សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅអ្នកណាក៏ដោយដែលហ៊ាននិយាយថាផែនទីក្លែងក្លាយ ផែនទីមិនត្រឹមត្រូវ ឬផែនទីចោរត្រូវចាប់ខ្លួនបន្ទាន់។ នេះជាបទបញ្ជាដាច់ខាតដែលត្រូវតែធ្វើ ព្រោះនេះជាគ្រោះថ្នាក់សំរាប់ជាតិ ព្រោះវានិងបង្កើតឱ្យមានបញ្ហាឆាបឆេះតាមរយៈទឹកចិត្តស្នេហាជាតិ របស់ប្រជាពលរដ្ឋដែលស្រលាញ់ទឹកដីរបស់ខ្លួន។
សម្តេចតេជោបានបន្តថា ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានកាត់ដីទៅបរទេសតាមរយៈការប្រើបា្រស់ផែនទីមិនត្រឹមត្រូវ ធ្វើបែបនេះ ទុករឿងបែបនេះឱ្យកើតឡើង សង្គ្រាមវានឹងផ្ទុះ។ ប្រសិនបើខុសពីគណបក្សប្រជាជនកាន់អំណាច ហើយបើឱ្យគណបក្សដ៏ទៃកាន់អំណាចវិញ ច្បាស់ជាមានសង្រ្គាមដាច់ខាត។ សម្តេចបន្តថា កាលពីថ្ងៃសុក្រទី៤ ខែកញ្ញានេះ ក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តី មានអ្នកបង្ហោះតាមFacebookថា «កុំបន្ទោសខ្មែរគ្នាឯងព្រោះដីខ្មែរបាត់តាំងពី៤០០ឆ្នាំមុនឯណោះ! តាំងពីគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិមិនទាន់កើត»។ សម្តេចបានបញ្ជាក់សួរថា បើនិយាយអញ្ចឹងដដែលម៉េចក៏ជេរសម្តេចប៉ុន្មានឆ្នាំមកហើយ? សម្តេចបានស្នើឱ្យឯកឧត្តម សម រង្ស៊ី និងអ្នកដឹកនាំរបស់គាត់បកស្រាយចំពោះសារFacebookរបស់ខ្លួន ហើយទទួលខុសត្រូវបែបណា បើសារភាពប៉ុណ្ណឹងហើយហ៊ានសុំទោសឬទេ? យ៉ាងហោចណាស់ក៏ត្រូវទទួលខុសត្រូវខាងសីលធម៌ដែរ ។ សម្តេចបញ្ជាក់ « ដែលពីមុនបានចោទប្រកាន់ថា ខ្ញុំលក់ទឹកលក់ដី ធ្វើឱ្យបាត់ដីរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រការ៉េ តើអ្នកឯងហ៊ានទទួលខុសត្រូវឬទេ? បើចិត្តជាកូនប្រុសពេលដែលផ្ទៀងផ្ទាត់ផែនទីទៅឃើញថា ខុសសម្តេចនឹងលាលែងចេញពីតំណែង ចុះតើឯកឧត្តម សម រង្ស៊ី ហ៊ានឬទេ? សម្តេចបានប្តេជ្ញាមិនអន់ឱនអោយអ្នកណាមួយដែលបន្តប្រើពាក្យផែនទីមិនត្រឹមត្រូវ ផែនទីក្លែងក្លាយ ផែនទីចោរហើយសម្តេចបានបញ្ជាក់ថា «បើគេមិនឱ្យខ្ញុំសុខ ខ្ញុំក៏មិនឱ្យគេសុខដែរ» រាល់ការប្រើឯកសារក្លែងបន្លំ និងការចោទប្រកាន់រាជរដ្ឋាភិបាលប្រើឯកសារក្លែងក្លាយដោយទទឹងទិសអ្នកទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រួមទាំងអ្នកអនុវត្តច្បាប់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវចាប់ខ្លួននៅនឹងកន្លែងចំពោះអ្នកណាក៏ដោយដែលប្រើភាសា ផែនទីមិនត្រឹមត្រូវ ផែនទីក្លែងក្លាយ ឬផែនទីចោរ ព្រោះជាការបំពានច្បាប់យ៉ាងពិតប្រាកដ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា អ្នកទាំងអស់នោះត្រូវមើលព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់នៅច្បាប់ទាក់ទងទៅនឹងសន្ធិសញ្ញា ហើយនេះជាច្បាប់។ សម្តេចហ៊ានចេញបទបញ្ជា ព្រោះបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ មិនមែនជាការគំរាមកំហែងសិទ្ធិនយោបាយត្រូវធ្វើក៏ប៉ុន្តែកុំឱ្យឈានដល់កំរិតចោទប្រកាន់គេ រាជរដ្ឋាភិបាលគោរពទាំងស្រុងនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិ គោរពទាំងស្រុងនៅសកម្មភាពនយោបាយទាំងឡាយណាដែលស្របច្បាប់ប៉ុន្តែមិនលើកលែង និងមិនអន់ឱនដាច់ខាតជាមួយអ្នកណាក៏ដោយដែលនៅបន្តបំពានលើករណីទាក់ទិនជាមួយបញ្ហាផែនទី និងព្រំដែន។
ជាមួយគ្នានេះ សម្តេចតេជោ បានមានប្រសាសន៍ថា គេធ្លាប់និយាយថា «យោគយល់ចំពោះសត្រូវព្រៃផ្សៃចំពោះខ្លួនឯង» ។ ពិតប្រាកដណាស់រឿងនេះកន្លងទៅការយោគយល់របស់សម្តេចបានត្រឹមតែធ្វើបាបចំពោះខ្លួនឯងតែប៉ុណ្ណោះ ការលើកលែងទោសឱ្យអ្នកដ៏ទៃម្តងហើយម្តងទៀត តែអ្នកនោះតែងតែតាមធ្វើបាបខ្លួនជានិច្ច។ សម្តេច បានបន្តថា ចាប់ពីពេលនេះតទៅ មិនអាចយោគយល់ដាច់ខាតចំពោះជំងឺដដែលៗ និងមុខមនុស្សដដែលៗដែលមកប្រព្រឹត្តនៅកំហុសដដែលៗបែបនេះ។ នេះមិនមែនជាការគំរាមកំហែងមួយទេ ក៏ប៉ុន្តែប្រជាធិបតេយ្យត្រូវអមដោយនិតិរដ្ឋ មិនអាចបំពាននិតិរដ្ឋបានទេ ត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង ទោះអ្នកនោះជាអ្នកណាក៏ដោយ៕