Tuesday, December 05, 2017

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខបានជាដាច់ខាត

ក្រសួងការងារ អំពាវនាវដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថានឱ្យចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យបានមុនថ្ងៃទី៣១ ធ្នូ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដោយបានបញ្ជាក់ថា ដើម្បីអនុវត្តអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានស្នើឱ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលកំពុងប្រើប្រាស់កម្មករនិយោជិតម្នាក់ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានរបបសន្តិសុខសង្គម។
ដោយឡែកសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ នឹងទទួលបានការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិត ជាស្រ្តីនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ខាងក្រោម៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកចម្រើនសេដ្ឋកិច្ចជាតិ ជាមូលដ្ឋានគាំទ្រចលនាកាយរឹទ្ធិជាតិកម្ពុជា សម្រាប់អនាគតភ្លឺស្វាងនៃយុវជនជំនាន់ក្រោយ

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជាពិសេសការរីកចម្រើននៃសេដ្ឋកិច្ចជាតិ គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ចលនាកាយរឹទ្ធិជាតិកម្ពុជា និងការគិតគូរពង្រឹង និងពង្រីកសកម្មភាពអប់រំបណ្តុះបណ្តាល ដើម្បីអនាគតភ្លឺស្វាង របស់យុវជនជំនាន់ក្រោយកម្ពុជា។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រួមទាំងមានការចូលរួមពីសំណាក់ប្រជាជនគ្រប់រូប ប្រទេសជាតិត្រូវបានស្តារ និងកសាងឡើងវិញគ្រប់វិស័យ ដោយជម្នះបានរាល់ការលំបាកគ្រប់បែបយ៉ាង ព្រមទាំងបានធ្វើឱ្យប្រជាជនកម្ពុជា រួចផុតពីគ្រោះអត់ឃ្លាន និងទទួលបាននូវសិទ្ធិរស់រានមានជីវិត មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិត និងជ្រើសរើសកន្លែងរស់នៅតាមបំណងប្រាថ្នារៀងៗខ្លួន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា លើសពីនេះ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងការប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវគោចរមួយដ៏សំខាន់ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥កន្លងទៅ និងការសម្រេចបាននូវការអភិវឌ្ឍសំខាន់ៗដទៃទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា សមិទ្ធិផលនេះគឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយបានចាប់ផ្តើមពីបាតដៃទទេនៅក្នុងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយបត់បែន និងការលំបាកច្រើនរាប់មិនអស់ ហើយទទួលបាននូវការសាទរ និងការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយស្មើមុខនិងស្មើសិទ្ធិ ជាពិសេសបានផ្តល់នូវក្តីសង្ឃឹម និងការជឿជាក់ចំពោះជោគវាសនាអនាគតរបស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល ក្នុងដំណើរឆ្ពោះទៅសម្រេចបាន នូវគោចរថ្មីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានសមធម៌សង្គមព្រមទាំងការថែរក្សាបរិស្ថានកាន់តែប្រសើរឡើង៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧទ្ទិសសមិទ្ធិផលនៃចលនាកាយរឹទ្ធិជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី សុខ អាន

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សូមឧទ្ទិសសមិទ្ធិផលដ៏ត្រចះត្រចង់នេះ ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី សុខ អាន និងមេដឹកនាំកាយរឹទ្ធិទាំងអស់ ដែលបានលះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដល់ចលនាកាយរឹទ្ធិកម្ពុជានាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានរួមចំណែកចាប់តាំងពីមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ នៃការបង្កើតចលនាកាយរឹទ្ធិកម្ពុជាឡើងវិញ និងបានជំរុញការអភិវឌ្ឍចលនាកាយរឹទ្ធិកម្ពុជារហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវ របស់លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អ ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប ប្រជាជនក្នុងសហគមន៍ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីលើកកម្ពស់ និងកសាងយុវវ័យកម្ពុជាក្នុងកម្មវិធី និងវិធីសាស្រ្តកាយរឹទ្ធិជាតិកម្ពុជា៕




លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស បានចាកចេញពីទឹកដីកម្ពុជា នៅរសៀលថ្ងៃនេះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃ

លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដែស បានចាកចេញពីប្រទេសកម្ពុជា ហើយ នៅម៉ោង២:៣០នាទីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយពេលបញ្ចប់ការបំពេញទស្សន កិច្ចរយៈពេល៣ថ្ងៃ។

គួររំលឹកថា លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅ ម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពី ថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបង់ក្លាដេស។

អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រីបានជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចូលបង្គំគាល់ព្រះមហាក្សត្រ, ជួមសម្តែងការគួរសមជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជួប សម្តែងការគួរសមជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស បានជួបសវនាការ និងពិភាក្សាជាមួយ សម្តេចក្រុមព្រះ នៅព្រឹកមិញនេះ ដែលជាថ្ងៃចុងក្រោយ នៃដំណើរ ទស្សនកិច្ចរបស់លោកស្រី៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុចដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា។

អនុសាសន៍ទាំង៦ចំណុច ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជានាឱកាសនោះរួមមាន៖
១-ក្រុមប្រឹក្សាជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ស្រុកខណ្ឌ ត្រូវពង្រឹក និងជំរុញចលនាកាយរឹទ្ធិឱ្យមានការចូលរួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាលដើម្បីពង្រឹកសមត្ថភាពឱ្យកាន់តែល្អប្រសើរ។
២-កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងចលនាកាយរឹទ្ធិពិភពលោក។
៣-បន្តការខិតខំប្រឹងប្រែង រៀបចំផែនការរយៈពេលវែង មធ្យម និងខ្លី របស់ខ្លួនក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
៤-ត្រូវបន្តរៀបចំ និងបង្កើតប្រសិទ្ធភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បីឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង និងត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិជាពិសេសត្រូវយកចិត្តទុកដាក់ ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលមកបន្តការសិក្សានៅឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។
៥-បង្កើតកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេកាយរឹទ្ធិ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។
៦-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកម្មវិធីទិវាទកាយរឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិប្រចាំឆ្នាំ និងទិវាសំខាន់ៗដទៃទៀត។

នៅក្នុងមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានជ្រើសតាំងជាគរុគុណកាយរឹទ្ធិជាតិម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកនូវការផ្តល់គោរម្យងារ និងតួនាទីនេះដោយសេចកក្តីរីករាយបំផុត៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ ហើយបានកោតសរសើរចំពោះអង្គមហាសន្និបាត ក្រុមការឹទ្ធិកម្ពុជា និងមន្ត្រីក្រសួងអប់រំ ដែលបានចូលរួមក្នុងចលនាកាយរឹទ្ធិកម្ពុជាកន្លងមក ជាពិសេសលោកបានរំលឹកនូវការខិតខំប្រឹងប្រែង របស់លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជំរុញចលនាកាយរឹទ្ធិកម្ពុជា។
សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថាអង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន។
កាយរឹទ្ធិជាតិកម្ពុជាត្រូវបានបែងចែកជា៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ ១២ -១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុប ១៣១,៧០៥នាក់ ក្នុងនោះកាយរឹទ្ធិប្អូនមានចំនួន ៤៧០៣នាក់ កាយរឹទ្ធិមានចំនួន ៩៣,៩៥៤នាក់ និងកាយរឹទ្ធិរៀមច្បងមានចំនួន ២០,៥៥០នាក់។ កាយរឹទ្ធិជាតិកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨ នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕






រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់​លើកទី៥ ​ស្តីអំពី​ “វិទ្យុគមនាគមន៍​សម្រាប់ប្រទេស​ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក​ ២០១៧”

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧” ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមានកិច្ចសហការណ៍ជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក François RANCY នាយកការិយាល័យទទួលបន្ទុកផ្នែកវិទ្យុគមនាគមន៍ (BR) នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងរដ្ឋជាសមាជិក ITU មកពី២២ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត។

សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាវេទិកាអន្តរជាតិមួយ ដែលយើងនឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ទៅលើការវិវត្តន៍បច្ចេកវិទ្យាការប្រើប្រាស់វិសាលភាពវិទ្យុគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ការរៀបចំសម្រាប់ការវិវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅពេលអនាគត ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះប្រកបដោយសុខដុមនីយកម្ម ដែលធានាបាននូវតម្លៃសមរម្យអាចលៃលកបាន សម្រាប់ប្រជាជនតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលជារដ្ឋសមាជិករបស់ ITU។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចំនួន៤លើកមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៣ នៅប្រទេសហ្វីជី លើកទី២ នៅប្រទេសវៀតណាម លើកទី៣ នៅហ្វីលីពីន លើកទី៤ នៅប្រទេសសាម៉ៅ និងជាកិត្តិយសសម្រាប់ នៅលើកទី៥នេះ យើងបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ដោយមានអ្នកចូលរួមសរុប១៣៥នាក់ មកពីប្រទេសចំនួន២០។

ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្វែងរក និងថែរក្សាសន្តិភាព និងទទួលបានការជឿជាក់ពីមជ្ឈដ្ឋានអន្តរជាតិ រហូតអនុញ្ញាតឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗ នៅខេត្តសៀមរាប ហើយបន្តធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាថ្នាក់តំបន់លើកទី៥ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញបន្តទៀត៕





លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ៖ ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ស្របទៅតាមច្បាប់របស់កម្ពុជា

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក ថា ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ គឺស្របទៅតាមច្បាប់របស់កម្ពុជា។

ឆ្លើយតបនឹងការព្រួយបារម្ភ ពីសភាពការណ៍នយោបាយនៅកម្ពុជា របស់ ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាន និវេសដ្ឋាននៅទីក្រុងបាងកក លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ចំពោះករណីលោក កឹម សុខា និងការសំរេចរបស់តុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ គឺមានភស្តុតាងជាក់ស្តែង ហើយការចាត់វិធានការនានារបស់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានារបស់កម្ពុជា។ លោកទេសរដ្ឋមន្ត្រីបន្តថា វិធានការរបស់រាជរដ្ឋាភិបាលគឺដើម្បី រក្សាអោយបាននូវផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ គឺឯករាជ្យ អធិបតេយ្យភាព ប្រឆាំងការ ជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមមធ្យោបាយមិនមែនប្រជាធិបតេយ្យ និងការធ្វើបដិវត្តពណ៌។

គួរបញ្ជាក់ថា ក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក គឺរួមមាន៖ ឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Donica Pottie, ឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោកស្រី Sattu Suikkari Kleven, ឯកអគ្គរដ្ឋទូតស្វីស លោក Ivo Sieber, ឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក Uffe Wolff និង ភារៈធារីស្តី ទីស្ថានទូតនូវែលហ្សឺឡង់។ ការជម្រាបជូនក្រុមឯកអគ្គរដ្ឋទូតខាងលើ ធ្វើឡើងនៅក្នុងជំនួបរវាង លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងក្រុមឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាមាននិវេសដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៩ វិច្ឆិកា កន្លងទៅ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខបានជាដាច់ខាត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ០១ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បានផ្ញើសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ លើកទី៦ (ជុំទី២) នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ អមដោយកម្មវិធីពិសេសៗជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតថា ការរីកចម្រើនលើវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខបានជាដាច់ខាត ដែលបញ្ជាក់កាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាមិនមែនធ្វើឡើង សម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់គ្រងភ្ញៀវទេសចរឲ្យបានហ្មត់ចត់ ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ ទាមទារចាំបាច់ឲ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីគោលការណ៍ណែនាំលើការអភិវឌ្ឍរមណីដ្ឋានឆ្នេរសមុទ្រ ដែលជាគំរូអភិវឌ្ឍន៍គិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ពោលអភិវឌ្ឍន៍ដើម្បីអភិរក្ស ដោយត្រូវធានាឲ្យបាននូវនិរន្តរភាព និងតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទេសចរជាតិ-អន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋ ចូលរួមឲ្យបានផុសផុលក្នុងពិធីបុណ្យសមុទ្រ នាពេលខាងមុខនេះ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមឲ្យកាន់តែសកម្មក្នុងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានដែលជាកត្តាចម្បងមិនអាចខ្លះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឲ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ៕