Friday, August 19, 2022

វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនអាចបោះចោលគំនិតវាយកាន់កាប់តៃវ៉ាន់?


(ស៊ីដនី)៖ ចិនមិនដែល ហើយក៏មិនអាចបោះបង់ចោលគំនិតប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ឡើយ។ ខណៈក្រុមមន្ត្រីចិនតែងតែងអះអាងជារឿយៗ ពីលទ្ធភាពនៃការបង្រួបបង្រួមជាតិជាមួយតៃប៉ិដោយ «សន្តិវិធី» ក៏ដោយ តែតាមការពិតទៅ គំនិតប្រើកម្លាំងយោធានេះបានដក់ជាប់នៅក្នុងចិត្តគំនិតមេដឹកនាំចិន ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ។


ការចិញ្ចឹមចិត្តប្រើកម្លាំងយោធានេះត្រូវបានបង្ហាញ នៅក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្បែរតៃវ៉ាន់ពីសំណាក់កងទ័ពរំដោះប្រជាជនចិន (PLA) ជាការបង្ហាញសាច់ដុំយោធា ឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងទីក្រុងតៃប៉ិ កាលពីដើម ខែសីហានេះ។ កាន់តែច្បាស់ជាងនេះទៅទៀត នៅក្នុងសៀវភៅស មានចំណងជើងថា «បញ្ហាតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិនក្នុងយុគសម័យថ្មី» ដែលត្រូវបាន ចេញផ្សាយកាលពីពេលថ្មីៗនេះ វាបានបង្ហាញត្រង់ៗថា «ចិននឹងមិនបោះបង់ចោលការប្រើកម្លាំងយោធាឡើយ»។ ក៏ប៉ុន្តែ តើអ្នកដឹងទេថាហេតុអ្វីបានជាចិនមិនអាច បោះបង់ចោលគំនិតមួយ? ខាងក្រោមនេះជាកត្តាធំៗចំនួន៤ ដែលបង្កប់នូវហេតុផលនៅពីក្រោយគំនិតប្រើកម្លាំងយោធាកាន់កាប់តៃវ៉ាន់៖


* ប្រវត្តិសាស្ត្រ គំនិតជាតិនិយម និងភាពស្របច្បាប់នៃបក្សកុម្មុយនិស្ដចិន

បញ្ហាប្រវត្តិសាស្ត្រគឺជាចំណុចស្នូលដ៏សំខាន់មួយនៃការស្វែងយល់ពីប្រភពដើម នៃការចិញ្ចឹមចិត្តប្រើកម្លាំងយោធារបស់ចិន។ នៅក្រោយសង្រ្គាមលោកលើកទី២ ទាំង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងសាធារណរដ្ឋចិន (ROC) ឬតៃវ៉ាន់ បានធ្វើសង្រ្គាមជាមួយគ្នាដើម្បីដណ្ដើមតំណែងស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេស ចិន។ នៅក្រោយចាញ់សង្រ្គាមស៊ីវិលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៤៩ សាធារណរដ្ឋចិន ឬតៃវ៉ាន់ដឹកនាំដោយលោក ចាង ខៃជៀក (Chiang Kai-Shek) បានដកកងទ័ព ទៅកាន់កោះតៃវ៉ាន់ និងបង្កើតរដ្ឋាភិបាលមួយនៅទីនោះ ហើយចាប់ពីពេលនោះមកដែរ សាធារណរដ្ឋប្រជាមានិតចិន ឬចិនកម្មុយនិស្ដបានព្យាយាមម្ដងហើយម្ដងទៀត ដើម្បីលើកទ័ពឆ្លងច្រកសមុទ្រតៃវ៉ាន់ ទៅរំដោះតៃវ៉ាន់ និងបង្រួបបង្រួមជាតិ។ ចំណែកឯ សាធារណរដ្ឋចិនរបស់លោក ចាង ខៃជៀក ក៏មានបំណងលើកទ័ពទៅវាយ ដណ្ដើមកាន់កាប់ចិនដីគោកផងដែរ ដោយរំពឹងទទួលបានការគំាទ្រពីសហរដ្ឋអាមេរិក។ ការចិញ្ចឹមគំនិតប្រើកម្លាំងយោធាបែបនេះបាននាំឱ្យមានវិបត្តិច្រកសមុទ្រតៃវ៉ាន់ ដល់ទៅ២លើក អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមត្រជាក់ និងជាសាវតារមួយបង្ហាញថាការប្រើកម្លាំងយោធានៅតែជាសមាសធាតុ ដ៏សំខាន់នៃអំណាចជាតិ?


សម្រាប់ចិន បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង និងជាមូលដ្ឋាននៃការការពារអធិបតេយ្យ និងបូណរភាពទឹកដី ព្រមទាំងភាពស្របច្បាប់នៃគណបក្សកុម្មុយនិស្ដចិន។ ចិន យល់ថាខ្លួនមានសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធាជាជម្រើសចុងក្រោយ បើ មធ្យោបាយដទៃមិនមានប្រសិទ្ធភាព។ គោលជំហរបែបនេះត្រូវបានប្រកាន់ខ្ជាប់ដោយមេដឹកនាំបក្សកុម្មុយនិស្ដ ៥ជំនាន់មកហើយ ដ្បិតបញ្ហាតៃវ៉ាន់ត្រូវបានរុំក្រសោប ដោយ «មនោសញ្ចេតនាជាតិនិយម និងស្នេហាជាតិ» ដែលបានរីកសុសសាយយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប និងមានភាពរឹងមាំយ៉ាងខ្លាំងនៅក្នុង ការបណ្ដុះគំនិតស្នេហាជាតិនៅទូទាំងប្រទេស ចាប់តាំងពីសម័យកាលក្រោយសង្រ្គាមលោក។ ជាឧទាហរណ៍ មន្ត្រីចិនម្នាក់ឈ្មោះ លី ហុងសាន (Li Hongzhang) ជាអ្នកចុះហត្ថាលេខាលើសន្ធិសញ្ញាស៊ីម៉ូណូសេគី (Shimonoseki Treaty) តំណាងឱ្យរាជ្យវង្សឆេងក្នុងឆ្នាំ១៨៩៥ ដោយប្រគល់តៃវ៉ាន់ឱ្យជប៉ុនគ្រប់គ្រងបានជាប់ ឈ្មោះជា «ជនក្បត់ជាតិ» នៅក្នុងប្រទេសចិន មកទល់នឹងសព្វថ្ងៃ។


* បំបាក់ស្មារតី និងកំញើញ

នៅពេលដែលនិយាយពីតៃវ៉ាន់ គេមិនភ្លេចនិយាយឡើយពីគោលនយោបាយចិនតែមួយ ដែលមានន័យសម្រាប់ចិនថា «នៅលើពិភពលោក គឺចិនតែមួយគត់ដោយទាំង ចិនដីគោក និងតៃវ៉ាន់សុទ្ធតែចិនតែមួយ»។ ក៏ប៉ុន្តែ សព្វថ្ងៃ ចិនមើលឃើញថាមាន «កម្លាំងអរិភាព» ចំនួន២ ដែលគំរាមកំហែងដល់គោលការណ៍មួយនេះ ដូច្នេះហើយ ទើបទីក្រុងប៉េកាំង ជឿជាក់យ៉ាងមុតមាំថាមានតែការគំរាមប្រើកម្លាំងយោធាទេ ទើបអាចបំបាក់ស្មារតី និងកំញើញកម្លាំងអរិភាពទាំង២នេះ។


កម្លាំងអរិភាពទី១ នោះគឺ «ចលនាក្រុមផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព»។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រោមអាណត្តិដឹកនាំដោយមេដឹកនាំតៃវ៉ាន់ លោក លី តេងហ៊ុយ (Lee Teng-hui) «គំនិតបង្កើតរដ្ឋ២ ដាច់ដោយឡែក» ត្រូវបានគេលើកយកមកជជែកដេញដោល ហើយនៅពេលលោក លី បំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៣ បានផ្ទុះឡើងនៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។ រហូតដល់អាណត្តិរបស់មេដឹកនាំតៃវ៉ាន់ លោក ឈិន ស៊ុយ បៀន (Chen Shui-bian) មកពីគណបក្ស វឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) ទើបចលនាក្រុមផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាពកាន់តែរីកសុសសាយដែលនេះ ជាកត្តា មួយជំរុញឱ្យចិនបង្កើតប្រឆាំងការផ្ដាច់ទឹកដីនៅឆ្នាំ២០០៥។ តែទោះជាច្បាប់នេះត្រូវបានអនុម័តក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែជឿដដែលថា «គំនិតបង្កើតរដ្ឋ២ ដាច់ដោយឡែកនេះ» នៅតែមាននៅក្នុងគំនិតមេដឹកនាំតៃវ៉ាន់ ក្រោមការដឹកនាំនៃរដ្ឋាភិបាលគណបក្ស DPP របស់លោកស្រី តៃ្ស អ៉ីងវិន បើទោះជាលោកស្រី ត្សៃ ផ្ទាល់ធ្លាប់អះអាងថាតៃវ៉ាន់មិនចាំបាច់ប្រកាសឯករាជ្យនោះទេ ដ្បិតធាតុពិតតៃ វ៉ាន់បានឯករាជ្យពីចិនរួចទៅហើយក៏ដោយ។


ចំណែកឯ «កម្លាំងអរិភាពទី២» នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន។ នៅក្រោយផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ សហរដ្ឋអាមេរិក បានបង្កើតច្បាប់មួយដែលគេស្គាល់ជាទូទៅថា «ច្បាប់ទំនាក់ទំនងតៃវ៉ាន់»។ នៅក្រោមច្បាប់នេះ អាមេរិកអាចបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការ និងលក់អាវុធឱ្យតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ ប៉ុន្តែ ចិនយល់ថាច្បាប់ទំនាក់ទំនងតៃវ៉ាន់នេះ វាបានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិកបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយ ការបន្តលក់អាវុធឱ្យតៃវ៉ាន់គឺជាការគប់គិតរបស់សហរដ្ឋអាមេរិក ក្នុងការគំាទ្រដល់ចលនាផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព ខណៈការបញ្ជូនជាន់ខ្ពស់ទាំងអតីត និងកំពុងកាន់តំណែងទៅកាន់កោះតៃវ៉ាន់ដោយអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានធ្វើឱ្យចិនខឹងសម្បារដែរពីព្រោះថាទាំងការលក់ អាវុធ និងដំណើរទស្សនកិច្ចបែបនេះ ចិនចាត់ទុកថាជា «ទង្វើបំពានគោលនយោបាយចិនតែមួយ»។ ដូច្នេះការបង្កើនសកម្មភាពយោធាជាញឹកញាប់នៅក្បែរ ឬជុំវិញ ច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញសមត្ថភាព និងការប្ដេជ្ញាចិត្តកំញើញប្រទេសដទៃឱ្យនៅឱ្យឆ្ងាយពីបញ្ហាតៃវ៉ាន់។


* តួនាទីនៃកងទ័ពរំដោះប្រជាជនចិន (PLA)

ការមិនបោះបង់ចោលគំនិតប្រើកម្លាំងយោធាលើតៃវ៉ាន់ ជាកម្លាំងចលករលើកទឹកចិត្តដល់ការធ្វើទំនើបកម្ម និងការធ្វើកំណែទម្រង់យោធាចិន។ ក្នុងវិបត្តិច្រកសមុទ្រ តៃវ៉ាន់លើកទី៣ សមត្ថភាពយោធាអាមេរិក នៅពេលនោះមានប្រៀបខ្លាំងជាងចិនឆ្ងាយណាស់ ដែលធ្វើឱ្យចិនត្រូវបង្ខំចិត្តត្រូវដកថយរហូត នៅពេលត្រូវប្រឈមមុខ ជាមួយយោធាអាមេរិក។ ប៉ុន្តែ តាមរយៈបទពិសោធន៍នេះ ចិនបានធ្វើកំណែទម្រង់ និងទំនើបកម្មយោធាយ៉ាងឆាប់រហ័ស និងកំពុងផ្ដោតលើការអភិវឌ្ឍ «យុទ្ធសាស្ត្រ ទប់ស្កាត់មិនឱ្យចូលទឹកដី» ដែលអាចផ្ដល់ជម្រើសឱ្យចិនយ៉ាងទូលំទូលាយក្នុងការបំបាក់ស្មារតី កំញើញ និងបំបាក់អន្តរាគមន៍យោធាពីជនទី៣ណាមួយក្នុងករណីដែល ចិនសម្រេចប្រើកម្លាំងយោធាលើតៃវ៉ាន់ ព្រមទាំងទប់ស្កាត់កុំឱ្យជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។


* អត្ដសញ្ញាណរបស់តៃវ៉ាន់

ចំណុចចុងក្រោយបំផុត ការចិញ្ចឹមចិត្តប្រើកម្លាំងយោធាលើតៃវ៉ាន់ បានបង្ហាញថាចិនមិនមានសមត្ថភាពយកឈ្នះលើទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ឡើយ។ អស់រយៈពេល ជាង៧០ឆ្នាំមកនេះ ទីក្រុងប៉េកាំងមិនអាចផ្ដល់ឱ្យ ឬក៏បញ្ចុះបញ្ចូលឱ្យប្រជាជនតៃវ៉ាន់ទទួលយកនូវក្របខណ្ឌណាមួយសម្រាប់ការបង្រួបបង្រួមជាតិនោះទេ។ តួយ៉ាង ការស្ទង់មតិបានបង្ហាញថាប្រជាជនតៃវ៉ាន់ពេញចិត្តនៅឱ្យឆ្ងាយពីចិនដីគោក និងមានគំនិតចង់ឱ្យតៃវ៉ាន់មានអត្តសញ្ញាណផ្ទាល់ខ្លួនដាច់ដោយឡែកពីចិន រឹតតែខ្លាំង។


លើសពីនេះទៅទៀត បើតាមការស្ទង់មតិចេញផ្សាយដោយសាកលវិទ្យាល័យជាតិឈិនជី (National Chengchi University) របស់តៃវ៉ាន់កាលពីខែមិថុនាកន្លងទៅ ប្រជាជនតៃវ៉ាន់ភាគច្រើនមិនចង់បង្រួបបង្រួមជាមួយចិនឡើយ ដោយក្នុងនោះមាន ៣០ភាគរយគាំទ្រឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និង៥៧ភាគរយ ពេញចិត្តនឹង ស្ថានភាពដើមសព្វថ្ងៃ ពោលគឺមិនចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ហើយក៏មិនចង់នៅក្រោមការគ្រប់គ្រងរបស់ចិនតាមរយៈនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» នោះដែរ។


កត្តានេះឯងដែលគួរតែចងចាំ នៅពេលដែលអ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថាសមយុទ្ធយោធារបស់ចិនកន្លងមក ជាការធ្វើសមយុទ្ធយោធា បណ្ដុះបណ្ដាលត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាម នៅក្នុងករណីដែលចិនមើលឃើញថា «គោលការណ៍ចិនតែមួយ» ត្រូវបានបំផ្លាញដោយតៃវ៉ាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ ការប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍសមត្ថភាពយោធា ជាពិសេសអាវុធនុយក្លេអ៊ែរ ច្បាស់ណាស់គឺមានគោលបំណងបង្កើតស្ថានភាពមួយ ដែល «ឯករាជ្យភាពរបស់តៃវ៉ាន់ និងសង្រ្គាមលើកោះតៃវ៉ាន់» កា្លយជារឿងដែលគេគ្រប់គ្នាមិនហ៊ាននឹកស្រមៃដល់ ហើយចិននឹងមិន ហើយមិនអាចបោះបង់ចោល ឡើយនូវការប្រើកម្លាំងយោធាដោះស្រាយបញ្ហាតៃវ៉ាន់៕ ដោយៈ Fresh News


វិភាគអន្តរជាតិ៖ ប្រឡែងលេងជាមួយភ្លើង នៅអ៊ុយក្រែន


(វ៉ាស៊ីនតោន)៖ ក្រុមអ្នកបង្កើតគោលនយោបាយលោកខាងលិច ហាក់ដូចជាបានឈានដល់ការឯកភាពគ្នាមួយពីសង្រ្គាមនៅអ៊ុយក្រែន នោះគឺថាសង្រ្គាមសព្វថ្ងៃបាន និងកំពុងក្លាយជាសង្រ្គាមរុំារ៉ៃយូរអង្វែង ហើយនៅពេលដែលធ្វើឱ្យរុស្ស៉ីទន់ខ្សោយ នោះទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយតាមលក្ខខណ្ឌ ដែលកំណត់ដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តណាតូ ព្រមទាំងអ៊ុយក្រែន។ ប៉ុន្តែខណៈពួកគេកំពុងគិតដូច្នេះ រុស្ស៉ីក៏មានការយល់ឃើញរបស់ខ្លួនដែរ នោះគឺរង់ចាំមើល ថាតើសហរដ្ឋអាមេរិក និងអឺរ៉ុបដែលកំពុងប្រឈមមុខនឹងអតិផរណា ជាពិសេសការខ្វះខាតឧស្ម័ន ប្រឈមមុខនឹងរដូវរងារជិតមកដល់ អាចនឹងទ្រាំ និងជួយអ៊ុយក្រែនបានយូរប៉ុនណា។


ក្នុងន័យនេះរុស្ស៉ីក៏រំពឹងដែរថានៅពេលសហរដ្ឋអាមេរិក និងអឺរ៉ុបអស់ខ្យល់ នោះពួកគេនឹងព្រមទទួលយកលក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែនដែលកំណត់ដោយវិមាន ក្រឹមឡាំង។ ជាការពិតណាស់ មកទល់នឹងពេលនេះមានមនុស្សតិចតួចណាស់ ដែលជឿថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពចូលជួយអ៊ុយក្រែន ហើយរុស្ស៉ីនឹងប្រើ អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ អ្វីដែលគេពិបាកនឹងប្រកែក គឺហានិភ័យនៃមហន្តរាយនុយក្លេអ៊ែរ ឬសង្រ្គាមទ្រង់ទ្រាយធំ នៅតែបន្តលងបន្លាចបណ្ដាប្រទេសអឺរ៉ុប ក្នុងបរិបទ ដែលភាគីសង្រ្គាមទាំងអស់សុទ្ធតែ «កំពុងប្រឡែងលេងជាមួយភ្លើង» សំដៅសម្រេចមហិច្ឆតារៀងៗខ្លួន ដោយមិនបានបង្ហាញពីសញ្ញាដកថយឡើយ។


ដើម្បីងាយស្រួលយល់ពីថាមវន្តនៃការកើនឡើងជម្លោះនៅអ៊ុយក្រែន គេត្រូវស្វែងយល់ពី «គោលដៅ» របស់គូភាគីសង្រ្គាមនៅអ៊ុយក្រែនជាមុនសិន។ ចាប់តាំងពី សង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីបានបង្ហើបពីមហិច្ឆតារៀងៗខ្លួនជាមួយការប្ដេជ្ញាចិត្តយកជ័យជម្នះឱ្យបានលើសមរភូមិ ហើយបច្ចុប្បន្ន ការប្ដេជ្ញាចិត្តកាន់តែខ្លាំងក្លាទ្វេដង ដោយម្នាក់ៗសុទ្ធតែប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យ «ក្លាយជាជនបរាជ័យ»។ ជាការអនុវត្តជាក់ស្ដែង នេះមានន័យថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពចូលជួយអ៊ុយក្រែន ប្រសិនបើមិនអាចឈ្នះ ឬរារាំាងកុំឱ្យអ៊ុយក្រែនចាញ់បានទេនោះ ខណៈរុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោក ពូទីនយល់ថាមិនអាចឈ្នះ ឬបរាជ័យស្ថិតនៅចំពោះមុខអាចនឹងកើតមានឡើងឆាប់ៗ។


តាមរយៈការប្ដេជ្ញាចិត្ត ក្នុងការសម្រេចគោលដៅបែបនេះឯង ទើបក្នុងស្ថានការណ៍នៃសង្រ្គាមសព្វថ្ងៃ វាមានឱកាសតិចតួចណាស់ថាភាគីសង្រ្គាមអាចនឹងធ្វើការ សម្រុះសម្រួល ឬព្រមថយមួយជំហ៊ានម្នាក់។ ឬអាចនិយាយម្យ៉ាងទៀតបានថាទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូចង់ឈ្នះជាដាច់ខាត ដើម្បីអាចកំណត់លក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលបម្រើដល់ផលប្រយោជន៍របស់ពួកគេ។ ត្រង់ចំណុចនេះ គេត្រូវចាំថាអវត្តមាននៃលទ្ធភាពចរចាបញ្ចប់ជម្លោះតាមផ្លូវការទូត វានឹងផ្ដល់ហេតុផលឱ្យគ្រប់ភាគីបង្កើនជម្លោះ ក្នុងគោលបំណងសម្រេចគោលដៅរបស់ពួកគេ។


* មានមហិច្ឆតាខ្ពស់ ខ្លាចបាក់មុខកាន់តែខ្លាំង

នៅពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងដំបូង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូមានមហិច្ឆតាត្រឹមតែគាំទ្រអ៊ុយក្រែន ក្នុងការរារាំងកុំឱ្យរុស្ស៉ីឈ្នះ និងជួយសម្រួល ដល់ការស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមកនៅពេលដែលមើលឃើញថាយោធាអ៊ុយក្រែន មានសមត្ថភាពវាយបកលើទាហានរុស្ស៉ី ជាពិសេសក្រោយទាហានរុស្ស៉ីដកចេញពីតំបន់ជុំវិញទីក្រុងកៀវ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រើ «យុទ្ធសាស្ត្ររុញទូកបណ្ដោយទឹក» និងបាន ប្ដេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យឈ្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៉ី។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក បៃដិន ក៏បាននិងកំពុងព្យាយាមជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដីផងដែរ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។


មហិច្ឆតាបំបាក់រុស្ស៉ី បានស្ដែងឡើងកាន់តែច្បាស់តាមរយៈសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ដែលបានពន្យល់ពី គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ក្នុងសុន្ទរកថាកាលពីខែមេសាកន្លងទៅ លោក អូស្ទីន បាននិយាយដោយឥតលាក់លៀមថា «អាមេរិក ចង់ឃើញរុស្ស៉ីចុះទន់ខ្សោយដល់កម្រិតមួយដែលលែងអាចឈ្លានពានប្រទេសដទៃ ដូចដែលរុស្ស៉ីធ្វើនៅអ៊ុយក្រែន នៅពេលអនាគត»។ ការលើកឡើងបែបនេះ វាធ្វើ ឱ្យគេមើលឃើញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកបានបង្ហាញពីមហិច្ឆតា «វាយរុស្ស៉ីឱ្យសន្លប់ ហើយឱ្យគេសែងចេញពីសង្វៀនកំពូលមហាអំណាច»។ កាន់តែសំខាន់ជាង នេះទៅទៀត នោះគឺសហរដ្ឋអាមេរិកខ្លួនឯងបានយកកិត្តិយស និងមុខមាត់របស់ខ្លួនផ្ញើទុកនឹងសង្រ្គាមនៅអ៊ុយក្រែនរួចបាត់ទៅហើយ។ លោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនជា «អំពើប្រល័យពូជសាសន៍» និងថែមទាំងបានចោទប្រកាន់ទៀតផងថាលោក ពូទីនជា « ឧក្រិដ្ឋជនសង្រ្គាម» ដែល គួរតែយកមកកាត់ទោសពី «បទឧក្រិដ្ឋកម្មសង្រ្គាម»។


ការប្រើពាក្យពេចន៍ធ្ងន់ៗបែបនេះចេញពីមាត់ប្រធានាធិបតីអាមេរិក វាធ្វើឱ្យគេពិបាកនឹងស្រមៃខ្លាំងណាស់ថាសហរដ្ឋអាមេរិកអាចនឹងដកថយ ឬព្រមចុះចាញ់ក្នុងសង្រ្គាម ពីព្រោះថាបើរុស្ស៉ីឈ្នះពិតមែន នោះថាតើសហរដ្ឋអាមេរិកយកមុខទៅទុកឯណា? ឬសមធ្វើជាមហាអំណាចដឹកនាំពិភពលោកទៀតដែរឬទេ? ហើយចូរកុំភ្លេចថាអ្នក ដែល អង្គុយរង់ចាំមើលអាមេរិកចាញ់ នោះគឺចិន។ និយាយពីរុស្ស៉ីវិញ មហិច្ឆតារបស់លោក ពូទីន ក៏បានរីកកាន់តែធំផងដែរ។ ផ្ទុយពីការគិតជាទូទៅ នៅក្នុងបណ្ដាប្រទេស លោកខាងលិច រុស្ស៉ីមិនមែនចង់ឈ្លានពានដើម្បីគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ ដោយដំបូងឡើយរុស្ស៉ីមានមហិច្ឆតាត្រឹមតែរារាំងកុំឱ្យអ៊ុយក្រែនក្លាយជាប្រទេស លោកខាងលិចមួយដែលមានរបងផ្ទះជាប់រុស្ស៉ីតែប៉ុណ្ណោះ។ លោក ពូទីន និងក្រុមមន្ត្រីទីប្រឹក្សារបស់លោកធ្លាប់បានបង្ហាញក្ដីកង្វល់ម្ដងហើយម្ដងទៀតពីលទ្ធភាពដែល អ៊ុយក្រែនអាចចូលជាសមាជិកណាតូ។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានកាលពីពាក់កណ្ដាលខែមករា ថា «កូនសោរដោះស្រាយបញ្ហាគ្រប់យ៉ាង នោះគឺការធានាឱ្យបានថាណាតូនឹងបញ្ឈប់ការពង្រីកឥទ្ធិពលឆ្ពោះមកទិសខាងកើត»។


សម្រាប់ថ្នាក់ដឹកនាំរុស្ស៉ី សមាជិកភាពណាតូរបស់អ៊ុយក្រែន ដែលលោក ពូទីន យកមកប្រើជាហេតុផលឈ្លានពានអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៉ី ហើយមធ្យោបាយតែមួយគត់ ដែលអាចលុបបំបាត់ការគំរាមកំហែងនេះបាន មានតែជម្រើសធ្វើសង្រ្គាម និងប្រែក្លាយអ៊ុយក្រែនឱ្យក្លាយជា

«រដ្ឋអព្យាក្រឹត ឬរដ្ឋដ៏ទន់ខ្សោយ មួយ»។ ក៏ប៉ុន្តែ មហិច្ឆតាទាំងនេះបានផ្លាស់ប្ដូរទាំងស្រុង នៅពេលកងទ័ពរុស្ស៉ីចាប់ផ្ដើមឈានជើងជាន់ទឹកដីអ៊ុយក្រែន រុស្ស៉ីហាក់ដូចជាបានប្រទះឃើញ «នំដ៏ឆ្ងាញ់ដែល ចង់ហូបហើយ ហូបទៀត» នោះគឺទឹកដីអ៊ុយក្រែនតែម្ដង។ មែនទែនទៅ នៅមុនសង្រ្គាមផ្ទុះឡើង រុស្ស៉ីបានសន្យាប្ដេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍លើកទី២ (Minsk II) ដែលតម្រូវឱ្យទីក្រុងមូស្គូទទួលស្គាល់ថាតំបន់ដុនបាស់ជាផ្នែកមួយរបស់អ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ ក្រោយកងទ័ពរុស្ស៉ីប្រកាសងាកទៅលើការរំដោះ តំបន់ដុនបាស់ រុស្ស៉ីបានវាយកាន់កាប់ទឹកដីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនមួយភាគធំ ហើយបច្ចុប្បន្នមានភស្តុតាងបង្ហាញកាន់តែច្បាស់ថាលោក ពូទីនមាន បំណងក្រសោបយក ឬបញ្ចូលទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចដែលមូស្គូក្រសោបយកតំបន់គ្រីមៀកាលពីឆ្នាំ២០១៤។


បើតាមក្រុមអ្នកជំនាញ សព្វថ្ងៃការគំរាមកំហែងចំពោះរុស្ស៉ី គឺធំជាងនៅមុនពេលសង្រ្គាមផ្ទុះឡើងទៅទៀត ហើយមានមួយផ្នែកធំ គឺដោយសារតែរដ្ឋបាលលោក បៃដិន បានប្ដេជ្ញាចិត្តជួយអ៊ុយក្រែនដណ្ដើមយកទឹកដី ដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ និងកាច់បំបាក់ធ្មុងរបស់រុស្ស៉ី។ ចំណែកឯ ការគំរាមកំហែងធំមួយទៀតសម្រាប់មូស្គូ គឺហ្វាំងឡង់ និងស៊ុយអែត កំពុងចូលជាសមាជិកណាតូដោយសន្សឹមៗ ហើយអ៊ុយក្រែនវិញកាន់តែមានសមត្ថភាពយោធាខ្លាំងដោយមានការបំពាក់អាវុធទំនើបៗ និងខិតទៅ រកលោកខាងលិចជាងពេលណាទាំងអស់។ ដូច្នេះហើយទើបថាក្នុងកាលៈទេសៈបែបនេះ រុស្ស៉ីមិនអាចបាត់បង់ ឬចុះសង្រ្គាមនៅអ៊ុយក្រែនជាដាច់ខាត ហើយអាចនឹងប្រើ គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមានដើម្បីបញ្ចៀសបរាជ័យ ស្របពេលលោក ពូទីនផ្ទាល់ហាក់ដូចជាមានទំនុកចិត្តថារុស្ស៉ីនឹងយកឈ្នះលើអ៊ុយក្រែន និងលោកខាងលិច។ «នៅថ្ងៃនេះ, យើងបានស្ដាប់ឮថាពួកគេចង់បំបាក់ពួកយើងនៅលើសមរភូមិ...ដូច្នេះទុកឱ្យពួកគេសាកមើលចុះ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន នៅក្នុងសុន្ទរកថា មួយកាលពីខែកក្កដា ដោយបន្ថែមថា គោលដៅទាំងឡាយនៃប្រតិបត្តិការយោធាពិសេសរបស់លោកនឹងទទួលបានជោគជ័យ ដោយគ្មានការសង្ស័យអ្វីទៀតឡើយ។


ដោយឡែក សម្រាប់អ៊ុយក្រែនវិញ គឺមានគោលដៅដូចគ្នាទៅនឹងរដ្ឋបាលលោក ចូ បៃដិនដែរ។ ទាហានអ៊ុយក្រែន កំពុងពលីជីវិតដើម្បីវាយដណ្ដើមទឹកដីដែលរុស្ស៉ីកំពុង កាន់កាប់យកមកវិញ ក្នុងនោះតំបន់គ្រីមៀ ក៏ស្ថិតនៅក្នុងមហិច្ឆតារបស់លោក ហ្សេលេនស្គីផងដែរ និងធ្វើយ៉ាងឱ្យរុស្ស៉ីចុះទន់ខ្សោយលែងអាចបង្កការគំរាមកំហែងដល់ អ៊ុយក្រែនតទៅទៀត។ អ៊ុយក្រែនក៏មានទំនុកចិត្តថាខ្លួនអាចនឹងឈ្នះក្នុងសង្រ្គាមដែរ ដូចដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksii Reznikov) បានបញ្ជាក់កាលពីពាក់កណ្ដាលខែកក្កដាថា «រុស្ស៉ីអាចនឹងត្រូវបានបំបាក់យ៉ាងពិតប្រាកដ ហើយអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពថាខ្លួនអាចធ្វើដូច្នេះ» ខណៈសមាភាគី អាមេរិករបស់លោកក៏យល់ឃើញបែបនេះ។ ក្នុងសុន្ទរកថាកាលពីចុងខែកក្កដា លោក អូស្ទីន បានសង្កត់ធ្ងន់ដូច្នេះថា «ជំនួយរបស់ពួកយើងកំពុងបង្ហាញពីប្រសិទ្ធភាព ជាក់ស្ដែងនៅលើសមរភូមិ។ រុស្ស៉ីគិតថាពួកគេអាចទ្រាំបានយូរជាងពួកយើង ប៉ុន្តែអ្វីទាំងនេះគ្រាន់តែជាការយល់ខុសរបស់រុស្ស៉ីប៉ុណ្ណោះ»។


សរុបមកវិញ ទាំងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៉ី សុទ្ធតែប្ដេជ្ញាចិត្តយកឈ្នះ និងបំបាក់គូសត្រូវកុំឱ្យងើបមុខរួចរៀងៗខ្លួន ដែលនេះត្រូវបានគេមើលឃើញថាមានឱកាស តិចតួចបំផុតក្នុងការសម្រុះសម្រួល ឬសម្រេចបានកិច្ចចរចាសន្តិភាពក្នុងរយៈពេលដ៏ខ្លីខាងមុខនោះឡើយ។ ដល់ដំណាក់កាល់នេះ មើលទៅទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងមិនទទួលយកលក្ខខណ្ឌឱ្យអ៊ុយក្រែនក្លាយជារដ្ឋអព្យាក្រឹតនោះទេ ហើយជាការពិតអ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃលោកខាងលិចរួចស្រេចទៅហើយ។ 

រីឯ រុស្ស៉ីក៏នឹងមិនយល់ព្រមប្រគល់ទឹកដី ដែលខ្លួនកំពុងកាន់កាប់ឱ្យអ៊ុយក្រែនវិញនោះដែរ ជាពិសេសក្នុងពេលជម្លោះនៅក្នុងតំបន់ដុនបាស់រវាងក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រ ដោយរុស្ស៉ី និងកងកម្លាំងអ៊ុយក្រែន មានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។



ដោយសារតែមហិច្ឆតា និងផលប្រយោជន៍ពាក់ព័ន្ធនឹងសង្រ្គាមនេះហើយ ទើបក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្រ្គាមអ៊ុយក្រែន ជឿជាក់ថាកិច្ចចរចាស្វែងរកសន្តិភាពបញ្ចប់ សង្រ្គាមនឹងមិនអាចកើតមានឡើងក្នុងពេលឆាប់ៗទេ។ ប៉ុន្តែ រឿងដែលសំខាន់ នោះគឺហានិភ័យនៃការបង្កើនការធ្វើសង្រ្គាម និងមហន្តរាយធ្ងន់ធ្ងរអាចនឹងកើតឡើង បើសង្រ្គាម នៅតែបន្តអូសបន្លាយ។ វាមានមូលហេតុ៣សំខាន់ដែលអាចនាំទៅរកការបង្កើនការធ្វើសង្រ្គាមរឹតតែខ្លាំង៖ ទីមួយគឺ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាមដើម្បីឈ្នះ រៀងៗខ្លួន។ ទី២ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាម ដើម្បីបញ្ចៀសបរាជ័យ និងទី៣ គឺបង្កើនការធ្វើសង្រ្គាមដោយគ្មានជម្រើស។ ក្នុងជម្រើសទាំង៣នេះ ជម្រើស ណាមួយ ក៏អាចបង្ខំឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ ឬក៏រុស្ស៉ីត្រូវបង្ខំចិត្តប្រើអាវុធនុយក្លេអ៊ែរ បានដែរ៕ ដោយៈ Fres News