ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥នេះ បានចេញសេចក្តីអំពាវនាវមួយ ដោយបានបញ្ជាក់ថា៖ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានសង្កេតឃើញថា ពលករ ពលការិនី ដែលបានទៅធ្វើការនៅក្រៅប្រទេស
ហើយនិងស្រ្តីខ្មែរដែលបានរៀបការជាមួយជនបរទេស ទំាង ក្នុងករណី “ស្របច្បាប់” និង“មិនស្របច្បាប់”
បានជួបប្រទះការលំបាក និងហានិភ័យផ្សេងៗ មានដូចជា៖
១- ប្រទេសម៉ាឡេស៊ី : ពលការិនីខ្មែរ
ទៅបំរើការជាអ្នកបំរើតាមផ្ទះ តាមរយៈក្រុមហ៊ុន ជ្រើសរើសពលករ-ពលការិនី នៅកម្ពុជា
និងនៅម៉ាឡេស៊ី ក៏ដូចជាតាមរយៈការធ្វើដំណើរទៅតាមការរៀបចំរបស់មេខ្យល់ បានជួបការលំបាក
និងបញ្ហា រួមមាន៖ ការបង្ខំឲ្យធ្វើការគ្មានពេលកំណត់ ហូបមិនឆ្អែត បើកប្រាក់បៀវត្សមិនទៀងទាត់
និងមិនតាមចំនួនដែលបានសន្យា ហើយក៏មានករណី ត្រូវបានជាប់ពន្ធនាគារដោយការស្នាក់នៅមិនស្របច្បាប់ជាដើម។
២- ប្រទេសថៃ : ពលរដ្ឋខ្មែរ
ទៅរកកាងារធ្វើដោយលួចឆ្លងដែនខុសច្បាប់ និងទៅតាមរយៈ ការរៀបចំរបស់មេខ្យល់ ហើយជួបបញ្ហាការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរគ្មានពេលកំណត់
មិនទទួលបាន ប្រាក់បៀវត្សដូចការសន្យា ហើយក៏មានករណីត្រូវជាប់ពន្ធនាគារ និងការចាប់បញ្ជូនមកមាតុ-
ប្រទេសវិញ។ ជាងនេះទៅទៀត ក៏មានករណីត្រូវបានចាប់បង្ខំឲ្យធ្វើជាទាសករនៅលើកប៉ាល់ នេសាទ
ពុំមានប្រាក់បៀវត្សហើយមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
៣- ប្រទេសចិន : ស្ត្រីខ្មែររងគ្រោះជាច្រើន ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅ
រៀបការជាមួយបុរសជនជាតិចិន ហើយត្រូវទទួលរងការធ្វើបាបពីប្តី ឬត្រូវលក់បន្តឲ្យទៅធ្វើជា
ស្រីបម្រើផ្លូវភេទ។ល។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ពលករ-ពលការិនី និងស្ត្រីខ្មែរយើង សូមឲ្យចាប់អារម្មណ៍
និងយកចិត្តទុកដាក់ ឲ្យបានខ្ពស់ចំពោះហានិភ័យ និងការលំបាកគ្រប់បែបយ៉ាង ដែលពលករ-ពលការិនី
និងស្ត្រីខ្មែរយើង បានជួបប្រទះកន្លងមក ហើយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំង
ចំពោះការភូតកុហក ឆបោក អូសទាញ បញ្ជុះបញ្ជូលរបស់ពួកមេខ្យល់ ដែលមានគំនិតទុច្ចរិត
គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេប៉ុណ្ណោះ។
ឯកឧត្តម ជុំ សុន្ទរីបានបន្តថា កន្លងមក ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការណែនាំដល់ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស
ឲ្យយកចិត្តទុកដាក់ក្នុងការជួយដល់ពលរដ្ឋខ្មែរ ពិសេសក្នុងករណី ដែលបានលើកខាងលើនេះ
ដោយមិនគិតពីភាព«ស្របច្បាប់»
ឬ «មិនស្របច្បាប់»
របស់គេឡើយ។ ក្រសួងបានកត់សំគាល់ឃើញថា ស្ថានតំណាងយើងអនុវត្តបានល្អតាមការណែនាំ
នេះ ហើយបានជួយសង្គ្រោះ និងបានជួយរៀបចំឲ្យពលករ-ពលការនី និងស្រ្តីខ្មែររងគ្រោះរាប់រយនាក់បានវិលត្រឡប់មកកម្ពុជាវិញ។
ដើម្បីបង្កើនថែមទៀតនូវប្រសិទ្ធិភាពការងារ ក្រសួងការបរទេស
និងសហប្រតិត្តិការអន្តរជាតិបានអំពាវនាវដល់ពលរដ្ឋខ្មែរយើង ពេលជួបបញ្ហាសូមឲ្យធ្វើការទំនាក់ទំនងជាមួយស្ថានទូត
និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅ ប្រទសទាំងបីខាងលើ តាមលេខទូរស័ព្ទខាងក្រោមនេះ
៖
១- ប្រទេសម៉ាឡេស៊ី៖
-
ស្ថានឯកអគ្គរាជទូត
: +៦០ ១១៣ ៣០៤ ៧៥៥ ៨ /+៦០ ១០២ ៤៧១ ៩៨៦
២- ប្រទេសចិន ៖
-
ស្ថានឯកអគ្គរាជទូត : +៨៦ ១៨៨ ០១៤ ០៧៨ ៦៥ / +៨៦ ១៨២ ០១៣
៨២២ ៣៦
- ស្ថានអគ្គកុងស៊ុលនៅ ក្វាងចូវ
: +៨៦ ១៣៩ ២៤១ ៧០០ ០៤
- ស្ថានអគ្គកុងស៊ុលនៅ
ហុងកុង : +៨៥ ២៥៥ ៨៨៨ ៥៨៩/ +៨៥ ២៦៥ ១៦៦
៦៧៨
- ស្ថានអគ្គកុងស៊ុលនៅ សៀងហៃ : +៨៦ ១៥៦ ០១៧ ១៨៧ ៧៧
- ស្ថានអគ្គកុងស៊ុលនៅ ឆុងឈីង
: +៨៦ ១៣៦ ២៨៤ ៩៦១ ៩៣
- ស្ថានអគ្គកុងស៊ុលនៅ គន់មីង
: +៨៦ ១៣៧ ៩៥១ ៩២៣ ៩៨
- ស្ថានអគ្គកុងស៊ុលនៅ ណាននីង
: +៨៦ ១៨២ ៧៦៦ ៧៧៧ ៧៨
៣- ប្រទេសថៃ ៖
- ស្ថានឯកអគ្គរាជទូត : +៦៦
៩៨៤ ០៤១ ៥៥០
- ស្ថានអគ្គកុងស៊ុលនៅ សាកែវ
: +៦៦ ៦១៧ ៦៨៨ ៧០៦

