Saturday, July 28, 2018

ព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឱ្យជនរួមជាតិខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាស្អែកនេះឱ្យបានគ្រប់ៗគ្នា

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេ​ញព្រះរាជសារមួយអំពាវនាវឱ្យជនរួមជាតិខ្មែរទាំងអស់ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ជនរូបជាតិ ជាទីគោរពស្រ​ឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រ​ព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱ​ឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់​ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបា​រម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុត​ពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឱ្យសោះ។ ព្រះអង្គមានព្រះបន្ទូលជំរុញឱ្យជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់គណបក្សន​យោបាយណាមួយ ដោយសេរី៕



ខ្មោចបក្សសង្គ្រោះជាតិកំពុងធ្វើវិសុទ្ធកម្មសមាជិកខ្លួនមុននឹង អនុវត្តផែនការទុច្ចរិតទី ២ ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា !

ល្បិចកលទុច្ចរិតរាប់ជំពូករបស់ទណ្ឌិតសមរង្ស៊ី និងក្រុមក្បត់ជាតិ របស់ខ្លួននឹងមិនបញ្ចប់ត្រឹមយុទ្ធនាការម្រាម​ដៃស្អាត ឬដេកផ្ទះឈ្នះឯងដើម្បីបំផ្លាញការបោះឆ្នោតឡើយ។ នៅរាត្រីថ្ងៃទី២៦ ខែកក្កដា សម រង្ស៊ី បានចេញ​សេចក្តីអំពាវនាវមួយដែលគួរឱ្យកត់សម្គាល់ គឺការកែប្រែនូវយុទ្ធសាស្ត្ររបស់ខ្លួនពី «ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង»វិញ។ ការកែប្រែយុទ្ធសាស្ត្រក្នុងវិនាទីចុងក្រោយនេះក៏ព្រោះតែ សម រង្ស៊ី ត្រូវត្រៀម​អនុវត្តផែនការជំហានទី ២ ក្នុងការបំផ្លាញកម្ពុជាក្រោយការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ទៀត។ អតីតមន្ត្រីជាន់ខ្ពស់ខ្មោចបក្សសង្គ្រោះជាតិ បានលួចបង្ហើបឱ្យដឹងថា គោលដៅសំខាន់នៃការផ្លាស់ប្តូរ​ជំហាន​យុទ្ធសាស្ត្រនេះ ក៏ដើម្បីបន្តអនុវត្តផែនការ ប្រើប្រាស់អំណាចប្រជាជន ញុះញង់ពលរដ្ឋខ្មែរឱ្យ​ងើបបះបោរតវ៉ា​ប្រឆាំងនឹងរដ្ឋអំណាច ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ស្របតាមផែនការ បដិវត្តន៍ពណ៌ដែលពួកគេបាន រៀបចំទុកជាយូរមកហើយ។ អតីតមន្ត្រីខ្មោចបក្សសង្គ្រោះជាតិបានឱ្យចៅចាក់ស្មុក​ដឹងពីផែនការសម្ងាត់មួយ​ចំនួនដែល ពោរពេញដោយពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ហើយគេអាចមើលឃើញពីការផ្លាស់ប្តូរនូវ​យុទ្ធសាស្ត្រនេះដូចខាងក្រោម៖
ទី១) មើលឃើញបរាជ័យនៃយុទ្ធនាការម្រាមដៃស្អាត៖ សម រង្ស៊ី បានដឹងយ៉ាងច្បាស់ថា យុទ្ធនាការ​ដែលខ្លួ​ន​ផ្តួចផ្តើមឡើងដើម្បីបំផ្លាញការបោះឆ្នោតដោយអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោតនឹងមិនទទួលជោគជ័យឡើយព្រោះ ទី១) ជាការប្រឆាំងនឹងមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហាមឃាត់​មិនឱ្យមានការ រារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ មាត្រានេះបានធ្វើឱ្យអ្នក​ចូល​រួមយុទ្ធនាការ ខ្លាចរអារនឹងការផាកពិន័យប្រាក់ ដ៏ច្រើនព្រោះថា ខ្លួនគ្មានប្រាក់ គ្រប់គ្រាន់នឹងចិញ្ចឹម​ក្រុមគ្រួសារផង ចុះមានប្រាក់មកពីណា​បង់ថ្លៃពិន័យលើការ​គាំទ្រយុទ្ធនាការ​ខុសច្បាប់​របស់សម រង្ស៊ី? ទី២) ប្រជាពលរដ្ឋខ្មែរភាគច្រើននឹង មិនជឿ ដោយងាយៗលើការញុះញង់របស់ក្រុមអ្នក​នយោបាយប្រឆាំង ក្រៅច្បាប់ទៀតឡើយ។ ម្យ៉ាងអ្នកដែលញុះញង់សុទ្ធតែនៅក្រៅប្រទេសទាំងអស់ ចំណែកអ្នកដែល​ត្រូវប្រឈមនឹងមុខ ច្បាប់គឺជាមនុស្សនៅក្នុងស្រុក។ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតបានផ្តន្ទាទោស និងពិន័យជាប្រាក់លើសកម្មជនអតីតបក្សសង្គ្រោះជាតិចំនួន ៥ រូប ក្នុងខេត្តបាត់ដំបងក្នុងទឹក ប្រាក់ ម្នាក់ៗ ១០ លានរៀល ចំពោះបទល្មើសដែលរារាំង​ពលរដ្ឋមានសិទ្ធិ​បោះឆ្នោត​មិនឱ្យទៅបោះឆ្នោត។ អ្នកដែលរងគ្រោះមិនមែនអ្នកញុះញង់នៅក្រៅប្រទេសទេ គឺអ្នកបន្ទរតាម នៅក្នុងប្រទេស។ នេះគឺជាមេរៀន​សម្រាប់អ្នកផ្សេងទៀត ដែលស៊ីជោរតាមការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី ប៉ុន្តែអ្នកដែលត្រូវ​ប្រឈមមុខនឹងច្បាប់និងការរកប្រាក់បង់ពិន័យ គឺខ្លួនឯងផ្ទាល់មិនមែនសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬកឹម មនោវិទ្យា ជាអ្នកចេញជំនួសឡើយ។ ចំណុចនេះបានធ្វើឱ្យគេមើលឃើញថា យុទ្ធនាការ នេះ មិនមានឥទ្ធិពល​សម្រាប់ពលរដ្ឋខ្មែរផ្សេងទៀតឡើយគឺមានតែក្នុងចំណោមសកម្មជន ងប់ងុលរបស់ខ្លួនមួយចំនួនតូចតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏នឹងបន្តចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណា​ដែលរារាំងប្រជាពលរដ្ឋ​អនុវត្តសិទ្ធិ​របស់​ពួកគាត់ដែរតាមរយៈការរៀបចំពិធីផ្សេងៗដែលមានភាពមិន ប្រក្រតី​នៅក្នុងថ្ងៃបោះឆ្នោត។ ម្យ៉ាងទៀត សម រង្ស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយ សារតែបរាជ័យ​ម្តងហើយ ម្តងទៀតក្នុងការសង្គ្រោះ បក្សខ្មោច និងការព្យារពេលការបោះឆ្នោត ។ ហើយបើយោងតាមការវាយ​តម្លៃបឋម ពលរដ្ឋខ្មែរមិនតិចជាង ៧០% ទេ ដែលនឹងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ព្រោះពួកគេ​ខ្លាច​ជាន់ដានចោរ។ ដូច្នេះមានតែកែប្រែយុទ្ធសាស្ត្រជាជាងរង់ចាំស្លាប់។
ទី២) ប្តូរពី «ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីធ្វើវិសុទ្ធកម្មសមាជិកដែល​ស្មោះត្រង់​នឹងខ្លួន៖ ដោយមិនអាចទប់ចរន្តពលរដ្ឋទៅ បោះឆ្នោតបាន ទណ្ឌិត សម រង្ស៊ី ត្រូវសម្រេចកែប្រែយុទ្ធសាស្ត្រ ដោយមិននិយាយថាមិនទៅបោះឆ្នោតនឹងទទួលបានជ័យជម្នះនោះទេ តែការប្តូរមកជា«ដេកផ្ទះឈ្នះខ្លួនឯង»នេះដើម្បីទប់ភាពអាម៉ាស់របស់ខ្លួន ដែលមិនអាចទទួលបានជោគជ័យក្នុងការរារាំងប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោតបាន ក៏ដូចជាដើម្បីដឹងថា តើនឹងមាន ប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ ដែលជឿលើល្បិចសាច់កម្ម របស់ខ្លួន និងលង់តាមការបោកប្រាស់ ហើយមិនទៅបោះឆ្នោតតាមការអំពាវនាវ របស់ខ្លួន។ អ្នកដែលមិនទៅ បោះឆ្នោតឬមិនមានចង្អុលដៃជ្រលក់ទឹកថ្នាំខ្មៅនេះនឹងត្រូវបាន សម រង្ស៊ី និងក្រុមអ្នកនយោបាយ ក្រៅច្បាប់​បញ្ជោរថាជាអ្នកស្នេហាជាតិពិតប្រាកដ និងជាអ្នកដែលបានឈ្នះលើចិត្តខ្លួនឯង ឈ្នះដោយជាន់​ឈ្លីលើសិទ្ធិ និងតួនាទីភារកិច្ចជាពលរដ្ឋរបស់ខ្លួន។ បន្ទាប់មក សម រង្ស៊ី និងក្រុមខ្លួននឹងបន្តញុះញង់បន្ថែម បញ្ឆេះកំហឹង​ដោយយកបញ្ហានានា នៅក្នុងការបោះឆ្នោតមកដុតរោលក្នុងចិត្តពលរដ្ឋទាំងនោះ ឱ្យពុះកញ្ជ្រោលជាពិសេស​លាបពណ៌ថា ការបោះឆ្នោត ដែលគ្មានខ្មោចគណបក្សប្រឆាំងគឺជាការបោះឆ្នោតក្លែងក្លាយ មិនសេរី និងយុត្តិធម៌។ ទាំងអស់នេះជាលេសដដែលៗ ងាយនឹង សម រង្ស៊ី យកទៅពង្វក់ពលរដ្ឋ និងឈានដល់​ការអនុវត្តផែនការជំហានទី២ ដែលខ្លួនត្រៀមធ្វើនៅក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ ក្រោយពីរកបានអ្នកស្មោះត្រង់ហើយ សម រង្ស៊ី នឹងប្រើប្រាស់ប្រជាពលរដ្ឋដែលស្មោះត្រង់​នឹងខ្លួនទាំងនោះ​ដើម្បីបញ្ឆេះការតវ៉ាឬបះបោរណាមួយក្រោមផែនការរបស់ពួកគេ។ ផែនការដែលពួកគេគ្រោង​នឹងធ្វើគឺ​ការ​ផ្តួលរំលំរបបដឹកនាំតាមបែបបដិវត្តន៍ពណ៌ដូចដែលពួកគេបានប្រកាសពីឆ្នាំ ២០១៣ ថា ឆ្នាំ ២០១៨ គឺជាពេលវេលា ចុងក្រោយ ប៉ុន្តែទេវតាបានជួយ ជាតិ និងប្រជាជនកម្ពុជាមែន និងបានដឹងពីផែនការក្បត់ជាតិ ហើយអង្គការចាត់តាំងបដិវត្តន៍ ពណ៌ត្រូវបានរំលាយចោលតាមច្បាប់។
៣) ៖ យុទ្ធសាស្ត្រចាញ់ចាញ់៖ ក្នុងយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួននៅពេលនេះ សម រង្ស៊ី រំពឹងថានឹងទទួលបាន​ការ​គាំទ្រពី អន្តរជាតិច្រើនដើម្បីថ្កោលទោសការបោះឆ្នោត និង រាជរដ្ឋាភិបាលថ្មីក្រោមលេសអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅពេលនោះ សម រង្ស៊ី គ្រោងនឹងប្រើប្រាស់ការបះបោរពីខាងក្នុងផង និងសម្ពាធ​នយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅផងដើម្បីខ្ទប់ដង្ហើមកម្ពុជា ហើយខ្លួន ជឿថា នឹងធ្វើឱ្យរដ្ឋាភិបាល​ដឹកនាំ ដោយគណបក្សប្រជាជនស្លាប់។ ប៉ុន្តែនេះគ្រាន់តែ ជាក្តីស្រម៉ៃរបស់សម រង្ស៊ី និងគូកនដែលកំពុង​តែស្ថិត​ក្នុងភាពអស់សង្ឃឹមតែប៉ុណ្ណោះ។ ពួកគេបានវាយ តំលៃស្ថានការណ៍កម្ពុជាខុសម្តង ហើយម្តងទៀត និងជឿ ងប់ជ្រុល ដាក់ក្តីសង្ឃឹមខ្លាំងពេកលើចៅហ្វាយនាយបរទេស របស់ពួកគេថាអាចនឹងបំពេញមហិច្ឆតាសងសឹក​របស់ពួកគេបាន។ ប៉ុន្តែពួកគេភ្លេចគិតថា កម្ពុជានៅឆ្នាំ១៩៧៩ និងកម្ពុជាឆ្នាំ ២០១៨ គឺមានភាព​ខុសគ្នា​ឆ្ងាយ​ណាស់។ កម្ពុជានៅឆ្នាំ ១៩៧៩ដែលទើបងើបរួចរស់ជីវិត រងគ្រោះដោយរបបខ្មែរក្រ ហម ត្រូវបានបស្ទិម​ប្រទេសដាក់ សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច គឺមិនស្លាប់ឡើយ ប៉ុន្តែបានឈរជើងយ៉ាងរឹងមាំជាភាគី ដែលគ្រប់គ្រងដែនដីធំជាងគេនៅកម្ពុជា និងជាដៃគូចរចារដ៏មានប្រៀបបំផុត។ ចុះទម្រាំនៅឆ្នាំ ២០១៨ នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧%ជារៀងរាល់ឆ្នាំ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដំណើរគ្រប់គ្រងប្រទេសបាន និងមានឯករាជភាព អធិបតេយ្យភាពពេញលេញ មានកម្លាំងប្រដាប់អាវុធតែមួយ មានរដ្ឋាភិបាលតែមួយ មានការ នាំចេញនូវផលិតផលទៅក្រៅប្រទេសជាច្រើន តើកម្ពុជានៅខ្លាចអ្វីទៀត? នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា បោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ឱ្យពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា​ដើម្បីគាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ចំណែកអ្នកមិនទៅបោះឆ្នោត តាមការ ញុះញង់របស់ក្រុមក្បត់ជាតិ គឺជាអ្នកបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។
ទោះជាខំផ្លាស់ប្តូរយុទ្ធសាស្ត្រផែនការយ៉ាងណាក៏ដោយ ទង្វើទាំងអស់ដែលក្រុមប្រឆាំងបាន និងកំពុង​ធ្វើជាទង្វើក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ។ ក្រុមប្រឆាំងក្រៅច្បាប់ នឹងមិនអាចទទួលបានជោគជ័យ​ឡើយព្រោះពួកគេបានគិតខុស និងដើរ យុទ្ធសាស្ត្រ ចាញ់-ចាញ់ គ្រប់កាលៈទេសៈ។ កាលដែលពួកគេ​ប្រព្រឹត្តទង្វើក្បត់ជាតិកាន់តែច្រើន ពួកគេនឹងវ័ណ្ឌកកាន់តែខ្លាំងនៅក្នុងសំណាញ់ច្បាប់បន្ថែមទៀត ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អ្នកសង្កេតការណ៍បរទេសទាំងអស់ ត្រូវនិយាយតាមការមើលឃើញ និងសង្កេតឃើញ ពីស្ថានភាពពិតនៃការបោះឆ្នោតរបស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព ដោយក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយពីនោះតែម្តង ដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតរបស់កម្ពុជា នាថ្ងៃស្អែកនេះ។ នាថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលជួបអ្នកសង្កេតការណ៍ ចំនួនប្រមាណ២០០នាក់ ក្នុងនោះមានតំណាងមកពីប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ប្រតិភូទាំង៥នោះ រួមមាន ១៖ ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក ឌីង វីនចៅ (Ding Winchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ទី២៖ ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់ នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយលោក អាគង់ ឡាក់សូណូ (Agung Laksono) ជាប្រធានអង្គការ CAPDI, ទី៣៖ ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយលោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ទី៤៖ ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយលោក Adres Pastrana និងទី៥៖ ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយលោក Alexey Casilievich។
នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូន ប្រតិភូអ្នកសង្កេតការណ៍ទាំងអស់ អំពីដំណើរការការបោះឆ្នោត នៅកម្ពុជាដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តង ហើយកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញនេះ គឺមិនដូចទៅនឹងការបោះឆ្នោត នៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី រំលាយសភា ជ្រើសរើសថ្ងៃបោះឆ្នោត តាមដែលការគ្រោងទុករបស់ខ្លួន។
ពីនោះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបប្រតិភូទាំងមូល ពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ ២០០៨ និងឆ្នាំ២០១៣កន្លងមក ហើយការបោះឆ្នោតនាឆ្នាំ២០១៨ គឺមានយុទ្ធនាការបោះឆ្នោត រយៈពេល២១ថ្ងៃ ហើយរយៈពេល២១ថ្ងៃនេះ គឺមានដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន និងគ្មានអំពើហឹង្សាអ្វី កើតឡើងឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូន គណៈប្រតិភូទាំងមូលផងដែរ អំពីដំណើរការវិវឌ្ឍរបស់កម្ពុជា ពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន មកប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនផងដែរ កាលពីឆ្នាំ១៩៩៨ គឺជាពេលវេលាមួយ ដែលកម្ពុជាបានរួបរួម ស្ថិតនៅក្រោមឆត្រ រដ្ឋធម្មនុញ្ញតែមួយនោះ គឺនៅពេលដែលខ្មែរក្រហមទាំងអស់ មកចុះចូលនៅកម្ពុជា គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨។ នៅពេលនោះឯង ដែលកម្ពុជាបានរៀបចំ ដំណើរការបោះឆ្នោត ចាប់តាំងពីឆ្នាំ១៩៩៣មក។
បន្ទាប់ពីបានស្តាប់នូវដំណើរការវិវត្តពីស្ថានភាពទាំងឡាយរបស់កម្ពុជាពីអតីតកាលកន្លងមក ក៏ដូចជាប្រវត្តិនៃការបោះឆ្នោតរបស់កម្ពុជា កន្លងមក, អង្គការ CAPDI បានជម្រាបជូនសម្ដេច និងប្រតិភូទាំងនោះថា កម្ពុជាគឺជាប្រទេសមួយ ដែលចាប់ផ្ដើមពីរដ្ឋបរាជ័យមួយ រហូតមកដល់ពេលនេះក្លាយជាប្រទេសមួយ ដែលទទួលបានជោគជ័យ កាត់បន្ថយភាពក្រីក្រ មានសុខសន្តិភាព និងការអភិវឌ្ឍ។
ដោយឡែកអង្គការ ICAPP ដែលតំណាងឲ្យប្រទេសចំនួន៥០ ដែលមានបក្សនយោបាយចំនួន៣៥០ ដែលធ្លាប់បានធ្វើការសង្កេតការណ៍ ដំណើរការបោះឆ្នោតជាច្រើនដង ច្រើនកន្លែង និងច្រើនប្រទេសមកហើយ ហើយនៅពេលនេះអង្គការ ICAPP មានសុទិដ្ឋិនិយម បន្ទាប់ពីបានឃើញក្បួនដង្ហែរ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជា ពីម្សិលមិញ ដោយឃើញទឹកមុខប្រជាជនកម្ពុជា មានភាពស្រស់ស្រាយរីករាយ នោះហើយគឺជាការឆ្លុះបញ្ចាំង នូវដំណើរការយុទ្ធនាការបោះឆ្នោតមួយ ដែលមានសុទិដ្ឋិនិយម។
ដោយឡែក សមាជិកសភាសហរដ្ឋអាមេរិកមួយរូប ក្នុងនាមជាប្រជាជនអាមេរិក បានមានប្រសាសន៍ថា លោកបានមកកាន់កម្ពុជា រហូតមកដល់ពេលនេះ ឃើញកម្ពុជាមានការផ្លាស់ប្ដូរខ្លាំង លោកសូមសំដែងនូវការអបអរសាទរ ចំពោះសុខសន្តិភាពស្ថេរភាព ដែលកម្ពុជាទទួលបានជាសព្វថ្ងៃ។ លោកបានបង្ហាញ នូវការរំពឹងថាទំនាក់ទំនង រវាងកម្ពុជានិងអាមេរិក នឹងល្អប្រសើរឡើង។

រីឯគណៈប្រតិភូ សង្កេតការណ៍ មកពីឥណ្ឌា ក៏បានមានប្រសាសន៍ ស្របគ្នាទៅនឹងតំណាងអង្គការ ICAPP ផងដែរថា កាលពីម្សិលមិញនេះ លោកបានឃើញការដង្ហែក្បួន បិទយុទ្ធនាការ នៅរាជធានីភ្នំពេញ លោកបានជួបនិងស្តាប់ អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជាកន្លងមក លោកសង្កេតឃើញថា យុទ្ធនាការឃោសនា បោះឆ្នោតនៅកម្ពុជា ពិតជាមានភាពរលូន។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបន្តចូលរួមសង្កេតការណ៍ តទៅទៀតនៅថ្ងៃបោះឆ្នោតស្អែកនេះ ដើម្បីតាមដានអំពី ដំណើរការបោះឆ្នោតនៅកម្ពុជា៕