Friday, January 22, 2021

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
នៅក្នុងឱកាសសម្ពោធខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រមាណជិត២ម៉ោង។ ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាមួយការបង្ហាញមុខជាសាធារណៈលើកដំបូងសម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជួបតែសេចក្តីសុខសម្រាប់ឆ្នាំថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃនេះ ជាសមយុទ្ធ និងជាបទពិសោធន៍ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទជំងឺកូវីដ១៩ ឬជាការរៀបចំកម្មវិធីតាមគន្លងថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី០៤ ខែមេសា សម្តេចនឹងអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវមួយចំនួននៅទីតាំងស្ពានអាកាសចោមចៅ ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ពីលើវេទិកានាព្រឹកថ្ងៃនេះ ក៏បានប្រកាសពីការបែងចែកទីតាំងក្រសួងសាធារណការចាស់នៅជិតវត្តភ្នំ ប្រគល់ជូនទៅក្រសួងរ៉ែ និងថាមពល, ទីស្តីការក្រសួងរ៉ែ និងថាមពលចាស់ ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទីតាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ, ទីតាំងក្រសួងអភិវឌ្ឍន៍ជនបទចាស់ ប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា អគារទីស្តីការក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏កំពុងសាងសង់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការផ្លាស់ប្តូររបបនានានៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនានា ទោះតាមមធ្យោបាយបោះឆ្នោត ឬរដ្ឋប្រហារ រដ្ឋាភិបាលក្រោយតែងតែទទួលមរតកពីរដ្ឋាភិបាលមុន។ ក៏ប៉ុន្តែសម្រាប់កម្ពុជា ក្រោយពេលរំដោះពីរបបប្រល័យពូជសាសន៍ គឺកម្ពុជាគ្មានសេសសល់អ្វីទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័នរដ្ឋ រួមទាំងធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានប្រឹងប្រែងប្រមូលធនធានមនុស្សឡើងវិញ និងបានចាត់ចែងរៀបចំក្រសួងស្ថាប័នរដ្ឋឡើងវិញយ៉ាងលំបាកបំផុត។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចវិបុលបញ្ញា សុខ អាន និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានអតីតភាពជាលេខាផ្ទាល់របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានដឹងបច្ចុប្បន្នកាល ត្រូវមើលទៅអតីតកាល។ សម្តេចតេជោបានលើកឡើងថា នេះជាទស្សនៈប្រវត្តិសាស្ត្រ ដើម្បីវិភាគបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្រាប់ក្រសួងសាធារណការ ដឹកជញ្ជូន ពីដើមឡើយគ្រាន់តែជាគណៈកម្មការសាធារណការ ដឹកជញ្ជូន និងប្រៃសណីយ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលនៅគ្រប់ក្រសួងមានធនធានមនុស្ស ដែលជាការវិវឌ្ឍន៍មួយដ៏ល្អពីប្រទេសខ្វះធនធានមនុស្ស មកជាមានធនធានដ៏ល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តែរីករាយមួយទៀត សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងមួយចំនួនទៀត បង្កើតឱ្យមានកន្លែងបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅតែជារឿងសំខាន់ និងគិតគូរខ្ពស់សម្រាប់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ បានវិវឌ្ឍន៍ពីផ្ទៃដី ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាធុញទ្រាន់ចំពោះការលើកឡើងដដែលៗរឿងលុបបឹងនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងថា នៅភ្នំពេញមានបឹងច្រើនណាស់ តែត្រូវបានលុបតាំងពីជំនាន់មុន ដើម្បីបម្រើការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
* តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនឯកភាពចំពោះការបិទមុខទឹកនៅក្នុងរាជធានីភ្នំពេញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ទីក្រុងកាន់តែធំ ផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិកាន់តែច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែគោរពចំពោះព្រះបាតអង្គឌួង។ បើតាមសម្តេចតេជោ ប្រទេសកម្ពុជាពីអតីតកាលស្ទើរបាត់ពីផែនទីលើពិភពលោក។ សម្តេចតេជោ បានលើកឡើងថា នៅអំឡុងឆ្នាំ១៨៤០ ប្លាយ កម្ពុជា មានពលរដ្ឋមិនដល់ ១លានផងទេ។ សម្តេចតេជោ បានថ្លែងថា ព្រះបាទអង្គឌួង បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សណាក៏ដោយបើមិនផ្អែកលើទស្សនៈប្រវត្តិសាស្ត្រ សម្តេចនៅតែចាត់ទុកជា «ល្ងង់ទូ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីវាយតម្លៃ និងព្យាករណ៍សភាព សម្តេចប្រើវិធីសាស្ត្រ៣រួមមាន៖ ទី១. ប្រវត្តិសាស្ត្រ, ទី២. វិចារណវិជ្ជា និងទី៣. តក្កវិជ្ជា។
* សម្តេចតេជោ ហ៊ុន សែន បានតបទៅនឹងលោក ម៉ក់ ហើន អ្នករស់នៅក្រៅប្រទេសថា សម្តេច រួមនិងសម្តេច ហេង សំរិន មិនមែនទាល់ច្រកទើបរត់គេចនោះទេ។ តែសម្តេច គឺបានរៀបចំដំណើរតស៊ូរំដោះជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក ម៉ក់ ហើន ថា បើមិនស្គាល់សម្តេច ស្មើនឹងខ្មែរ មិនស្គាល់ស្ករត្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រឹមតែជាមេបញ្ជាការនៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិនោះទេ គឺជាស្ថាបនិកកងកម្លាំងនេះតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាតស៊ូរំដោះប្រទេសពីខ្មែរក្រហមមាន ៤ភាគី។ តែក្នុងនោះមានតែភាគីសម្តេចទេ មានកងកម្លាំង។
* សម្តេចតេជោ ហ៊ុន សែន អញ្ជើញលោក ម៉ក់ ហើន មកលេងនៅកម្ពុជា ដោយសម្តេចចេញថ្លៃសំបុត្រយន្តហោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នយោបាយឈ្នះ-ឈ្នះ» គឺសម្តេចសម្តៅត្រឹមការបិទបញ្ចប់ភ្លើងសង្គ្រាម។ ដោយឡែកការតស៊ូផ្នែកនយោបាយ ជារឿងធម្មតាសម្រាប់ប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទឹកចិត្តដល់ការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះធនធានមនុស្សជាកត្តាដ៏ចាំបាច់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឱ្យបានជារឿងលំបាកមួយ តែការធានាឱ្យបាននូវនិរន្តរភាពរឹតតែលំបាកមួយទៀត។
* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ដោយបង្ហាញពីមូលហេតុដែលនាំឱ្យសម្តេចសម្រេចចិត្តទទួលវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសជាផ្លូវការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ១៩នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ដើម្បីជជែក និងរិះរកយន្តការទទួលបានវ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការជជែកនោះ កម្ពុជា ទទួលជំនួយពីចិន ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរ គឺស៊ីណូហ្វាម និងស៊ីណូហ្វាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។
* សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យលោក ម៉ម ប៊ុនហេង ធ្វើជំរឿនដើម្បីស្វែងរកអ្នកចង់ចាក់ និងអ្នកមិនចង់ចាក់ផងដែរ។
* តែទោះបីជាយ៉ាងណាសម្តេច បានយល់ឃើញថា ការចាក់វ៉ាក់សាំងនេះ នឹងដើរតាមគន្លងដូចការតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនទៅចូលទៅអាហ្វ្រិក។ ដូច្នេះរឿងវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ប៉ាន់ស្មានថា ទៅថ្ងៃមុខប្រទេសនានា អាចទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង លើបុគ្គលណាម្នាក់មុនអនុញ្ញាតឱ្យចូលប្រទេសគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវិដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកវ៉ាក់សាំងកូវិដ១៩ នេះ សម្តេចប្រើច្រក៣ រួមមាន៖ ទី១. ច្រកកូវ៉ាក់ ដែលជាច្រកអង្គការសុខភាពពិភពលោក, ទី២. ជាមួយប្រទេសជាមិត្ត និងទី៣. ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្ជុលដូសទី១ នៃវ៉ាក់សាំងកូវីដ១៩ របស់ចិន គឺសម្តេចចាក់មុនគេ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយពេលចាក់សម្តេចនឹងធ្វើសន្និសីទព័ត៌មានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមូលសំរាម ក៏ត្រូវទទួលបានវ៉ាក់សាំងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ការឧបត្ថម្ភដល់ជនក្រីក្រប្រមាណ ៣លាននាក់នៅបន្ត និងគោលនយោបាយឧបត្ថម្ភនានា ក៏នៅតែបន្តផងដែរ។
* សម្តេចតេជោ បន្តអំពាវនាវឱ្យរួមគ្នាការពារ និងប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមគោលការណ៍ «៣កុំ» និង «៣ការពារ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំរដ្ឋមន្ត្រី កុំយកភរិយាលូកលាន់កិច្ចការរបស់ប្តីនៅក្រសួង។
* សម្តេចតេជោបញ្ជាក់ថា ភាពជោគជ័យរបស់សម្តេចមានចំណែករបស់ភរិយា តែសម្តេចកិត្តិមិនដែលមើលឯកសារសម្តេចឡើយ ហើយការិយាល័យសម្តេចក៏សម្តេចកិត្តិអត់ដែលចូលដែរ។ សម្តេចតេជោ បានថ្លែងថា តាមការចំណាំរបស់សម្តេចអ្នកដែលឱ្យភរិយារៀបចំ ការិយាល័យត្រូវបាត់បង់តួនាទីជាច្រើននាក់។
* សម្តេចតេជោ បានថ្លែងថា ការឱ្យភរិយារៀបចំការិយាល័យអាចធ្វើឱ្យមិនសមភ្នែកមន្ត្រីក្រោមឱវាទ។
* សម្តេចតេជោ រំលឹកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចមន្ទីរផ្សេង កុំស្តាប់តែរដ្ឋមន្ត្រី មិនស្តាប់អភិបាលខេត្ត ឬស្តាប់តែអភិបាលខេត្ត អត់ស្តាប់រដ្ឋមន្ត្រី។
* សម្តេចតេជោ បានថ្លែងថាមានកន្លែងការងារត្រូវធ្វើការងារឱ្យកាន់តែល្អថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យស្ថាប័នរដ្ឋខិតខំអភិវឌ្ឍធនធានមនុស្ស

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្សបន្ថែមទៀត ដើម្បីកូនខ្មែរមានសមត្ថភាពប្រកបដោយគុណភាពនាពេលអនាគត។ លោកថា ការងារ និងធនធានមនុស្សមានអតុល្យភាពនឹងគ្នានៅគ្រប់ក្រសួងស្ថាប័នរដ្ឋ និងនៅថ្នាក់ក្រោមជាតិ ក៏ដូចគ្នា។ ដូច្នេះយើងត្រូវគិតគូរឡើងវិញ ទាំងនៅក្រសួងស្ថាប័នរដ្ឋ អង្គភាពនានា និងនៅថ្នាក់ក្រោមជាតិទាំងអស់ មានអតុល្យភាពរវាងការងារ និងធនធានមនុស្ស។ ត្រូវគិតគូរពីការបណ្តុះបណ្តាលធនធានមនុស្សឲ្យសមស្របនឹងការងារជំនាញនៅតាមស្ថាប័ននីមួយៗ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក មន្រ្តីរាជការ សិក្ខាកាម និងសិស្ស និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ដែលនឹងធានាថា កូនខ្មែរអាចមានសមត្ថភាពកសាងផ្លូវ ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគតខាងមុខ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកវិភាគដែលមិនស្ថិតលើទស្សនៈប្រវត្តិសាស្រ្ត គឺជាការវិភាគតាមបែបល្ងង់ខ្លៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អ្នកវិភាគទាំងឡាយណាកដែលមិនស្ថិតលើទស្សនៈប្រវត្តិសាស្រ្តនោះទេទោះបីជាបណ្ឌិតប៉ុណ្ណាក៏ដោយ គឺជាការវិភាគតាមបែបល្ងង់ខ្លៅដែលលោកបានហៅថា «ល្ងង់ទូ»។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកវិភាគមួយចំនួន មិនដែលបានទទួលស្គាល់នូវការលំបាករបស់កម្ពុជា មិនទទួលស្គាល់ការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ មិនទទួលស្គល់នយោបាយឈ្នះឈ្នះ គឺជ្រើសរើសយកតែមុំបច្ចុប្បន្នមកធ្វើការវិភាគ ដែលមិនសមហេតុសមផលទាល់តែសោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់រូបលោកក្នុងការវិភាគអំពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិ លោកតែងតែឈរលើវិធីសាស្រ្ត៣យ៉ាងជានិច្ចគឺ៖ ទី១- វិធីសាស្រ្ត ប្រវត្តិសាស្រ្ត ទី២- វិធីសាស្រ្តវិចារវិទ្យា និងទី៣- វិធីសាស្រ្តតក្កវិទ្យា៕









លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ដល់ជំនួយថវិកាបន្ថែម ៥០០លានរៀលទៀតដល់ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ៥០០លានរៀលថែមទៀត ដល់ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីរៀបចំទប់ស្កាត់ជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រីយក់ សម្បត្តិ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមជំនួយថវិកា៥០០លានរៀលរបស់លោកនាយករដ្ឋមន្រ្ដីថ្មីនេះ គឺខេត្តបន្ទាយមានជ័យទទួលបាន ៣០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបាន២០០លានរៀល បូករួមទឹក
សុទ្ធ៣០០០កេសជូនថែមទៀត។

លោកស្រីបានបញ្ជាក់ទៀតថា ថវិកាទាំងនេះរួមទាំងសម្ភារៈ ត្រូវបានក្រសួងសុខាភិបាល រៀបចំចាត់ចែងប្រគល់ដល់ជូន អភិបាលនៃគណៈអភិបាលខេត្តទាំងពីរផងដែរ។

ចាប់តាំងពីប្រទេសថៃ មានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា ក្នុងខេត្តសមុទ្រសាខន ដែលជាប់ព្រំដែនជាមួយគ្នា កម្ពុជាបានរកឃើញមានពលករជាបន្តបន្ទាប់មានផ្ទុកជំងឺកូវីដ១៩ ក្រោយពេលត្រឡប់មកពីប្រទេសថៃ។

ឆ្លើយតបនឹងស្ថានភាពនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ដល់ជំនួយថវិកាជាបន្តបន្ទាប់ដល់ខេត្តជាប់ព្រំដែនថៃទាំង ៧ ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករខ្មែរមិនតិចជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ចាំបាច់ត្រូវតែអភិវឌ្ឍ

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានជនអគតិមួយចំនួនបានរិះគន់ទៅលើការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដូចជាចោទប្រកាន់ថា លុបបឹង បួរ នាំឱ្យមានគ្រោះទឹកជំនន់។ លោកបានថ្លែងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ជំនាន់មុនលុប បឹង បួរ ជាឧទាហរណ៍ បឹងកេងកង និងបឹងផ្សេងៗទៀត ដើម្បីពង្រីកទំហំដី សាងសងអាគារ ចុះហេតុអ្វីជំនាន់នេះ លុបបឹងមិនបាន ដើម្បីការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា បើប្រៀបធៀបទៅបណ្តាប្រទេសដទៃទៀត គឺមានការលុបទៅដល់សមុទ្រផង ចុះហេតុអ្វីកម្ពុជា ធ្វើមិនបាន? អ្នកដែលរិះគន់រាជរដ្ឋាភិបាល ក្នុងការលុបបឹង ជាការច្រណែន មកលើការអភិវឌ្ឍកម្ពុជាឬ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញអោយវិស័យឯកជន និងរដ្ឋ រួមគ្នាអភិវឌ្ឍ កសាងប្រទេសដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យមានការរីកចម្រើន ហើយប្រទេសជាតិ ក៏កាន់តែអភិវឌ្ឍថែមទៀតផង៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចេញទៅទទួល និងចាក់វ៉ាក់សាំងកូវីដ១៩មុនគេ នៅពេលមកដល់កម្ពុជា

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ដោយផ្ទាល់នៅពេលដែលវ៉ាក់សាំងនោះបានមកដល់ប្រទេសកម្ពុជា ហើយលោកអះអាងថា នឹងចាក់វ៉ាក់សាំងនោះមុនគេ និងថ្លែងសារនៅក្នុងសន្និសីទសារព័ត៌មានទៅកាន់សាធារណមតិជាតិនិងអន្តរជាតិ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នៅមុនចូលឆ្នាំខ្មែរខាងមុខ កម្ពុជាត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ចំនួន៥០ម៉ឺននាក់ ដែលក្នុងនោះត្រូវផ្តោតទៅលើអ្នកបម្រើសេវាជួរមុខ រួមទាំងអ្នកបោសសម្រាមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងរបស់កម្ពុជានោះ ក៏ជាការទាក់ទាញ​វិនិយោគ និងទេសចរផងដែរ ដើម្បីបញ្ជាក់ថា កម្ពុជា មិនមែនជាកន្លែងហានិភ័យនៃជំងឺកូវីដ១៩នេះទៀតទេ៕









ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារអបអរសាទរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦

 ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះលោក ចូ បៃដិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

នៅក្នុងព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតមួយដែល មានលក្ខណៈប្លែក និងជាប្រវត្តិសាស្រ្ត ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទឯកឧត្តមប្រធានាធិបតី ដោយក្តីស្មោះស្ម័គ្រ និងសូមជូនពរឲ្យជួបតែសុភមង្គល»។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា «ខ្ញុំព្រះករុណា ខ្ញុំជឿជាក់ថា ឯកឧត្តម នឹងផ្តល់ភាពជាអ្នកដឹកនាំ និងប្រាជ្ញាក្នុងការដឹកនាំប្រជាជនអាមេរិកឲ្យដើរលើមាគ៌ាឆ្ពោះទៅរកយុត្តិធម៌ សន្តិភាព សាមគ្គីភាព និងវិបុលភាព។ ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហរដ្ឋអាមេរិក ទាំងកម្រិតទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវជំនឿចិត្តថា ចំណងទាក់ទងទាំងនេះ នឹងមានការរីកចម្រើនបន្ថែមទៀតក្រោមរដ្ឋបាលរបស់ឯកឧត្តម»។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ចូ បៃដិន បានឡើងស្បថចូលកាន់មុខតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី៤៦ ក្រោយគណបក្សប្រជាធិបតេយ្យរបស់លោក បានយកឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ៕





ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣នាក់ ជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈពលករចំនួន៣នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈអ្នកជំងឺដែលជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ៣នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ថ្មីទាំង៣នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

២៖ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០២នាក់ ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៧នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលទាំង០២នាក់ ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៤៥នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាធានី ភ្នំពេញ ចំនួន ២៤នាក់ សណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញ ចំនួន ០១នាក់ និងសណ្ឋាគារមួយទៀត ក្នុង រាធានីភ្នំពេញ ចំនួន ២០នាក់ ។

៣៖ បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថាន ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៨៣នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៨២នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុង រាធានីភ្នំពេញ ចំនួន០១នាក់ សណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញ ចំនួន៤៤នាក់ និងសណ្ឋាគារមួយទៀត ក្នុងរាធានីភ្នំពេញចំនួន ៣៧នាក់ ។

អ្នកជាសះស្បើយទាំង០៣នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានុថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយ ចំនួន៣៩៩នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៧នាក់ ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមែនកន្លែងធ្វើការល្អសំខាន់នោះទេ សំខាន់គឺប្រសិទ្ធភាពការងារ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មិនមែនកន្លែងការងារដែលល្អ មានផាកសុខភាពសំខាន់នោះទេ អ្វីដែលសំខាន់បំផុតនោះគឺប្រសិទ្ធភាពការងារដែលមន្រ្តីយើងសម្រេចបាន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលដែលកម្ពុជាទើបបានរំដោះពីរបបប្រល័យពូជសាសន៍ពោលគឺអ្វីៗត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដែលតម្រូវឱ្យកម្ពុជាយើងចាំបាច់ត្រូវកសាងប្រទេស រៀបចំរបៀបរបបការងារឡើងវិញចេញពីបាតដៃទទេរហូតដល់មានការរីកចម្រើន មានអ្វីៗដូចសព្វថ្ងៃនេះ៕















លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ដំណើរការបណ្តោះអាសន្ន ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានស្ពានកាកាសចោមចៅ

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរណ៍ចំនួន ២ខ្សែ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន៖

១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។
២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣៕