មានប្រសាសន៍នៅ ក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី នេះ គឺដើម្បីរំឮកដល់កិច្ចសហប្រតិបត្តិការ ជាមិត្តភាពដ៍ល្អរវាងប្រទេសទាំងពីរ ជាពិសេសរំឮកដល់អនុស្សាវរីយ៍ នៃការសាងសង់គ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស ដ៏ចំណាស់ជាងគេមួយនៅកម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា កាលពីប្រាំទស្សវត្សរ៍មុន។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ស្ដូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្ស៊ី ដែលនឹងត្រូវសម្ពោធជាផ្លូវការនៅពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ នូវកិច្ចសហប្រតិបត្តិការ ជាមិត្តភាពដ៏ល្អ និងយូរអង្វែងរវាងកម្ពុជានិងរុស្ស៊ី ដែលកើតមានឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកម្ល៉េះ។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានរំលឹកឲ្យដឹងផងដែរថា កម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋជាសមាជិកអតីតសហភាពសូវៀត ជាពិសេសរុស្ស៊ី បានផ្ដល់នូវ ការគាំទ្រដ៏សំខាន់ដល់កម្ពុជា សម្រាប់ការកសាងប្រទេសឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង លើគ្រប់វិស័យ ដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាមរយៈទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលប្រទេសមួយចំនួន បានដាក់ការហ៊ុំព័ទ្ធមកលើកម្ពុជា។ ជាពិសេសជំនួយមនុស្សធម៌ ដែលអតីត សហភាពសូវៀតបានផ្ដល់ឱ្យកម្ពុជា បានជួយរំលែកនូវបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ក្នុងកិច្ចការកសាងស្ដារ និងអភិវឌ្ឍ ប្រទេសឡើងវិញចេញពីបាតដៃទទេ នៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០។
ជាងនេះទៅទៀត នៅក្នុងវិស័យអប់រំ សហព័ន្ធរុស្ស៊ី និងអតីតសហភាពសូវៀត ក៏បានចូលរួមចំណែក យ៉ាងច្រើនផងដែរ នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កម្ពុជា ទាំងនៅកម្ពុជា និងនៅអតីត សហភាពសូវៀត។ គិតមកដល់ពេលបច្ចុប្បន្ននេះ មាននិស្សិតជាង ៨០០០នាក់ បានទៅសិក្សានៅសហព័ន្ធរុស្ស៊ី និងអតីតសហភាពសូវៀត ហើយអតីតនិស្សិតទាំងនោះមួយចំនួនបាននិងកំពុងបម្រើការក្នុង ជួររដ្ឋាភិបាល និងស្ថាប័ននានារបស់រដ្ឋ។ ឯកឧត្តម ក៏សង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃអនាគតសហព័ន្ធរុស្ស៊ី នឹងបន្តផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត លើគ្រប់មុខជំនាញ និងគ្រប់កម្រិតជាពិសេស អាហារូបករណ៍សម្រាប់និស្សិតថ្នាក់ក្រោយបណ្ឌិត។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជានិងរុស្សី បាននិងកំពុងខិតខំបន្តរក្សាពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនង និងមិត្តភាពដ៏ល្អនេះ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាតាមរយៈសកម្មភាពពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។
ជាមួយគ្នានេះដែរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងអតីតសហភាពសូវៀត ហើយបាននិងកំពុង ដើរតួនាទីយ៉ាងសកម្ម ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យវិស្វកម្មបច្ចេកវិទ្យា និងរួមចំណែក ដល់ការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
តាមរបាយការណ៍របស់ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមាណ ៧០% ទទួលបានការងារធ្វើភ្លាមៗ បន្ទាប់ពីការ បញ្ចប់ការសិក្សា។ លទ្ធផលជាវិជ្ជមាននេះ សម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងក្មួយៗនិស្សិតទាំងអស់ ក៏ដូចជាការជឿជាក់ របស់មជ្ឈដ្ឋានសាធារណៈ លើសមត្ថភាពបណ្តុះបណ្តាល និងគុណភាព នៃការអប់រំរបស់វិទ្យាស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសប្រទេសរុស្ស៊ីដែលជាស្ថាបនិករបស់វិទ្យាស្ថាន។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃនេះ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា បានកត់សម្គាល់ថា ការជួបជុំគ្នា និងការសម្ភោធស្តូប អនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី នៅពេលនេះ គឺក៏ដើម្បីឧទ្ទិសចំពោះខួប ៥១ឆ្នាំ នៃការសង់ឡើង ដោយសហភាពសូវៀត នូវវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា ដែលត្រូវបានប្រគល់ជាអំណោយជូនប្រជាជនកម្ពុជា នៅឆ្នាំ១៩៦៤។ នៅពេលនោះ វិទ្យាស្ថានមានឈ្មោះវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជា និងសូវៀត។
ឯកឧត្តម Dmitry TSVETKOV បានបន្ថែមថា នៅពេលនោះវិទ្យាស្ថានជាមជ្ឈមណ្ឌលឧត្តមសិក្សា និងស្រាវជ្រាវ វិទ្យាសាស្ត្រឈានមុខនៅប្រទេសកម្ពុជា ដែលមានមន្ទីរពិសោធន៍ជាច្រើន, លទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ត្រូវបានបញ្ជូនទៅក្រសួងនានា ដើម្បីប្រើប្រាស់ក្នុងផលិតកម្ម។ ជាមួយគ្នានេះដែរ សហភាពសូវៀតបានរួមចំណែក ដ៏ធំក្នុងការកសាងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយអាហារូបករណ៍ក្នុងវិស័យអប់រំ ហើយអាស្រ័យ ដោយជំនួយនេះ កម្ពុជាបានបង្កើតសក្តានុពលដ៏ធំធេងក្នុងវិស័យរៀបចំធនធានមនុស្ស។ យុវជនកម្ពុជាជាង៨ពាន់នាក់ បានទទួលការបណ្តុះបណ្តាលនៅសហភាពសូវៀត។ ឯកឧត្តម Dmitry TSVETKOV បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងជួយឧបត្ថម្ភដល់កម្ពុជា ដើម្បីបណ្តុះបណ្តាលនិស្សិត ហើយឥឡូវនេះយុវជន យុវនារីកម្ពុជាជិត ៣០០នាក់កំពុងធ្វើការសិក្សានៅប្រទេសរុស្សី៕