Monday, February 20, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី


នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បន្ទាប់ពីជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។ 

ក្នុងជំនួបនោះឯកឧត្តម Park Jung Wook គោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូង ជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាបសម្តេចតេជោថា ឯកឧត្តមបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងន័យនេះ ឯកឧត្តមបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តម Park Jung Wook បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ឯកឧត្តម Park Jung Wook បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបសម្តេចតេជោ ដោយបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។

ជាការឆ្លើយតប សម្តេចតេជោ  ហ៊ុន សែន  បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Park Jung Wook ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េអំពីដំណើរ និងសាវតារនៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។ 

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។ 

ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនឯកឧត្តម Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី



នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភព​អង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី។ 



តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ​បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសូមការអនុញ្ញាតពីសម្តេចតេជោ ប្រើប្រាស់ និងនិយាយជាសាខ្មែរ។ ឯកឧត្តមដូមីនិក បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១០។ បើប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ននេះ ឯកឧត្តមបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ 

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដានៃជំងឺកូវីដ១៩ បើកប្រទេស​ និងបើកសេដ្ឋកិច្ចឡើងវិញ​បានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ,ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ការយកចិត្តទុកដាក់​របស់​សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈាន ទៅជាប្រទេសគ្មានមីន​នៅឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់ឯកឧត្តម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ  ហ៊ុន សែន  បានស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តម ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរឯកឧត្តមដូមីនិក ដែលបាននិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ សម្ដេចតេជោ ក៏បានថ្លៃអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីនផងដែរ។ 

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើន​ជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា​ក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។







រាជរដ្ឋាភិបាលទទួលបានវត្ថុបុរាណខ្មែរ ៧៧គ្រឿងពីគ្រួសារជនជាតិអង់គ្លេស


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៧គ្រឿង ពីគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) ជនជាតិអង់គ្លេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។

បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុបចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោក ឡាតហ្វដ។

ការប្រគល់-ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៉ីអាគ្នេយ៍នៃក្រសួងការបរទេស និងខម្ម៉ន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈនិងបុរាណវត្ថុនៃស្នងការដ្នានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។

គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។

«រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានសុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលប្រគល់វត្ថុបុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញដែលសរបញ្ជាក់ពីយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងអំពី សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។

លោកស្រីរដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើកទំព័រថ្មីមួយទៀត ក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌទាំងនោះសម្រាប់ពិភពលោក។

លោកស្រីរដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ដូចជាស្ថាប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។

លោក ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងការដង្ហែត្រឡប់មកមាតុប្រទេសវិញនូវសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននាពេលនេះ។

លោក ហ៊ុន ម៉ានី ក៏បានយកឱកាសនោះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមការដឹកនាំរបស់លោកស្រី ភឿង សកុណា និងដៃគូពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងសហការគ្នា ឈានដល់ការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នៅពេលនេះ។

ទន្ទឹមនេះ លោកស្រីបណ្ឌិតសភាចារ្យក៏បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំនៃគណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ម៉ានី និងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J.

Gordon និងលោក Steven Heimberg ទីប្រឹក្សាផ្នែកច្បាប់ ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការបញ្ជូនវត្ថុដ៏មានតម្លៃនៃបេតិកភណ្ឌជាតិត្រឡប់មកកម្ពុជាវិញ។ ក្រសួងនឹងបន្តធ្វើការស្រាវជ្រាវ និងនាំយកសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិនានាលើពិភពលោក។

លោក ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្តាញសង្គមដែរថា «បេសកកម្មត្រូវបានបញ្ចប់ ជាមួយនឹងភាពជោគជ័យគួរជាទីមោទនៈ។ សូមយាងត្រឡប់មកគង់នៅបានឲ្យត្រជាក់ត្រជុំជានិរន្តរ៍ និងសូមប្រទានពរឲ្យកម្ពុជាបន្តនៅក្នុងភាពក្សេមក្សាន្តតរៀងទៅ»៕




សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ហើយ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាយើង បានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ហើយ ដែលកាលពីជំនាន់នោះ យើងធ្វើយ៉ាងណាឱ្យតែបានបរិភោគដើម្បីរស់មិនបានគិតទៅដល់រឿងឆ្ងាញ់នោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ក្រោយមក ប្រជាពលរដ្ឋយើងបានបរិភោគឆ្អែត និងគិតទៅដល់រឿងឆ្ងាញ់ រហូតដល់បច្ចុប្បន្ននេះ យើងគិតទៅដល់ឆ្អែត ឆ្ងាញ់ ហើយនិងការធានាបាននូវសុខភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុគីមីនានានៅក្នុងចំណីអាហារខ្លះដែលអាចបង្ករផលអាក្រក់ចំពោះសុខភាពរបស់យើងផងដែរ៕






សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងក្រេបយកចំណេះដឹង និងពង្រឹងសមត្ថភាព

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សញ្ញាបត្រទទួលបានថ្ងៃនេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ និងការតស៊ូលះបង់របស់ព្រះសង្ឃគ្រប់ព្រះអង្គ សិស្ស និស្សិតទាំងអស់ ទើបទទួលបានចំណេះដឹង និងចំណេះធ្វើ សម្រាប់អនាគតបានល្អដល់ក្រុមគ្រួសារ និងសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ការក្រេបយកចំណេះដឹងនេះ គឺជាចូលរួមចំណែកជាមួយប្រទេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនោះ សម្តេចតេជោ បានអំពាវនាវដល់សិស្សនិស្សិតទាំងអស់បន្តការខិតខំពង្រឹងសមត្ថភាព ទោះបីតាមមធ្យោបាយណាក៏ដោយ តាមរយៈការរៀនបន្ត ឬតាមរយៈ ការរៀនផង ធ្វើផង ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង ចំណេះធ្វើរបស់យើងឱ្យកាន់តែល្អប្រសើរ មិនដូចការផ្ទេរខួរក្បាលពីគ្រូបង្រៀនទៅខួរក្បាលសិស្ស ឬការបញ្ចូលឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានទេ មានតែការខិតខំប្រឹងប្រែងរៀនសូត្ររបស់យើងផ្ទាល់តែម្តង៕





សម្តេចតេជោ ហ៊ុន សែន៖ កុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យុ VOD គឺជាកន្លែងផលិតព័ត៌មានក្លែងក្លាយ ដូច្នេះកុំសង្ឃឹមថា វិទ្យុ VOD រស់ឡើងវិញឱ្យសោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាសំណួរថា តើការចុះផ្សាយរបស់ VOD ថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខា ជំនួសសម្តេចនោះជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ។ សម្តេចបានបន្តថា ការផ្សាយបែបនេះគឺជាការប្រមាថមកលើរាជរដ្ឋាភិបាល បង្កើតឱ្យមានការមិនជឿទុកចិត្តគ្នា និងជាការខុសជាមួយច្បាប់ថវិកាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា វិទ្យុVODនេះ អាចរស់ឡើងវិញបាននោះ បក្សដែលត្រូវបានតុលាការកំពូលរំលាយហើយនោះ អាចរស់វិញទៅហើយ៕





សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយរបស់វិទ្យុ VOD កន្លងមក បានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបាន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សព្វផ្សាយរបស់ វិទ្យុ VOD កន្លងមក បានបង្កើតកំហុសច្រើនណាស់ ប៉ុន្តែលើកនេះធ្ងន់ធ្ងរពេកមិនអាចអត់ឱនឱ្យបានឡើយព្រោះមានចេតនាអាក្រក់បំផុតដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចក៏បានទុកពេលវេលាសមស្របដើម្បីឱ្យ វិទ្យុ VOD នេះ សូមទោស ប៉ុន្តែខ្លួនមិនបានអនុវត្តន៍ទៅតាមការផ្តល់ឱកាសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការបិទ វិទ្យុ VOD នេះ មិនបានធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាស្លាប់នោះទេ ប៉ុន្តែនេះជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕





សម្តេចតេជោ ហ៊ុន សែន៖ ការប្រមាថថ្នាក់ដឹកនាំជាតិ និងផ្សាយព័ត៌មានក្លែងក្លាយ គឺមិនអាចអត់ឱនអោយបានជាដាច់ខាត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ការផ្សាយវិទ្យុរបស់ VOD កន្លងមកនេះ មានការផ្សាយព័ត៌មានដែលបានលើកឡើងពីបញ្ហាថវិកាថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលនេះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់នាំអោយមានការបែកបាក់សាមគ្គីជាតិ

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឡើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួលបានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះមានចរិតបំបែកបំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលសម្តេចត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សាយនោះតែម្តង ដើម្បីកុំអោយវិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ។ សម្តេចបន្តថា ការលុបអាជ្ញាប័ណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕






ផ្សាយបន្តផ្ទាល់: សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់សិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

 នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត បញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបាន បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន និស្សិត អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច កិត្ដិព្រឹទ្ធ បណ្ឌិតចំនួន ៣២នាក់ផងដែរ។