Monday, June 05, 2017

អំនួតខុសក្បួន៖ បក្សដែលឈ្នះជាង៤០០ ឃុំសង្កាត់ ប្រកាសថា ជោគជ័យលើបក្សដែលឈ្នះជាង១១០០ ឃុំសង្កាត់ !

(ភ្នំពេញ)៖ ថ្ងៃទី៤ ខែមិថុនានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាភាគច្រើនបាននិយាយថា ពួកខ្លួនស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ហើយបានបោះឆ្នោតជូនគណបក្សទេវតា។ លទ្ធផលបឋមបានបញ្ជា្កក់ថា បក្សទេវតានៅតែទទួលបានការផ្តល់សេចក្តីទុកចិត្ត ដោយប្រាកដដោយភាពប្រាកដនិយមពីរាស្រ្តក្នុងនគរ។
លទ្ធផលបោះឆ្នោតនៅថ្ងៃនេះក៏បានបង្ហាញច្បាស់ថា អ្នកបានតែថា អ្នកចាំតែឈរមើល និងអ្នកចាំតែសន្យាខ្យល់មិនធ្វើមិនត្រូវបានទទួល សេចក្តីទុកចិត្តឲ្យដឹកនាំនគរទាំងមូលឡើយទោះបី ជាពួកគេខិតខំប្រឹងប្រែងក្នុងការអួតអាង បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តយ៉ាងណាក៏ដោយ។
រាស្ត្រខ្មែរពិតជាបានថ្លឹងថ្លែង និងមើលឃើញយ៉ាងច្បាស់រវាងបក្សដែលជាអ្នកនាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងបក្សដែលបានត្រឹមតែសន្យាខ្យល់ក្តែងៗ និងដើរញុះញង់ រើសអើងប្រកាន់ជាតិសាសន៍ បង្កចលាចលក្នុងសង្គម។ លទ្ធផលនេះក៏អាចឱ្យយើងពិចារណាលើចំណុចមួយចំនួន៖
១៖ ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ បក្សព្រះអាទិត្យទទួលបានអាសនៈ នៅក្នុងរដ្ឋសភាចំនួន ៥៥ ហើយបក្សទេវតាទទួលបានអាសនៈចំនួន ៦៨។ ជាមួយនឹង ៦៨អាសនៈនេះ បក្សទេវតាបានដឹកនាំនគររហូតមកដល់បច្ចុប្បន្ន។ បើយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ មកគណនាបែកចែកអាសនៈមេឃុំ-ចៅសង្កាត់ បក្សទេវតាត្រូវទទួលបានចំនួន១០២០មេឃុំចៅសង្កាត់ ហើយបក្សព្រះអាទិត្យ ត្រូវទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន៦១២។
២៖ ដូចនេះដើម្បីអាចដណ្តើមបានអាសនៈភាគច្រើននៅរដ្ឋសភា ដើម្បីដឹកនាំនគរខ្មែរ បក្សព្រះអាទិត្យត្រូវដណ្តើមសំឡេងឆ្នោតឲ្យបានលើសពី ៥០% ឬនិយាយម្យ៉ាងទៀត គឺត្រូវដណ្តើមតំណែងមេឃុំចៅសង្កាត់ពីបក្សទេវតាឲ្យបានជាង៥០% ត្រូវនឹង៨២៣ឃុំ-សង្កាត់យ៉ាងតិចបំផុត។
៣៖ ក្នុងពេលឃោសនាបោះឆ្នោត បក្សព្រះអាទិត្យមានជំនឿប្រកបដោយអំនួតថា នឹងដណ្តើមយកមេឃុំចៅសង្កាត់អោយបានលើសពី ៥០% រហូតដល់ ៧០%។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៧ នេះ បង្ហាញយ៉ាងច្បាស់ដោយឥតប្រកែកបានថា បក្សព្រះអាទិត្យមិនបានទទួលលទ្ធផលដូចការរំពឹងទុកនោះទេ។ មិនត្រឹមតែមិនអាចរក្សាសន្ទុះនៃការគាំទ្រដូចកាលពីឆ្នាំ២០១៣ ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យថមថយការគាំទ្រ និងបាត់ឱកាសតំណែងមេឃុំចៅសង្កាត់ដែលរំពឹង ទុកអស់ជិត១៣០ ឃុំសង្កាត់ទៅវិញ។ បងប្អូនដែលឃើញ និងជឿដោយប្រាកដនិយមទេ ថាបក្សដែលខំប្រឹងអស់ហើយបានត្រឹមតែជាង៤០០ឃុំសង្កាត់ អាចមានសន្ទុះយកឈ្នះបក្សដែលមានជាង ១១០០ឃុំសង្កាត់ ហើយកំពុងកាន់អំណាចទៀត? នេះបើមិនមែនជាការមមើលមមាយក្នុងនិទានកថានោះ គឺពិតជារឿងផ្តេសផ្តាសមួយយ៉ាងពិតប្រាកដ!
៤៖ ក្តីស្រមៃចង់បានប្រធានព្រឹទ្ធសភា និងក្លាយជាប្រមុខរដ្ឋស្តីទីក្នុងពេលព្រះមហាក្សត្រ ទ្រង់យាងទៅក្រៅប្រទេស ក៏ត្រូវរលាយសាបសូន្យឈឹងជាមួយ នឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សដែលទទួលបានជ័យជំនះពិតប្រាកដនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺគណបក្សដែល អាចគ្រប់គ្រងតំណែងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស គឺជាអ្នកបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា។
៥៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ គឺមានចរិតប្លែកខុសពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកមុន។ គណបក្សនីមួយៗបាន ដាក់ចេញយុទ្ធសាស្រ្តនយោបាយរៀងៗខ្លួន ដោយកំណត់យកការបោះឆ្នោតឆ្នាំ ២០១៧នេះ គឺជាសមរភូមិនយោបាយកំណត់ការឈ្នះចាញ់សម្រាប់ការ បោះឆ្នោតឆ្នាំ ២០១៨។ បក្សព្រះអាទិត្យ ទាំងប្រធានចាស់ ទាំងប្រធានថ្មី បានចេញឃោសនារកសំឡេងឆ្នោត ដោយចាត់ទុកការបោះ ឆ្នោតនេះ គឺជាជំហាន មិនអាចខ្វះបានសម្រាប់ជ័យជំនះឆ្នាំ២០១៨។ ចំណែកឯបក្សទេវតា ក៏មិនខុសគ្នាដែរ។ មេទ័ពធំនៃបក្សនេះបានចេញមកដឹកនាំការឃោសនា ដោយខ្លួនឯងជាលើកទី១ ក្នុងប្រវត្តិនយោបាយខ្មែរ ដើម្បីលើកទង់ការពារសន្តិភាព និងការអភិវឌ្ឍដែលជាសមិទ្ធផលរបស់បក្ស និងជាអាយុជីវិតរបស់ជាតិខ្មែរ។
ដូចនេះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧នេះ គឺអាចយកធ្វើជាមូលដ្ឋានដើម្បីគណនាកំណត់ថា អ្នកណាឈ្នះចាញ់បាន នៅឆ្នាំ២០១៨។ លទ្ធផលនេះ បង្ហាញយ៉ាងច្បាស់ថា បក្សទេវតានឹងបន្តបង្កើនអាសនៈរបស់ខ្លួននៅរដ្ឋសភាលើសពី៦៨អាសនៈបច្ចុប្បន្នយ៉ាងពិតប្រាកដ។ ចំណែកឯបក្សព្រះអាទិត្យ គឺស្ថិតក្នុងនិន្នាការនៃការថមថយកំលាំងពី ២០១៣ ទៅ ២០១៧ និងបន្តទៅ ២០១៨។
៦៖ ជារួមលទ្ធផលបោះឆ្នោតឃុំសង្កាត់ ២០១៧ គឺជាក្តីអស់សង្ឃឹមរបស់បក្សព្រះអាទិត្យ ហើយវាបង្ហាញថា ព្រះអាទិត្យដែលចាប់ផ្តើមរះបានបន្តិចនាឆ្នាំ២០១៣ បានចាប់ផ្តើមអស្តង្គតទៅវិញជាបណ្តើរៗនៅឆ្នាំ២០១៧។
អំនួតនយោបាយទាំងឡាយរបស់បក្សព្រះអាទិត្យ ត្រូវបានសងមកវិញជាមួយនឹងភាពអាម៉ាស់យ៉ាងជូរចត់បំផុត។ ឯណាទៅការឈ្នះជាង៧០% រហូតដល់ ៧៥% របស់បក្សព្រះអាទិត្យសម្រាប់ការបោះឆ្នោតឃុំសង្កាត់? ឯណាទៅតំណែងប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី? ដំណើរលើផ្លូវអស្តង្គតរបស់ព្រះអាទិត្យនេះ គឺមិនខុសពីដំណើរនៃភ្លើងទៀនជិតរលត់នៅក្នុងការបោះឆ្នោត ២០០៨ នោះទេ! អ្នកនយោបាយជើងចាស់មួយរូបធ្លាប់បាននិយាយរួចហើយថា លទ្ធផល ៥៥ អាសនៈរបស់បក្សព្រះអាទិត្យក្នុងឆ្នាំ២០១៣ គឺបានឡើងដល់កំពូលហើយ ដូចនេះ ជាច្បាប់ធម្មជាតិគឺត្រូវធ្លាក់មកវិញដែលនេះជាក្រិត្យក្រម។ អំនួតក្នុងក្អម កង្កែបក្នុងអណ្តូង។ លទ្ធផលបោះឆ្នោតឃុំសង្កាត់ ២០១៧ បង្ហាញច្បាស់ហើយថា រាស្រ្តខ្មែរត្រូវការសន្តិភាព និងការអភិវឌ្ឍ ដើម្បីសេចក្តីសុខសាន តកូន តចៅជំនាន់ក្រោយ រាស្រ្តខ្មែរ ត្រូវការទេវតាជាងព្រះអាទិត្យដែលជិតអស្តង្គត ដើម្បីសេចក្តីសុខនគរ!
ស្រុកកំចាយមារ ខេត្តព្រៃវែង,
ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង


No comments:

Post a Comment