Saturday, July 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អ្នកសង្កេតការណ៍បរទេសទាំងអស់ ត្រូវនិយាយតាមការមើលឃើញ និងសង្កេតឃើញ ពីស្ថានភាពពិតនៃការបោះឆ្នោតរបស់កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព ដោយក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺប្រតិភូទាំងអស់មើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយពីនោះតែម្តង ដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតរបស់កម្ពុជា នាថ្ងៃស្អែកនេះ។ នាថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទទួលជួបអ្នកសង្កេតការណ៍ ចំនួនប្រមាណ២០០នាក់ ក្នុងនោះមានតំណាងមកពីប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ប្រតិភូទាំង៥នោះ រួមមាន ១៖ ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក ឌីង វីនចៅ (Ding Winchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ទី២៖ ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់ នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយលោក អាគង់ ឡាក់សូណូ (Agung Laksono) ជាប្រធានអង្គការ CAPDI, ទី៣៖ ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយលោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ទី៤៖ ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយលោក Adres Pastrana និងទី៥៖ ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយលោក Alexey Casilievich។
នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូន ប្រតិភូអ្នកសង្កេតការណ៍ទាំងអស់ អំពីដំណើរការការបោះឆ្នោត នៅកម្ពុជាដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តង ហើយកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញនេះ គឺមិនដូចទៅនឹងការបោះឆ្នោត នៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី រំលាយសភា ជ្រើសរើសថ្ងៃបោះឆ្នោត តាមដែលការគ្រោងទុករបស់ខ្លួន។
ពីនោះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបប្រតិភូទាំងមូល ពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ ២០០៨ និងឆ្នាំ២០១៣កន្លងមក ហើយការបោះឆ្នោតនាឆ្នាំ២០១៨ គឺមានយុទ្ធនាការបោះឆ្នោត រយៈពេល២១ថ្ងៃ ហើយរយៈពេល២១ថ្ងៃនេះ គឺមានដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន និងគ្មានអំពើហឹង្សាអ្វី កើតឡើងឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូន គណៈប្រតិភូទាំងមូលផងដែរ អំពីដំណើរការវិវឌ្ឍរបស់កម្ពុជា ពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន មកប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនផងដែរ កាលពីឆ្នាំ១៩៩៨ គឺជាពេលវេលាមួយ ដែលកម្ពុជាបានរួបរួម ស្ថិតនៅក្រោមឆត្រ រដ្ឋធម្មនុញ្ញតែមួយនោះ គឺនៅពេលដែលខ្មែរក្រហមទាំងអស់ មកចុះចូលនៅកម្ពុជា គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨។ នៅពេលនោះឯង ដែលកម្ពុជាបានរៀបចំ ដំណើរការបោះឆ្នោត ចាប់តាំងពីឆ្នាំ១៩៩៣មក។
បន្ទាប់ពីបានស្តាប់នូវដំណើរការវិវត្តពីស្ថានភាពទាំងឡាយរបស់កម្ពុជាពីអតីតកាលកន្លងមក ក៏ដូចជាប្រវត្តិនៃការបោះឆ្នោតរបស់កម្ពុជា កន្លងមក, អង្គការ CAPDI បានជម្រាបជូនសម្ដេច និងប្រតិភូទាំងនោះថា កម្ពុជាគឺជាប្រទេសមួយ ដែលចាប់ផ្ដើមពីរដ្ឋបរាជ័យមួយ រហូតមកដល់ពេលនេះក្លាយជាប្រទេសមួយ ដែលទទួលបានជោគជ័យ កាត់បន្ថយភាពក្រីក្រ មានសុខសន្តិភាព និងការអភិវឌ្ឍ។
ដោយឡែកអង្គការ ICAPP ដែលតំណាងឲ្យប្រទេសចំនួន៥០ ដែលមានបក្សនយោបាយចំនួន៣៥០ ដែលធ្លាប់បានធ្វើការសង្កេតការណ៍ ដំណើរការបោះឆ្នោតជាច្រើនដង ច្រើនកន្លែង និងច្រើនប្រទេសមកហើយ ហើយនៅពេលនេះអង្គការ ICAPP មានសុទិដ្ឋិនិយម បន្ទាប់ពីបានឃើញក្បួនដង្ហែរ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជា ពីម្សិលមិញ ដោយឃើញទឹកមុខប្រជាជនកម្ពុជា មានភាពស្រស់ស្រាយរីករាយ នោះហើយគឺជាការឆ្លុះបញ្ចាំង នូវដំណើរការយុទ្ធនាការបោះឆ្នោតមួយ ដែលមានសុទិដ្ឋិនិយម។
ដោយឡែក សមាជិកសភាសហរដ្ឋអាមេរិកមួយរូប ក្នុងនាមជាប្រជាជនអាមេរិក បានមានប្រសាសន៍ថា លោកបានមកកាន់កម្ពុជា រហូតមកដល់ពេលនេះ ឃើញកម្ពុជាមានការផ្លាស់ប្ដូរខ្លាំង លោកសូមសំដែងនូវការអបអរសាទរ ចំពោះសុខសន្តិភាពស្ថេរភាព ដែលកម្ពុជាទទួលបានជាសព្វថ្ងៃ។ លោកបានបង្ហាញ នូវការរំពឹងថាទំនាក់ទំនង រវាងកម្ពុជានិងអាមេរិក នឹងល្អប្រសើរឡើង។

រីឯគណៈប្រតិភូ សង្កេតការណ៍ មកពីឥណ្ឌា ក៏បានមានប្រសាសន៍ ស្របគ្នាទៅនឹងតំណាងអង្គការ ICAPP ផងដែរថា កាលពីម្សិលមិញនេះ លោកបានឃើញការដង្ហែក្បួន បិទយុទ្ធនាការ នៅរាជធានីភ្នំពេញ លោកបានជួបនិងស្តាប់ អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជាកន្លងមក លោកសង្កេតឃើញថា យុទ្ធនាការឃោសនា បោះឆ្នោតនៅកម្ពុជា ពិតជាមានភាពរលូន។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបន្តចូលរួមសង្កេតការណ៍ តទៅទៀតនៅថ្ងៃបោះឆ្នោតស្អែកនេះ ដើម្បីតាមដានអំពី ដំណើរការបោះឆ្នោតនៅកម្ពុជា៕









No comments:

Post a Comment