Friday, October 11, 2024

គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់បានផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាកសិករ ក្នុងឃុំជ្រោយប្រស់ ខេត្តកោះកុង



នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហោះផ្សាយនៅលើ Facebook ថា ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រប៉ែកខាងលិចរាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ២៧៥ហិកតា។


កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលបណ្តាលឱ្យជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែងត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាកក្នុងការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។


ក្រសួងធនធានទឹក និងឧតុនិយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាមលក្ខណៈបច្ចេកទេសក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ។


បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១)ស្តារឡើងវិញទំនប់អាងទឹកប្រវែង ១ ០០០ម៉ែត្រ ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់សិល្បការ្យចំនួន ១កន្លែងដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់ទ្វារទឹកប្រវែង ២០០ម៉ែត្រ សាងសង់សំណង់បាយអថ្មធំជើងទេរខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ និងរៀបប្រអប់សំណាញ់ថ្មធំបាតខាងក្រោយសំណង់ទ្វារទឹក។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។


គួរបញ្ជាក់ថា បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាបទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ព្រមទាំងជួយបង្កើនរដូវដាំដុះ បង្កើនទិន្នផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ ហើយថែមទាំងការពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានទៀតផង។ ជាមួយគ្នានេះ តួទំនប់បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរនៅតាមបណ្តោយជើងភ្នំក្នុងមូលដ្ឋានទៅកាន់ទីប្រជុំជន និងទីរួមខេត្តបានយ៉ាងល្អប្រសើរ។ គម្រោងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕












លោកសាស្ត្រាចារ្យ Klaus Schwab អញ្ជើញសម្តេចបវរធិបតី ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ២០២៥


នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។


ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចបវរធិបតីផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយ។





កាណាដានឹងបេីកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ



ក្នុងឱកាសនៃជំនួប ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។  ឯកឧត្តម Justin Trudeau   បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត ដោយកាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។ 


ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា ។ បន្ថែមលើសពីនោះ សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តម Justin Trudeau   ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត។




រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា



នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។  បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។


ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។  


ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន  ។