ប៉ុន្មានថ្ងៃនេះ មានផ្ទុះការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋមួយក្រុមដែលរស់នៅលើដីចំណីផ្លូវលេខ ១៥១ ដើម្បីទាមទារឲ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ ពលរដ្ឋទាំងនោះបានអះអាងថា ពួកគេមានការព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញ ហើយក៏នាំគ្នាតវ៉ាឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដល់ពួកគេ។ រឿងនេះបើស្តាប់តែមួយភ្លែតទៅ ហាក់ដូចជាមានអារម្មណ៍ថា ពលរដ្ឋទាំងនោះជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី។
បើតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថាពួកគាត់សុទ្ធតែមានដីធ្លីមានកម្មសិទ្ធិ (ប្លង់រឹង) ឬប្លង់ទន់ ដែលរដ្ឋបានចែកជូន ប៉ុន្តែពួកគាត់បានលក់ដូរ ក្រោមហេតុផលផ្សេងៗ ហើយមកចាប់ដីចំណីផ្លូវមកតាំងទីលំនៅទៅវិញ។
ប៉ុន្តែ បើសិនជាគេតាមដានសាវតារឿងឲ្យបានច្បាស់លាស់បន្តិច និងស្វែងយល់ពីទិដ្ឋភាពច្បាប់ គេនឹងយល់ភ្លាមថាការទាមទារចង់បានកម្មសិទ្ធិរបស់ពលរដ្ឋមួយក្រុមនេះមិនត្រឹមត្រូវនោះទេ ពីព្រោះពួកគេមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះបានឡើយ ដោយសារមូលហេតុពីរយ៉ាង ៖
ទី១ ៖ ប្រជាពលរដ្ឋទាំងនោះ រស់នៅលើដីចំណីផ្លូវលេខ ១៥១ ដែលជាដីសាធារណៈ។ ដីចំណីផ្លូវនេះ ត្រូវបានរក្សាទុកសម្រាប់បម្រើឱ្យការពង្រីកផ្លូវលេខ ១៥១, រៀបចំប្រព័ន្ធលូបង្ហូរទឹក ទៅថ្ងៃមុខ ស្របតាមការរីកចម្រើនរបស់ទីក្រុង កំណើនប្រជាជន និងកំណើនមធ្យោបាយដឹកជញ្ជូន ។ល។ និងមិនអាចក្លាយជាកម្មសិទ្ធិរបស់ជនណាបានឡើយ។ ជាក់ស្តែង កាលពីឆ្នាំ ២០២១ កន្លងទៅ ផ្លូវលេខ ១៥១ នេះ ក៏ត្រូវបានអាជ្ញាធរធ្វើការស្ថាបនាពង្រីកឱ្យមានទំហំធំជាងមុនផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញនានា។
ទី២ ៖ ដីដែលប្រជាពលរដ្ឋទាំងនោះរស់នៅ ជាដីសាធារណៈ លើកលែងតែដីនោះ លែងមានមុខងារបម្រើឱ្យប្រយោជន៍សាធារណៈរបស់រដ្ឋ។
កន្លងទៅនេះ អាជ្ញាធរបានជំរាបជូនដំណឹងដល់បងប្អូនទាំងអស់នោះជាហូរហែមកហើយថា ដីនោះពួកគាត់មិនអាចទទួលបានកម្មសិទ្ធិទេ ពីព្រោះជាដីសាធារណៈរបស់រដ្ឋ ដែលរក្សាទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយការតាំងទីលំនៅលើដីនោះទៀតសោត គឺជាការតាំងទីលំនៅដោយខុសច្បាប់។ នេះហើយជាហេតុផល ដែលពួកគេគ្មានប័ណ្ណកម្មសិទ្ធិ និងគ្មានទាំងសៀវភៅគ្រួសារថែមទៀតផង ។
ទោះជាយ៉ាងនេះក្តី ចំពោះករណីប្រជាពលរដ្ឋដែលរស់នៅលើដីចំណីផ្លូវ១៥១ ក៏អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបងប្អូនប្រជាពលរដ្ឋទាំងនោះដែរ ពោលគឺអាជ្ញាធរបានខិតខំស្វែងរកដំណោះស្រាយជូនពួកគាត់ក្នុងនោះបានចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋទាំងនោះ និងរៀបចំផ្តល់ជូនដីឡូតិ៍សម្រាប់សង់លំនៅដ្ឋាននិងផ្តល់កម្មសិទ្ធិស្របច្បាប់ជូន ហើយដីដែលអាជ្ញាធរដោះស្រាយជូនទៀតសោត ក៏នៅមិនឆ្ងាយប៉ុន្មានពីទីនោះឡើយ គឺត្រឹមតែជាង២គីឡូម៉ែត្រតែប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេបែរជាមិនទទួលយកដំណោះស្រាយដ៏សមស្របនេះ ហើយបែរជានាំគ្នាចេញតវ៉ាទាមទារកម្មសិទ្ធិលើដីចំណីផ្លូវនេះទៅវិញ។ ម៉្យាងវិញទៀត តាមការពិនិត្យមើលលើរបៀបនៃការតវ៉ានេះ ក៏ហាក់បីដូចជាការរៀបចំសេណារីយ៉ូដែលមានអ្នកជួយនៅពីក្រោយ តាមរបៀបធ្វើសកម្មភាពបែបនយោបាយ ដោយហៅបណ្តាញផ្សព្វផ្សាយព័ត៌មាន រួមមានវិទ្យុ ឬសារព័ត៌មានមួយចំនួន ដែលមាននិន្នាការប្រឆាំង ជាអាទិ៍ មកផ្សព្វផ្សាយព័ត៌មាន ឬ(Live) ដើម្បីចោទប្រកាន់លើអាជ្ញាធរ និងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រលំទៅវិញ ។
ក្នុងនាមអ្នកតាមដានបញ្ហាសង្គមមួយរូប ខ្ញុំយល់ឃើញថា ការតវ៉ាទាមទារយកដីចំណីផ្លូវ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺមិនត្រឹមត្រូវនោះឡើយ ហើយប្រសិនបើរាល់ការទាមទារខុសច្បាប់ ចេះតែបាននោះ ដីចំណីបឹង ចំណីទន្លេ បឹងបួរ ចំណីផ្លូវ សួនច្បារសាធារណៈ ដីវត្តអារាម ដីសាលារៀន...។ល។ នឹងត្រូវបានគេទាមទារគ្រប់ៗគ្នាដែរហើយ ។ ចំណែកអង្គការសង្គមស៊ីវិល ឬអ្នកតាមដានបញ្ហាសង្គមទាំងឡាយ ក៏មិនគួរគប្បីលើកទឹកចិត្តការទាមទារបែបនេះនោះឡើយ ពីព្រោះវាបង្កើតជាទម្លាប់អាក្រក់សម្រាប់សង្គមយើង។
អ្វីដែលគេគួរស្វែងរកដំណោះស្រាយក្នុងបញ្ហានេះ គឺការស្នើឲ្យអាជ្ញាធររកដីកន្លែងណាមួយសមស្របដើម្បីឲ្យពួកគេសង់លំនៅដ្ឋាននិងមានប្លង់កម្មសិទ្ធិពិតប្រាកដ ហើយពួកគាត់ត្រូវសន្យាថាមិនលក់ដូរដីនោះទៀតទេ មិនមែនរដ្ឋចែកដីជូនហើយ ចេះតែលក់ក្រោមហេតុផលផ្សេងៗ រួចតាំងមកដាក់បន្ទុកលើអាជ្ញាធរឱ្យដោះស្រាយជូនទៀតឡើយ។ នេះគឺជាអ្វីដែលអាជ្ញាធរតែងតែគិតគូរដោះស្រាយជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរមូលដ្ឋានមិនដែលប្រើប្រាស់នូវវិធានការបណ្តេញចេញឡើយ មានតែខិតខំស្វែងរកដំណោះស្រាយជូន តួយ៉ាងការស្នើសុំដីសម្បទានសង្គមកិច្ច ជាដើម។
អង្គការសង្គមស៊ីវិល គួរធ្វើជាគំរូនៃការគោរពច្បាប់ និងអប់រំពលរដ្ឋឲ្យចេះគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃ ហើយការលើកទឹកចិត្តឲ្យពលរដ្ឋទាមទារខុសច្បាប់ខុសទំនងមិនមែនជាគំរូល្អសម្រាប់សង្គមឡើយ។ ផ្ទុយទៅវិញ វាជាសកម្មភាព ញុះញង់ បង្កឲ្យមានភាពវឹកវរ និងឈានដល់ការប្រព្រឹត្តខុសច្បាប់កាន់តែធ្ងន់ធ្ងរនិងនាំឱ្យពួកគាត់ជាប់ទោសទណ្ឌថែមទៀតផង។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ និងទទួលយកដំណោះស្រាយពីអាជ្ញាធរដែលដោះស្រាយជូនយ៉ាងសមស្របបំផុត តាមរយៈការផ្តល់ដីលំនៅដ្ឋានស្របច្បាប់និងចេញប្លង់កម្មសិទ្ធិជូនថែមទៀត។ តាមរយៈដំណោះស្រាយនេះ បងប្អូននឹងមានដីជាកម្មសិទ្ធិរបស់ខ្លួន ពិតប្រាកដដោយមិនរស់នៅបែបខុសច្បាប់ គ្មានប័ណ្ណកម្មសិទ្ធិដីធ្លី និងគ្មានសៀវភៅគ្រួសារទៀតនោះឡើយ។ ផ្ទុយទៅវិញ ទោះបីជាបងប្អូនតវ៉ាយ៉ាងណាក៏អាជ្ញាធរពិតជាមិនអាចចេញប័ណ្ណកម្មសិទ្ធិជូនបានដែរ ពីព្រោះច្បាប់ភូមិបាល និងលិខិតបទដ្ឋានពាក់ព័ន្ធ មិនអនុញ្ញាតឲ្យជនណាម្នាក់ មានកម្មសិទ្ធិលើដីចំណីផ្លូវបាននោះឡើយ៕
ដោយ : អតីតមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស