នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលឈីលីផ្តល់ជំនួយថវិកាចំនួន ១០០០០ ដុល្លារដល់សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម អ.វ.ត.ក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានយើងទទួលបាន ផ្សព្វផ្សាយដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន
ជាពីរភាសា (ខ្មែរ និងអង់គ្លេស) បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឈីលី
បានប្រកាសផ្តល់ជំនួយថវិកាចំនួន ១០ ០០០ ដុល្លារសហរដ្ឋអាម៉េរិកដល់ភាគីជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
(អ.វ.ត.ក)។
ឈីលី គឺជាប្រទេសផ្តល់ជំនួយថ្មីមួយទៀតដល់អ.វ.ត.ក
ហើយការផ្តល់ជំនួយថវិកានេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ឯកឧត្តម
បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
និងរាជរដ្ឋាភិបាលកម្ពុជាដល់រដ្ឋជាសមាជិកទាំងអស់ជួយផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្ទាន់ដល់
អ.វ.ត.ក។
ឯកឧត្តម ក្រាញ់ តូនី
ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោកឃ្នុត រ៉ូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ
អ.វ.ត.ក. បានមានប្រសាសន៍ថា៖“ជាមួយការប្រឈមមុខនឹងស្ថានភាពថវិកាដ៏លំបាកសម្រាប់ភាគីជាតិ
យើងខ្ញុំមានក្តីសោមនស្សរីករាយ ស្វាគមន៍រដ្ឋាភិបាលឈីលីក្នុងនាមជាប្រទេសផ្តល់ជំនួយថ្មីរបស់
អ.វ.ត.ក។ នៅក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមសម្តែងនូវអំណរគុណចំពោះប្រទេសឈីលីដែលបានផ្តល់វិភាគទាននេះ”។


No comments:
Post a Comment