Thursday, August 09, 2018

ច្បាស់ហើយ! សភានីតិកាលទី៦នឹងចេញរូបរាង នៅថ្ងៃទី៥ ហើយរដ្ឋាភិបាលថ្មី នឹងកើតនៅថ្ងៃទី៦ខែកញ្ញា

ខេត្តកំពង់ស្ពឺ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណះថា គណៈរដ្ឋមន្ត្រីអាណត្តិទី៦ ដែលដឹកនាំក្បាលម៉ាស៊ីនដោយលោកផ្ទាល់ នឹងចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងជាផ្លូវការ នាព្រឹកថ្ងៃសុក្រ ទី៧ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងកោះប្រជុំសភាលើកដំបូង ហើយនៅរសៀលថ្ងៃដដែល សមាជិករដ្ឋសភានឹងចូលស្បថនៅក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់មុខដំណែង។
លោកបានបន្ថែមថា បន្ទាប់មកនៅព្រឹកថ្ងៃទី៦ កញ្ញា នឹងប្រកាសបង្កើតក្បាលម៉ាស៊ីនសភា និង គណៈរដ្ឋមន្ត្រីថ្មីអាណត្តិថ្មីទី៦ ហើយនៅរសៀលសមាជិកសមាជិការគណៈរដ្ឋមន្ត្រីថ្មី ស្បថចូលកាន់តំណែង បន្ទាប់មកនៅព្រឹកថ្ងៃសុក្រ ទី៧កញ្ញា គណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្តើមបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាផ្លូវការ ក្រោមអធិបតីភាពលោកផ្ទាល់ជានាយករដ្ឋមន្ត្រី សំរាប់អាណត្តិទី៦។

លោក ហ៊ុន សែន ថ្លែងថា គណៈរដ្ឋមន្ត្រីអាណត្តិថ្មីនេះ និងធ្វើកិច្ចការងារទ្វេរដង និងកាន់តែសកម្ម និងប្រសិទ្ធិភាពជាងមុន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីលោកបានបន្តដឹកនាំនាវាកម្ពុជា អោយកាន់តែរីកចម្រើន ជាមួយសុខសន្តិភាព រួមនឹងការអភិវឌ្ឍសង្គមជាតិ ជាមួយកំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ៕







ការបណ្តុះបណ្តាលជំនាញទន់សម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើដើម្បីត្រៀមលក្ខណៈទទួលយកឱកាសការងារសមរម្យ (២៩១)

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បន្តធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ ក្រុមទី៣ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ បានបន្តធ្វើការប្រគល់វិញ្ញាបនបត្រសំគាល់ ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រុមការងារសូមថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ លើក្បាលដីទាំងអស់ ដែលបានចូលរួមគាំទ្រ សកម្មភាពនេះ បានយ៉ាងល្អប្រសើរ ៕





ក្រុមការងារគម្រោង LASED II និងក្រុមការងារខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យគម្រោងនៅទីតាំងដីសម្បទានសង្គមកិច្ច


កំពង់ឆ្នាំង៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ថ្នាក់ជាតិ ដឹកនាំដោយលោក ដោក ដូម៉ា នាយកគម្រោង សហការជាមួយក្រុមការងារគម្រោង LASED II ខេត្តកំពង់ឆ្នាំង នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៨ បានចុះសង្កេតទីតាំងផ្លូវគ្រោងដែលមានបញ្ហា និងធ្វើបច្ចុប្បន្នភាពផែនទីប្រើប្រាស់ដី ព្រមទាំងធ្វើការតាមដានការងារសាងសង់សាលារៀន ប៉ុស្ត៍សុខភាព ការកែលម្អផ្លូវគ្រួសក្រហម និងភ្ជួរដី ស្ថិតក្នុងទីតាំងដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រទាំង ៤តំបន់ (ខ្សាច់ស, សំបុកគ្រាល, សុខសែនជ័យ, គិរីអភិវឌ្ឍន៍) របស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕




ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែសីហា ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយសារមានព្យុះ

សូមបងប្អូនប្រជាពលរដ្ឋមេត្ដាប្រុងប្រយ័ត្នឲ្យបានខ្ពស់! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែសីហា ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ដែលបណ្តាលមកពីកូនព្យុះ។
ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើអាកាសធាតុ រួចមកឃើញថា៖
– ប្រព័ន្ធសម្ពាធទាបដែលកំពុងអូសកាត់លើអាងទន្លេមេគង្គ បានតភ្ជាប់នឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
– នៅក្នុងប្រព័ន្ធសម្ពាធទាប មានសម្ពាធសកម្មមួយកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ សម្ពាធទាបសកម្មនេះ នឹងរំកិលខ្លួនឆ្ពោះទៅរកកោះហៃណាំ ហើយក្នុងអំឡុងពេល៣-៤ថ្ងៃទៀត វានឹងវិវត្តន៍ទៅជាកូនព្យុះ ស្ថិតនៅកោះហៃណាំ និងហុងកុង
– ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរប្រទេសកម្ពុជា។
បើយោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
– តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ជោគជាំច្រើនថ្ងៃបន្ថែម ទៀត។ លើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ
– តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតតាមបណ្តោយព្រះដែនកម្ពុជា និងវៀតណាម អាចនឹងមានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន រហូតដល់ចុងសប្តាហ៍
– បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងពីមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ៕

ក្រោយការបោះឆ្នោត រដ្ឋមន្រ្តីការបរទេស២រូប ផ្តើមបំពេញទស្សនកិច្ចមុនគេបង្អស់

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃនេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស២រូប រួមមានប្រទេសវ៉ូវ៉ាដា និងសាធារណរដ្ឋហ្គីណេ នៅតំបន់អាហ្វ្រិក បានផ្តើមបំពេញ​ទស្សន​កិច្ចជាផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ។
នេះគឺជាទស្សនកិច្ចមុនគេបង្អស់របស់ប្រមុខការទូតបរទេស ដែលមកកាន់ប្រទេសកម្ពុជា នៅក្រោយការ​បោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋវ៉ូវ៉ាដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្គីណេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងជួបពិភាក្សាការងារ​ជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែសីហានេះ។
កិច្ចប្រជុំនេះ នឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងយល់ការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកស្រី ល្វីស មុស៊ីគីវ៉ាបូជាអគ្គលេខាធិការអង្គការ​ក្រុមនិយាយភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទោនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨​ខាងមុខនេះ នៅប្រទេសអាម៉េនី។
សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងលោក ម៉ាម៉ាឌី ទូរ៉េ បានផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិនដូចជា៖ ឡាវ និងវៀតណាម ដើម្បីស្វែងរកគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដូចខាងក្រោម៖




ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី៩ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក៖