Monday, June 05, 2017

វិភាគសង្គម៖ អ្វីខ្លះអ្នកបានយល់លើលទ្ធផលបោះឆ្នោតឃុំ-សង្កាត់២០១៧ ?

ស្របពេលដែលការបោះឆ្នោតបានបញ្ចប់ដោយភាពរលូននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លទ្ធផល​បឋមមិនទាន់ផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅបន្តឈ្នះនាំមុខលើគណបក្សសង្រ្គោះជាតិយ៉ាងច្រើន បើប្រៀបធៀបសម្លេងឆ្នោតកាលពីឆ្នាំ២០១៣។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ បែរជាប្រកាសថា ទទួលជោគជ័យលើការបោះឆ្នោតឆ្នាំ២០១៧នេះ។
ដើម្បីពន្យល់អំពីការប្រៀបធៀបដល់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់អំពីការកើនសម្លេង និងថយសម្លេងឆ្នោត រវាងគណបក្សធំៗទាំងពីរនេះ, លោក ឃុន ប៊ុននី ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាអតីតមន្រ្តីរបស់អង្គការសហប្រជាប្រជាជាតិ បច្ចុប្បន្នជាអ្នកផ្តល់ការប្រឹ​ក្សាយោបល់ដល់អង្គការសង្គមស៊ីវិលមួយចំនួនធំនៅកម្ពុជា បានចេញមកពន្យល់អំពីលទ្ធផលនេះ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងជាទីប្រឹក្សាអង្គការសង្គមស៊ីវិលរូបនោះ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖ ជា​ដំបូងខ្ញុំសូមអបអរសាទរជាមួយគណបក្សធំទាំងពីរ ខ្ញុំយល់ថាការសម្រេចចិត្តធំរបស់ប្រជាជនពិតជាត្រឹមត្រូវល្អ ហើយតាមការគិតទុករបស់ខ្ញុំ គណបក្សប្រជាជនកម្ពុជា នៅរក្សាលើស១,១០០ឃុំ-សង្កាត់ ហើយគណបក្សសង្រ្គោះជាតិ អាចក្រោម៥៥០ ឥឡូវមិនគ្រប់ត្រឹម៥០០ផង មានការលើកឡើងថា ហេតុអ្វីយកមកប្រៀបធៀបឆ្នាំ២០១៣ ចម្លើយខ្លីកាលពីឆ្នាំ២០១២ សង្គ្រោះជាតិ គឺនៅមិនទាន់ចាប់កំណើតនៅឡើយ។
 A) សូមមើលទិន្ន័យប្រៀបធៀបឆ្នាំ២០១៣ ជាឆ្នាំសង្គ្រោះជាតិ (មានភាពខុសគ្នារវាងបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិ ប៉ុន្តែយើងអាចសាកល្បងយកមកប្រៀបធៀបរបៀបនេះបាន) ៖
* ឆ្នាំ២០១៣ CPP មានអសនៈក្នុងរដ្ឋសភា ៦៨/១២៣ ស្មើ៥៥%
* ឆ្នាំ២០១៣ CNRP មានអសនៈសភា ៥៥/១២៣ ស្មើ៤៥%
CPP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៦៨/១២៣) យក១៦៤៦ x ៥៥% ស្មើ ៩១០ ឃុំសង្កាត់។ លទ្ធផលជាក់ស្តែង២០១៧ CPPបានទទួល១១៦៣ឃុំមានន័យថាទទួលបានលើសពីអាណត្តិមុន។ CNRP ឆ្នាំ២០១៧ ឃុំ១៦៤៦ x (៥៥/១២៣) ស្មើ១៦៤៦ x ៤៥% ស្មើ ៧៣៦ ឃុំសង្គាត់។ លទ្ធផលឆ្នាំ២០១៧ ទទួលបានត្រឹម៤៨២ឃុំ មានន័យថា បាត់បង់ច្រើនជាងមុនជិតពាក់កណ្តាល។
 B) សាកល្បងវិភាគរួមគ្នាពីលទ្ធផលនៃការយល់ឃើញវិញ៖
១៖ សម្រាប់ខ្ញុំ CPP នៅតែបន្តឈ្នះលើសលប់ នេះមានន័យថា អ្នកដែលប្រជាជនបោះឆ្នោតជូន មិនមែនបោះឲ្យបក្សទេ គឺបោះឱ្យបុគ្គលដែលគាត់ស្រឡាញ់ ដូច្នេះCPP នៅមានមនុស្សជាទីស្រឡាញ់របស់ប្រជាជនច្រើន និងច្បាស់ណាស់ថា ពួកគាត់ពិតជាបានធ្វើកិច្ចការច្រើនជូនប្រជាជនគាត់ហើយ ទើបប្រជាជននៅមានការគាំទ្រច្រើនលើសលប់បែបនេះ។
២៖ CNRP ទោះចាញ់សម្លេងគាំទ្រឆ្នាំ២០១៣ ប៉ុន្តែគាត់ទទួលបានកៅអីក្នុងឃុំជិត៥០០ដែរ ដែលពីមុនមានតិចបំផុតនោះ នេះវាបង្ហាញពីការជ្រើសរើសថ្មីសម្រាប់ប្រជាជន។ ការជ្រើសរើសនៅពេលនេះ ជារឿងមួយប៉ុន្តែនៅពេលធ្វើកិច្ចការអាចជារឿងផ្សេងមួយទៀតពិបាកនឹងអនុវត្តតម្រូវចិត្តប្រជាជនបន្តិច ព្រោះថាមេឃុំចៅសង្កាត់CNRPនៅថ្មីអាចខ្វះបទពិសោធន៍។
 C) អ្វីដែលជាទ្ធផលនឹងឆ្លុះបញ្ចាំងការបោះឆ្នោតឆ្នាំ២០១៨?
១៖ ចូរចាំថាមេឃុំ CPP គឺជាមេឃុំចាស់មានបទពិសោធន៍ល្អ និងមានទំនាក់ទំនងល្អរួចជាស្រេចជាមួយប្រជាជននិងរដ្ឋ។
២៖ ត្រូវយល់ដែរថា មេឃុំថ្មី CNRP ជាមេឃុំទើបតែជ្រើសរើសនៅថ្មីខ្វះបទពិសោធន៍ ប៉ុន្តប្រជាជនបានផ្តល់ទំនុកចិត្តហើយ ប៉ុន្តែត្រូវចងចាំដែរថា គាត់ត្រូវទទួល រ៉ាប់រងឆ្លើយតបតម្រូវការប្រជាជនបោះឆ្នោតឱ្យគាត់ក្នុងរយះពេល១ឆ្នាំដំបូង មុននិងដល់ការបោះឆ្នោតជាតិ។ ពិតជាមិនមែនរឿងងាយស្រួលទេ ព្រោះជាបន្ទុកដ៏ធ្ងន់ហើយបទពិសោធន៍នៅតិច និងណាមួយគាត់ស្ថិតក្រោមអំណាចចៅហ្វាយស្រុក, ខេត្ត និងរដ្ឋាភិបាលដែលដឹកនាំដោយ CPP ។ មិនចោទលើការប្រកាន់បក្សណាទេតែចំណុចនេះអ្នករាល់គ្នាអាចយល់ព្រោះចង់មិនចង់ការងារមិនមែនរលូនដូចការគិតនោះទេ។
៣៖ ការដោះស្រាយលើបញ្ហានៅមូលដ្ឋាន និងសេវាកម្មនានាដែលជាតម្រូវការប្រជាជន នឹងធ្វើឱ្យមេឃុំ CNRP ថ្មីនឹងជួបបញ្ហាដោយជៀសមិនរួច! រឿងសំរាម លូស្ទះ ប្រឡាយអត់ហូរទឹកលិចផ្លូវ ស្ទះចរាចរចរ និងភូមិឃុំមានសុវត្ថិភាពហើយ និងការបង់ថ្លៃសេវាកម្មរដ្ឋបាលសារធារណៈតាមឃុំសង្កាត់។ល។
និយាយជារួម អ្វីដែលគាត់ធ្លាប់បន្ទោសមេឃុំ CPP ធ្វើមិនកើតបានមកដល់ដំណាក់កាលគាត់ធ្វើម្តង ហើយប្រជាជន និង CPP ពួកគេនឹងដើរតួនាទីជាអ្នកថា និងបន្តោសម្តងសម្រាប់មេឃុំថ្មី CNRP ៤៨២នេះ។ ពេលនោះអ្នកធ្វើនិងអ្នកថា បានដូរតួនាទីគ្នាវិញម្តង ហើយពួកគេនឹងដូរតួនាទីគ្នាឆ្លងកាត់កិច្ចការដ៏ច្រើន​ ហើយអ្នករាល់គ្នាប្រហែលជាច្បាស់លើលទ្ធផលមិនខាន។
ពិត​ណាស់ហើយ ឃុំសង្កាត់ដែល CPP បានបាត់បង់ គឺជាអ្វី១ សំខាន់បំផុតដែលគណបក្សនេះ ត្រូវចេះវះកាត់ជៀរចោលនូវសាច់ផុតស្អុយមួយចំនួនជាជាងអោបក្រសោប ​និងលាក់បាំងនូវចំណុចខ្វះខាតរបស់ពួកគេ។ តាមការមើលលភូមិសាស្ត្រ ភូមិឃុំដែលចាញ់ ស្ទើរតែទាំងអស់ពាក់ព័ន្ធនឹងតំបន់កសាងថ្មី និងចាស់ដែរដែលសេវាសាធារណៈរដ្ឋមិនត្រូវបានឆ្លើយទាន់ពេលវេលា និងការមិនយកចិត្តទុកដាក់របស់អជ្ញាធរ។ ដូច្នេះវាជាមេរៀនដ៏ឈឺចាប់មួយដែលដាច់ខាតគេត្រូវពង្រឹងឡើងវិញ បើសិនសំលឹងទៅរកជោគជ័យលើសលប់នាឆ្នាំ២០១៨នោះ។
 ៤៖ ការសន្យានៃបក្សសង្គ្រោះជាតិលើថវិកាជួយដល់ឃុំសង្កាត់ នឹងក្លាយជារបៀបវារៈដ៏ពេញនិ​យមចាប់ពីថ្ងៃនេះតទៅហើយ។ ប្រាក់៥០ម៉ឺនដុល្លារ ដែល CNRP សន្យាជូនមេឃុំគឺជារឿងបោកប្រាស់សុទ្ធសាធហើយម្នាក់ៗនឹងបានក្លាយជាសាក្សីគ្រប់ៗគ្នា។ ហេតុអ្វីបោកប្រាស់ព្រោះ​​ថា ការទម្លាក់ថវិកាទៅឃុំសង្កាត់ធ្វើឡើងដោយរដ្ឋាភិបាលដឹកនាំដោយ CPP មិនមែនដោយ​ CNRP នោះទេ។ ដូច្នេះបើរដ្ឋាភិបាលមិនអនុម័តថវិកានេះ វាមិនមែនជាកំហុសរបស់រដ្ឋាភិបាលដែរ តែជាកំហុស CNRP ដែលខំប្រឹងប្រែងនិយាយឱ្យតែរួចខ្លួន មិនទទួលខុសត្រូវ ហើយភ្លេចគិត ពីបរិបទជាក់ស្តែងបែបវិទ្យសាស្ត្រថា គ្មានថ្ងៃធ្វើទៅបាននោះ។ មានការពន្យល់ថា ៥០ម៉ឺនគឺនៅពេលឈ្នះការបោះឆ្នោតជាតិនាឆ្នាំ២០១៨តែប៉ុណ្ណោះ។ កាន់តែខុសហើយ!!បើពិតដូច្នេះមែន ហេតុអ្វីយកមកឃោសនាពេលបោះឆ្នោតឃុំសង្កាត់? សូមឆ្លើយបញ្ជាក់ថា បើទោះជាគាត់ឈ្នះការបោះឆ្នោតជាតិទាល់តែ CNRP អាចទទួលបានជ័យជំនះ១០០% ទើបការអនុម័ត៥០ម៉ឺន ជូនឃុំសង្កាត់ គ្មានជួបញ្ហានៅក្នុងសភាជាតិក្នុងរឿងអនុម័តថវិកាជាតិពិតណាស់រឿងអាចឈ្នះ១០០% វាមិនអាចទៅរួចសោះឡើយ។
 ៥៖ ត្រង់ចំណុចវិភាគពី១ដល់៤ វាជាសេណារីយ៉ូ ដែលនឹងបញ្ជាក់ជាថ្មីថា CPP នឹងបន្តកាន់តែមានប្រៀបខ្លាំងបន្ថែមលើកិច្ចការខ្លួនជាពិសេសទាក់ទាញ អ្នកគាំទ្រខ្លួនកាន់តែលើសលុបនាឆ្នាំ២០១៨ ហេតុអ្វី? ដូចជម្រាបជូនខាងលើ មេឃុំចៅសង្កាត់ CPP គាត់មានបទពិសោធន៍ និងស្នាដៃស្រាប់ ដូច្នេះគ្មានការប្រឈមនឹងការត្រូវឆ្លើយតបតម្រូវការប្រជាជន និងសេវាសាធារណៈច្រើនទេ ព្រោះគាត់បានធ្វើពីមុនរួចហើយនិងគ្រាន់តែបន្តរក្សាកិច្ចការកុំឱ្យតែមានការធ្លាក់ចុះវិញ! ១ចំណុចទៀត ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនមែនជាការជ្រើសរើសបុគ្គលដូចបោះឆ្នោតឃុំសង្កាត់ដែរ ប៉ុន្តែជាការជ្រើសបក្សជារឿងរបស់សន្តិភាព ការអភិវឌ្ឍ និងអនាគតប្រ​ទេសជាតិ ប្រជាជនអាចមានការពិចារណាខុសគ្នាពីលើកនេះ។ បើត្រូវជ្រើសរើសបុគ្គលនិងបុគ្គលវិញ ពិតណាស់ លោក កឹម សុខា មិនអាចប្រៀបធៀបសម្តេច​តេជោបានដែរ ព្រោះតែបទពិសោធន៍និងស្នាដៃខុសគ្នាមេឃនិងដី។

 អត្ថបទវិភាគសង្គមគ្រាន់ពិចារណា, ដោយ៖ ឃុន ប៊ុននី





អត្រាប្តូរប្រាក់រវាងរូបីយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល សម្រាប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧


ប្រភពពី akp

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញចំណុចពីរដែលបញ្ជាក់ថា បក្សប្រជាជននៅតែឈ្នះ ហើយបក្សប្រឆាំងនៅតែចាញ់

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកដោយបញ្ជាក់នូវហេតុផលជារួមថា ទោះជាយ៉ាងណាគណបក្ស ប្រជាជនកម្ពុជា នៅតែជាគណបក្សឈ្នះឆ្នោត ហើយគណបក្សប្រឆាំងនៅតែជា គណបក្សចាញ់ដដែល។

ខាងក្រោយនេះជាខ្លឹមសារទាំងស្រុង ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះផ្សាយ៖ បន្ទាប់ពីការបោះឆ្នោតប្រកបដោយជោគជ័យហើយ ថ្ងៃនេះ ខ្ញុំសុំហាត់កីឡាសិន ព្រោះមិនបានបែក ញើសរយះពេល៣សប្តាហ៍រួចមកហើយ។
យប់មិញមានមនុស្សមួយចំនួនចេញមកអះអាងថា គណបក្ស ប្រជាជនចាញ់ឆ្នោត។ នេះពិតជាមនស្ស ស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលមែន។ ខ្ញុំមិនឆ្លើយតបចំពោះការឃោសនាអកុសល នោះទេ តែគ្រាន់តែបង្ហាញលើចំណុចពីរ៖
១.ផែនការគ្រប់គ្រងសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអង្គបោះឆ្នោត ព្រឹទ្ធសភាដើម្បី គ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្រ បានបរាជ័យរួចទៅហើយ។ គេឃោសនាថា ឆ្នាំ២០១៧ យក ឃុំ សង្កាត់ និងព្រឹទ្ទសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាង មុខគណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។

២.សម្លេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀប នឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត 6,743,329 សម្លេង គណបក្សប្រជាជនទទួលបានចំនួន 3,529,400សម្លេង ស្មើ51,39% កើនឡើងជាង ៣០ម៉ឺនសម្លេង ប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣។ សម្លេងបក្សផ្សេង សង្ឃឹមថាបក្សទាំងនោះ នឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភាដែលអាចបញ្ជាក់ច្បាស់រួចទៅហើយ ថាគណបក្សប្រជាជន នឹងនៅតែជាគណបក្ស មានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សម្លងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសម្លេងឆ្នោតពេលនេះប៉ុន្មាននោះទេ។
សុំអរគុណ និងជូនពរ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការគណបក្សប្រជាជន ទាំងអស់ដែលនាំបក្សមកកាន់ជោគ ជ័យជាថ្មីម្តងទៀត៕



លិខិតចៅចាក់ស្មុក៖ ពលរដ្ឋខ្មែរភាគច្រើនបាននិយាយថាស្រឡាញ់សន្តិភាពនិងការអភិវឌ្ឍ

ថ្ងៃទី៤ខែមិថុនានេះគឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាភាគច្រើនបាននិ​យាយថាពួកខ្លួនស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ហើយបានបោះឆ្នោតជូនគណបក្សប្រ​​​​ជា​ជនកម្ពុជាដើម្បីបន្តការគ្រប់គ្រងនិងដឹកនាំរដ្ឋបាលឃុំសង្កាត់នៅស្ទើរទូទាំងប្រទេសកម្ពុជា។

លទ្ធផលបឋមបានបញ្ជា្កក់ថាគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលធំជាងគេមានភាពចាស់ទុំផ្នែកនយោបាយ និងសម្បូរដោយធនធានមនុស្សនោះនៅតែជាសេចក្តីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនដោយបានឈ្នះការគ្រប់គ្រងឃុំចំនួន ១១៦៣ ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត ១៦៤៦ ឃុំសង្កាត់។

លទ្ធផលបោះឆ្នោតនៅថ្ងៃនេះក៏បានបង្ហាញច្បាស់ថាអ្នកបានតែថា អ្នកចាំតែឈរមើល និងអ្នកចាំតែសន្យាខ្យល់មិនធ្វើមិនត្រូវបានទទួលសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋឡើយទោះបី ជាពួកគេខិតខំប្រឹងប្រែងក្នុងការអួតអាង បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តយ៉ាងណាក៏ដោយ។ ប្រជារាស្ត្រខ្មែរពិតជាបានថ្លឹងថ្លែងយ៉ាងច្បាស់រវាងគណបក្សប្រជាជនកម្ពុជាដែលជាអ្នកនាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងបក្សដែលបានត្រឹមតែសន្យាខ្យល់ក្តែងៗ និងដើរញុះញង់ រើសអើងប្រកាន់ជាតិសាសន៍ បង្កចលាចលក្នុងសង្គម។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត៤អាណត្តិមកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះជាតិ និងជីវិតប្រជាពលរដ្ឋពិតប្រាកដពីរបបខ្មែរក្រហម ប៉ុល ពត ព្រមទាំងជាអ្នកដើរតួនាទីក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិបានទទួលជ័យជម្នះលើសលុបលើការបោះឆ្នោតគ្រប់ពេលទាំងអស់។ លទ្ធផលជាវិជ្ជមាននេះបានបង្ហាញថាប្រជាពលរដ្ឋបានចេញចិត្តចំពោះការដឹកនាំលើផ្លូវត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានផ្តល់នូវសេចក្តីទុកចិត្តដល់បេក្ខជនបេក្ខនារីនៃគណបក្សប្រជាជនដែលបានបម្រើជាតិ និងប្រជាជនពិតប្រាកដជាង ៣៨ ឆ្នាំមកហើយ។

មេឃុំ/ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាដែលជាប់ឆ្នោត នឹងខិតខំបម្រើប្រជាពលរដ្ឋបន្តទៀតដោយមិនប្រកាន់និន្នាការនយោបាយឡើយដើម្បីការភិវឌ្ឍឃុំសង្កាត់ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលជម្រាបជូនពលរដ្ឋ នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតកន្លងទៅនេះ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនគឺជាកម្មវិធីនយោបាយពិតជាក់ស្តែង និងបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរៀបចំឡើងដោយឆ្លុះបញ្ចាំងទៅនឹងគោលនយោបាយអភិវឌ្ឍជាតិ។

ដូច្នេះមិនមែនជាការចៅដន្យទេដែលប្រជាពលរដ្ឋបានបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ខណៈបក្សខ្លះ បានត្រឹមតែសន្យាតាមការស្រមើស្រម៉ៃ និងធ្វើនយោបាយបោកប្រាស់រាស្ត្រតែប៉ុណ្ណោះ។ សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទឹសដែលបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាបន្តទៀត!

ដោយ៖ ចៅចាក់ស្មុក



អង្គការអន្តរជាតិ វាយតម្លៃថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា ពិតជាមានភាពល្អប្រសើរ បើធៀបនឹងប្រទេសដទៃនៅអាស៊ី

(ភ្នំពេញ)៖ អង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃអំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ២០១៧នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។ អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។

លោក Agung Laksono អនុប្រធាន CAPDI និងអតីតប្រធានសភាសាធារណរដ្ឋឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានធ្វើទស្សនកិច្ចនៅការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដោយមើលឃើញថា ប្រជាពលរដ្ឋពិតជាបានចេញមកបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងសម្ងាត់ជាក់ប្រាដកមែន។ តំណាងអង្គការ CAPDI រូបនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើន ចាប់តាំងពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញ បន្ទាប់ពីដំណាក់កាលអន្តរកាល នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

រីឯលោក Vijay Jolly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍របស់ ICAPP បានចុះសង្កេតការណ៍បោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតផ្សេងៗ ក្នុងនោះក្រុមការងាររបស់លោក មានចំណាប់អារម្មណ៍ចំពោះអត្រារបស់អ្នកចូលរួមបោះឆ្នោត ថាប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងអាចទុកចិត្តបាន។​ អង្គការ ICAPP មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបំពេញការងារដ៏ធំធេង ក្នុងការធានាសុវត្ថិភាព និងសន្តិសុខជូនអ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិលជាដើម។

ដោយឡែកសម្រាប់លោក Andres Pastrana ប្រធានអង្គការ CDI និងជាអតីតប្រធានាធិបតីប្រទេសគូឡំប៊ី ក៏បានវាយតម្លៃដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជានេះ គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ និងគ្មានអំពើហិង្សា ក៏ដូចជាបញ្ហាលំបាកធំដុំឡើយ។ ជាមួយគ្នានឹងសន្តិភាព សុវត្ថិភាព ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនអ្នកបោះឆ្នោត ក៏បានចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតនេះ ធ្វើទៅដោយរលូនផងដែរ។

តំណាងអង្គការអន្តរជាតិធំៗទាំងនេះ សុទ្ធបានបញ្ជាក់ថា មុនធ្វើការចុះប្រតិបត្តិការសង្កេតការណ៍បោះឆ្នោត ស្ទើរពេញមួយថ្ងៃនេះ ពួកគេមានឱកាសបានជួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងបានជួបជាមួយតំណាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។

ទោះយ៉ាងណា ក្រុមអង្គការអន្តរជាតិទាំងនេះ បានកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានខិតខំប្រឹងប្រែងរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ប្រកបដោយភាពរលូន និងទទួលយកបានទាំងអស់គ្នា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ការដែល គ.ជ.ប ថ្មីសព្វថ្ងៃនេះ បានសមត្ថភាព និងមានទំនុកចិត្តក្នុងការរៀបចំដំណើរបោះឆ្នោតនេះ ប្រកបដោយភាពល្អប្រសើរទៅបាន ដោយសារមានកត្តារួមផ្សំមួយចំនួន រួមមាន៖
១៖ សមាសភាពថ្នាក់ដឹកនាំរបស់ គ.ជ.ប គឺត្រូវបានរើសចេញពីគណបក្សកាន់អំណាចចំនួន ៤រូប គណបក្សមិនកាន់អំណាច តែមានអសនៈក្នុងសភាចំនួន ៤រូប និងអ្នកមាននិន្នាការឯករាជ្យចំនួន ១រូប ដែលជាសមាសភាពអាចថ្លឹងថ្លែងគ្នាបាន ហើយរាល់សម្រេចធ្វើអ្វីមួយ ត្រូវប្រកាន់នូវគោលការណ៍ ៥០%+១។
២៖ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធ ដែលរួមមានចំនួន ១១ស្ថាប័ន រួមជាមួយបុគ្គលិកជំនាញការដ៏មានសមត្ថភាពខ្ពស់ មកពីសហគមន៍អឺរ៉ុប ជប៉ុន សហរដ្ឋអាមេរិកជាដើម ក្នុងការរៀបចំ ក៏ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា។
៣៖ ការធ្វើបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធអេឡិចត្រូនិច ដ៏សុក្រឹត និងទុកចិត្តបំផុត រហូតដល់ទៅជាង៩៨%។
៤៖ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ក៏ដូចជាបណ្ដឹងពាក់ព័ន្ធនឹងគណបក្សនយោបាយ និងប្រជាពលរដ្ឋ នៅអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងកត្តាសំខាន់មួយចំនួនទៀត។

សូមជម្រាបថា ក្នុងរយៈពេលមួយថ្ងៃ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ បានទៅបោះឆ្នោតរួចរាល់។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលបឋមបានបង្ហាញ គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ ដោយទទួលបាន១១៦៣ឃុំ ខណៈគណបក្សប្រឆាំងទទួលបាន ៤៨២ឃុំ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំ ក្នុងចំណោម ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជួយឱ្យការបោះឆ្នោតដំណើរការដោយជោគជ័យ

ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជួយធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលបានជោគជ័យចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook តែប៉ុន្មានម៉ោងក្រោយលទ្ធផលបឋមត្រូវបានប្រកាសថា «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យនៅថ្ងៃនេះ»។

លោក ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនាបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។ លោកនាយករដ្ឋមន្រ្តី ក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថា បណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។

សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានយកឈ្នះ ១១៦៣ឃុំ សង្កាត់, គណបក្សសង្រ្គោះជាតិឈ្នះ ៤៨២ឃុំ សង្កាត់, គណបក្សខ្មែររួបរួមជាតិឈ្នះ ១ឃុំ៕


ក្រោយដកហូតរមណីយដ្ឋានអង្គរមកគ្រប់គ្រងវិញ រាជរដ្ឋាភិបាលទទួលបានចំណូលសម្រាប់ថវិកាជាតិកើនឡើង និងថែមទាំងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀត

(សៀមរាប)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូតការគ្រប់គ្រងការប្រមូលចំណូលលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មកគ្រប់គ្រងដោយខ្លួនឯង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក បានឲ្យធ្វើមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បង្កើតបានអង្គភាពរដ្ឋមួយ (គ្រឹះស្ថានអង្គរ) ដើម្បីគ្រប់គ្រងលើការលក់ប័ណ្ណ ចូលទស្សនាអង្គរ និងសម្រេចដំឡើងថ្លៃសំបុត្រចូល ទស្សនាតំបន់អង្គរថែមទៀតផងដែរ គឺចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៧មក។

បច្ចុប្បន្នប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖

១៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ។
២៖ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
៣៖ ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។

អ្វីដែលពិសេសនោះ ថវិកាដែលទទួលបានពីលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរក្នុង១សន្លឹកត្រូវដកចំនួន១ដុល្លារ បង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា។

យោងតាមតួលេខផ្លូវការដែលគ្រឹះស្ថានអង្គរផ្តល់ជូនអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ចាប់គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរបានទិញប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ មានចំនួន១,០៩២,៣៧៧សន្លឹក កើនឡើង១២.៣០ភាគរយ បើធៀប​នឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៦។ ចំពោះចំណូលដែលប្រមូលបាន ពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០១៧នេះ មានចំនួន ៤៥,៩១៣,៦០២ដុល្លារ កើនឡើង៦៤.១៣ភាគរយ។

យោងតាមតួលេខនេះបញ្ជាក់ថា ភ្ញៀវទេសចរនៅតែសម្រុក មកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើង ខណៈចំណូលក៏ទទួលបានកាន់តែកើនឡើងផងដែរ៕


រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកបណ្តាញអគ្គិសនីទូទាំងប្រទេស និងបញ្ចុះតថ្លៃអគ្គិសនីឲ្យមកនៅកម្រិតទាប ដើម្បីលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងភ្ជាប់បណ្តាញអគ្គិសនី សម្រេចឲ្យបានគ្រប់ភូមិស្រុក ឲ្យបានតាមគោលដៅដែលបានកំណត់នោះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអគ្គិសនី។
សូមរំលឹកថា អ្វីដែលពិសេសនោះចាប់ពីខែមីនា ឆ្នាំ២០១៧មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះតម្លៃការប្រើប្រាស់អគ្គិសនី៖
* សម្រាប់អ្នកដែលតជាមួយបណ្តាញជាតិ
១៖ អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ធ្លាក់ចុះថ្លៃពី៧០០រៀលទៅ៨០០រៀល មកត្រឹមនឹងត្រូវធ្លាក់មកនូវត្រឹម៦១០រៀល។
២៖ អ្នកដែលប្រើក្រោម១០គីឡូវ៉ាត់ម៉ោង ធ្លាក់មកនូវតម្លៃ៤៨០រៀល។
៣៖ សម្រាប់អ្នកដែលប្រើប្រាស់ លើស៥០គីឡូវ៉ាត់ម៉ោង ពីមុនថ្លៃ១០០០រៀល ឬ៩០០រៀល ធ្លាក់ចុះមកនូវ៧៧០រៀល។
* សម្រាប់អ្នកដែលមិនភ្ជាប់បណ្តាញជាតិ ត្រូវធ្លាក់ចុះមកនូវ៧៩០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
* បូមទឹកធ្វើកសិកម្មប្រើប្រាស់ពេលយប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ចំពោះបណ្តាញឯកជន ដែលដាក់នៅតំបន់ឆ្ងាយៗ ដែលមិនភ្ជាប់បណ្តាញជាតិ រដ្ឋបាលក្រោមជាតិ ក៏ដូចជាផ្នែកអគ្គិសនី បាននិងកំពុងបន្តការចរចា ឲ្យអគ្គិសនីចុះថ្លៃ។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០១៧នេះ អត្រាប្រជាពលរដ្ឋ ដែលមានអគ្គិសនីប្រើប្រាស់ មានចំនួនជាង៧៤ ភាគរយហើយ ខណៈ២៥ភាគរយទៀត កំពុងធ្វើការអភិវឌ្ឍន៍។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រភពថាមពលដោយខ្លួនឯង និងកាត់បន្ថយបាននូវការនាំចូលអគ្គិសនី ពីប្រទេសជិតខាង។
ជាស្តែងបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការនាំចូលពីប្រទេសជិតខាង បានថយចុះពី ២៥.៧៣ភាគរយ មកត្រឹមតែ២២.០៦ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០១៦ ខណៈនៅឆ្នាំ២០១៧នេះ ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ២០ភាគរយ៕

អំនួតខុសក្បួន៖ បក្សដែលឈ្នះជាង៤០០ ឃុំសង្កាត់ ប្រកាសថា ជោគជ័យលើបក្សដែលឈ្នះជាង១១០០ ឃុំសង្កាត់ !

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមិថុនានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាភាគច្រើនបាននិយាយថា ពួកខ្លួនស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ហើយបានបោះឆ្នោតជូនគណបក្សទេវតា។ លទ្ធផលបឋមបានបញ្ជា្កក់ថា បក្សទេវតានៅតែទទួលបានការផ្តល់សេចក្តីទុកចិត្ត ដោយប្រាកដដោយភាពប្រាកដនិយមពីរាស្រ្តក្នុងនគរ។
លទ្ធផលបោះឆ្នោតនៅថ្ងៃនេះក៏បានបង្ហាញច្បាស់ថា អ្នកបានតែថា អ្នកចាំតែឈរមើល និងអ្នកចាំតែសន្យាខ្យល់មិនធ្វើមិនត្រូវបានទទួល សេចក្តីទុកចិត្តឲ្យដឹកនាំនគរទាំងមូលឡើយទោះបី ជាពួកគេខិតខំប្រឹងប្រែងក្នុងការអួតអាង បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តយ៉ាងណាក៏ដោយ។
រាស្ត្រខ្មែរពិតជាបានថ្លឹងថ្លែង និងមើលឃើញយ៉ាងច្បាស់រវាងបក្សដែលជាអ្នកនាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងបក្សដែលបានត្រឹមតែសន្យាខ្យល់ក្តែងៗ និងដើរញុះញង់ រើសអើងប្រកាន់ជាតិសាសន៍ បង្កចលាចលក្នុងសង្គម។ លទ្ធផលនេះក៏អាចឱ្យយើងពិចារណាលើចំណុចមួយចំនួន៖
១៖ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ បក្សព្រះអាទិត្យទទួលបានអាសនៈ នៅក្នុងរដ្ឋសភាចំនួន ៥៥ ហើយបក្សទេវតាទទួលបានអាសនៈចំនួន ៦៨។ ជាមួយនឹង ៦៨អាសនៈនេះ បក្សទេវតាបានដឹកនាំនគររហូតមកដល់បច្ចុប្បន្ន។ បើយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ មកគណនាបែកចែកអាសនៈមេឃុំ-ចៅសង្កាត់ បក្សទេវតាត្រូវទទួលបានចំនួន១០២០មេឃុំចៅសង្កាត់ ហើយបក្សព្រះអាទិត្យ ត្រូវទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន៦១២។
២៖ ដូចនេះដើម្បីអាចដណ្តើមបានអាសនៈភាគច្រើននៅរដ្ឋសភា ដើម្បីដឹកនាំនគរខ្មែរ បក្សព្រះអាទិត្យត្រូវដណ្តើមសំឡេងឆ្នោតឲ្យបានលើសពី ៥០% ឬនិយាយម្យ៉ាងទៀត គឺត្រូវដណ្តើមតំណែងមេឃុំចៅសង្កាត់ពីបក្សទេវតាឲ្យបានជាង៥០% ត្រូវនឹង៨២៣ឃុំ-សង្កាត់យ៉ាងតិចបំផុត។
៣៖ ក្នុងពេលឃោសនាបោះឆ្នោត បក្សព្រះអាទិត្យមានជំនឿប្រកបដោយអំនួតថា នឹងដណ្តើមយកមេឃុំចៅសង្កាត់អោយបានលើសពី ៥០% រហូតដល់ ៧០%។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៧ នេះ បង្ហាញយ៉ាងច្បាស់ដោយឥតប្រកែកបានថា បក្សព្រះអាទិត្យមិនបានទទួលលទ្ធផលដូចការរំពឹងទុកនោះទេ។ មិនត្រឹមតែមិនអាចរក្សាសន្ទុះនៃការគាំទ្រដូចកាលពីឆ្នាំ២០១៣ ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យថមថយការគាំទ្រ និងបាត់ឱកាសតំណែងមេឃុំចៅសង្កាត់ដែលរំពឹង ទុកអស់ជិត១៣០ ឃុំសង្កាត់ទៅវិញ។ បងប្អូនដែលឃើញ និងជឿដោយប្រាកដនិយមទេ ថាបក្សដែលខំប្រឹងអស់ហើយបានត្រឹមតែជាង៤០០ឃុំសង្កាត់ អាចមានសន្ទុះយកឈ្នះបក្សដែលមានជាង ១១០០ឃុំសង្កាត់ ហើយកំពុងកាន់អំណាចទៀត? នេះបើមិនមែនជាការមមើលមមាយក្នុងនិទានកថានោះ គឺពិតជារឿងផ្តេសផ្តាសមួយយ៉ាងពិតប្រាកដ!
៤៖ ក្តីស្រមៃចង់បានប្រធានព្រឹទ្ធសភា និងក្លាយជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រ ទ្រង់យាងទៅក្រៅប្រទេស ក៏ត្រូវរលាយសាបសូន្យឈឹងជាមួយ នឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សដែលទទួលបានជ័យជំនះពិតប្រាកដនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺគណបក្សដែល អាចគ្រប់គ្រងតំណែងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស គឺជាអ្នកបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា។
៥៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ គឺមានចរិតប្លែកខុសពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកមុន។ គណបក្សនីមួយៗបាន ដាក់ចេញយុទ្ធសាស្រ្តនយោបាយរៀងៗខ្លួន ដោយកំណត់យកការបោះឆ្នោតឆ្នាំ ២០១៧នេះ គឺជាសមរភូមិនយោបាយកំណត់ការឈ្នះចាញ់សម្រាប់ការ បោះឆ្នោតឆ្នាំ ២០១៨។ បក្សព្រះអាទិត្យ ទាំងប្រធានចាស់ ទាំងប្រធានថ្មី បានចេញឃោសនារកសំឡេងឆ្នោត ដោយចាត់ទុកការបោះ ឆ្នោតនេះ គឺជាជំហាន មិនអាចខ្វះបានសម្រាប់ជ័យជំនះឆ្នាំ២០១៨។ ចំណែកឯបក្សទេវតា ក៏មិនខុសគ្នាដែរ។ មេទ័ពធំនៃបក្សនេះបានចេញមកដឹកនាំការឃោសនា ដោយខ្លួនឯងជាលើកទី១ ក្នុងប្រវត្តិនយោបាយខ្មែរ ដើម្បីលើកទង់ការពារសន្តិភាព និងការអភិវឌ្ឍដែលជាសមិទ្ធផលរបស់បក្ស និងជាអាយុជីវិតរបស់ជាតិខ្មែរ។
ដូចនេះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧នេះ គឺអាចយកធ្វើជាមូលដ្ឋានដើម្បីគណនាកំណត់ថា អ្នកណាឈ្នះចាញ់បាន នៅឆ្នាំ២០១៨។ លទ្ធផលនេះ បង្ហាញយ៉ាងច្បាស់ថា បក្សទេវតានឹងបន្តបង្កើនអាសនៈរបស់ខ្លួននៅរដ្ឋសភាលើសពី៦៨អាសនៈបច្ចុប្បន្នយ៉ាងពិតប្រាកដ។ ចំណែកឯបក្សព្រះអាទិត្យ គឺស្ថិតក្នុងនិន្នាការនៃការថមថយកំលាំងពី ២០១៣ ទៅ ២០១៧ និងបន្តទៅ ២០១៨។
៦៖ ជារួមលទ្ធផលបោះឆ្នោតឃុំសង្កាត់ ២០១៧ គឺជាក្តីអស់សង្ឃឹមរបស់បក្សព្រះអាទិត្យ ហើយវាបង្ហាញថា ព្រះអាទិត្យដែលចាប់ផ្តើមរះបានបន្តិចនាឆ្នាំ២០១៣ បានចាប់ផ្តើមអស្តង្គតទៅវិញជាបណ្តើរៗនៅឆ្នាំ២០១៧។
អំនួតនយោបាយទាំងឡាយរបស់បក្សព្រះអាទិត្យ ត្រូវបានសងមកវិញជាមួយនឹងភាពអាម៉ាស់យ៉ាងជូរចត់បំផុត។ ឯណាទៅការឈ្នះជាង៧០% រហូតដល់ ៧៥% របស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់? ឯណាទៅតំណែងប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី? ដំណើរលើផ្លូវអស្តង្គតរបស់ព្រះអាទិត្យនេះ គឺមិនខុសពីដំណើរនៃភ្លើងទៀនជិតរលត់នៅក្នុងការបោះឆ្នោត ២០០៨ នោះទេ! អ្នកនយោបាយជើងចាស់មួយរូបធ្លាប់បាននិយាយរួចហើយថា លទ្ធផល ៥៥ អាសនៈរបស់បក្សព្រះអាទិត្យក្នុងឆ្នាំ២០១៣ គឺបានឡើងដល់កំពូលហើយ ដូចនេះ ជាច្បាប់ធម្មជាតិគឺត្រូវធ្លាក់មកវិញដែលនេះជាក្រិត្យក្រម។ អំនួតក្នុងក្អម កង្កែបក្នុងអណ្តូង។ លទ្ធផលបោះឆ្នោតឃុំសង្កាត់ ២០១៧ បង្ហាញច្បាស់ហើយថា រាស្រ្តខ្មែរត្រូវការសន្តិភាព និងការអភិវឌ្ឍ ដើម្បីសេចក្តីសុខសាន តកូន តចៅជំនាន់ក្រោយ រាស្រ្តខ្មែរ ត្រូវការទេវតាជាងព្រះអាទិត្យដែលជិតអស្តង្គត ដើម្បីសេចក្តីសុខនគរ!
ស្រុកកំចាយមារ ខេត្តព្រៃវែង,
ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង