Sunday, September 03, 2023

សារសំឡេង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្ដ្រីបណ្ដាក្រសួងរួសរាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យបានរួចរាល់នៅសប្ដាហ៍ក្រោយ

 CMF:

ផ្ញើជូនឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង រដ្ឋលេខាធិការដ្ឋាន ចំណុះរាជរដ្ឋាភិបាលទាំងអស់,

យោងលើតំរូវការចាំបាច់ចំពោះមុខ ដើម្បីធានានូវនិរន្ដរភាពនិងប្រសិទ្ធភាពការងារ សំរាប់ដំណើរការរបស់​ក្រសួង និងរដ្ឋលេខាធិការដ្ឋានទាំងអស់ចំណុះឲ្យរាជរដ្ឋាភិបាល ខ្ញុំសូមរំលឹកដាស់តឿន ឯកឧត្តម លោកជំទាវរដ្ឋមន្ដ្រី អំពីកិច្ចការចំាបាច់និងជាអាទិភាព ពាក់ព័ន្ធទៅនឹងការរៀបចំដំណើរការក្រសួងនិងរដ្ឋលេខាសធិការដ្ឋាននិមួយៗ ដោយយកចិត្តទុកដាក់លើកិច្ចការមួយចំនួន (ដូចខាងក្រោម)៖

ទី១ ក្រសួងដែលមិនទាន់បានធ្វើការបែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឲ្យចប់ក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីធានានិរន្ដរភាពនិងប្រសិទ្ធភាពទាំងលើការដឹកនាំ ទាំងលើការអនុវត្ដការងាររបស់ក្រសួងស្ថាប័ន។

ទី២ ក្នុងការកំណត់ការបែងចែកភារកិច្ចនិងការទទួលខុសត្រូវជូនថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខា​ធិការ ត្រូវធានាឲ្យបាននូវការបែងចែកបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹក​នាំខាងបច្ចេក​ទេស ដើម្បីធានាបាននូវប្រសិទ្ធភាពជាស្ថាប័ននិងប្រសិទ្ធភាពការងារ ជៀសវាងការលូកដៃលើការដឹកនាំផ្ទាល់នៃអង្គភាពជំនាញរបស់ក្រសួងស្ថាប័ន ដោយមិនឆ្លងឬរំលងឋាណានុក្រមបច្ចេកទេស។

ប្រសិនបើមានការរៀបចំឲ្យមន្ដ្រីថ្នាក់ដឹកនាំនយោបាយទទួលបន្ទុកលើការជួយការងាររបស់នាយកដ្ឋាន មិនត្រូវ អនុញ្ញាតអោយមានការរំលងឋានានុក្រមផ្នែកបច្ចេកទេស ដូចជាការរំលងឬមិនឆ្លងការដឹកនាំថ្នាក់អគ្គនាយកដ្ឋាន ឬលេខាធិការដ្ឋាននោះទេ។ ត្រូវចាំចាត់ទុកថា ការធានាឯកភាព សាមគ្គីភាព និងសុខដុមរមនានីយកម្ម នៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈ ជាការលើកកម្ពស់ប្រសិទ្ធភាពការងារ ជាការងារអាទិភាពដែលយើង​ត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា។

ទី៣ ចំពោះមុខ ត្រូវខិតខំធានាឲ្យបាននិរន្ដរភាពនិងស្ថេរភាពនៃការអនុវត្ដការងារក្នុងស្ថាប័ន។ ក្នុងករណីចាំបាច់ដែលត្រូវធ្វើវិចារណកម្មមុខងារថ្នាក់បច្ចេកទេស និងរៀបចំមន្ដ្រីឡើងវិញ ត្រូវគិតគូរលើគោលការណ៍ជាមូលដ្ឋានចំនួនពីរដែលខ្ញុំធ្លាប់បានណែនាំកន្លងមកនេះ។

(ទី១) គោលការណ៍គុណាធិបតេយ្យដែលផ្អែកជាចំបងលើ​គុណសម្បតិ្ដ ស្នាដៃ ការងារ សមត្ថភាព ចំណេះ ទេពកោសល្យ និងក្រមសីលធម៌របស់មន្ដ្រី ដើម្បីបង្កើនប្រសិទ្ធ​ភាពការងារ និងទី២ គោលការណ៍គុណធម៌ ដើម្បីធានាបានឯកភាពនិងសាមគ្គីភាពផ្ទៃក្នុងស្ថាប័ន។

ទន្ទឹមនឹង​នេះត្រូវយកចិត្តទុកដាក់រៀបចំចាត់តាំងប្រគល់ភារកិច្ចជូនមន្ដ្រី ដោយផ្អែកលើមូលដា្ឋននៃការប្រមូលផ្ដុំមន្ដ្រីជាកំលាំងសរុបរបស់ស្ថាប័ន តាមរយ

ការធ្វើសុខ​ដុមរមនានីយកម្មនិងការរៀបចំមន្ដ្រីចាស់ដែលមានបទពិសោធន៍​និងជំនាញ និងមន្ដ្រីថ្មីដែលជាកំលាំងថ្មី បានរួមគ្នាធ្វើការជាមួយគ្នា តាមទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេង​មានកំលាំង»។ ធ្វើយ៉ាងនេះគឺសំដៅលើកម្ពស់ស្ថាប័នឲ្យកាន់តែរឹងមាំនិងប្រកបដោយប្រសិទ្ធភាព។

សូមឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់អនុវត្ដឲ្យមានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមអរគុណ

*********

Audio message of the Prime Minister Samdech Moha Bovar Thipadei Hun Manet instructing ministers to hasten and finish division of responsibilities to the Secretaries of State and Undersecretaries of State by next week [Unofficial Translation]


 


CNV:

To His Excellency Lok Chumteav Ministers,
Ministries and State Secretariats of the Royal Government,

In light of the urgent need to ensure the sustainability and efficiency for the work of all ministries and state secretariats under the Royal Government, I would like to remind His Excellency or Lok Chumteav Ministers about the necessity and priorities related to the organization of each Ministry and State Secretariat by paying attention to some tasks (as below):

Firstly, the Ministries that have not yet clearly assigned responsibilities to the leadership of the Secretaries of State and Undersecretaries of State must hurry to complete their job description within next week to ensure the sustainability and effectiveness of both the leadership and the work performance of the ministries.

Secondly, in defining the division of tasks and responsibilities to the leaders as Secretaries of State or Undersecretaries of State, a clear distinction must be made between political leadership and technical leadership to ensure institutional and operational efficiency, (so as to) avoid interfering with the direct leadership of the specialized units of ministries and institutions, (that may happen) without passing through, or skipping the technical hierarchy.

If arrangements are made for political officials in charge of assisting the work of the department, it is not permissible to skip technical hierarchies, such as skipping or not passing through the leadership of the General Department or the Secretariat. It must be remembered that ensuring unity, solidarity and harmonization in public administration institutions aims to improve work efficiency, and it is a priority that we must all pay high attention to.

Thirdly, we must strive to ensure the sustainability and stability of the work within the institution. If it is necessary to rationalize the technical functions and reorganize the officials, (you are requested to) consider the two basic principles that I have introduced so far.

(1) The principle of meritocracy, which is based primarily on the merits, achievements, abilities, knowledge, talents and ethics of officials to increase work efficiency, and (2) the principle of virtue to ensure unity and solidarity within the institution.

At the same time, care must be taken to organize and assign duties to officials on the basis of the stranding them together as the total force of the institution through the harmonization and preparation of the existing officials with experiences and novice officials with new energy so that the twos can work together in the direction of “senior people know the way and young people have energy.” We are doing all this to make sure that the institutions are getting stronger and more effective.

I am sure that Excellencies and Lok Chumteavs will pay attention to implement this task effectively and responsibly. Thank you.

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអម​ដំណើរ​​សម្តេច​នាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រី​សំខាន់ៗ​នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូង​ក្នុង​ឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេ​ដឹក​​នាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់​ហើយ​ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារ​ឧត្តម​ប្រយោជន៍ជាតិ​នៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារ​ផល​ប្រយោជន៍រួមរបស់​អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនា​របស់អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហាអន្តរជាតិ​ដែល​ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូល​មហា​អំណាច​​ពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋ​កិច្ច​សកល​ដែលបាននិង​កំពុងបន្តជះផលអវិជ្ជមានមក​លើជាតិមាតុ​ភូមិ៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយ twitter YouTube TikTok Telegram instagram បន្ទាប់ពីក្រុមហ៊ុនFacebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបសម្ដេចនោះ។


នៅលើបណ្ដាញទំនាក់ទំនងសង្គម (Facebook) នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «បងប្អូនជនរួមជាតិជាទីស្រឡាញ់។ ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញគួបផ្សំជាមួយ twitter YouTube TikTok Telegram  instagram បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៌ មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ»។ 

សម្ដេចតេជោ សង្ឃឹមថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ (តួលេខផ្នែកពន្ធដារ)។ សម្ដេចតេជោគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។

ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram។ សម្ដេចតេជោ ក៏សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្ដេចបង្កើតFacebook TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីចៀសវាងការភ័យច្រឡំ៕


ដោយ ជឹម ណារីម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាជូនសម្តេច



(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជូន សម្តេច។

នៅក្នុងលិខិតផ្ញើជូនព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា និងសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្តី ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី»ដល់ទូលព្រះបង្គំជាខ្ញុំ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១០ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញា ខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយសេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។


ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យ បវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ៕