បទអត្ថាធិប្បាយ
១០
ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង
មេដឹកនាំគណបក្សសង្គ្រោះជាតិ
បានលើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ថា “គណបក្សនេះ
នឹងឈប់ធ្វើការចរចារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទៀតហើយ ដរាបណាគណបក្សគ្រប់គ្រងអំណាច
មិនព្រមរៀបចំឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត ហើយពួកនេះ នឹងដឹកនាំធ្វើមហាបាតុកម្ម
ធំជាមុនដើម្បីធ្វើការផ្លាស់ប្តូរឲ្យទាល់តែបាន នៅថ្ងៃទី១០ ធ្នូ ២០១៣ ខាងមុខនេះ”។
នៅក្នុងសង្គមប្រជាធិបតេយ្យ និង នីតិរដ្ឋ
ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបាន ត្រូវផ្អែកតាមគន្លងច្បាប់ គឺមានតែពីររូបភាពប៉ុណ្ណោះ
គឺ ទី១. ការបោះឆ្នោត និង ទី២. ការចរចា ដើម្បីផ្លាស់ប្តូរ។ នៅក្នុងរូបភាពទី១ ប្រជាពលរដ្ឋខ្មែរ
បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនចប់សព្វគ្រប់រួចរាល់ហើយ ដោយឈរលើគោលការណ៍បោះឆ្នោតសេរី
ត្រឹមត្រូវ យុត្តិធម៌ និង អាចទទួលយកបាន ដោយមានការចូលរួមពីបក្សនយោបាយចំនួន
៨ រួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។ ព្រោះថា គោលការណ៍ប្រជាធិបតេយ្យដែលបាន និង
កំពុងតែចាក់ឫសនៅកម្ពុជា
ក៏មិនខុសពីគោលការណ៍ប្រជាធិបតេយ្យរបស់ប្រទេសស៊ីវីល័យក្នុងលោកដែរ គឺការប្រើអំណាចរបស់ប្រជាពលរដ្ឋទៅតាមការកំណត់របស់ច្បាប់
បើមិនដូច្នោះទេ វានឹងក្លាយជាអនាធិបតេយ្យមិនខាន។
នៅក្នុងរូបភាពទី២ ការចរចា
គឺជាយន្តការមួយដ៏ស័ក្តិសិទ្ធិរបស់គណបក្សនយោបាយ ទាំងអ្នកកាន់អំណាច និង អ្នកប្រឆាំង
ដែលត្រូវប្រកាន់យក ប្រកបដោយការតស៊ូ អត់ធ្មត់ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរនូវរបត់នយោបាយ
សេដ្ឋកិច្ច និង សង្គម ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅរបស់សង្គមជាតិ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ការចរចា ត្រូវការពេលវេលា ការប៉ិនប្រសព្វ
និងការហ៊ានលះបង់ធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក។
តាមប្រវត្តិនៃការចរចាដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា រហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១ ដោយមានការខិតខំប្រឹងប្រែងឥតគណនារបស់តួអង្គសំខាន់ពីរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើពេលវេលាមិនតិចជាង៤ ឆ្នាំនោះទេ គឺចាប់ពីឆ្នាំ១៩៨៧ រហូតឆ្នាំ១៩៩១ ទើបសម្រេចបាន។
ចុះនៅពេលនេះ តើគណបក្សសង្គ្រោះជាតិ បានប្រើពេលវេលាយូរប៉ុណ្ណាហើយ បើគិតចាប់ពីថ្ងៃទី១៦
ខែកញ្ញា ឆ្នាំ២០១៣ នេះមក ហើយបែរជាហ៊ាន ប្រកាសថាឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជា។
តើគណបក្សសង្គ្រោះជាតិ
កំពុងប្រកាន់គោលជំហរណាមួយឲ្យច្បាស់លាស់ទៅវិញទេ បើម្តងប្រកាសថា
ចរចាដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ ម្តងចរចាទាមទារបែងចែកអំណាចក្នុងសភា
និង រដ្ឋាភិបាល និង ម្តង ប្រកាសឈប់ធ្វើការចរចា។
ការប្រកាសរបស់មេគណបក្សសង្គ្រោះជាតិនេះ
ធ្វើមហាបាតុកម្ម ថ្ងៃទី១០ ធ្នូ ខាងមុខ ដោយមានគោលដៅធ្វើ “ការផ្លាស់ប្តូរ”
ឲ្យទាល់តែបានសម្រេច គឺមានន័យស្មើនឹង “ការធ្វើរដ្ឋប្រហារ” យ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបាន តាមរូបភាព “អំណាចប្រជាជន” នៅកម្ពុជា។
បើសិនដូច្នេះមែន តើមានព្រឹត្តិការណ៍អ្វីខ្លះ នឹងកើតឡើងនៅក្នុងសង្គមកម្ពុជា
បើគណបក្សមួយជាអ្នកការពារអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ និង គណបក្សមួយ
ជាអ្នកដណ្តើមអំណាចតាមរូបភាពអំណាចប្រជាជន ឬ និយាយឲ្យខ្លី និង ស្រួលស្តាប់ គឺ “រដ្ឋប្រហារ”។
ប្រវត្តិសាស្ត្រកម្ពុជា
បានបង្ហាញប្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់នូវសោកនាដកម្មមហាមហន្តរាយ ដែលមិនអាចរៀបរាបបាន
ជាពិសេសរបបប្រល័យពូជសាសន៍ ដែលកើតចេញមួយផ្នែកពីការសងសឹកគ្នា “ទឹកឡើងត្រីស៊ីស្រមោច
ទឹកហោចស្រមោចស៊ីត្រី” និង សង្រ្គាមស៊ីវិលជាងពីរទសវត្ស គឺកើតចេញពីការ “ផ្លាស់ប្តូរ”
ក្រៅប្រព័ន្ធច្បាប់ និង គោលការណ៍ប្រជាធិបតេយ្យនេះហើយ ទើបប្រទេសកម្ពុជា
មានស្ថានភាពដូចសព្វថ្ងៃ។
ហេតុដូច្នេះហើយ បើគណបក្សសង្គ្រោះជាតិ
ប្រកាសថា ការធ្វើមហាបាតុកម្ម នៅថ្ងៃទី១០ ធ្នូ ជាថ្ងៃផ្លាស់ប្តូរនៅក្នុងនយោបាយកម្ពុជានោះ
គឺវាមានន័យច្បាស់គ្រប់គ្រាន់ហើយថា គណបក្សសង្រ្គោះជាតិ បាន និង កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
កន្លងទៅនេះ។
ដោយ
រាជ្យ សុវណ្ណនគរ