
Monday, June 15, 2015
កម្ពុជាផ្ញើកំណត់ទូតទៅវៀតណាម អំពីការឈ្លានពានទឹកដីកម្ពុជា ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី
យោងតាមកំណត់ទូត របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ ផ្ញើជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា
និងអាជ្ញាធរកម្ពុជានៅខេត្តរតនគិរី បានរកឃើញស្រះទឹកចំនួន ៣ បន្ថែមទៀត ដែលកំបាំងក្នុងព្រៃ
ដែលជីកដោយវៀតណាម នៅចន្លោះបង្គោលព្រំដែន លេខ ៣០ និងលេខ ៤០ ស្ថិតនៅក្នុងភូមិឡំ
ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទីតាំងនោះខ្សែព្រំដែនមិនទាន់បានធ្វើការខណ្ឌសីមានៅឡើយ។
កំណត់ទូតខាងលើ បានបញ្ជាក់បន្ថែមទៀតថា
យោងតាមផែនទី បោនខ្នាត ១/១០០.០០០ ស្រះទឹកទាំង៣បានជីកនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ
ដោយក្នុងនោះ ស្រះទឹកទី ១ (ទំហំ ១២ម. X
១៨ម.) និយាមការ E ៧៧៥៥៨៧, N ១៥១៦៣៩៤ មានចំងាយប្រមាណ
៣១៥ ម. ពីខ្សែព្រំដែន, ស្រះទឹកទី២ (ទំហំ ១៤,៥ម. X ១៧ម.) និយាមការ E៧៧៥៦៤៨, N ១៥១៥៨៥៧ មានចំងាយប្រមាណ
៤២៥ម. ពីខ្សែព្រំដែន និង ស្រះទឹកទី ៣ (ទំហំ ១០ម. X ២៤,៥ម.) និយាមការ E៧៧៥៧៤៤, N ១៥១៥៦៦១ ចំងាយប្រមាណ
៣៩០ម. ពីខ្សែព្រំដែន។
ដោយហេតុថា តំបន់នេះពុំទាន់បានខណ្ឌសីមានៅឡើយ
រាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត
១/១០០.០០០ ដែលជាមូលដ្ឋាន នៃសន្ធិសញ្ញាថ្ងៃទី ២៧ ខែធ្នូ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥
ដែលបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា
និងវៀតណាម។
រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលនៃសារណរដ្ឋសង្គមនិយមវៀតណាមគោរពចំនុចទី
៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ ច័ន្ទ ទេវី
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ផ្ញើលិខិតជូន លោក ប្រេដ អាដាម ជាមួយនឹងការព្រមានមិនឲ្យចូលប្រទេសទៀត
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី១៣
ខែមិថុនា ឆ្នាំ២០១៥ បានផ្ញើលិខិត១ច្បាប់ជូន លោក ប្រេដអាដាម នាយកអង្គការ Human Right Watch ប្រចាំតំបន់អាស៊ី ទាត់ចោលការនិយាយបំភ្លើស
នូវអត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៥ នៅលើគេហទំព័រអង្គការ Human Right Watch។
អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកអត្ថបទដែលរៀបរៀងដោយលោក
ប្រេដ អាដាម ថាបានរៀបចំគ្រោងទុកជាមុន ក្នុងចេតនាមូលបង្កាច់ និងបង្កប់នូវគំនុំគុំគួនបុគ្គល
មកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារចុងក្រោយនៃលិខិតរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានព្រមានទៅលោក
ប្រេដអាដាម ថា « សម្រាប់នាពេលអនាគតប្រសិនបើលោក
ប្រេដ អាដាម នៅតែប្រកាន់ជំហរ និងទស្សនៈប្រកបដោយនិន្នាការមិនអព្យាក្រិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមកម្ពុជាបែបនេះតទៅទៀត
លោកមិនគួរឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាទៀតទេ»។
សូមជម្រាបជូននូវខ្លឹមសារទាំងស្រុងនៃលិខិតរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដូចតទៅ៖
ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង ជាសម្តេច
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥
បានសំរេចប្រោសព្រះរាជទានគោរមងារ ជូនឯកឧត្តម សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ជាសម្តេចវិបុលសេនាភក្តី
សាយ ឈុំ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ប្រោសប្រទានគោរមងារជា សម្តេចក្រឡាហោម ស ខេង។
នៅក្នុងព្រះរាជក្រឹត្យ របស់ព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី បានបញ្ជាក់ពីស្នាដៃ និងភាពលេចធ្លោមួយចំនួន ដែលឯកឧត្តម សាយ ឈុំ
បានធ្វើកន្លងមកក្នុងជិវិតជាអ្នកនយោបាយរបស់ឯកឧត្តម ដែលបានលះបង់បំរើជាតិមាតុភូមិកម្ពុជា។
ឯកឧត្តម សាយ ឈុំ បានចូលរួមកសាងប្រព័ន្ធច្បាប់ សំរាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ
ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ
និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។
ព្រះរាជក្រឹត្យដដែលបានឲ្យដឹងថា ឯកឧត្តម
សាយ ឈុំ ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តីចំពោះរាជបល្ល័ង្គ
ការពារនិងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គមដើម្បីនិរន្តរភាពរាជានិយម
នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានប្រោសព្រះរាជទានគោរមងារ
ជូន ឧត្តម ស ខេង ជាសម្តេចក្រឡាហោម ស ខេង
ដោយឯកឧត្តមត្រូវបានចាត់ទុកជាវីរជនដ៏ឆ្នើម ដែលបានបំរើជាតិរយៈពេលជាង៣០ឆ្នាំ
ដោយឯកឧត្តម ស ខេង បាន កសាងបាននូវសន្តិភាពជាតិ ស្តិរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ
ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គមបានល្អប្រសើរ
ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ
របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រទានគោរមងារជូន ឯកឧត្តម សាយ ឈុំ
និង ឯកឧត្តម ស ខេង គឺជាការលើកទឹកចិត្ត ជូនចំពោះឯកឧត្តម ទាំងពីរដែលបានបំរើជាតិមាតុភូមិរបស់ខ្លួន
ដោយស្មោះស និងលះបង់ទាំងកំលាំងកាយ និងចិត្តអស់រយៈពេលជាង៣០ឆ្នាំ និងបានកសាងនូវស្នាដៃជាច្រើនជូនជាតិ
និងប្រជាជនខ្មែរ។
អត្ថបទ៖ ច័ន្ទ ទេវី
លោក ថោង សារ៉ាត់ ត្រូវបានតុលាការ កាត់ក្តីឲ្យជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ ក្នុងសំណុំរឿងរក្សាអាវុធខុសច្បាប់
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ
បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ទណ្ឌិត ថោង សារ៉ាត់ ២ ឆ្នាំ៦ខែ
និងពិន័យជាប្រាក់ ៦លានរៀល ក្នុងរឿងរក្សាអាវុធខុសច្បាប់។
ចំណែក លោក ថោង ចំរើន ជាឪពុករបស់ ទណ្ឌិត
ថោង សារ៉ាត់ និងអ្នកស្រី កែវ សារី ជាម្តាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ
និងពិន័យជាប្រាក់ ៦លានរៀល ក្នុងសំណុំរឿងរក្សាអាវុធចំនួន១១ដើមដោយខុសច្បាប់។
សាលក្រមនៅព្រឹកមិញនេះ គឺត្រូវបានប្រកាសដោយ
លោកចៅក្រមជំនុំជម្រះ ឃី ឆៃ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ
បានប្រកាសសាលក្រមនេះលើសំណុំរឿង គឺគ្រាន់តែជាករណីមួយក្នុងចំណោម ករណីជាច្រើនទៀតដែលមិនទាន់ត្រូវបានជំនុំជម្រះ
ដូចជាសំណុំរឿង ឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ និងសំណុំរឿងដីធ្លីមួយចំនួនទៀត៕
អត្ថបទ៖ ច័ន្ទ ទេវី


Subscribe to:
Posts (Atom)