Wednesday, March 30, 2016

និស្សិត​មក​ជំរុញ​សារ​ជាថ្មី​នៅ​រដ្ឋសភា ក្នុង​ករណី​ខ្សែ​អាត់​សំ​ឡេង ឯកឧត្តម កឹម សុខា

ក្រុមនិស្សិតដឹកនាំដោយ លោក ស្រី ចំរើន បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា សារជាថ្មី នៅរសៀលថ្ងៃអង្គារ ទី២៩ ​ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីដាក់លិខិតអន្តរាគមន៍មួយទៀត ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការជំរុញការកោះអញ្ជើញ ឯកឧត្តម កឹម សុខា សមាជិករដ្ឋសភា មកឆ្លើយបំភ្លឺ ក្នុងករណីខ្សែអាត់សំឡេង ដែលគេសង្ស័យថាជាសំឡេងរបស់​ ឯកឧត្តម កឹម សុខា និងស្រីស្នេហ៍នោះ ឲ្យបានឆាប់។

នៅក្នុងលិខិតគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោក ស្រី ចំរើន បានលើកឡើងថា “យើងខ្ញុំជានិស្សិត យល់ឃើញថា អត្ថន័យខ្សែអាត់សំឡេងអសីលធម៌នោះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់ វប្បធម៌ សាសនា ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជាគំរូអាក្រក់ដល់យុវជន ជំនាន់ក្រោយ។ ក្រុមនិស្សិតស្នើសូម សម្តេចប្រធាន មេត្តាពន្លឿននិងជំរុញកោះហៅឯកឧត្តម កឹម សុខា ចូលខ្លួនបំភ្លឺជុំវិញខ្សែអាត់សំឡេងអសីលធម៌ តាមនីតិវិធីរបស់រដ្ឋសភា”។ សូមជម្រាបថា ក្រុមនិស្សិតប្រមាណ២០០នាក់ ដែលបានមកដាក់ញត្តិទាំងនោះ គឺមានខ្លះពាក់អាវ និងលើកទង់បក្សរបស់ គណបក្សសង្គ្រោះជាតិផងដែរ។

បន្ទាប់ពីក្រុមនិស្សិតបានមកដល់មុខវិមានរដ្ឋសភា ពេលនោះសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មិនមានវត្តមាននៅក្នុងវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញទៅសម្របសម្រួលជួបនិស្សិត និងទទួលញត្តិ ហើយស្នើឱ្យនិស្សិតត្រឡប់ទៅវិញ និងធ្វើការទាមទារ ដោយសន្តិវិធី កុំប្រើអំពើហិង្សា ហើយចំពោះញត្តិនេះ ឯកឧត្តមនឹងពាំនាំយកទៅជូនសម្តេចប្រធានរដ្ឋសភា ពិនិត្យដោះស្រាយតាមនីតិវិធី។

នៅពេលទទួលញត្តិពីក្រុមនិស្សិត ឯកឧត្តម ឈាង វុន បានជម្រាបជូនអ្នកដាក់ញត្តិថា “បញ្ហាផ្លូវភេទរបស់អ្នកនយោបាយ គឺមានច្រើនណាស់នៅ លើសកលលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយអ្នកទាំងអស់នោះ តែងតែសុំទោសដល់ប្រជាពលរដ្ឋ និងលាលែងពីតំណែងរបស់ខ្លួន។ ឧទាហរណ៍ ដូចជានៅក្នុងសភាជប៉ុន នាពេលថ្មីៗនេះជាដើម”។

សូមជម្រាបថា ក្រុមនិសិ្សតដដែលនេះ ធ្លាប់បានមកដាក់ញត្តិនៅរដ្ឋសភាចំនួនពីរលើករួចមកហើយ កាលពីពេលកន្លងមក ហើយអគ្គលេខាធិការដ្ឋាន រដ្ឋសភាក៏ធ្លាប់បានបញ្ជូនញត្តិនោះទៅ ឯកឧត្ដម កឹម សុខា រួចហើយដែរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។




លោក​ វង្ស ប៊ុនវិ​សុទ្ធ ព្រះរាជអា​ជ្ញារងសា​លាដំបូង​រាជធានីភ្នំ​ពេញ សម្រេ​ចចោទប្រ​កាន់ លោក ​សម រង្ស៊ី ​ពីបទ​បរិហារកេ​រ្តិ៍ស​ម្តេច ហេង សំរិន

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍​សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសំណុំរឿង នេះត្រូវ​បាន​បញ្ចូន​​ទៅ​បើកសវនាការជំនុំជម្រះបន្ត ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ បានសរសេរ​នៅលើហ្វេសប៊ុក​របស់លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​មាន​ចំណង​ជើងថា​ «យើង​ចង​​ចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេច​ព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ» ដែលក្នុង​វីដេអូ​នោះ សម្តេច​ព្រះនរោត្តម សីហនុ បានរិះគន់​ទៅដល់ជនជាតិវៀត​ណាម។ ជាមួយគ្នា​នេះ លោក សម រង្ស៊ី ក៏បាន​ចោទរបបរដ្ឋក​ម្ពុជា ដែលដឹកនាំដោយ​សម្តេច ហេង សំរិន ថាបាន​ដាក់​ទោស សម្តេច ​សីហនុ ​ព្រះវររាជបិតា​ជាតិខ្មែរថា ​ជាជនក្បត់ជាតិ​។

លោក គី តិច មេធាវីការពារក្តី ឱ្យសម្តេច ហេង សំរិន បានបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន បានប្តឹង​ទៅតុលាការចាត់ការ​ទៅតាមផ្លូវច្បាប់ និងទាមទារ​សំណងជំងឺចិត្ត​ចំនួន៣០០​លានរៀល ហើយ​ថាករណីនេះ លោកបាន​ប្តឹងតែ​បុគ្គលលោក សម រង្ស៊ី ម្នាក់ប៉ុ​ណ្ណោះ ដោយសារ​តែ Facebook នោះ ជាទំព័រផ្ទាល់ខ្លួនរបស់លោក៕