តំបន់ឧទ្យានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីខែធ្នូ ឆ្នាំ១៩៩២។ តំបន់នេះត្រូវបានចាត់បញ្ចូលជារមណីយដ្ឋានរស់ដែលសម្បូរដោយទេសភាពធម្មជាតិ ប្រាង្គប្រាសាទ និងប្រជាពលរដ្ឋដែលបន្តរស់នៅរហូតដល់បច្ចុប្បន្ន។ ក្នុងន័យអភិរក្សមរតកបេតិកភណ្ឌជាតិ ក៏ដូចជាការគ្រប់គ្រងរមណីយដ្ឋានទាំងមូល រាជរដ្ឋាភិបានបានប្រគល់ភារៈកិច្ចឲ្យអាជ្ញាធរជាតិអប្សរាដើម្បីបំពេញកិច្ចការសំដៅធ្វើយ៉ាងណាឲ្យគោរពបានតាមលក្ខខ័ណ្ឌនានារបស់បេតិកភណ្ឌពិភពលោក។
ដោយឈរលើគោលការណ៍រមណីយដ្ឋានមានជីវិតរបស់អង្គរទើបមានការអនុញ្ញាតឲ្យប្រជាពលរដ្ឋបន្តរស់នៅលើទីតាំងដែលធ្លាប់រស់នៅពីយូរលង់មកហើយបាន។ ម្យ៉ាងទៀតការសាងសង់ជួសជុលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាចំណុចដែលអាជ្ញាធរជាតិអប្សរាកំពុងបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការជួសជុលតូចតាច សាងសង់ទ្រុងមាន់ ទ្រុងទា ឬបង្គន់អនាម័យជាដើមនោះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ដើម្បីចុះពិនិត្យ និងអនុញ្ញាតឲ្យដល់ទីកន្លែងតែម្តង។ រីឯការស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ទើបតម្រូវឲ្យមកដាក់ពាក្យស្នើសុំដោយផ្ទាល់នៅអាជ្ញាធរជាតិអប្សរា។ ករណីប្រជាពលរដ្ឋបានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យសាងសង់ ព្រមទាំងគូសប្លង់បច្ចេកទេស និងជួយពិគ្រោះយោបល់សំដៅធ្វើយ៉ាងណាឲ្យការសាងសង់នោះបានប្រើប្រាស់ចំគោលដៅ សន្សំសំចៃថវិកា ព្រមទាំងគោរពបានតាមរចនាបថខ្មែរបុរាណទៀតផង។
ប្រជាពលរដ្ឋដែលមានទីលំនៅនៅភូមិស្រះស្រង់ខាងត្បូង មានផ្ទះនៅក្បែរស្រះស្រង់ផ្ទាល់តែម្តងនោះ អ្នកមីង ធាន វួន បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៧ នេះថា អ្នកមីងធ្លាប់ទទួលបានការអនុញ្ញាតឲ្យសាសង់ផ្ទះថ្មីតាំងពីប្រហែល១០ឆ្នាំមុនមកម្លេះ តែចុងឆ្នាំ២០១៦កន្លងមកនេះដោយសារមានកំណើនសមាជិកក្នុងគ្រួសារបន្ថែមទៀត អ្នកមីងក៏បានស្នើសុំហើយទទួលបានការឯកភាពពីអាជ្ញាធរជាតិអប្សរា ដើម្បីតយ៉ាក ព្រមទាំងសាងសង់បង្គន់អនាម័យបន្ថែមទៀតដើម្បីប្រើប្រាស់។
ចំណែកលោកពូ ម៉ៅ ម៉េធ ជាប្រជាពលដ្ឋរស់នៅភូមិរហាល ដែលកំពុងសាងសង់ផ្ទះជិតរួចរាល់ហើយនោះ ក៏បានបង្ហាញពីភាពងាយស្រួលក្នុងការស្នើសុំច្បាប់សាងសង់នេះដែរ។ លោក ម៉េធ ជាអ្នកខេត្តកំពង់ឆ្នាំង ហើយលោកបានយកគ្រួសារជាអ្នកស្រុកអង្គរ និងបានមករស់នៅទីនេះរយៈពេល២០ឆ្នាំមកហើយ។ លោកអះអាងថា ការសុំច្បាប់សាងសង់នៅក្នុងឧទ្យានអង្គរ ពុំមានអ្វីពិបាកទេ ដោយគ្រាន់តែគោរពតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងនោះរួមមានការសាងសង់ត្រូវគោរពទៅតាមប្លង់ដែលចេញដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាជាដើម។
ដោយឡែកលោកពូ នូ រ៉ូត ដែលរស់នៅភូមិស្រះស្រង់ខាងជើងវិញ ផ្ទះរបស់លោកសាងសង់ជិតរួចរាល់ហើយ ក្រោយពីមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដូចគ្នានឹងអ្នកស្រី ធាន វួន និងលោក ម៉ៅ ម៉េធ លោក រ៉ូត ថាពុំមានអ្វីជាពិបាកក្នុងការស្នើច្បាប់សាងសង់នោះទេ។ លោក រ៉ូត បានសម្តែងការងឿងឆ្ងល់ចំពោះប្រជាពលរដ្ឋខ្លះ ដែលថាការស្នើសុំច្បាប់សាងសង់ក្នុងឧទ្យានអង្គរមានការលំបាក តែសម្រាប់លោកគ្រាន់តែដាក់ពាក្យស្នើសុំត្រឹមជាង២០ថ្ងៃ ក៏ទទួលបានការអនុញ្ញាតភ្លាមៗ។
សរុបសេចក្តីមក ការស្នើសុំច្បាប់សាងសង់ក្នុងឧទ្យានអង្គរពុំមានការលំបាកដូចមហាជនមួយចំនួនលើកឡើងនោះទេ គ្រាន់តែការស្នើសុំត្រូវគោរពទៅតាមគោលការណ៍ដែលអាជ្ញាធរជាតិអប្សរា ក៏ដូចជាគោរពទៅតាមល័ក្ខខណ្ឌនៃច្បាប់បេតិកភណ្ឌពិភពលោកតែប៉ុណ្ណោះ។ អ្នកស្រុកអង្គរនៅតែអាចរស់នៅ ប្រកបរបរ និងមានកម្មសិទ្ធិគ្រប់គ្រងអ្វីដែលជារបស់ខ្លួនតាំងដើមរហូតមក៕