កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកស្រី កែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកស្រី តុង ណារី អនុប្រធានប្រតិបត្តិព្រមទាំងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារមានជីវភាពខ្វះខាតមានកូន៨នាក់ នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោកស្រី កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភា,លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន,លោកស្រី ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដែលកន្លងមកតែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលមានទុក្ខលំបាក គឺតែងផ្តល់ជូននូវអំណោយ និងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកស្រី កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់គ្រួសារ លោក យ៉ង់ សុវណ្ណ ត្រូវខិតខំថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអប់រំកូនអោយខិតខំរៀនសូត្រ ហើយជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
ក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី និងសហការី បានចែកអំណោយដល់គ្រួសាមានជីវភាពខ្វះខាតមានកូន៨នាក់មានដូចជា គ្រឿងឧបភោគ បរិភោគ,ខោអាវ, និងថវិកា២០ម៉ឺនរៀលផងដែ រ ។
តំណាងអោយគ្រួសារមានជីវភាពខ្វះខាតបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ លោក លោកស្រី ទាំងអស់ដែលបានជួយសំរាលការលំបាករបស់ពួកគាត់ និងសូមគោរព ជួនពរ ដល់ លោក លោកស្រីទទួលបានជ័យជំនះឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិ ប្រកប ដោយសុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងរហូតតទៅអនាគត៕