នៅរាធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាល បានប្រារព្ធទិវាអន្តរជាតិ ស្តីពី កិច្ចការពារស្រទាប់អូហ្សូន ក្រោមប្រធានបទ «កិច្ចការពារស្រទាប់អូហ្សូន ។
នេះគឺជាបេសកកម្មឆ្ពោះទៅមុខ (Ozone
Layer Protection: The Mission goes on)»ដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសភាគីនៃពិធីសារម៉ុងរ៉េអាល់
ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន
និងបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យស្រឡាញ់បរិស្ថាន ក៏ដូចជាចូលរួមថែរក្សាស្រទាប់អូហ្សូននៅលើភពផែនដីរបស់យើង។
ទិវានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ
មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម ខៀវ មុត
រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចជាកាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយសហគមន៍អន្តរជាតិ
ក្នុងការអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា
និងពីធីសារអន្តរជាតិនានា ក្នុងនោះចាប់ពីឆ្នាំ២០០១មករួមមាន៖ អនុសញ្ញាវីយ៉ែន
ស្តីពី កិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពី សារធាតុដែលបំផ្លាញស្រទាប់អូហ្សូនត្រូវបានរាជរដ្ឋាភិបាល
យកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពគួរជាទីមោទនៈ។
ឯកឧត្តម ខៀវ មុត បានមានប្រសាសន៍បន្តថា ក្នុងការយកចិត្តទុកដាក់អនុវត្តអនុសញ្ញាវីយ៉ែន
និងពិធីសារម៉ុងរ៉េអាល់ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត
និងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីជាតិ ស្តីពីការគ្រប់គ្រងសារធាតុត្រជាក់
ផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន
ផែនការស្តីពីការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន
ដែលជាការបញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀត
អំពីជំហរយ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយបរិស្ថានជាតិ
និងការគាំទ្រសកម្មភាពការពារបរិស្ថានរបស់មនុស្សជាតិ។
ការប្រារព្ធទិវាអន្តរជាតិ
ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នាឆ្នាំនេះ
គឺឋិតនៅក្រោមប្រធានបទ «កិច្ចការពារស្រទាប់អូហ្សូន
គឺជាបេសកកម្មឆ្ពោះទៅមុខ(Ozone Layer Protection: The Mission goes on)» ហើយជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានបង្ហាញនូវពីសមិទ្ធផលដែលក្រសួងបរិស្ថាន
និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រេចបាន
ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
និងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ លើការលុបបំបាត់ទាំងស្រុងនូវសារធាតុ
CFCsនៅឆ្នាំ២០០៩
ដែលក្នុងនោះប្រទេសកម្ពុជាយើងទទួលបានពានរង្វាន់និងលិខិតសរសើរជាច្រើន។
ការប្រារព្ធខួបលើកទី២៧
នៃការបង្កើតពិធីសារម៉ុងរ៉េអាល់
ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននិងការរៀបចំទិវាអន្តរជាតិ
ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ១៦ កញ្ញា ១៩៨៧ -១៦ កញ្ញា ២០១៤
មានអត្ថន័យយ៉ាងជ្រាលជ្រៅ
និងឆ្លុះបញ្ជាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន
ក្នុងការធ្វើសកម្មភាពទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅថ្នាក់ពិភពលោក
ដើម្បីការពារស្រទាប់អូហ្សូន និងចូលរួមជាមួយគ្រប់ប្រទេសជាសមាជិកទាំងអស់ក្នុងការរៀបចំទិវាដ៏វិសេសវិសាលនេះឡើង
ដើម្បីជំរុញសកម្មភាពជាមូលដ្ឋាននៅថ្នាក់ជាតិ ដោយយោងទៅតាមគោលដៅ និងទិសដៅ
នៃពិធីសារម៉ុងរ៉េអាល់និងវិសោធនកម្មទាំងឡាយរបស់ពិធីសារនេះ។ទិវាអន្តរជាតិ
ស្តីពីកិច្ចការពារស្រទាប់អូហ្សូន ១៦ កញ្ញា ២០១៤ នេះអាចដំណើរការទៅបានដោយមានការចូលរួមជាមួយក្រសួងបរិស្ថាន
ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា៕