា ដែលបង្កើតពីអតិផរណាពិភពលោក បញ្ហាផ្សេងៗដែលកើតឡើង។ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្ដេជ្ញាចិត្តបន្តគោលការណ៍ធ្វើឱ្យប្រព័ន្ធគាំពារសង្គម កាន់តែត្រូវបានពង្រឹងនិងកាន់តែមានប្រសិទ្ធភាព ធានាសង្គតិភាព និងដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលត្រូវការជំនួយសង្គម (…) ថ្ងៃនេះ យើងប្រកាសពីអាទិភាពទី៣ (…) នៅក្នុងគោលនយោ​បាយអាទិភាព៦ និងវិធានគន្លឹះ៥ (…) ដើម្បីជំរុញ(ការផ្តល់)ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ ការធានាកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជាពិសេសធានានូវសមធម៌ បានន័យថាផលប្រយោជន៍ដែលបានមកពីកំណើនសេដ្ឋកិច្ច ផលប្រយោជន៍នៃការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវចែកទៅដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវអន្តរាគមន៍ផ្ទាល់ចំពោះអ្នកដែលចាំបាច់ អ្នកដែលត្រូវការក្នុងគ្រប់រូបភាព។ យើងបានដាក់ចេញគោលនយោបាយជាច្រើនជួយដល់វិស័យឯកជន ជួយទៅដល់មន្ត្រីរាជការ ជួយទៅដល់កម្មករ/ការិនី និយោជិត កសិករ។

(៤) រៀបចំស្ថាបនូបនីយកម្មប្រព័ន្ធគាំពារសង្គម ត្រៀមលក្ខណៈទុកមុនរយៈពេលវែង មានភាពធន់ និងបរិយាបន្ន ព្រមទាំងគ្របដណ្តប់បានទូលាយ

ថ្ងៃនេះ យើងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាក់លាក់ដើម្បីអនុវត្តគោលនយោបាយក្នុងការធ្វើស្ថាបនូបនីយកម្មប្រព័ន្ធគាំពារសង្គម។ មូលហេតុអីបានជាយើងត្រូវរៀបចំជាប្រព័ន្ធបែបនេះ? (…) កន្លងទៅ យើងបានធ្វើការអន្តរាគមន៍ជាច្រើន ដែលក្នុងកន្លែងខ្លះ(មានរូបភាព)ដាច់ដោយដុំ ដោយសារ(ជាការ)ឆ្លើយតបទៅនឹងស្ថាន​ភាពប្រែប្រួល ទាមទារនូវការដោះស្រាយជាបន្ទាន់។ ពេលខ្លះយើងមិនមានផែនការ។ អត់មានអ្នកណាធ្វើផែនការថាកូវីដ-១៩ មក(កើតឡើងនៅ)ឆ្នាំ២០១៩ ទេ ហើយក៏អត់មានអ្នកណាធ្វើផែនការដឹងមុនថា នឹងមានសង្គ្រាមនៅអឺរ៉ុប និងនៅមជ្ឈិមបូព៌ាដែរ។ នៅពេលដែលស្ថានភាពទាំងអស់នោះកើតឡើង យើងគ្មានជម្រើសទេ។ អញ្ចឹងយើងបានធ្វើការដាក់ចេញគោលនយោបាយគាំពារជាច្រើន(ទៅតាមការតម្រូវនៃស្ថានការណ៍)។ ការរៀប​ចំជាប្រព័ន្ធគាំពារសង្គមនេះជាការចាំបាច់ដើម្បីធានាប្រសិទ្ធភាព ធានាត្រៀមលក្ខណៈរយៈពេលវែង ដើម្បីឱ្យការដឹកនាំដោះស្រាយបញ្ហាជាយថាហេតុផ្សេងៗ (មានភាព)ជាប្រព័ន្ធមួយ ដែលយើងត្រៀមទុកមុន ធានាភាពធន់ បរិយាបន្ន និងមានការគ្របដណ្ដប់បានច្រើន

(៥) ទោះបីទៅខាងមុខ ដកថយជាជំហានៗនិងបញ្ចប់កម្មវិធីជំនួយគ្រាកូវីដ-១៩ ក្តី ត្រូវរៀប​ចំយន្តការត្រៀមជួយប្រជាពលរដ្ឋដែលនៅត្រូវការជំនួយជាបន្តទៀត

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការជាច្រើនហើយ ដូចជាក្រុមប្រឹក្សាជាតិគាំពារសង្គម និងនិយ័តកម្មសន្ដិសុខសង្គម ប.ស.ស។ យើងក៏បានដាក់ចេញក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ដែលចង្អុលបង្ហាញនៅក្នុងការរៀបចំប្រព័ន្ធគាំពារសង្គមមួយដែលមានលក្ខណៈប្រមូលផ្ដុំនិងប្រសិទ្ធភាព។ រាជរដ្ឋាភិបាល(ក៏កំពុង)ធ្វើសេចក្ដីព្រៀងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ជាចក្ខុវិស័យសម្រាប់ឆ្នាំ​២០៣០។ បានន័យថាគិតក្នុងក្របខណ្ឌរយៈពេលវែង (…) ដើម្បីធានានូវការប្រមូលផ្ដុំការដឹកនាំដោះស្រាយបញ្ហា (…) កម្មវិធីមួយចំនួន ដូចជាការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ​-១៩ជាដើម មិនអាចបន្តរហូតនោះទេ ព្រោះ(ជំងឺ)កូវីដ-១៩ (បាន)បញ្ចប់ហើយ។ ប៉ុន្តែ តម្រូវការរបស់ប្រជាជនមួយចំនួនដែលរងគ្រោះដោយសារ(កូវីដ-១៩) នៅបន្ត (ហើយ)ការស្ដារសេដ្ឋកិច្ចនិងជីវភាពឡើងវិញក៏នៅមិនទាន់រឹងមាំ ព្រមទាំងតម្រូវការរបស់ប្រជាជនដែលប៉ះពាល់ប្រឈមនឹងការប្រែប្រួលផ្សេងៗ។ ដូច្នេះ ទោះបីជាបន្តិចទៀតយើងត្រូវកាត់ជាជំហានៗ ដើម្បីដក(ថយនិង)បញ្ចប់កម្មវិធីកូវីដ-១៩ក្តី ទាមទារយើងត្រូវរៀបចំយន្តការត្រៀមជួយប្រជាពលរដ្ឋដែលនៅត្រូវការជំនួយនេះជាបន្តទៀត (…)។

(៦) ធ្វើតាមលទ្ធភាពថវិកាជាតិ តែគិតនិងខិតខំរកវិធីជាប្រចាំ ធានាថារាជរដ្ឋាភិបាលមិនទុកប្រជាជនចោល

យើងមិនទាន់អាចកាត់បន្ថយភាពក្រីក្រទៅសូន្យភាគរយនោះទេ។ យើងក៏មិនអាចធានាបាន​​​ថាពិភពលោកនឹងមិនមានអ្វីប្រែប្រួល ធ្វើឲ្យប៉ះពាល់ជីវភាពសង្គមនោះដែរ។ មិនមាននរណាអាចធ្វើ(ការព្យាករណ៍)បាននោះទេ។ បើសិនជាពិភពលោកអាចដឹងមុនបានថានឹងមិនមានគ្រោះទឹកជំនន់ មិនមានវិបត្តិសង្រ្គាម មិនមានបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងជីវភាពរបស់សង្គមនោះទេ (នោះ)យើងអាចធ្វើផែនការ។ ទោះជាយ៉ាងណាក៏ដោយ យើងគិតតាមអភិក្រមដែលថា “យើងសង្ឃឹមថាអ្វីៗ នឹងល្អប្រសើរ តែត្រូវត្រៀមលក្ខណៈពេលស្ថានភាពវាអាក្រក់” ជាពិសេស ត្រូវរៀបចំផែនការដែលមានសង្គតិភាពជួយដល់ប្រជាពលរដ្ឋ។ អញ្ចឹងការប្រកាសកម្មវិធីគោលនយោ​បាយ និងកម្មវិធីដែលអនុវត្តឯកសារ២ (…) នៅថ្ងៃនេះ គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងគោលនយោបាយអាទិភាព នៃការធ្វើស្ថាបនូបនីយកម្ម និងការពង្រឹងនូវប្រព័ន្ធ(គាំពារសង្គម)ឲ្យបានយូរអង្វែង ធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ បានតិច ឬច្រើន រាជរដ្ឋាភិបាលមិនចោលប្រជាពលរដ្ឋទេ។ យើងនឹងធ្វើទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល និងលទ្ធភាពថវិកាជាតិ។ សំខាន់ យើងគិតជាប្រចាំ និងខិតខំរកវិធីជាប្រចាំ ធានាឲ្យប្រជាជនមានភាពកក់ក្ដៅថា រាជរដ្ឋាភិបាលមិនទុកប្រជាជនចោលនោះទេ។

[ចប់សេចក្ដីអធិប្បាយ១]

នៅក្នុងឱកាសនេះផងដែរ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគំាពារសង្គមដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិត​​​សភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួងស្ថាប័ន ដែលជាសមាជិកក្រុមប្រឹក្សាជាតិ ដែលបានសហការគ្នាខិតខំរៀបចំឯកសារគោលការណ៍ណែនាំទាំងពីរនេះ ព្រមទាំងបានរៀបចំរួចជាស្រេចនូវ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រៀមចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ការរៀបចំកញ្ចប់គ្រួសារនេះ គឺដើម្បីធានាសង្គតិភាព និងការដឹកនាំអនុវត្តក្រោមប្រតិបត្តិករតែមួយ សំដៅធា​នាបាននូវប្រសិទ្ធភាពរយៈពេលវែង។

[ចប់សេចក្ដីអធិប្បាយ២]

តាមរបាយការណ៍របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរំលេចឱ្យឃើញនូវលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមរយៈពេលកន្លងមក ដែលបានសម្រេចលទ្ធផលគួរជាទីមោទនៈ ហើយនឹងផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំ និងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនាពេលខាងមុខ ជាពិសេសការប្រើប្រាស់​ប្រព័ន្ធឌីជីថលសម្រាប់ការអនុវត្តកម្មវិធី។

ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្ថែមជាថ្មីថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​ខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោត​​កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ ជាក់ស្តែង ក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលបានកំណត់យក «ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន» ជាកម្មវិធីគោលនយោបាយអាទិភាពទី៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមមួយដែលមានភាពរឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយចីរភាព។

តាមរយៈការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» នេះ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ដោយដាក់ឱ្យអនុវត្ត ក៏ដូចជាពង្រឹងនិងពង្រីកវិសាលភាពកម្មវិធីមួយចំនួន ដែលត្រូវធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជា កញ្ចប់គ្រួសារ។ កញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរង​គ្រោះ​ ដែលមានកម្មវិធីជាតិជំនួយសង្គមចំនួន ៤ រួមមាន៖ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ បន្ថែមលើកម្មវិធីទាំង៤នេះ កញ្ចប់គ្រួសារមានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត និងផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈការពង្រឹងប្រព័ន្ធបញ្ជូនបន្ត និងបណ្តាញតភ្ជាប់ទៅកាន់សេវា និងកម្មវិធីផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែមានលក្ខណៈទូលំទូលាយ។

ខ្ញុំសូមបញ្ជាក់ថា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» នេះ ជាកម្មវិធីជំនួយសង្គមដែលមានលក្ខណៈប្រក្រតី ដែលជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពី «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗចាប់ពីខែមករា ឆ្នាំ២០២៤ ហើយឈោងទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជាកម្មវិធីជំនួយសង្គមពិសេស ដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ សម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ-១៩ប៉ុណ្ណោះ, ដែលគិតមកដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋជាង ១ ២០០ លានដុល្លារអាមេរិក​។ សូមរំលឹកផងដែរថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ កន្លងមក, រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១ ៣៥៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និង៦០១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និងក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើម។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

កិច្ចការទាំងអស់(ដែលបានរៀបរាប់មកខាងលើ)នេះ ខ្ញុំសូមលើកមកជំរាបឲ្យបងប្អូនជនរួមជាតិ(បានជ្រាប) ជាពិសេសអ្នកដែលតែងតែនិយាយថា រាជរដ្ឋាភិបាលមិនបានធ្វើអីសោះជូនប្រជាពលរដ្ឋក្រីក្រមកដល់ពេលនេះ។

[ចប់សេចក្ដីអធិប្បាយ៣]

ឆ្លងតាមបទពិសោធទាំងនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គាំពារសង្គម ជាមួយនឹងជម្រើសឧបករណ៍គោលនយោបាយជំនួយសង្គម និងសន្តិសុខសង្គម ដែលមានលក្ខណៈសមស្របឆ្លើយតបនឹងគ្រោះអាសន្ន បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកែសម្រួលយន្តការអនុវត្តកម្មវិធី ការពង្រីកវិសាលភាពកម្មវិធីដែលមានស្រាប់ និងការដាក់ចេញកម្មវិធីអន្តរាគមន៍ពិសេសថ្មីៗ ក្នុងមួយគ្រានៃវិបត្តិ។ រាល់អន្តរាគមន៍គាំពារសង្គមដែលនឹងត្រូវដាក់ចេញក្រោមក្របខណ្ឌនេះ សុទ្ធតែមានចរិតជាអន្តរាគមន៍មួយគ្រា ដើម្បីដោះស្រាយបញ្ហាក្នុងរយៈពេលកំណត់មួយជាក់លាក់ ទៅតាមតំបន់ភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយកំណត់ច្បាស់លាស់នូវយុទ្ធសាស្ត្រចាកចេញសមស្របជាមុន។ ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមលើកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ អសន្តិសុខស្បៀង និងការពង្រឹងភាពធន់រយៈពេលវែងសម្រាប់គ្រួសារនីមួយៗ តាមរយៈការផ្តល់កិច្ចគាំទ្រដល់គ្រួសារទាំងនោះនូវមធ្យោបាយ និងលទ្ធភាព ដើម្បីដោះស្រាយបញ្ហាជីវភាព និងការស្ដារជីវភាពឡើងវិញប្រកបដោយប្រសិទ្ធភាព ទាំងក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្ន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ  និងគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី ក៏ដូចជារួម​ចំណែកដល់ការពង្រឹង និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម ជាពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញអន្តរាគមន៍គាំពារសង្គម ដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្ន។

ទន្ទឹមនឹងនេះ ដើម្បីធានាការសម្រេចបាននូវគោលបំណងនៃកម្មវិធីគោលនយោបាយ​​អាទិភាពទី៣នេះ ខ្ញុំសូមផ្តល់ការណែនាំ ដូចខាងក្រោម ៖

ទី១. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តដឹកនាំសម្របសម្រួលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព បរិយាបន្ន និងមានចីរភាព។

ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាក់ថ្នាក់ ត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជំរុញការអនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន។

ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជាតិជំនួយសង្គម ត្រូវគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធី គាំទ្របច្ចេកទេសដល់មន្រ្តីអនុវត្តកម្មវិធី ធ្វើការផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋគោលដៅ និងអនុវត្តប្រតិបត្តិការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹងការបញ្ជូនបន្ត និងការតភ្ជាប់ អ្នកទទួលផលក្រោមកញ្ចប់គ្រួសារ ទៅនឹងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដែលខ្ញុំបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពល​រដ្ឋក្រីក្រ «ទទួលបានត្រីពីរាជរដ្ឋាភិបាល ហើយថែមទាំងរៀនចេះរកត្រី ដោយខ្លួនឯង» ផងដែរ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

នេះគឺជាកិច្ចការសំខាន់។ យើងត្រូវដោះស្រាយ និងផ្ដល់អន្តរាគមន៍មួយរយៈពេលខ្លី តែមិនអាចធានាការជួយរហូតទេ។ (៧) រាជរដ្ឋាភិបាលមិនមានលទ្ធភាពចិញ្ចឹមប្រជាពលរដ្ឋរហូតទេ លើកលែងតែប្រជាពលរដ្ឋដែលមានកាយសម្បទា ឬលក្ខណៈមិនផ្ដល់នូវអំណោយផលសម្រាប់ធានាការរក្សា​លំនឹង(ជីវភាព)ដោយខ្លួនឯង មានដូចជាជនចាស់ជរាជាដើម។ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន យើងត្រូវធ្វើយ៉ាងណាភ្ជាប់ការជួយសង្រ្គោះក្នុងរយៈពេលខ្លីនេះ កសាងមូលដ្ឋានឲ្យគាត់ ដើម្បី​ពង្រឹងលទ្ធភាព(ឲ្យក្លាយ)ជាកម្លាំងចលករ។ អញ្ចឹងការអនុវត្តនូវវិធានគន្លឹះ ក៏ដូចជាគោលនយោបាយដែលដាក់ចេញ (ប្រកបដោយភាព)ប្រទាក់ក្រឡានេះ សំដៅតភ្ជាប់ ជាពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនិងជាមូលដ្ឋាន។

[ចប់សេចក្ដីអធិប្បាយ៤]

ទី៤. ក្រសួងផែនការ ត្រូវពង្រឹងយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដែល​​យន្តការនេះជាឆ្អឹងខ្នងនៃអន្តរាគមន៍គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល ដោយត្រូវធានាថាយន្តការនេះមានបរិយាប័ន្ន គ្របដណ្តប់លើគ្រប់ក្រុមគោលដៅពិតប្រាកដ ដែលត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល និងបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ។

ទី៥. ក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល និងភាពងាយស្រួលក្នុងការបញ្ជាក់ការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព និងចាក់ថ្នាំបង្ការដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីការថែទំាសុខភាពមាតា ទារក និងអាហារូបត្ថម្ភ។

ទី៦. ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍គោលនយោបាយសម្រាប់ការកាត់បន្ថយភាពក្រីក្រឬ ភាពងាយរងគ្រោះ និងវិសមភាពសង្គម ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ដូច្នេះ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ត្រូវធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះ​ឡើយ។

ទី៧. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងបន្តសហការក្នុងការអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធភាព។

ទី៨. ក្រសួងមហាផ្ទៃ ត្រូវជំរុញកិច្ចសហការ និងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលជាអ្នកផ្តល់សេវាជិតបំផុតនឹងប្រជាពលរដ្ឋ ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលជាក្រុមគោលដៅរបស់កម្មវិធីជំនួយសង្គម ពេញចិត្ត និងមានសុទិដ្ឋិនិយមលើរាជរដ្ឋាភិបាល។

ទី៩. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបង្កើនការត្រៀមខ្លួន ក្នុងការដាក់ចេញនូវអន្តរាគមន៍បន្ទាន់ភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត និងអន្តរាគមន៍គាំពារសង្គម សំដៅជួយរក្សាលំនឹងជីវភាព និងស្ដារជីវភាពពលរដ្ឋឡើងវិញ ទាំងក្នុងអំឡុងពេល និងក្រោយពេលជួបគ្រោះអាសន្ន និងគ្រោះមហន្តរាយ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងសមាជិកសមាជិកា នៃអង្គពិធី សមប្រកបដោយសុខភាពល្អបរិបូរណ៌ មានសុភមង្គល ​ក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់នៃសន្តិភាព។ ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»  និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ចាប់ពីពេលនេះតទៅ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the official launch of the “Guidelines on the Family-package National Social Assistance Framework” and the “Guidelines on the Social Protection Framework for Emergency Response”
[Unofficial translations]
**********

CMF:

(1) Covid-19 raises the poverty rate from below 10% in 2017 to 17%

This priority policy program was initiated in the sixth legislative term by Samdech Techo, the former Prime Minister, and now Chairman of the Supreme Council of the King. Since we ended the war, we have been proud that our country has developed in all areas. In that, the living standard of our people has improved, whereas the poverty rate has been gradually reduced. Over the past 15 years, the poverty rate, which was more than 47 percent in 2007, has, in 2017, been reduced to below 10 percent. But the phenomenon of the Covid-19 increased (the poverty rate) back to more than 17%. This data confirms that although many of our people have progressed from poor to middle class, and some have been able to reach a higher standard of living, we must recognize the fact that there are still poor people, particularly, at the time when we have the phenomenon of the global economic environment, because of which, it would not be possible to sustain people’s livelihoods […]

(2) Four years ago, the Covid-19 crisis and global economic inflation affected the lives of Cambodians

The video clip has just confirmed. In just four years, the world has experienced recurring problems. The first is the Covid-19 crisis, which affects social life, people’s health and people’s lives. Later we have problems caused by the war in Europe and now the war has spread to the Middle East and elsewhere. Even in ASEAN, there is (tension) in Myanmar. In addition, the crisis caused by the challenge of global economic inflation affects Cambodia. This is because our economy today is not an isolated or fragmented economy. We integrate with the world economy. What affects (the world) can directly affect us. In this sense, […] in principle, the Royal Government continues to raise high the spirit of “not leaving anyone unattended.” The Royal Government does not act only when it is easy, and when it is difficult, leave the people. As a pro-active government, in the past 40 years, there has been a history of the struggle for national liberation to national unification and assistance to the people […]

(3) Social protection policy programs respond to Kovid pressure 19 floods, global inflation

In the past, the Royal Government has introduced a series of social protection policies. As stated in the report by HE Chea Somethy, Minister of Social and Veterans Affairs, the program we have organized has helped many people, especially in response to the pressures and phenomena such as Covid-19, floods, inflation pressure and other rising problems created by global inflation, and various occurring problems. The Royal Government of the 7th legislative term is committed to the principle of strengthening and making more effective the social protection system, ensuring consistency and timely resolution for the people, especially the people who need social assistance […] today, we announce the priority three […] in six priority policies and five key measures […] to promote (provision of) benefits to the people. Ensuring economic growth, creating jobs, especially ensuring equity means that the benefits of economic growth, the benefits of strengthening the economic base of the Royal Government are to be distributed to the people, especially to intervene directly to those in need in all forms. We have put in place a lot of policies to help the private sector, to help civil servants, and to help workers, and farmers […]

(4) Establishing social protection system, preparation of long-term, resilient, inclusive, and comprehensive coverage advanced preparation

Today, we set out specific policies and programs to implement the establishment of the institutionalization of social protection systems. Why do we need to organize like this? […] In the past, we have made a number of interventions that in some places they were fragmented because (we had to respond) to changing situations that required immediate resolution. Sometimes we had no plans. No one planned for Covid-19 to happen in 2019, nor did anyone plan for wars in Europe and the Middle East. When all that happens, we have no choice. We have put in place a lot of protection policies (depending on the situation required). Establishing a social protection system is necessary to ensure efficiency, long-term preparedness, so that leadership can solve problems eventually with a system that we are prepared in advance, resilient, inclusive, and with comprehensive coverage […]

(5) To step-by-step withdraw and end the Covid-19 aid program, a mechanism must be set up to help people who still need help

In this regard, the Royal Government has established a number of mechanisms, such as the National Council for Social Protection and the Social Security Regulation of the Social Security Fund. We have also set out the National Social Protection Policy Framework 2016-2025, which is a comprehensive and effective social protection system. The Royal Government is drafting a national social protection policy framework as a vision for 2030. It means to think in the long-term framework […] to ensure the concentration of leadership to solve problems […] some programs such as helping people affected by Covid-19, etc. cannot continue forever. The Covid-19 pandemic is over. However, the needs of some people affected by Covid-19 continue and the economic recovery and livelihoods are still not strong, along with the needs of the people affected by various changes. Therefore, even if we have to step-by-step withdraw (and eventually) end the program for the Covid-19 affected people and families, we need to set up a mechanism to help people who still need this assistance […]

(6) Think and try to find ways regularly to ensure that the Royal Government does not leave the people

We have not yet been able to reduce poverty to zero percent. Nor can we guarantee that the world will be different and not affecting social life. No one can make (predictions). If the world could have known in advance that there would be no floods, no crises, no wars, no problems related to the life of society (then) we could (have made a) plan. However, we think of the approach that “we hope things will get better, but be prepared when the situation is bad”, especially to have a consistent plan to help people. Therefore, the announcement of the policy program and the program that implements the two documents […] is an important element in the priority policy of the institutionalization and strengthening of the long-term (social protection) system to ensure benefits for the people. For more or less, the Royal Government does not abandon the people. We will perform according to the ability of the Royal Government and the national budget. It is important that we think regularly and try to find ways to ensure that the people feel comfortable that the Royal Government does not leave them unattended […] This is an important task. We have to deal with and intervene for a short time, but cannot guarantee help forever.

(7) The Royal Government is not able to feed the people forever, except for the people who are physically unfit or do not have favorable conditions to ensure their own stable (livelihood), such as the elderly. For the people, especially the youth, we need to connect the rescue in the short term, build a base for them to strengthen the ability (to be) a driving force. Therefore, the implementation of key measures as well as policies set out with interfaces aims to connect, in particular, to implement effectively and fundamentally […]./.

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំងការរៀបចំក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងាររៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាការងារសិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗ ដើម្បីជាគុណប្រយោជន៍សម្រាប់ការតាក់តែង និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទម្រង់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហារចនាសម្ព័ន្ធ ដោយផ្តោតការគិតគូរជាពិសេសទៅលើបរិយាកាសធុរកិច្ច បញ្ហាជំនាញ និងការទាក់ទាញការវិនិយោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានជំរុញការរៀបចំ និងអនុវត្តគម្រោងសហគមន៍អ្នកស្រាវជ្រាវនៅកម្ពុជាឱ្យបានឆាប់។

  ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការឡើងវិញ នូវគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការវាយតម្លៃលើផលប៉ះពាល់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មកលើដំណើរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសមកលើធុរកិច្ច ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដោយផ្តោតលើការបន្ថយចំណាយអនុលោមភាព (Compliance Cost) និងបន្ទុកដល់ធុរកិច្ច និងការវិនិយោគ ព្រមទាំងផលប៉ះពាល់អវិជ្ជមានមកលើភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច  ក៏ដូចជាបរិស្ថាន និងសង្គមទាំងមូល តាមរយៈការធ្វើស្ថាប័នភាវូបនីយកម្ម នៃការត្រួតពិនិត្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅតាមអង្គភាពនីតិកម្មរបស់ក្រសួង-ស្ថាប័ននានា ហើយទីស្តីគណៈរដ្ឋមន្ត្រីបំពេញតួនាទីជាអ្នកសម្របសម្រួល និងផ្តល់ការបណ្តុះ

បណ្តាល ផ្សព្វផ្សាយ និងការគាំទ្រ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការសម្របសម្រួលជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការចូលរួមពិនិត្យនិងផ្តល់យោបល់លើ

សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ថ្នាក់ដឹកនាំនៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និងការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែនការអភិវឌ្ឍស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានមានប្រសាសន៏ផ្តល់ការលើកទឹកចិត្ត ឱ្យប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់លទ្ធភាព ទន្ទឹមនឹងការកៀគរបញ្ញាវន្តដែលមានជំនាញបច្ចេកទេសកម្រ និងកម្រិតខ្ពស់ ទាំងពីក្នុង និងក្រៅប្រទេស ដើម្បីឱ្យ ក.ស.វ. អាចបំពេញនូវតួនាទីរបស់ខ្លួនជាធនាគារខួរក្បាលមួយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ ក.ស.វ. ឱ្យបន្តវប្បធម៌នៃការផ្លាស់ប្តូរ ចែករំលែក មតិយោបល់ ក្រោមស្មារតីវិជ្ជាជីវៈខ្ពស់ បើទោះបីជាពេលខ្លះមានការខ្វែងយោបល់ និងមតិក៏ដោយ ក្នុងគោលដៅបង្កើតវឌ្ឍនភាព និងការរីកចម្រើនជូនស្ថាប័ន និងប្រទេសជាតិ៕













អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ តែរយៈពេលជាង៣ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន


អង្គភាពព័ត៌មាន និងប្រតិម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូផ្លូវការក្រោមចំណងជើងថា «តែរយៈពេលជាង៣ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន» ជាមួយនឹងការអះអាងថា គិតមកទល់ពេលនេះ មានរយៈពេលត្រឹមតែជាង ៣ខែប៉ុណ្ណោះ នៃការចាប់កំណើតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ខ្លឹមសារវីដេអូបានបញ្ជាក់ថា ជាង៣ខែ នៃអាណត្តិ៥ឆ្នាំពិតជាខ្លីណាស់ ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីមួយដែលទើបចាប់ផ្តើមចូលកាន់តំណែង។ ប៉ុន្តែបើនិយាយពីសមិទ្ធផលដែលសម្រេចបានវិញ រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបានស្នាដៃច្រើនជាងពេលវេលាឆ្ងាយណាស់។ សមិទ្ធផលទាំងនេះសម្រេចបានដោយសារតែរាជរដ្ឋាភិបាលថ្មី កើតភ្លាម ធ្វើការភ្លាម ធ្វើដោយសកម្ម ដោយឆន្ទៈមោះមុត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។

 សូមទស្សនាវីដេអូសមមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានជូនជាតិមាតុភូមិ៖ ដូចតទៅ៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បន្ទាប់ពីតស៊ូរំដោះជាតិនិងប្រជាជន រាជរដ្ឋាភិបាល មិនដែលទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ





ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ពិភពលោក បានជួបប្រទះបញ្ហាផ្ទួនៗដែលប៉ះពាល់ទៅដល់ជីវភាពសង្គម និងសុខភាពរបស់ប្រជាពលរដ្ឋ អាយុជីវិតប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ក៏ប្រឈមនឹងវិបត្តិដែលកើតឡើងដោយសារអតិផរណាពិភពលោកផងដែរ ដោយសារតែសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាសេដ្ឋកិច្ចដែលដាច់ឯកោនោះទេ គឺយើងភ្ជាប់សមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ មិនទុកឱ្យអ្នកណាម្នាក់ចោលដោយមិនបានយកចិត្តទុកដាក់នោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនមែនធ្វើសកម្មភាពតែពេលល្អ តែពេលដែលលំបាក ទុកប្រជាជនចោលនោះទេ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម ដែលក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រវត្តិនៃការតស៊ូ រំដោះប្រទេស រហូតទៅដល់ ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ៣ចំណុច ដល់ភាគីពាក់ព័ន្ធដើម្បីធានាការសម្រេចបាននូវគោលបំណងនៃកម្មវិធីនយោបាយអាទិភាពទី៣ របស់រាជរដ្ឋាភិបាល





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។


នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ៣ចំណុច ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាដើម្បីធានាការសម្រេចបាននូវគោលបំណងនៃកម្មវិធីនយោបាយអាទិភាពទី៣ របស់រាជរដ្ឋាភិបាល រួមមានដូចខាងក្រោម៖

ទី១- សូមអោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបន្តដឹកនាំសម្របសម្រួលការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាអោយមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព បរិយាប័ន្ន និងចរីភាព។

ទី២- ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអោយអស់ពីកំលាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការចូលរួមជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នទៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន

ទី៣- ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាន តាមរយៈមូលនិធិជាតិជំនួយសង្គមត្រូវគ្រប់គ្រងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីគាំទ្របច្ចេកទេសដល់មន្រ្តីអនុវត្ត៍កម្មវិធីធ្វើការផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋគោលដៅ និងអនុវត្តន៍ប្រតិបត្តិការផ្តល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលប្រកបដោយ គណនីភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាន ត្រូវពង្រឹងការបញ្ជូនបន្ត និងការតភ្ជាប់អ្នកទទួលផលក្រោមកញ្ចប់គ្រួសារទៅនឹងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើង





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គ្មាននរណាម្នាក់អាចធានាបានទេថា ពិភពលោកមិនមានអ្វីប្រែប្រួល ឬមិនធ្វើឱ្យប៉ះពាល់ដល់ជីវភាពសង្គម។ ទោះយ៉ាងណា សម្តេចថា រាជរដ្ឋាភិបាលកម្ពុជា តែងបានត្រៀមទុកជាមុនបង្កានូវហានិភ័យនានាដែលអាចកើតមានឡើងជាយថាហេតុ។


សម្តេចធិបបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះបីជាពិភពលោកអាចធានាបានថា នឹងមិនមានគ្រោះទឹកជំនន់ មិនមានវិបត្តិសង្គ្រាម ឬមិនមានបញ្ហាផ្សេងៗដែលមានពាក់ព័ន្ធដល់ជីវភាពសង្គមក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានគិតពីអភិក្រម គឺសង្ឃឹមនូវអ្វីដែល្អ ហើយត្រូវតៀមលក្ខណៈជាមុន ចំពោះស្ថានភាពអាក្រក់នានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដើម្បីជួយដល់ប្រជាពលរដ្ឋ៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺឆ្លើយតបទៅអ្នកដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិការជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១,៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង ៦០០លានដុល្លារក្នុងឆ្នាំ ២០២២ សម្រាប់ការអនុវត្តវិធានការអន្តរាគមន៍ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ វិបតិ្តសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធ និងទប់ស្កាត់លើជំងឺកូវីដ-១៩។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិកដែលត្រូវព្យួរកិច្ចសន្យាការងារ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះ និងងាយរងហានិភ័យ ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណាជាដើម។


បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ការដាក់ចេញគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះ គឺជាការឆ្លើយតបទៅក្រុមដែលថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងហានិភ័យ។


ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នដើម្បីត្រៀមរួចជាស្រេចក្នុងការធ្វើអន្តរាគមន៍គំាពារសង្គមជាមួយនឹងជម្រើសឧបករណ៍គោលនយោបាយជំនួយសង្គម និងសន្តិសុខសង្គមដែលមានលក្ខណៈសមស្របឆ្លើយតបទៅនឹងគ្រោះអាសន្ន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងបន្តថា បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈការកែសម្រួលយន្តការអនុវត្តន៍កម្មវិធី ការពង្រីកវិសាលភាពកម្មវិធីដែលមានស្រាប់ ការដាក់ចេញកម្មវិធីអន្តរាគមន៍ពិសេសថ្មីៗនៅក្នុងមួយគ្រានៃវិបត្តិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល បានរៀបចំផែនការជាមុន ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពចាំបាច់នានា


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវចែកទៅដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវអន្តរាគមន៍ផ្ទាល់ចំពោះអ្នកចាំបាច់ អ្នកត្រូវការ ជំនួយក្នុងគ្រប់រូបភាពទាំងអស់។


សម្តេចធិបបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន » ដែលរៀបចំឡើងនៅសុខាភ្នំពេញ ។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាច្រើនក្នុងការជួយទៅដល់វិស័យឯកជន មន្ត្រីរាជការ កម្មករ-កម្មារិនី និយោជិក និងកសិករជាដើម។ សម្តេចថា នៅថ្ងៃទី៤ធ្នូនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគោលនយោបាយ និងកម្មវិធីជាក់លាក់តែម្តង ដើម្បីអនុវត្តនូវគោលនយោបាយនៅក្នុងការធ្វើស្ថាប័នតូបនីយ៍កម្មគាំពារសង្គម។ 


បើតាមសម្តេចធិបតី ដាក់ចេញគោលនយោបាយជាច្រើន ក្នុងការជួយទៅដល់វិស័យឯកជន មន្ត្រីរាជការ កម្មករ-កម្មារិនី និយោជិក និងកសិករជាដើម គឺជាការរៀបចំជាប្រព័ន្ធ ពីព្រោះការធ្វើអន្តរាគមន៍គឺដើម្បីឆ្លើយតបទៅនឹងការដោះស្រាយស្ថានភាពភ្លាមៗ បន្ទាន់នានា។ សម្តេចបានលើកឧទាហរណ៍ ពីករណីផ្ទុះជំងឺកូវីដ-១៩ ដែលមិនមានអ្នកដឹង ហើយធ្វើផែនការត្រៀមជាមុននោះទេ និងស្ថានភាពសង្គ្រាមនៅអ៊ីរ៉ាក់ អឺរ៉ុប ប៉ែកមស្ចិមបូព៌ាជាដើម៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការអនុវត្តន៍កម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងនីតិកាលទី៧ នេះរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថានូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយណែនាំស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមដែលមានការដាក់អោយអនុវត្តន៍ ពង្រឹង និងពង្រីកវិសាលភាពកម្មវិធីមួយចំនួនដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។


ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតីដែលមិនបោះបង់ពលរដ្ឋណាម្នាក់តាមយរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រ នៅតែមាន


ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីជា ប្រជាពលរដ្ឋយើងខ្លះ បានប្រែក្លាយពីជីវភាពក្រីក្រ ទៅមធ្យម ហើយខ្លះទៀត មានលទ្ធភាពរហូតឈាមដល់ជីវភាពខ្ពស់ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងក៏ត្រូវទទួលស្គាល់ថា ស្ថានភាព បរិស្ថាន សេដ្ឋកិច្ច សាកល មិនអាចនៅស្ថិតស្ថេរនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៤ឆ្នាំនេះ ពិភពលោក បានជួបប្រទះបញ្ហាផ្ទួនៗ រួមមាន៖ វិបត្តិនៃជំងឺកូវីដ-១៩ សង្រ្គាមនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងនៅក្នុងអាស៊ាន ព្រមទាំងបញ្ហាអតិផរណានៃសេដ្ឋកិច្ចពិភពលោក ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងមិនដឹងថា ទៅថ្ងៃអនាគត ពិភពលោកនឹងមានបញ្ហាអ្វីកើតឡើងទៀតនោះទេ

 



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនដឹងថា ទៅថ្ងៃអនាគត ពិភពលោកនឹងមានបញ្ហាអ្វីកើតឡើងទៀតនោះទេ ដូចនេះការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីបញ្ចប់សង្រ្គាម ទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាយើងចាប់ផ្តើមអភិវឌ្ឍលើគ្រប់វិស័យ ហើយអត្រាភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាលំដាប់ផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ដើម្បីជួយគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនទុកអ្នកណាម្នាក់ចោល ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យជីវភាពប្រជាជនយើង កាន់តែប្រសើរឡើងផងដែរ៕




ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាស​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។

រាជរដ្ឋាភិបាលនីតិកាលថ្មី បានចាប់ផ្តើម​ដំណើររបស់ខ្លួនដោយផ្តល់ការគិតគូរខ្ពស់ចំពោះសុខភាព និង​ជីវ​ភាព​របស់ប្រជាពលរដ្ឋ។ ឆ្លើយតបនឹងការគិតគូរនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ា​ណែត បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ តម្រូវឱ្យអនុវត្តន៍បន្ទាន់ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះគោលនយោបាយអាទិភាពចំនួន៥ ត្រូវបានដាក់ឱ្យអនុវត្តន៍ជាបន្តបន្ទាប់រួចរាល់ហើយ ដោយ​ឡែក​គោលនយោបាយអាទិភាពពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីដែលដាក់ឱ្យអនុវត្តន៍​ចុងក្រោយគេ។

ការកសាងប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមហរណ និងស្វ័យប្រវត្តិកម្ម មានសារៈសំខាន់ក្នុងការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្ន ឬវិបត្តិ អនុ​លោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាលបានដាក់ឱ្យ​អនុ​វត្តកម្មវិធី ជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ, កុមារតូច និងជនមាន​ពិការ​ភាពក្រីក្រតាម សហគមន៍គោលដៅនានា។

បន្ថែមលើនេះ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន, រាជរដ្ឋា​ភិបាលក៏បានដាក់ឱ្យដំណើរការកម្មវិធីជំនួយ​សង្គម​ពិសេស ដែលរួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ (កំពុងបន្ត), កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំ (បានបិទ បញ្ចប់) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ និង ពីសម្ពាធអតិផរណា (បានបិទបញ្ចប់ផងដែរ)។

ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំហានៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាម​ឧត្ត​មានុវត្តជាអន្តរជាតិ, ការបន្តទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមាន​ភាព​ចាំបាច់។ លើសពីនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំ ក្រប​ខណ្ឌ​កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាការប្រមូលផ្ដុំកម្មវិធីជំនួយ​សង្គមមាន​លក្ខណៈ​ជាការឧបត្ថម្ភសាច់ប្រាក់ឱ្យមកអនុវត្តក្រោមប្រតិបត្តិករទោលមួយ ក្នុងគោលដៅពង្រឹងអភិបាលកិច្ច និង​បង្កើន​ប្រសិទ្ធភាព នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្កើនសង្គតិភាព និងពង្រីកការគ្របដណ្តប់កាន់តែទូលំ​ទូលាយ​ដល់គ្រួសារក្រីក្រ និង ក្រុមជនងាយរងគ្រោះ ក្នុងគ្រួសារនោះ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម ដែល​មានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធគាំពារ​សង្គម ក្នុងការឆ្លើយតបនឹងវិបត្តិ ឬគ្រោះអាសន្ននានា តាមរយៈការរៀបចំដាក់ចេញឯកសារសំខាន់ៗ ចំនួន២ដូចខាងក្រោម៖

១៖ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ

គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែល​មាន​ស្រាប់ និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុង​ទម្រង់​រួមមួយក្រោមប្រតិបត្តិករទោល ពោលគឺមូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្ត​ពី​ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កម្មវិធីចំនួន៤ នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសារ រួមមាន៖


- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

- កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា

- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព

- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)

ទន្ទឹមនេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែល មានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បិរយាបន្ន និងសមធម៌ និងការជៀសវាង បាននូវការធ្លាក់ ចុះយ៉ាង គំហុក​នៃប្រាក់ចំណូលសម្រាប់គ្រួសារ ដែលធ្លាប់ទទួលបានប្រាក់ឧបត្តម្ភកន្លងមក។

ដោយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាក​ចេញ​បន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្រប​ខណ្ឌកម្មវិធីជាតិ​ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤។

២៖ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន

«សេចក្តីព្រាងក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ត្រូវបានរៀបចំឡើងក្នុងគោល បំណង​ធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា​នៅពេលអនាគត។ ក្របខណ្ឌនេះកំណត់អំពីប្រភេទគ្រោះអាសន្ន ដែលប្រព័ន្ធ​គាំពារសង្គមអាច​ឆ្លើយ​តប​បាន រួមមាន៖ (១) វិបត្តិគ្រោះធម្មជាតិ (២) វិបត្តិសុខភាពសាធារណៈ និង (៣) វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្របខណ្ឌនេះ ក៏កំណត់អំពីទំហំនៃផលប៉ះពាល់ និងសូចនាករប្រកាសអាសន្ន ក៏ដូចជាផ្តល់នូវជម្រើស​ឧបករណ៍វិធានការគោលនយោបាយ (Policy Tools) ទាំងជំនួយសង្គម និងសន្តិសុខសង្គម ដែលរាជ​រដ្ឋាភិបាលអាចដាក់ចេញ ដើម្បីជួយរក្សាលំនឹង និងស្ដារជីវភាពរបស់ប្រជាជនដែលរងផល​ប៉ះពាល់​អវិជ្ជ​មានពីគ្រោះអាសន្ន ជាលក្ខណៈប្រព័ន្ធ, អាចទស្សន៍ទាយជាមុន, ទាន់ពេល និងមានប្រសិទ្ធភាព។

ជម្រើសឧបករណ៍វិធានការគោលនយោបាយគាំពារសង្គមក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន ដែលមាន​កំណ​ត់​ក្នុង​ក្រប​​ខណ្ឌនេះ មានដូចខាងក្រោម៖

- ការកែសម្រួលយន្តការ​អនុវត្ត​កម្មវិធី៖ សំដៅដល់ការកែសម្រួលយន្តការនៃការ​អនុវត្តកម្មវិធី​គាំពារ​សង្គម​ដែលមានស្រាប់ ដើម្បីធានាថាកម្មវិធីមានភាពធន់, អាចដំណើរការបាន និងមានប្រសិទ្ធភាពក្នុង​អំឡុង​ពេលគ្រោះអាសន្ន

- កម្មវិធីគាំពារសង្គមបន្ទាន់ថ្មីៗក្នុងគ្រាមានអាសន្ន៖ ដាក់ឱ្យអនុវត្តកម្មវិធីរបបគាំពារ សង្គមថ្មីៗក្នុង លក្ខណៈបន្ទាន់ជាបណ្តោះអាសន្នក្នុងគ្រាអាសន្ន ដោយប្រើប្រាស់យន្តការប្រព័ន្ធគាំពារសង្គម ដែល មានស្រាប់។

- ការពង្រីកការគ្របដណ្ដប់កិច្ចគាំពារសង្គមទៅលើគ្រួសារថ្មីៗ៖ សំដៅដល់ការពង្រីកការគ្របដណ្តប់ ចំពោះកម្មវិធី/របបគាំពារសង្គមដែលមានស្រាប់ ដើម្បីបញ្ចូលក្រុមគ្រួសារគោលដៅថ្មី ដែលរងផលប៉ះ ពាល់ដោយគ្រោះអាសន្ន

- ការពង្រីកវិសាលភាពគ្រប់ដណ្តប់កិច្ចគាំពារសង្គមតាមខ្សែបញ្ឈរ៖ សំដៅដល់ការបង្កើនកញ្ចប់

អត្ថ​ប្រយោន៍ ដែលត្រូវផ្ដល់ដល់អត្ថគាហកនៅក្នុងកម្មវិធី/របបគាំពារសង្គមដែលមានស្រាប់ក្នុង មួយគ្រា​នៃវិបត្តិ។

- ការបំពេញតម្រូវការថ្មីៗ តាមរយៈការផ្សាភ្ជាប់កម្មវិធីជំនួយសាច់ប្រាក់បន្ទាន់ក្នុងគ្រាអាសន្នរបស់ស្ថាប័ន មនុស្សធម៌ទៅនឹងប្រព័ន្ធគាំពារសង្គម៖ សំដៅដល់ការពង្រីក លទ្ធភាពក្នុងការទទួលបាន ការប្រើ ប្រាស់ ប្រព័ន្ធបើក ផ្តល់, ទិន្នន័យ ឬយន្ដការស្ថាប័ន នៃប្រព័ន្ធគាំពារសង្គម ទៅដល់ស្ថាប័នគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីគាំទ្រការអនុវត្តកម្មវិធីជំនួយបន្ទាន់ក្នុងគ្រាអាសន្នជាបណ្តោះអាសន្ន។

ទន្ទឹមនេះ ក្របខណ្ឌនេះ ក៏បានកំណត់អំពីផែនការសកម្មភាពសំខាន់ៗ និងតួនាទី របស់ក្រសួងស្ថាប័ន ដែលចូលរួមអនុវត្តផងដែរ។

ឯកសារទាំង២ខាងលើ ពោលគឺ «គោលការណ៍ណែនាំ​ស្តីពីក្រប​ខណ្ឌ​កិច្ច​គាំ​ពារសង្គមឆ្លើយតប នឹងគ្រោះអាសន្ន» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ» ត្រូវបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៣ ដោយទទួលបានការឯកភាពលើខ្លឹមសារទាំងស្រុង ហើយបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងទទួលបានការអនុម័តពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់​កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធី​នយោ​បាយ​អាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹង​បញ្ហា​ជីវភាព និងសុខភាព​របស់ប្រជាពល​រដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស

៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន

៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្ត​ជាផ្លូវ​ការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ Fresh News