Tuesday, February 28, 2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន


នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners។ 



លោក ម៉ៃឃើល មីឆាឡាក់ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ការផ្ដល់ពេលវេលាដ៏មានតម្លៃទទួលពិភាក្សាជាមួយគណៈប្រតិភូ ហើយបានសំដែងការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ដែលបានបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិក លើកគ្រប់វិស័យដូចជាទំនាក់ទំនង សហរដ្ឋអាមេរិក-អាស៊ាន ជារួម។ 

ជាមួយគ្នានោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ ។ លោក ម៉ៃឃើល មីឆាឡាក់ បានគោរពជម្រាបជូនសម្ដេចតេជោ ថា គោលបំណងរបស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុន ហ្វៃហ្ស៊័រ ក្រុមហ៊ុនហ្វត ក្រុមហ៊ុន Abbott ។ល។ ដែលសុទ្ធសឹងជាក្រុមហ៊ុនដែលតំណាងឲ្យគុណភាព ។

សម្ដេចតេជោ បានជម្រាបជូនប្រតិភូទាំងមូលថា  គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹងជំរុញបន្តទៅមុខទៀត ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានស្ថាប័នចារកម្មសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។



ឯកឧត្តម LAU បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ២០២០ ហើយពេលនេះ ឯកឧត្តម ឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយសុខសន្តិភាព និងស្ថិរភាព ។

ឯកឧត្តម LAU បានគោរពសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យ ជាពិសេស ពេលដែលពិភពលោក កំពុងជួបប្រឈមនិងបញ្ហាជំងឺកូវីដ១៩ , បញ្ហានៅប្រទេសមីយ៉ាម៉ា, បញ្ហានៅប្រទេសអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូង។ល។ 

ឯកឧត្តម LAU បានបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែខ្លាំងឡើង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម LAU ដែលបានវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជា និងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេចតេជោបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យ។

លើសពីនោះទៀត សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ដល់ឯកឧត្តម LAU ដោយសូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់តាមផ្លូវអាកាស ដោយជំរុញឱ្យទេសចរណ៍ដែលមកដល់សិង្ហបុរី ហើយបានបន្តមកដល់កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ ៕









#LAUPeetMeng #Singapore 

#ហ៊ុនសែន #Hunsen 

#កម្ពុជា #Cambodia

វិភាគអន្តរជាតិ៖ «អនាគត» របស់អ៊ុយក្រែន មិនមែននៅក្នុង NATO


(វ៉ាស៊ីនតោន)៖ កាលពីអំឡុងសង្រ្គាមលោកលើកទី២ ក្រុមប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្ដើមរៀបចំផែនការសម្រាប់យុគសម័យក្រោយសង្រ្គាមបញ្ចប់ នៅពេល ដែលពួកគេមើលឃើញ ឬយល់ថាជ័យជម្នះកំពុងស្ថិតនៅចំពោះមុខ។ ដូចគ្នានេះដែរ រយៈពេលមួយឆ្នាំមកនេះនៃការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី វាក៏ជាពេលដែលទីក្រុងកៀវ និងលោកខាងលិចត្រូវចាប់ផ្ដើមគិតគូពី «ផែនការ» បែបនេះផងដែរ។

អ៊ុយក្រែនមិនទាន់ឈ្នះនៅក្នុងសង្រ្គាមនោះទេ រីឯការវាយលុក និងការកាន់កាប់របស់រុស្ស៉ីលើទឹកដីអ៊ុយក្រែនអាចនឹងត្រូវអូសបន្លាយពេលជាច្រើនខែ ឬក៏អាចរាប់ឆ្នាំទៅមុខទៀតក៏ថាបាន។​ មិនតែប៉ុណ្ណោះ មិនថាសន្តិភាពលេចចេញជារូបរាងឡើងនៅពេលណាក៏ដោយ ក៏អ៊ុយក្រែននឹងនៅតែត្រូវការពារសន្តិសុខរបស់ខ្លួនប្រឆាំងនឹងរបបរុស្ស៉ីមួយដែលស្ទើរតែមិនទទួលស្គាល់ ទាំងស្រុងនូវសិទ្ធិជាប្រទេសឯករាជ្យរបស់ពួកគេ។ ក្នុងន័យនេះ ទោះជាចង់ ឬមិនចង់ អ៊ុយក្រែននឹងមិនអាចដោះស្រាយបញ្ហាតាមរយៈការចូលរួម ឬក្លាយជាសមាជិកបក្សសម្ព័ន្ធយោធា NATO នោះទេ។ តែទោះជាបែបនេះក្ដី អ៊ុយក្រែនត្រូវការជាចាំបាច់នូវការគាំទ្រពីលោកខាងលិច នៅប៉ុន្មានឆ្នាំទៅមុខទៀត។ ពីព្រោះថាទោះជាសង្រ្គាមត្រូវបញ្ចប់ ក៏វានៅតែមានលក្ខខណ្ឌ ជាច្រើន អាចនឹងបង្កជាហានិភ័យផ្ទុះសង្រ្គាមឡើងវិញ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ច្បាស់ៗរួចហើយពីការប្ដេជ្ញាចិត្តបន្តគ្រប់គ្រង និងកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែម ដ្បិតលោកមិនដែលទទួលស្គាល់ឡើយថាអ៊ុយក្រែនជារដ្ឋពិតប្រាកដមួយមានអធិបតេយ្យ និងឯករាជ្យ។ ដូច្នេះមិនថាមានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពនោះទេ ក៏ទីក្រុងមូស្គូ អាច នឹងបើកការឈ្លានពានសាជាថ្មីគ្រប់ពេល នៅពេលមើលឃើញថាវាជាឱកាសល្អ។

សម្រាប់អ៊ុយក្រែន ការចូលជាសមាជិក NATO គឺជាក្ដីប្រាថ្នាមួយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស ហើយវាក៏មិនពិបាកយល់នោះដែរថាតើហេតុ​អ្វីបានជាអ៊ុយក្រែន ចង់ជ្រកនៅក្នុង បក្សសម្ព័ន្ធយោធាដ៏ធំជាងគេបំផុតនៅលើពិភពលោកមួយនេះ។ ពោលគឺក្លាយជាសមាជិកភាពនៅក្នុង NATO នឹងទទួលបានការធានាសន្តិសុខដ៏មានតម្លៃ និងពាក្យសន្យាពីមហាអំណាច ដ៏មានឥទ្ធិពលនៅក្នុងបក្សសម្ព័ន្ធយោធានេះ ក្នុងនោះរួមមានកំពូលមហាអំណាចលេខមួយ ដែលចាត់ទុកថាការវាយប្រហារណាលើសមាជិកណាមួយ មានន័យស្មើនឹងការវាយប្រហារលើ ប្រទេសទាំងអស់ជាសមាជិក។ ប៉ុន្តែ តាមពិតទៅវាគ្មានឡើយ «ពាក្យសន្យា និងការធានារ៉ាប់រងសន្តិសុខល្អឥតខ្ចោះប្រឆាំងនឹងការឈ្លានពាន» នៅក្នុងពិភពលោកសម័យទំនើបច្ចុប្បន្ន។

និយាយជារួម រឿងដែលអ៊ុយក្រែនចង់ក្លាយជាសមាជិក NATO ទំនងជានឹងមិនអាចកើតឡើងទេ។ បើតាមក្រឹត្យក្រមរបស់ NATO បក្សសម្ព័ន្ធយោធានេះមិនទទួលយកប្រទេសណាមួយ ដែលកំពុងមានជម្លោះ ឬសង្រ្គាមឱ្យចូលជាសមាជិកនោះទេ ពីព្រោះពួកគេមិនចង់បង្កើតបញ្ហាឱ្យខ្លួនឯងដោយសារតែទទួលយកសមាជិកថ្មី ហើយបើទោះជាសង្រ្គាមបិទបញ្ចប់ជាមួយ ការដកកងទ័ពរុស្ស៉ីចេញទាំងស្រុង និងការទទួលស្គាល់បូណរភាពទឹកដីអ៊ុយក្រែន ក៏មិនប្រាកដថាអ៊ុយក្រែនអាចនឹងចូល NATO បាននោះដែរ។ ពិតណាស់ថា ស្ថាប័នដែលបង្កើតច្បាប់ ដោយខ្លួនឯងអាចកែប្រែច្បាប់បានគ្រប់ពេល។ ប៉ុន្តែ NATO អនុវត្តតាម «គោលការណ៍កុងសង់ស៊ីស» ហើយវាក៏ពិបាកជឿណាស់ថាបណ្ដាប្រទេសទាំង៣០ជាសមាជិកទាំងអស់នឹងធ្វើ សង្រ្គាមជាមួយរុស្ស៉ី ដើម្បីតែអ៊ុយក្រែន ដូចដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់ថាកងទ័ពអាមេរិកនឹងមិនទៅប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី៣ នៅអ៊ុយក្រែននោះទេ។

ចំពោះអ្នកគាំទ្រអ៊ុយក្រែន អ៊ុយក្រែនស័ក្តិសមនឹងទទួលបានសមាជិកភាព NATO ដោយសារតែពួកគេបានបង្ហាញពីភាពក្លាហាន និងមានសមត្ថភាពបង្ហូរឈាមរុស្ស៉ីដែលជាសត្រូវទីមួយ របស់ NATO។ ក៏ប៉ុន្តែ «ពាក្យថាស័ក្តិសមនេះ» វាមិនមែនចេះតែមាននោះទេនៅក្នុង «នយោបាយសកល»។ គេអាចគិតលើផែនការ B ឬជម្រើសមួយផ្សេងទៀត នោះគឺអ៊ុយក្រែនស្ថិតនៅ ក្នុង «ប្លុកលោកខាងលិច តែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការ» និងដែលមានយោធាខ្លាំងក្លាអាចការពារឯករាជ្យភាពខ្លួនឯងបាន។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថាអ៊ុយក្រែននឹងងើបឡើងពី សង្រ្គាមសព្វថ្ងៃ ក្លាយជាមហាអំណាចយោធាមួយនៅអឺរ៉ុប ហើយនឹងមានកងទ័ពបម្រុងដ៏ច្រើនដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងគ្មានប្រទេសណាមួយនៅអឺរ៉ុបដែលនឹងគិតគូពី យោធាខ្លាំងជាងអ៊ុយក្រែននោះដែរ។ អ៊ុយក្រែន ដែលកំពុងផ្លាស់ប្ដូរពីការប្រើប្រាស់ស្ដង់ដារអាវុធសូវៀត ទៅជាអាវុធស្ដង់ដាររបស់ NATO​ នឹងកាន់កាប់សព្វាវុធទំនើបៗមានគុណភាពខ្ពស់ ជាងនៅមុនពេលសង្រ្គាមផ្ទុះឡើង ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS​ និងរថក្រោះ Abrams ជាដើម។ ត្រង់ចំណុចនេះ វាមានជាប់ពាក់ព័ន្ធនឹងសមាសធាតុបន្ទាប់បន្សំនៃសន្តិសុខរបស់ អ៊ុយក្រែន នោះគឺភាពជាដៃគូជិតស្និទ្ធកំពុងបន្តធ្វើឡើងដូចសព្វថ្ងៃ ហើយដែលក្នុងនោះបណ្ដាប្រទេសលោកខាងលិចបានប្រឹក្សាយោបល់ និងជួយបណ្ដុះបណ្ដាលយោធាអ៊ុយក្រែន ខណៈ នៅតែបន្តផ្ដល់អាវុធឱ្យទីក្រុងកៀវ និងការផ្គត់ផ្គង់ចាំបាច់នានាដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៉ី។

គំរូបែបនេះបាន និងកំពុងដំណើរការទៅមុខហើយ។ ជាក់ស្ដែង រថក្រោះប្រយុទ្ធ Abrams ដែលលោក ចូ បៃដិន ប្រកាសបញ្ជូនឱ្យអ៊ុយក្រែន គឺជាសព្វាវុធមានបច្ចេកវិទ្យាស្មុគស្មាញបំផុត ហើយបើទីក្រុងវ៉ាស៊ីនតោន មិនមានផែនការស៊ីជម្រៅរយៈពេលវែងជាមួយអ៊ុយក្រែនទេ ម្ល៉េះលោក បៃដិន ក៏នឹងមិនយល់ព្រមផ្ដល់ Abrams ឱ្យទីក្រុងកៀវនោះដែរ។ ផែនការ B គឺជា ដំណោះស្រាយមួយដ៏ល្អសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមបានបង្ហាញពីសារៈសំខាន់ដូចគ្នារវាង «សម្ព័ន្ធមិត្ត NATO» និង«ដៃគូសន្តិសុខជិតស្និទ្ធ»។ អ៊ុយក្រែនបានបង្កើនសមត្ថភាពយោធា មួយមិនគួរឱ្យជឿ ប៉ុន្តែពួកគេនៅត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ជាពិសេសសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម។ ម្លោះហើយទោះបីជាអ៊ុយក្រែនមិនអាចចូល NATO ក៏ពិតមែន តែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានបង្ហាញពីការចាប់ផ្ដើមនៃការប្ដេជ្ញាចិត្តយូរអង្វែងរ​បស់លោកខាងលិចចំពោះអ៊ុយក្រែនរួចទៅហើយ៕ (Fresh News)


អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី សាងសង់រោងពិព័រណ៌ភូមិបេតិកភណ្ឌវប្បធម៌ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦-២៥៦៧

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប  គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។  

ពិធីប្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ៕