Wednesday, April 29, 2015

សម្តេចតេជោ ហ៊ុន សែន ព្រមានលុបចោលវប្បធម៌សន្ទនា បើ ឯកឧត្តមសម រង្ស៊ី មិនអាចអប់រំផ្ទៃក្នុងបក្សរបស់ខ្លួនបាន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពូជា បាន​ព្រមាន​លុប​ចោលនូវវប្បធម៌សន្ទនា របស់​គណបក្ស​ទាំងពីរ បើសិន​ណា​ជា​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ មិន​អាច​អប់រំ​កូន​ចៅ​របស់​ខ្លួន​ឱ្យបាន​ល្អនោះ។

ការ​ព្រមាន​ជា​លើក​ដំបូង របស់​សម្តេច​តេជោ ក្នុង​ការរំលាយ​ចោល​វប្បធម៌​សន្ទនា រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃគណបក្ស​ទាំងពីរ បាន​ធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់ រោងចក្រ​ចម្រាញ់​ដូង ប្រេងទី ២អន្លង់ក្រពើ របស់ក្រុម​ហ៊ុន ម៉ុង ឫទ្ធី ស្ថិត​នៅភូមិ​អន្លង់​ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ។

សម្តេចតេជោ នាយករដ្ឋ​មន្ត្រីបានមាន​ប្រសាសន៍​ផ្តាំ​ផ្ញើរទៅកាន់ ឯក​ឧត្តម សម រង្ស៊ី ថា «ត្រូវអប់រំ​ផ្ទៃ​ក្នុង​បក្សរបស់​ខ្លួន​ឲ្យបាន ហើយ​បើ​ឯក​ឧត្តម សម រង្ស៊ី ធ្វើមិនបានទេ អាវប្ប​ធម៌សន្ទនាហ្នឹង ត្រូវលុបចោល ក៏លុបទៅ កើត​ហើយ​បើ​វាងាប់​ទៅ​វិញ​ក៏ងាប់​ទៅ ព្រោះវាកើត​ហើយ​វាត្រូវរបួស​នៅ​កំពង់​ឆ្នាំង កើត​ជាមួយ​គ្នា​នៅសៀមរាប ដល់មក​ត្រូវរបួសៗ នៅកំពង់​ឆ្នាំង។  

សម្តេច​បន្តសង្កត់​ធ្ងន់ថា « ថ្ងៃនេះ​និយាយ​ឲ្យច្បាស់ លោកឯង​ចុះមូលដ្ឋាន​អី ហ៊ាន​ផ្ញើរសារមកឲ្យខ្ញុំ​ថាមិន​សង​សឹក ចាំដល់​លោក​ឈ្នះ​សិន​ទៅ លោក​កុំ​ឈ្លាន​ពេក កុំ​ឈ្លាន​ជ្រុល រហូតដល់ដេក​យល​សប្តិ។ ដេក​យល់សបត្តិ​ក៏ប្រធាន​សភា ចាំបាន​ធ្វើសិនមើល ណែអាត្មា​ធ្វើជាង​៣០​ឆ្នាំហើយ អាត្មា​មិន​ទាំង​អួត​ផង​។» 
គួរ​បញ្ជាក់ថា ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់ពី ឯកឧត្តម កឹម សុខា អនុប្រធាន​រដ្ឋសភា និង​ជាអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លើក​ឡើងថា គណបក្សសង្គ្រោះ​ជាតិ នឹង​មិន​មាន​ការសង​សឹក​គ្នាទេ ប្រសិន​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត​ដឹក​នាំរដ្ឋាភិបាល។ ការលើក​ឡើង​របស់​ឯកឧត្តម កឹម សុខា ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម ចូលរួម​ក្នុងវេទកាសំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​រនាម ស្រុក​ទ្រាំង​ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៥ និងការវាយ​ប្រហារ​មក​លើគណបក្សកាន់​អំណាច​ពី​សំណាក់​ឯកឧត្តម កឹម សុខា ពីខេត្តកំពង់​ឆ្នាំង​ដោយ​ចោទថា បក្ស​កាន់​អំណាច​កំពុងដឹក​នាំប្រជាជន​តាម​របៀបកុម្មយនីស្ត​ផ្តាច់​ការ៕

អត្ថបទ៖ ច័ន្ទ ទេវី

គណបក្សនយោបាយអាស៊ី (ICAPP )រៀបចំសិក្ខាសាលា ស្តីពី ការជួញដូរមនុស្ស



ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និងជាអនុ​ប្រធានគណៈ​អចិន្ត្រៃយ៍​នៃសន្និសីទ​អន្តរជាតិ​នៃគណប​ក្សនយោបា​យអាស៊ី​ ក្នុងពិធី​ស្វាគមន៍​គណៈប្រតិភូ​ និងភ្ញៀវ​កិត្តិយស​ចូលរួម​ក្នុងសិក្ខា​សាលាស្ដី​ពីការជួញដូរ​មនុស្ស​ដែល​រៀបចំ​ឡើងនៅ​ សណ្ឋា​គារសុខា​អូតែល​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៥​ បានមាន​ប្រសាសន៍ថា​ ការជួញដូរមនុ​ស្សគឺជា​ឧក្រិដ្ឋកម្ម​សកល​ ដែលមាន​ការចូលរួម​ពីឧក្រិដ្ឋជន​ឆ្លងដែន​ និងឆ្លងប្រទេស​។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ បានសង្កត់ធ្ងន់ថា​ ការជួញដូរមនុស្ស​ទាមទារឱ្យមាន​កិច្ចខិតខំ​ទាំងថ្នាក់​ជាតិ ​​តំបន់ ​និង​ពិភពលោក​ ដើម្បី​ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​ និងការពារ​សុវត្ថិភាព​បុគ្គលដែលងាយ​រងគ្រោះ។​ ក្នុងន័យនេះ ​សិក្ខាសាលា​រយៈពេល ២ថ្ងៃ​ ដែលធ្វើ​ឡើង ​ពីថ្ងៃទី ​២៨-៣០​ ខែមេសា​ ឆ្នាំ២០១៥នេះ ​នឹងក្លាយ​ជាវេទិកាដ៏សំខាន់​ សម្រាប់​ការបង្កើត​កិច្ចសហ​ប្រតិបត្តិការ​ និងកិច្ច​សម្របស​ម្រួលអន្តរ​ជាតិ ក្នុង​ការប្រយុទ្ធប្រ​ឆាំងនឹងបទ​ឧក្រិដ្ឋដ៏ឃោ​ឃៅនេះ។
ឯកឧត្ត​មឧបនាយ​ករដ្ឋមន្ត្រី​បានបន្តថា​សិក្ខាសាលានេះ​នឹងផ្ដល់​នូវអនុសា​សន៍សម្រា​ប់គោលន​យោបាយ​ ការណែ​នាំសម្រា​ប់លិខិត​បទដ្ឋាន​គតិ​យុត្ត និ​ងការផ្ដួច​ផ្ដើមគំនិត​ សម្រាប់​ការការពារកា​រទប់ស្កាត់និង​ការកាត់ទោសចំ​ពោះអំពើជួញដូ​រមនុស្ស។​សិក្ខាសាលានេះ​មានតំណាងគ​ណបក្សនយោ​បាយចូលរួ​មចំនួន២០​និងអង្គ​កាមិនមែន​រដ្ធាភិបាល​ជាតិនិង​អន្តរជា​តិចំនួ​ន១៦។​

គួរបញ្ជាក់ថា​នេះជាសិក្ខា​សាលាលើកទី​២ស្ដីពីការ​ជួញដូរម​នុស្សរប​ស់​ICAPPដែលលើកទី​១ ត្រូវបានធ្វើ​ឡើងនៅប្រទេ​សនេប៉ាល់​ ហើយគោលបំ​ណងនៅក្នុង​សិក្ខាសាលាលើ​កទី១​ របស់អ​ង្គការICAPP​ស្តីពីការជួញ​ដូរមនុស្សចំ​នុចមួយចំនួន​ត្រូវបានកំណត់​ជាគោលបំណ​ងចម្បងសម្រាប់​ការពិភាក្សា​ពេលអនាគ​តទាក់ទង​ នឹងបញ្ហានៃកា​រជួញដូរមនុស្ស ​ដូចជា៖​

១. លើកកម្ពស់​ការយល់ដឹ​ងជាសាធា​រណៈអំពីភា​ពធ្ងន់ធ្ង​រ និងបន្ទាន់​
២. កិច្ចសហប្រ​តិបត្តិការកំ​ណត់បណ្តា​ញជួញដូរ​ឆ្លងដែន ​និង
​៣. បង្កើតនូវ​ប្រព័ន្ធផ្តន្ទាទោស​មួយដែលចំ​ណាយពេលតិច៕​

អត្ថបទ​៖ ច័ន្ទ ​ទេវី​ 



អគ្គនាយកដ្ឋានពន្ធដារ សំរេចពន្យារពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់ របស់សហគ្រាស ឆ្នាំ២០១៥


យោងតាម​សេចក្តី​ជូន​ដំណឹង របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ស្តីពី ការ​ពន្យាពេល​ក្នុង​ការ​ប្រកាសបង់​ពន្ធ​ប៉ាតង់​របស់សហគ្រាស បាន​ឲ្យដឹងថា អគ្គនាយក​ដ្ឋាន​ពន្ធដារ សំរេច​ពន្យា​ពេល​ក្នុង​ការ​ប្រកាស​បង់​ពន្ធប៉ាតង់​របស់សហគ្រាស ដែល​ប្រកាស​បង់​ពន្ធ​តាម​របបស្វ័យ​ប្រកាស​សម្រាប់​ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥។

ក្នុងសេចក្តី​ជូន​ដំណឹង​ដែល​ចុះហត្ថ​លេខា​ដោយ​ឯក​ឧត្តម គង់​ វិបុល ប្រតិ​ភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ឋដារ បាន​លើក​ឡើងថា អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ជម្រាប​ជូន ម្ចាស់​សហគ្រាស ដែល​ប្រកាស​បង់​ពន្ធ​តាម​របបស្វ័យ​ប្រកាស​ទាំង​អស់ជ្រាប​ថា ឆ្នាំ២០១៥នេះ សហគ្រាស​ដែល​បាន​ចុះបញ្ចីពន្ធ​ដារមុន ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវ​ធ្វើបច្ចុប្បន្ន​ភាព​ព័ត៌​មាន​សហគ្រាស ដែល​តម្រូវ​ឲ្យ​ភ្ជាប់​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗមួយ​ចំនួន ហើយត្រូវ​ប្រកាស​បង់​ប្រាក់​ពន្ធប៉ាតង់​ឆ្នាំ២០១៥ ក្នុងពេល​តែមួយ។ ប្រការ​នេះ​បណ្តាល​ឲ្យ​សហគ្រាស​មួយ​ចំនួន​មិន​ទាន់​បាន​ប្រកាសបង់​ពន្ធប៉ាតង់​បាន​ទាន់​ពេល​វេលាឡើយ ព្រោះ​តែ​ពុំ​ទាន់មាន​ឯក​សារ​គ្រប់​គ្រាន់​។
ការពន្យារ​ពេល នៃ​ការ​ប្រកាស​បង់​ពន្ធ​ប៉ាតង់​របស់​សហគ្រាសនេះ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ទុក​លទ្ធភាព​ជូន​សហគ្រាស​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធ ឬនៅខ្វះឯកសារ​ផ្សេងៗ មាន​ពេលវេលា​គ្រប់​គ្រាន់ ក្នុង​ការរៀប​ចំនូវ​ឯក​សារ​ពាក់​ព័ន្ធ សម្រាប់​ការ​ធ្វើបច្ចុប្បន្ន​ភាព​ព័ត៌​មាន​សហគ្រាស។
ដោយ​ឡែក ក្នុង​ករណី​ដែល​សហគ្រាស​មាន​ការ​យឺត​យ៉ាវ ក្នុង​ការ​មក​ប្រកាស​បង់​ពន្ធ​ប៉ាតង់​ឆ្នាំ២០១៥ តាម​ការ​ពន្យារ​ពេល​ខាង​លើ សហគ្រាស​នឹង​ត្រូវ​ទទួលរង​នូវ​ទោស​ទណ្ឌដោយ​ត្រូវ​បង់ប្រាក់​ពន្ធ និង​បង់​ផាក​ពិន័យ​ស្រប​តាម​ច្បាប់​ស្តី​ពី​សារ​ពើ​ពន្ធ។
សេចក្តី​ជូន​ដំណឹងនេះ ក៏បាន​បញ្ជាក់​ពី​សេច​ក្តីសង្ឃឹម​យ៉ាង​មុតមាំ របស់​អគ្គនាយកដ្ឋានពន្ធដារថា ក្នុង​អំឡុង​ពេល​ពន្យា​រនេះ ម្ចាស់​សហគ្រាស​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធ​ប៉ាតង់ នឹងរួសរាន់​មក​ប្រកាស​បង់​ពន្ធ​បាន​ទាន់​ពេល​វេលាតាម​ការកំណត់​នេះជាក់​ជាពុំ​ខាន៕

អត្ថបទ៖ ច័ន្ទ ទេវី