ដោយៈ សម សូនី
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នេះ ប្រទេសនានាក្នុងពិភពលោក ប្រារព្ធខួបទី១០៣ ទិវាអន្ដរជាតិនារី ដើម្បីសម្ដែងនូវការគោរពដឹងគុណ រួមទាំងសេចក្ដីស្រឡាញ់ និងអបអរសមិទ្ធផលទាំងឡាយ ដែលនារីសម្រេចបាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ។
សាររបស់ឯកឩត្តម បាន គី-មូន អគ្គលេខាធិការអង្គការសហប្រជាជាតិ មានខ្លឹមសារថាៈ”ខ្ញុំចង់និយាយទៅកាន់ស្ដ្រី និង យុវនារីគ្រប់រូប នៅលើពិភពលោកថាៈ ការគោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ មិនមែនជាគោលដៅដែលមិនអាចសម្រេចបាននោះទេ។ ក៏ប៉ុន្តែ នេះជាការងារដែលពាក់ព័ន្ធទៅលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាល អង្គការសហប្រជាជាតិ និងមនុស្សជាតិគ្រប់ៗរូប ដើម្បីធានាឲ្យបានថា គោលដៅនេះអាចក្លាយទៅជាការពិត” ។
ឆ្លងតាមសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ កម្ពុជាបានឈានមុខជាស្រេច។ យើងបានឃើញការលូតលាស់គួរជាទីមោទនៈ ក្នុងវិស័យនយោបាយ ដែលស្រ្តីខ្មែរជាច្រើនរូប មានតួនាទីជាថ្នាក់ដឹកនាំ និងជាសមាជិកានៅក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់រាប់ពាន់នាក់ទូទាំងប្រទេស ដែលនេះបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើ ការគោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ប៉ុន្ដែអ្វីដែលយើងគួរចាប់អារម្មណ៍ និងរំភើបយ៉ាងក្រៃលែងនោះគឺ សកម្មភាពជាគំរូ ដែលមិនគ្រាន់តែសម្រាប់ស្ត្រីខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែជាគំរូសម្រាប់គ្រប់ស្ត្រីទូទាំងតំបន់ និងពិភពលោកទាំងមូលផងដែរ ដែលនោះគឺ ស្រ្ដីទី១នៃកម្ពុជា ។
នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ស្ដ្រីទី១នៃកម្ពុជា បានទទួលគោរមងារជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រោសព្រះរាជទានដោយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទីជា ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំស្ថាប័នមនុស្សធម៌ឯករាជ្យមួយនេះ ឲ្យក្លាយទៅជាសមាគមជាតិគំរូលើឆាកអន្តរជាតិ រហូតទទួលបានគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ហើយដែលក្នុងតួនាទីដ៏សំខាន់ទាំងពីរនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយធ្វើឲ្យអត្រាស្លាប់ដោយសារជំងឺអេដស៍ អត្រាឆ្លងជំងឺអេដស៍ និងអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារក ព្រមទាំងអត្រាស្លាប់របស់មាតា ទារក និងកុមារ នៅកម្ពុជាថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាកបាទក្រហមកម្ពុជា មានសមាជិក-សមាជិកា យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ រួមចំណែកបំរើសកម្មភាពមនុស្សធម៌ រួមទាំងស្នាដៃដ៏ធំធេងក្នុងការគៀងគររកមូលនិធិពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយនានា ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ អ្នកមានជំងឺអេដស៍ កុមារកំព្រា និងជនភៀសសឹក រាប់សែននាក់ បានទាន់ពេលវេលា រហូតទទួលបានការគាំទ្រទាំងនៅក្នុងសង្គមកម្ពុជា និងទាំងលើឆាកអន្ដរជាតិ ។
ក្នុងតួនាទីជាស្ដ្រីទី១ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគាំទ្រជានិច្ចដល់រាល់សកម្មភាពរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន យ៉ាងស្វាមីភ័ក្ដិ ជាអ្នករំដោះប្រទេសជាតិ ស្នេហាជាតិ ការពារជាតិ និងសាសនា គាំពារយ៉ាងខ្ជាប់ខ្ជួននូវមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ អភិវឌ្ឍប្រទេសជាតិ និងសុខមាលភាពប្រជាពលរដ្ឋ ។
សកម្មភាពដ៏ក្លាហាន ដែលគេស្ទើរតែភ្លេចបាត់ទៅហើយនោះគឺ ស្រ្ដីទី១នៃកម្ពុជា បានលះបង់ពេលវេលាចូលរួមដ៏អង់អាចក្លាហាន ដឹកនាំភរិយាថ្នាក់ដឹកនាំជាច្រើនរូប រួមទាំងមន្ដ្រីអ្នកមុខ-អ្នកការ យោធា និងស៊ីវិល ធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដើម្បីធ្វើការបួងសួងសុំសន្ដិភាពដល់ប្រទេស និងប្រជាជនកម្ពុជា ពិសេសដើម្បីបង្ក្រាបនូវឥទ្ធិពលរបស់កងកម្លាំងយោធាថៃ ដែលបានវាយប្រហារមកលើកម្ពុជា ត្រង់តំបន់ដែលថៃហៅថា តំបន់ជម្លោះ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបំពេញតួនាទីជាភរិយាដ៏ឩត្តុង្គឩត្តម និងតួនាទីជាមាតា ដែលបានបង្កើត ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ បុត្រា-បុត្រី ប្រកបដោយព្រហ្មវិហារធម៌ដែលបានញ៉ាំងឲ្យបុត្រា-បុត្រីគ្រប់រូប ដើរតាមគន្លងធម៌របស់មាតា-បិតា និងទទួលជោគជ័យរៀងៗខ្លួន ក្នុងការចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ។
គោរមងារជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាគោរមងារប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ ស្រ្ដីទី១នៃកម្ពុជា ដែលបានបំពេញតួនាទីទាំងបី ប្រកបដោយជោគជ័យ គឺ៖ ជាភរិយាដ៏ឧត្ដុង្គឧត្ដមនៃអ្នកដឹកនាំប្រទេសផង ជាប្រធានស្ថាប័នមនុស្សធម៌ដ៏ធំជាងគេបំផុតនៅក្នុងប្រទេសផង និងជាមាតាម្នាក់ផង។ ប្រជាជនខ្មែរគ្រប់រូប មានមោទនភាពក្រៃលែង ដែលមានស្ត្រីទីមួយជាគំរូម្នាក់ សម្រាប់ផ្សព្វផ្សាយទៅនារីទាំងក្នុងប្រទេស ទាំងលើឆាកអន្តរជាតិក្នុងឱកាស ទិវាអន្ដរជាតិនារី ៨ មីនានេះ។
( កំណត់ចំណាំៈ បទអត្ថាធិប្បាយខាងលើនេះ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធសុទ្ធសាធ )
------