Saturday, July 28, 2018

ព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឱ្យជនរួមជាតិខ្មែរទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាស្អែកនេះឱ្យបានគ្រប់ៗគ្នា

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេ​ញព្រះរាជសារមួយអំពាវនាវឱ្យជនរួមជាតិខ្មែរទាំងអស់ទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ជនរូបជាតិ ជាទីគោរពស្រ​ឡាញ់យ៉ាងជ្រាលជ្រៅបំផុត! ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រ​ព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱ​ឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់​ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ»។

ព្រះអង្គមានព្រះបន្ទូលទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយភាពសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមកុំឲ្យមានការព្រួយបា​រម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុត​ពីជនណាម្នាក់ ឬបក្សនយោបាយណាមួយឱ្យសោះ។ ព្រះអង្គមានព្រះបន្ទូលជំរុញឱ្យជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់គណបក្សន​យោបាយណាមួយ ដោយសេរី៕



No comments:

Post a Comment