រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ
សំអាល់ បានចេញសេចក្តីណែនាំ ស្តីពី ការបង្កើនការយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង
និងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថានចុះថ្ងៃទី១២
ខែកញ្ញា ឆ្នាំ២០១៤នេះ ដែលបណ្តាញព័ត៌មានយើងទើបនឹងទទួលបាន។
នេះជាលើកទី២ហើយ ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានចេញសេចក្តីណែនាំឲ្យមានការពិនិត្យ
និង ពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ឱ្យកាន់តែមានប្រសិទ្ធិ
បន្ទាប់ពីសេចក្តីណែនាំបែបនេះ ក៏ធ្លាប់បានចេញមួយលើករួចហើយ
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ កន្លងមក។
សេចក្តីណែនាំ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន
ប្រាប់ទៅកាន់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង ស្តីអំពីការត្រួតពិនិត្យ
និងការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា
នីតិកាលទី៥ នៃរដ្ឋសភា ដែលបានកំណត់យកអភិបាលកិច្ចល្អជាស្នូល នៃយុទ្ធសាស្រ្តចតុកោណ
ដំណាក់កាលទី៣។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣ ខែកញ្ញា
ឆ្នាំ២០១៤ ក្រសួងមុខងារសាធារណៈ ក៏បានជូនដំណឹងដល់ថ្នាក់ដឹកនាំ
គ្រប់អង្គភាពរដ្ឋ ឲ្យមានកាេរត្រួតពិនិត្យ
និងពង្រឹងវត្តមានមន្ត្រីក្នុងអង្គភាពឲ្យបានហ្មត់ចត់ ក្នុងនោះក៏បានស្នើឲ្យប្រធានការិយាល័យ
និងប្រធានមន្ទីរ
ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលមិនបានមកធ្វើការទៀងទាត់
ឬអវត្តមានគ្មានមូលហេតុ ត្រូវរាយការណ៍មកប្រធានអង្គភាពសាមី
ដើម្បីស្នើសុំមកក្រសួងចាត់វិធានការទៅតាមផ្លូវច្បាប់។
ក្រសួងមុខងារសាធារណៈ
ក៏បានសង្កត់ធ្ងន់ផងដែរថា
ប្រធានអង្គភាព
ឬមន្ត្រីណាម្នាក់ដែលបើកប្រាក់បៀវត្សមន្ត្រីដែលមិនមកធ្វើការ
ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងករណីអង្គភាពប្រឆាំងអំពើពុករលួយរកឃើញ
មន្ត្រីដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនបុគ្គលនោះផ្ទាល់៕