Monday, July 11, 2016

សម្តេចប្រមុខរដ្ឋស្តីទីអំពាវនាវដល់ប្រជាពលរដ្ឋចូលរូមដាំដើមឈើនិងការពារ ព្រៃឈើ

 នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ រដ្ឋស្តីទីនិងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងជាព្រះរាជតំណាង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជា​ណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ដែលបានប្រារព្ធធ្វើនៅភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

សម្តេចប្រមុខរដ្ឋស្តីទីបានមានប្រសាសន៍ថា ព្រៃឈើមានទំនាក់ទំនងជាសារវ័ន្ត ជា មួយជីវិតនៅលើផែនដី ព្រៃឈើបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់ មនុស្សជាតិ ហើយព្រៃឈើមិនត្រឹមតែ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិប៉ុណ្ណោះទេ តែថែមទាំងបាន ជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើ ឱ្យធាតុអាកាសមានភាពកាន់ប្រសើរ ឡើងរក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និងការពារជីវៈចម្រុះ ថែមទាំងមានទំនាក់ ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយកសិកម្ម និយាយដោយឡែក និងនិយាយរួមព្រៃឈើ គឺជាប្រភព ផ្តល់ការរស់រានមានជីវិតចំពោះមនុស្ស សត្វ នៅលើភពផែនដីយើងនេះ។ ដូច្នេះព្រៃឈើសម្រាប់ យើងទាំងអស់គ្នា​ ទាំងអស់គ្នាសម្រាប់ព្រៃឈើ។

នៅក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្នើដល់បងប្អូនប្រជាពល រដ្ឋទូទាំងប្រទេស រួមគ្នាបន្តថែរក្សាការពារព្រៃឈើ និងដាំកូនឈើល្អៗគ្រប់ប្រភេទឱ្យកាន់តែ សកម្មថែមទៀតនៅលើដីទំនេរ នៅតាមទីអារាម ភូមិដ្ឋាន និងនៅតាមទីកន្លែងផ្សេងទៀតឱ្យ បានច្រើនជាអតិបរមា រួមទាំងការដាំដុះដំណាំ ផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីអភិវឌ្ឍ មាតុភូមិ និងធ្វើឱ្យបរិយាកាសកាន់តែប្រសើរឡើង និងបង្កើតគម្រប ព្រៃឈើ ព្រមទាំងជួយសម្អាតភាព កង្វក់ក្នុងបរិយាកាស។

សម្តេច សាយ ឈុំ មានប្រសាសន៍ទៀតថា ពិធីបុណ្យរុក្ខទិវាជាប្រពៃណីវប្បធម៌ដ៏ ឧត្តុងឧត្តមរបស់ប្រជាជាតិ យើងមានតាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ ដែល ត្រូវបាន ប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីលើក កម្ពស់ការដាំដើមឈើនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក្រសួង ស្ថាប័ននានា អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងបងប្អួនជនរួមជាតិទូទាំងប្រទេស បន្តចូលរួមដាំដើមឈើ ថែរក្សា និងការពារព្រៃឈើរបស់ យើងសម្រាប់ផ្តល់នូវក្តីសង្ឃឹមដល់ មនុស្សជាតិ ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

បើយោងតាមរបាយការណ៍របស់ ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បាន ឱ្យដឹងថា គិតរហូតមកដល់ឆ្នាំ២០១៥ ពិធីបុណ្យរុក្ខទិវា ត្រូវបាន រៀបចំឡើងចំនួន២៥លើករួចហើយ នៅ លើផ្ទៃដីសរុប៤៤០ហិកតា។ ដោយឡែកសម្រាប់ ឆ្នាំ២០១៦នេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយ ក្រសួងព្រះបរមរាជវាំង អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ បានកំណត់យក ទីតាំងតំបន់គ១ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុលជំាក្សាន្ត ដើម្បី ប្រារព្ធពិធីបុណ្យរុក្ខទិវាលើកទី២៦ លើផ្ទៃដីទំហំ ១២ហិកតា ដោយដាំកូនឈើប្រភេទ គ្រញូង នាងនូន ធ្នង់   បេង និងកកោះ។

ឯកឧត្តម វេង សុខុន បានឱ្យដឹងផងដែរថា កាលពីឆ្នាំ២០១៥កន្លងមកនេះ សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បាន សហការជាមួយ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះអាជ្ញា រអមសាលាដំបូង និងអាជ្ញាធរខេត្ត បានចុះបង្រ្កាប បទល្មើសព្រៃឈើគ្រប់ប្រភេទនៅទូទាំងប្រទេស បានចំនួន ២ពាន់ ១៨៩ករណី ចាប់ឃាត់ និងរឹបអូសឈើគ្រប់ប្រភេទសរុបបានចំនួន ៥ពាន់ ៨១៤ម៉ែត្រគុប និងបានដាក់ ដេញថ្លៃ ជាសាធារណៈ។

នៅក្នុងពិធីបុណ្យរុក្ខទិវាប្រចាំឆ្នាំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក៏បាននាំយកព្រះរាជ អំណោយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅប្រគេន ព្រះសង្ឃ ចំនួន៥អង្គ ក្នុងមួយអង្គៗមាន ទេយ្យទាន ១កញ្ចប់ និងបច្ច័យ ២៦០.០០០រៀល។ដូនជី តាជី ចំនួន ១០០នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និងថវិកា ៥០.០០០រៀល។ ជនពិការ ៥០នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់ (មុង ១ ភួយ១ សារុង១ ក្រមា១) ​និងថវិកាចំនួន ៥០.០០០រៀល។​ ប្រជារាស្ត្រក្រីក្រ ចំនួន ១០០នាក់ ម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និង៥០.០០០រៀល។ សិស្ស ១០០០នាក់ ម្នាក់ៗទទួលបានសៀវភៅសរសេរ មានព្រះឆាយាល័ក្ខណ៍ព្រះព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរា​ជា​ណាចក្រកម្ពុជាមួយក្បាល និងសៀវភៅសរសេរ រូបវិមានឯករាជ្យ ខួបលើកទី៥៥ ​នៃបុណ្យឯករាជ្យ​ជាតិ​មួយក្បាល រួមទាំងថវិកា៥០០០រៀល។ ​ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម ១០០នាក់ ម្នាក់ៗ ទទួល​បានសៀវភៅសរសេរ មានព្រះឆាយាល័ក្ខណ៍ព្រះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជា​ណាចក្រកម្ពុជាមួយក្បាល និងសៀវភៅសរសេរ រូបវិមានឯករាជ្យខួបលើកទី៥៥ ​នៃបុណ្យឯករាជ្យជាតិមួយក្បាល ព្រមទាំងថវិកា១០.០០០រៀល។ យុវជនកាយរិទ្ធ១០០នាក់ ក្នុងម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ មានព្រះឆាយាល័ក្ខណ៍ព្រះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជា​ណាចក្រកម្ពុជាមួយក្បាល សៀវភៅសរសេរ រូបវិមានឯករាជ្យ​ខួប​លើកទី៥៥ ​នៃបុណ្យឯករាជ្យជាតិមួយក្បាល និងថវិកា១០.០០០រៀល។

សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ មានព្រះឆាយា​ល័ក្ខណ៍ព្រះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាមួយក្បាល និងសៀវភៅសរសេរ រូបវិមានឯករាជ្យ ខួបលើកទី៥៥ ​នៃបុណ្យឯករាជ្យជាតិមួយក្បាល ព្រមទាំងថវិកា១០.០០០រៀល។

លោកគ្រូអ្នកគ្រូ ១៥០នាក់ ម្នាក់ៗទទួលបានសារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល និងបុគ្គលិកពេទ្យ​ ​១៧នាក់ ម្នាក់ៗទទួលបាន សារុង១ ក្រមា១ និងថវិកា ៥០.០០០រៀល។

ដោយឡែកក្រុមសិល្បៈចំនួន៤៧នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា ១០០.០០០រៀល និងនារី ជូនបាច់ផ្កា ៣នាក់ ម្នាក់ៗទទួលបាន សារុង១ និងថវិកា ១០០.០០០រៀលផងដែរ៕