Wednesday, December 04, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើស៊ុយអែត ពិនិត្យពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃ បន្ថែមពីលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យស៊ុយអែត ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត បន្ថែមពីលើជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ផ្សេងៗដែលមាននាពេលបច្ចុប្បន្ន។
សំណើឱ្យស៊ុយអែតពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដទៃបន្ថែមលើជំនួយអភិវឌ្ឍន៍ និងមនុស្សធម៌នេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អនុញ្ញាតឱ្យលោក ប៊ីយ៉ន ហេងម៉ាក (Bjorn Haggmark) ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសស៊ុយអ៊ែត ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតស៊ុយអែត បានគូសបញ្ជាក់ថា ក្នុងបេសកកម្មកាទូតរបស់លោក នឹងបន្តជំរុញទំនាក់ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ។ ជាពិសេសពង្រីកទំនាក់ទំនងទៅលើបញ្ហាពិភពលោក បញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសកលភាវូពាណិជ្ជកម្មជាដើម។
សម្រាប់លោកនាយករដ្ឋមន្ត្រី ក្រៅពីកិច្ចសហប្រតិបត្តិការ និងជំនួយលើឆាកអន្តរជាតិ ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសាកលភាវូបនីយកម្មហើយនោះ ក៏បានស្នើលោក ប៊ីយ៉ន ពិនិត្យពិចារណាស្វែងរកកិច្ចសហប្រតិបត្តិការលើលើវិស័យដទៃទៀត ដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក ប៊ីយ៉ន អំពីអាទិភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស គឺកត្តាសុខសន្តិភាព និងស្ថេរភាព។ លោកនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញពីមហិច្ឆតារបស់កម្ពុជា ក្នុងការកែប្រែក្លាយប្រទេសពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។
នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានរំលឹកអំពីសោកនាដកម្មក្នុងអតីតកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយលោកថាមិនគួរទប់ស្កាត់កុំឱ្យមានការវិលត្រឡប់មកវិញ។ លោកឯកអគ្គរដ្ឋទូតបានរំលឹកដែរថា ប្រទេសស៊ុយអែត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក។
ពាក់ព័ន្ធរឿងខ្មែរក្រហមនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអរគុណរដ្ឋាភិបាលស៊ុយអែត ដែលគាំទ្រកម្ពុជាតាំងពីដើមមក ហើយមិនទទួលអតីតខ្មែរក្រហមអង្គុយនៅលើឆាកអន្តរជាតិ ៕





ព្រឹកនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)លើកទី៣៩

មហាសន្និបាតសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ផ្ដើមជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «AIMF ភ្នំពេញ៤០ឆ្នាំក្រោយ»។
ពិធីបើក AIMF លើកទី៣៩ ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមានការចូលរួមពីប្រតិភូអន្ដរជាតិ ប្រមាណ៤០ប្រទេស។ ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញបង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុងដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រទេស។
គួរជម្រាបថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញមួយគត់ ដែលជាសមាជិក សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពលជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក៕

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថារអូរ ប្រឡាយទឹកទាំង៥ខ្សែ

ព្រះសីហនុ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថារអូរ ប្រឡាយទាំង៥ខ្សែ ក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ សុរិយោដី ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ។
លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុង ខេត្តព្រះសីហនុ ដែលជាគម្រោងការងារស្តាអូរ ប្រឡាយទាំង៥ខ្សែ មានប្រវែង២៦.៥៩៧គីឡូម៉ែត្រ ក្នុងក្រុងខេត្តព្រះសីហនុ ក្នុងនោះមានដូចជា អូរប្រឡាយឈើទាលមានអូរតូច៥ផ្សេងទៀត ប្រវែងសរុប១៦.៦៣០ម៉ែត្រ អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង១.៩០០ម៉ែត្រ , អូរ ប្រឡាយ អូរសំអាតប្រវែង៣.៧៧៥ម៉ែត្រ , អូរ ប្រឡាយស្ពានឆេះប្រវែង១.១៧០ម៉ែត្រ , អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ប្រវែង៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ នៃការរំលោភបំពានដីចំណីអូរ ប្រឡាយ ជាមូលហេតុចំបងបណ្តាលឱ្យមានការកក់ស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។ ក្នុងចំណោមអូរ ប្រឡាយទាំង៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង៦០ម៉ែត្រ តាមយាមកាមប្លង់សុរិយោដី។
ក្នុងឱកាសនោះផងដែរ លោក គួច ចំរើន បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបបោះបង្គោលកំណត់និយាកាមទីតាំងអូរ ប្រឡាយទាំង៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ ទៅតាមនិយាមកាមមានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុងចូលរួមសហការចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណាដែលប៉ះពាល់ការងារស្តារអូរប្រឡាយរបស់យើង ដើម្បីឱ្យក្រុមការងារ ដាក់គ្រឿងចក្រចុះកាយនៅពេលខាងមុខ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា បើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គួច ចំរើន បានបញ្ជាក់ថា ផ្លូវថ្នល់៣៤ខ្សែ យើងកំពង់មានការមមាញឹកស្ថាបនា ដូច្នេះប្រពន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៏ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សាឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែខាងលើ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕


ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៦ ខែធ្នូ ដើម្បីពិនិត្យសម្រេច លើរបៀបវារៈ៣

ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា។
តាមការជូនដំណឹងនេះ បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានេះ មានរបៀបវារៈដូចជា៖
* ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។
* ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។
* ទី៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្ដីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា៖

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២ ០-២ ០២៤) របស់រដ្ឋបាលខេត្តកែប

កែប៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុក ថា អភិបាលរងខេត្ត តំណាងលោក កែន សត្ថា អភិបាល នៃ​គណ:អភិបាលខេត្តកែប និងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២ ០-២ ០២៤) របស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមដោយតំណាងក្រុមប្រឹក្សាខេត្ត តំណាងគណ:កម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ក្រុមការងារកសាងផែនការខេត្ត អភិបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៥៥ រូប ។
លោក អ៊ុក ថា បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វ ផ្សាយថ្ងៃនេះ គឺជាការបង្ហាញនូវគោលបំណង និងវិធីសាស្រ្ត នៃការកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត ជូនអ្នកពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុង ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍខេត្តរបស់យើង ប្រកបដោយសក្តានុពល មានប្រសិទ្ធ ភាព និងភាពឆ្លើយតបតាមស្ថានភាពជាក់ស្តែង។ ផែនការច្បាស់លាស់ មានចក្ខុវិស័យត្រឹមត្រូវ វាពិតជាបានជះ ឥទ្ធិពលយ៉ាងពិតប្រាកដដល់ការដឹកនាំ គ្រប់គ្រង និងការសម្រេចបានលទ្ធផលល្អប្រសើរ ហើយការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដែលមានភាពត្រឹមត្រូវ និងទទួល យកបាន វាពិតជាទាមទារនូវការចូលរួមពីគ្រប់ផ្នែកនៃអ្នកពាក់ព័ន្ធនានាផងដែរ។
ឆ្លើយតបទៅនឹងគោលបំណងដ៏មានសារៈសំខាន់នេះ កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ នឹងបង្ហាញនូវឯកសារសំខាន់ៗជាគតិយុត្តិមួយចំនួន និងផ្តល់ទិន្នន័យថ្មីៗ ដើម្បីប្រើប្រាស់ និងវិភាគស្ថានភាពក្នុងការកសាងផែនការអភិវឌ្ឍន៍។
លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថាដើម្បីឲ្យដំណើរការ នៃការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ស្របតាមសេចក្តីណែនាំបច្ចេកទេស និងប្រតិទិនការងារ សូមសមាជិកសមាជិកានៃក្រុមការងារទាំងអស់ ដើម្បីឲ្យផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០- ២០ ២៤)របស់ រដ្ឋបាលខេត្ត មានលក្ខណៈទូលំទូលាយ ស៊ី ជម្រៅ និងអាចទទួលយកបាន សូមឲ្យគ្រប់បណ្តាយន្តការ គ្រប់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តនេះ ដោយអនុវត្តន៍តាមសេចក្តីណែនាំបច្ចេកទេស ដែលបានកំណត់ដោយប្រកាសអន្តរក្រសួង លេខ០៨៤ផក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)របស់រដ្ឋបាលខេត្ត និងសេចក្តីសម្រេចគោលការណ៍ណែនាំផ្នែកគោលន យោបាយរបស់ក្រុមប្រឹក្សាខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តអាណត្តិទី៣៕


រដ្ឋាករទឹកក្រុងភ្នំពេញជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅក្នុងខណ្ឌចំនួន៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ ពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ រួមមានខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។
សង្កាត់ដែលត្រូវផ្អាកផ្គត់ផ្គង់រយៈពេលខ្លីមាន៖
១៖ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
២៖ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ។
៣៖ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
៤៖ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ។
៥៖ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការព្រមព្រៀងស្តីពីការលើកកម្ពស់បណ្ដុះបណ្ដាលមុខជំនាញវិស្វកម្ម

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការព្រមព្រៀង(MOA) សម្រាប់កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការអប់រំផ្នែក វិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងធនាគារពិភពលោក តាមរយៈក្រសួងអប់រំយុវជន និងកីឡា។
ពិធីនេះបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់សាកលវិទ្យាល័យស្វាយរៀងក្នុងការបង្កើតជំនាញវិស្វកម្មថ្មីចំនួន២គឺ វិស្វកម្មមេកានិច និង វិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម តាមរយៈការចែករំលែកនូវចំណេះដឹងរបស់អ្នកជំនាញ លើការអភិវឌ្ឍន៍កម្មវិធីសិក្សាការដំ ណើរការបណ្ដុះបណ្ដាលនិងការបណ្តុះបណ្តាលធន ធានមនុស្សសម្រាប់សាកលវិទ្យាល័យស្វាយរៀង។
លោក ទុំ សារាវុធ បានបញ្ជាក់ថាការចុះកិច្ចព្រមព្រៀងនេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រីកការកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចូលរួមឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជានិងចូលរួមសម្រេចឲ្យបាននូវគោលដៅរបស់រាជ រដ្ឋាភិបាលដែលបានកំណត់ឆ្នាំ២០៣០ ក្លាយទៅជាប្រ ទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
លោកបណ្ឌិត អ៊ុម រម្យណី បានមានមតិប្រកបដោយសុទិដ្ឋិនិយមថាតាមរយៈនៃកិច្ចព្រមព្រៀងនេះ លោកជឿជាក់ថានឹងទទួលបានជាផ្លែផ្កានៅ៥ឆ្នាំក្រោយតាម រយៈការកសាងធនធានមនុស្សនៅនឹងកន្លែងប្រកបដោយសមត្ថភាពព្រមទាំងមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការការងារប្រកបដោយសក្តានុពលនៃតំបន់សេដ្ឋ កិច្ចនៅក្នុងប្រទេសកម្ពុជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលមានតម្រូវការធនធានមនុស្សយ៉ាងច្រើន។
សូមបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀង នឹងបើកដំណើរការមុខជំនាញវិស្វកម្មមេកានិចនៅឆ្នាំសិក្សា ២០២០-២០២១ និងមុខជំនាញវិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្មនៅឆ្នាំសិក្សា ២០២១-២០២២ ខាងមុខដោយមានកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាកលវិទ្យាល័យនៅព្រះរាជាណាចក្រថៃនិងសាកលវិទ្យាល័យនៃប្រទេសជប៉ុនផងដែរ៕



លោក ទៀ សីហា ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដែលបានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះបាក់រលំអគារ

សៀមរាប៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលសៀមរាប បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន និងភរិយា ដែលបានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះដែលជួបឧបទ្ទេវហេតុបាក់រលំអគារដែលកំពុងដំណើរការចាក់បេតុងប្លង់សេសាងសង់សាលាធម្មសភាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ គុណបុណ្យព្រះរតនត្រៃ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន និងភរិយា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរនិងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំកម្ពុជាប្រកបដោយសន្តិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ៕

សេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួនឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួនឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំ កុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន។
សូមអានសេចក្តីជូនដំណឹងមានដូចខាងក្រោម៖

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលជួបជាមួយគណៈប្រតិភូខេត្តយូណាន ដែលដឹកនាំដោយលោក Zhang Guohua អភិបាលរងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរក្នុងគោលបំណងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការគាំទ្រ និងពន្លឿនការងារគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យសម្រេចជោគជ័យ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន និងតំណាងក្រុមហ៊ុនសាងសង់គម្រោង រួមមាន Yunnan Investment Group, Yunnan Construction and Investment Holding Group និង Yunnan Airport Group បានចុះពិនិត្យទីតាំងគម្រោងនិងបានជួបប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួន ព្រមទាំងបានឆ្លៀតឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោក Zhang Guohua បានរាយការណ៍ពីវឌ្ឍនភាពការងារសាងសង់ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តយូណាន ក៏ដូចជារដ្ឋាភិបាល ប្រជាជនចិន ចំពោះគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ជាគម្រោងអាទិភាពមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លូវមួយខ្សែក្រវាត់មួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ដោយឈរលើសារសំខាន់នៃគម្រោងនេះប្រធានគណប្រតិភូ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ការគាំទ្រ និងជួយសម្រួលការងារពាក់ព័ន្ធនានា ដើម្បីឱ្យការអនុវត្តគម្រោងដំណើរការបានទៅដោយរលូននិងជោគជ័យ។ បន្ថែមពីនេះ លោកអភិបាលរងក្នុងនាមថ្នាក់ដឹកនាំខេត្តយូណាន សូមអោយកម្ពុជាមានការជឿជាក់ចំពោះគម្រោងនេះ និងប្តេជ្ញាអនុវត្តន៍គម្រោងសាងសង់នេះ អោយបានចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សកិច្ចរបស់លោក Zhang Guohua និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់នះ ព្រមទាំងអរគុណចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្តយូណាន ក្នុងការសម្រចគម្រោងសាងសង់នេះអោយបានឆាប់រហ័ស និងសន្យាជួយសម្រួល និងរួមគ្នាដោះស្រាយនូវរាល់បញ្ហានានា ដើម្បីរួមចំណែកក្នុងការអនុវត្តគម្រោងអោយទទួលបានជោគជ័យខ្ពស់៕





នយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ជាមេរៀនសម្រាប់ប្រទេសដទៃសិក្សាជាបទពិសោធន៍ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

នេះជាការលើកឡើងរបស់លោក Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមនិងជម្រាបលាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងជំនួបនោះ លោក Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសមនាពេលនេះ។
ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មកាទូតពីព្រះរាជាណាចក្រកម្ពុជា លោក បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា លោកបានរួមចំណែកជាច្រើនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ជាពិសេសក៏បានចូលរួមចំណែកផងដែរក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ដូចជាការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានសម្ដែងនូវសេចក្តីរីករាយចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេសនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។ លោក បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ហើយលោកនឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក បានរៀបចំខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥ ជំរុញអោយទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ប៉ាគីស្ថាន និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។
លោក ក៏បានចូលរួមចំណែកផងដែរក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋានសម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងជូនពរឲ្យលោកជោគជ័យក្នុងបេសកកម្មជាបន្តបន្ទាប់ទៀត៕