Tuesday, February 28, 2023

វិភាគអន្តរជាតិ៖ «អនាគត» របស់អ៊ុយក្រែន មិនមែននៅក្នុង NATO


(វ៉ាស៊ីនតោន)៖ កាលពីអំឡុងសង្រ្គាមលោកលើកទី២ ក្រុមប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្ដើមរៀបចំផែនការសម្រាប់យុគសម័យក្រោយសង្រ្គាមបញ្ចប់ នៅពេល ដែលពួកគេមើលឃើញ ឬយល់ថាជ័យជម្នះកំពុងស្ថិតនៅចំពោះមុខ។ ដូចគ្នានេះដែរ រយៈពេលមួយឆ្នាំមកនេះនៃការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី វាក៏ជាពេលដែលទីក្រុងកៀវ និងលោកខាងលិចត្រូវចាប់ផ្ដើមគិតគូពី «ផែនការ» បែបនេះផងដែរ។

អ៊ុយក្រែនមិនទាន់ឈ្នះនៅក្នុងសង្រ្គាមនោះទេ រីឯការវាយលុក និងការកាន់កាប់របស់រុស្ស៉ីលើទឹកដីអ៊ុយក្រែនអាចនឹងត្រូវអូសបន្លាយពេលជាច្រើនខែ ឬក៏អាចរាប់ឆ្នាំទៅមុខទៀតក៏ថាបាន។​ មិនតែប៉ុណ្ណោះ មិនថាសន្តិភាពលេចចេញជារូបរាងឡើងនៅពេលណាក៏ដោយ ក៏អ៊ុយក្រែននឹងនៅតែត្រូវការពារសន្តិសុខរបស់ខ្លួនប្រឆាំងនឹងរបបរុស្ស៉ីមួយដែលស្ទើរតែមិនទទួលស្គាល់ ទាំងស្រុងនូវសិទ្ធិជាប្រទេសឯករាជ្យរបស់ពួកគេ។ ក្នុងន័យនេះ ទោះជាចង់ ឬមិនចង់ អ៊ុយក្រែននឹងមិនអាចដោះស្រាយបញ្ហាតាមរយៈការចូលរួម ឬក្លាយជាសមាជិកបក្សសម្ព័ន្ធយោធា NATO នោះទេ។ តែទោះជាបែបនេះក្ដី អ៊ុយក្រែនត្រូវការជាចាំបាច់នូវការគាំទ្រពីលោកខាងលិច នៅប៉ុន្មានឆ្នាំទៅមុខទៀត។ ពីព្រោះថាទោះជាសង្រ្គាមត្រូវបញ្ចប់ ក៏វានៅតែមានលក្ខខណ្ឌ ជាច្រើន អាចនឹងបង្កជាហានិភ័យផ្ទុះសង្រ្គាមឡើងវិញ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ច្បាស់ៗរួចហើយពីការប្ដេជ្ញាចិត្តបន្តគ្រប់គ្រង និងកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែម ដ្បិតលោកមិនដែលទទួលស្គាល់ឡើយថាអ៊ុយក្រែនជារដ្ឋពិតប្រាកដមួយមានអធិបតេយ្យ និងឯករាជ្យ។ ដូច្នេះមិនថាមានបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាពនោះទេ ក៏ទីក្រុងមូស្គូ អាច នឹងបើកការឈ្លានពានសាជាថ្មីគ្រប់ពេល នៅពេលមើលឃើញថាវាជាឱកាសល្អ។

សម្រាប់អ៊ុយក្រែន ការចូលជាសមាជិក NATO គឺជាក្ដីប្រាថ្នាមួយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស ហើយវាក៏មិនពិបាកយល់នោះដែរថាតើហេតុ​អ្វីបានជាអ៊ុយក្រែន ចង់ជ្រកនៅក្នុង បក្សសម្ព័ន្ធយោធាដ៏ធំជាងគេបំផុតនៅលើពិភពលោកមួយនេះ។ ពោលគឺក្លាយជាសមាជិកភាពនៅក្នុង NATO នឹងទទួលបានការធានាសន្តិសុខដ៏មានតម្លៃ និងពាក្យសន្យាពីមហាអំណាច ដ៏មានឥទ្ធិពលនៅក្នុងបក្សសម្ព័ន្ធយោធានេះ ក្នុងនោះរួមមានកំពូលមហាអំណាចលេខមួយ ដែលចាត់ទុកថាការវាយប្រហារណាលើសមាជិកណាមួយ មានន័យស្មើនឹងការវាយប្រហារលើ ប្រទេសទាំងអស់ជាសមាជិក។ ប៉ុន្តែ តាមពិតទៅវាគ្មានឡើយ «ពាក្យសន្យា និងការធានារ៉ាប់រងសន្តិសុខល្អឥតខ្ចោះប្រឆាំងនឹងការឈ្លានពាន» នៅក្នុងពិភពលោកសម័យទំនើបច្ចុប្បន្ន។

និយាយជារួម រឿងដែលអ៊ុយក្រែនចង់ក្លាយជាសមាជិក NATO ទំនងជានឹងមិនអាចកើតឡើងទេ។ បើតាមក្រឹត្យក្រមរបស់ NATO បក្សសម្ព័ន្ធយោធានេះមិនទទួលយកប្រទេសណាមួយ ដែលកំពុងមានជម្លោះ ឬសង្រ្គាមឱ្យចូលជាសមាជិកនោះទេ ពីព្រោះពួកគេមិនចង់បង្កើតបញ្ហាឱ្យខ្លួនឯងដោយសារតែទទួលយកសមាជិកថ្មី ហើយបើទោះជាសង្រ្គាមបិទបញ្ចប់ជាមួយ ការដកកងទ័ពរុស្ស៉ីចេញទាំងស្រុង និងការទទួលស្គាល់បូណរភាពទឹកដីអ៊ុយក្រែន ក៏មិនប្រាកដថាអ៊ុយក្រែនអាចនឹងចូល NATO បាននោះដែរ។ ពិតណាស់ថា ស្ថាប័នដែលបង្កើតច្បាប់ ដោយខ្លួនឯងអាចកែប្រែច្បាប់បានគ្រប់ពេល។ ប៉ុន្តែ NATO អនុវត្តតាម «គោលការណ៍កុងសង់ស៊ីស» ហើយវាក៏ពិបាកជឿណាស់ថាបណ្ដាប្រទេសទាំង៣០ជាសមាជិកទាំងអស់នឹងធ្វើ សង្រ្គាមជាមួយរុស្ស៉ី ដើម្បីតែអ៊ុយក្រែន ដូចដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាក់ថាកងទ័ពអាមេរិកនឹងមិនទៅប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី៣ នៅអ៊ុយក្រែននោះទេ។

ចំពោះអ្នកគាំទ្រអ៊ុយក្រែន អ៊ុយក្រែនស័ក្តិសមនឹងទទួលបានសមាជិកភាព NATO ដោយសារតែពួកគេបានបង្ហាញពីភាពក្លាហាន និងមានសមត្ថភាពបង្ហូរឈាមរុស្ស៉ីដែលជាសត្រូវទីមួយ របស់ NATO។ ក៏ប៉ុន្តែ «ពាក្យថាស័ក្តិសមនេះ» វាមិនមែនចេះតែមាននោះទេនៅក្នុង «នយោបាយសកល»។ គេអាចគិតលើផែនការ B ឬជម្រើសមួយផ្សេងទៀត នោះគឺអ៊ុយក្រែនស្ថិតនៅ ក្នុង «ប្លុកលោកខាងលិច តែមិនមែនជាសម្ព័ន្ធមិត្តផ្លូវការ» និងដែលមានយោធាខ្លាំងក្លាអាចការពារឯករាជ្យភាពខ្លួនឯងបាន។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថាអ៊ុយក្រែននឹងងើបឡើងពី សង្រ្គាមសព្វថ្ងៃ ក្លាយជាមហាអំណាចយោធាមួយនៅអឺរ៉ុប ហើយនឹងមានកងទ័ពបម្រុងដ៏ច្រើនដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងគ្មានប្រទេសណាមួយនៅអឺរ៉ុបដែលនឹងគិតគូពី យោធាខ្លាំងជាងអ៊ុយក្រែននោះដែរ។ អ៊ុយក្រែន ដែលកំពុងផ្លាស់ប្ដូរពីការប្រើប្រាស់ស្ដង់ដារអាវុធសូវៀត ទៅជាអាវុធស្ដង់ដាររបស់ NATO​ នឹងកាន់កាប់សព្វាវុធទំនើបៗមានគុណភាពខ្ពស់ ជាងនៅមុនពេលសង្រ្គាមផ្ទុះឡើង ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS​ និងរថក្រោះ Abrams ជាដើម។ ត្រង់ចំណុចនេះ វាមានជាប់ពាក់ព័ន្ធនឹងសមាសធាតុបន្ទាប់បន្សំនៃសន្តិសុខរបស់ អ៊ុយក្រែន នោះគឺភាពជាដៃគូជិតស្និទ្ធកំពុងបន្តធ្វើឡើងដូចសព្វថ្ងៃ ហើយដែលក្នុងនោះបណ្ដាប្រទេសលោកខាងលិចបានប្រឹក្សាយោបល់ និងជួយបណ្ដុះបណ្ដាលយោធាអ៊ុយក្រែន ខណៈ នៅតែបន្តផ្ដល់អាវុធឱ្យទីក្រុងកៀវ និងការផ្គត់ផ្គង់ចាំបាច់នានាដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៉ី។

គំរូបែបនេះបាន និងកំពុងដំណើរការទៅមុខហើយ។ ជាក់ស្ដែង រថក្រោះប្រយុទ្ធ Abrams ដែលលោក ចូ បៃដិន ប្រកាសបញ្ជូនឱ្យអ៊ុយក្រែន គឺជាសព្វាវុធមានបច្ចេកវិទ្យាស្មុគស្មាញបំផុត ហើយបើទីក្រុងវ៉ាស៊ីនតោន មិនមានផែនការស៊ីជម្រៅរយៈពេលវែងជាមួយអ៊ុយក្រែនទេ ម្ល៉េះលោក បៃដិន ក៏នឹងមិនយល់ព្រមផ្ដល់ Abrams ឱ្យទីក្រុងកៀវនោះដែរ។ ផែនការ B គឺជា ដំណោះស្រាយមួយដ៏ល្អសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមបានបង្ហាញពីសារៈសំខាន់ដូចគ្នារវាង «សម្ព័ន្ធមិត្ត NATO» និង«ដៃគូសន្តិសុខជិតស្និទ្ធ»។ អ៊ុយក្រែនបានបង្កើនសមត្ថភាពយោធា មួយមិនគួរឱ្យជឿ ប៉ុន្តែពួកគេនៅត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ជាពិសេសសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម។ ម្លោះហើយទោះបីជាអ៊ុយក្រែនមិនអាចចូល NATO ក៏ពិតមែន តែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានបង្ហាញពីការចាប់ផ្ដើមនៃការប្ដេជ្ញាចិត្តយូរអង្វែងរ​បស់លោកខាងលិចចំពោះអ៊ុយក្រែនរួចទៅហើយ៕ (Fresh News)


No comments:

Post a Comment