Wednesday, August 18, 2021

វិភាគអន្តរជាតិ៖ តើការដួលរលំរបស់អាហ្វហ្កានីស្ថាន មានន័យដូចម្ដេចចំពោះកោះតៃវ៉ាន់?


(វ៉ាស៊ីនតោន)៖ ការដួលរលំនៃរបបដឹកនាំអាហ្វហ្កានីស្ថានគាំទ្រដោយសហរដ្ឋអាមេរិក ក្រោមដៃក្រុមតាលីបង់ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភថាកោះតៃវ៉ាន់អាចនឹង មានវាសនាដូចគ្នា ដោយនឹងត្រូវបានទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលនៅថ្ងៃណាមួយ។ តួយ៉ាងនៅថ្ងៃអង្គារសប្ដាហ៍នេះ សារព័ត៌មានរដ្ឋចិន Global Times បានព្រមានចំៗឱ្យ កោះតៃវ៉ាន់មើលអាហ្វហ្កានីស្ថានជាគំរូថាប្រសិនជាសង្រ្គាមផ្ទុះឡើងពិតមែន សហរដ្ឋអាមេរិកមិនអាចមកជួយពួកគេបានទេ ហើយជាការគាំទ្របន្ថែមលើការព្រមាននេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ក្នុងថ្ងៃតែមួយ។


តែទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ សិន ឆាង (Su Tseng-chang) បាននិយាយថាការយកកោះតៃវ៉ាន់ទៅប្រដូចជាមួយអាហ្វហ្កានីស្ថាន វាមិនត្រឹមត្រូវទេ ពីព្រោះថាតៃវ៉ាន់នឹងមិនចុះញ៉ម ឬចុះចាញ់ដូចដែលរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានធ្វើនៅក្នុងសង្រ្គាមជាដាច់ខាត។ «ប្រសិនជាមហាអំណាចណាមួយចង់បំផ្លាញតៃវ៉ាន់ យើងនឹងមិនខ្លាចស្លាប់ ឬត្រូវបានចាប់ខ្លួនឡើយ ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីការពារកោះតៃវ៉ាន់»។ នេះជាការគូសបញ្ជាក់ បន្ថែមរបស់លោក Su Tseng-chang។

ជាការពិតណាស់ ឈរនៅលើទីតាំងភូមិសាស្ត្រខុសគ្នាស្រឡះ គេមិនអាចយកកោះតៃវ៉ាន់ទៅប្រដូចនឹងអាហ្វហ្កានីស្ថានបានទេ។ ប៉ុន្តែអ្នកជំនាញភាគច្រើនយល់ថាទាំងតៃវ៉ាន់ និងអាហ្វហ្កានីស្ថានមានចំណុចមួយដូចគ្នា នោះគឺសុទ្ធតែពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខរបស់ពួកគេ។ នៅលើឆាកអន្តរជាតិ សហរដ្ឋអាមេរិកតែងតែ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកោះតៃវ៉ាន់ តែនៅចំពោះមុខចិន រដ្ឋបាល និងប្រធានាធិបតីអាមេរិករាប់ចាប់តាំងពីលោក បារ៉ាក់ អូបាម៉ា រហូតមកដល់លោក ចូ បៃដិន តែងតែអះអាងថាទីក្រុងវ៉ាស៊ីនតោនគោរពតាមជានិច្ចនូវ «គោលនយោបាយចិនតែមួយ»។

សហរដ្ឋអាមេរិកមិនដែលបាននិយាយថាតើនឹងធ្វើអន្តរាគមន៍យោធាជួយកោះតៃវ៉ាន់ នៅពេលមានការវាយប្រហារណាមួយពីចិននោះទេ? ហើយលើសពីនេះទៅទៀត អ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខាំបែល (Kurt Campbell) ក៏បានលើកឡើងកាលពីខែកក្កដាកន្លងទៅផងដែរថាសហរដ្ឋអាមេរិកនឹងមិនគាំទ្រ ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យជាដាច់ខាត។ ការប្រកាន់ជំហរបែបនេះរបស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃគោលនយោបាយមិនច្បាស់លាស់របស់អាមេរិកចំពោះកោះតៃវ៉ាន់។ គោលនយោបាយមិនច្បាស់បែបនេះត្រូវបានរដ្ឋបាលអាមេរិកគ្រប់ជំនាន់ជឿជាក់ថាអាចរក្សាស្ថានភាពដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ពោលគឺចិននៅតែជាចិន រីឯកោះតៃវ៉ាន់ នៅតែជាកោះតៃវ៉ាន់។ ប៉ុន្តែផ្ទុយទៅវិញ ជំហរមិនច្បាស់របស់អាមេរិកបានធ្វើឱ្យប្រជាជន និងថ្នាក់ដឹកនាំតៃវ៉ាន់ នៅមិនសុខបក់មិនល្ហើយដូចគ្នាដែរ ដ្បិតពួកគេនៅតែបារម្ភ ហើយចោទសួរថាតើអាមេរិកនឹងលូកដៃជួយពួកគេពេញទំហឹងដែរឬទេ នៅក្នុងករណីសង្រ្គាមជាមួយចិនផ្ទុះឡើងនៅថ្ងៃណាមួយ។

ពិតមែនទៅ តៃវ៉ាន់មានសម្ព័ន្ធមិត្តតែជាង១៥ប្រទេសប៉ុណ្ណោះ ហើយប្រទេសទាំងនោះទៀតសោត សុទ្ធតែជាប្រទេសដែនកោះតូចតាច ខណៈប្រទេសជាច្រើន ក្នុងនោះរួមទាំង សហរដ្ឋអាមេរិក និងអឺរ៉ុប ថ្វីបើតែងតែមិនត្រូវគ្នាជាមួយចិន តែនៅពីក្រោយឆាក ពួកគេសុទ្ធតែសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ចដ៏ធំពីទីផ្សារចិន។ នៅត្រង់នេះនិយាយឱ្យងាយ ស្ដាប់ថាតើមានប្រទេសណាមួយខ្លះសុខចិត្តបោះបង់ប្រយោជន៍ជាតិរបស់ខ្លួន ដោយចាប់យកតៃវ៉ាន់ដែលមានប្រជាជនតែជាង ២៣លាននាក់ ចោលទីផ្សារចិនដែលមាន ប្រជាជន ១.៤ពាន់លាននាក់។ ទីក្រុងប៉េកាំងតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ករណីចាំបាច់នៅត្រង់នេះ គឺជា «បន្ទាត់ក្រហម» ដែលចិនបានគូសវាសសម្រាប់តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ឧត្ដមនាវីឯក ហ្វីលីព ដាវីដសុន (Philip Davidson) ជាអតីតមេបញ្ជាការនៃទីបញ្ជាការ យោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្លាប់បានព្រមានកាលពីខែកម្ភៈកន្លងទៅថាចិនអាចនឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ខណៈចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីដណ្ដើមតំណែងជាមហាអំណាចយោធានៅក្នុងតំបន់អាស៊ីពីសហរដ្ឋអាមេរិកនៅឆ្នាំ២០៥០។

សង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងនៅពេលណា គ្មាននរណាម្នាក់អាចទាយទុកមុនបានឡើយ។ ប៉ុន្តែអ្វីដែលគេដឹង នោះគឺថាចិនរង់ចាំតែឱកាសល្អ ឬមានហេតុផល សមស្របណាមួយដើម្បីអាចប្រើកម្លាំងយោធាលើតៃវ៉ាន់។ ចិនសព្វថ្ងៃកំពុងផ្ដោតលើយុទ្ធសាស្ត្រធ្វើឱ្យកោះតៃវ៉ាន់ឯកោ ដើម្បីបង្ខំឱ្យដែនកោះនេះសុខចិត្តចុះញ៉មជាមួយខ្លួន តាមរយៈការប្រើប្រាស់អំណាចសេដ្ឋកិច្ច និងប្រាក់យ័នអូសទាញឱ្យប្រទេសនានាផ្ដាច់ទំនាក់ទំនងជាមួយទីក្រុងតៃប៉ិ ខណៈជម្រើសយោធាត្រៀមនៅលើតុរួចជាស្រេច។

ការព្រមានប្រើកម្លាំងយោធារបស់ចិនត្រូវបានក្រុមអ្នកជំនាញយល់ថាមិនមែនជាការនិយាយឱ្យរួចតែពីមាត់នោះទេ ដ្បិតតៃវ៉ាន់នៅក្នុងភ្នែកថ្នាក់ដឹកនាំចិន និងសហរដ្ឋអាមេរិក មានសារៈសំខាន់បំផុតសម្រាប់ភូមិសាស្ត្រនយោបាយពង្រីកឥទ្ធិពលរបស់ពួកគេនៅលើពិភពលោក។ ម្ខាងចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងជាទ្រនាប់ការពារការឈ្លានពានរបស់អាមេរិក រីឯម្ខាងទៀត គឺសហរដ្ឋអាមេរិកចាត់ទុកតៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការខ្ទប់ឥទ្ធិពលចិន និងត្រូវតែការពារឱ្យបាន។

ចិនធ្លាប់បានពលីជីវិតកងទ័ពរបស់ខ្លួនរាប់សែននាក់ដើម្បីការពារកូរ៉េខាងជើងដែលមិនបានជាប់សាច់ឈាមនឹងគ្នាផង។ តើមកពីហេតុអ្វី? ហេតុផលគ្មានអ្វីក្រៅពី «ប្រយោជន៍ភូមិសាស្ត្រនយោបាយ» ទេ។ ថ្នាក់ដឹកនាំចិនចាត់ទុកតៃវ៉ាន់ ឬកូរ៉េខាងជើងជាទ្រនាប់ការពារមួយដ៏សំខាន់ពីការឈ្លានពានរបស់កងទ័ពអាមេរិក។ ពោលគឺប្រសិន បើបាត់បង់កូរ៉េខាងជើង ឬកោះតៃវ៉ាន់ នោះនៅក្បែររបងផ្ទះចិន នឹងមានសុទ្ធតែវត្តមានកងទ័ពអាមេរិក។ តែយ៉ាងណាក៏ដោយក្រុមអ្នកជំនាញភាគច្រើនយល់ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ឬមធ្យមអាចនឹងនៅតែបន្តដើរតាមនយោបាយមិនច្បាស់លាស់ចំពោះតៃវ៉ាន់ ដើម្បីរក្សាស្ថានភាពដើម ដោយមិនឱ្យចិនមានលេសប្រើកម្លាំងយោធាទេ ឬអាច និយាយម្យ៉ាងទៀតបានថាទាំងអាមេរិក និងចិនដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ សុទ្ធតែត្រូវគិតជាមុន ពីរ ទៅបីដងដែរ មុននឹងសម្រេចថាត្រូវធ្វើសង្គ្រាមជាមួយគ្នា។


*មេរៀនពីអាហ្វហ្កានីស្ថាន

គេមិនអាចបន្ទោសសហរដ្ឋអាមេរិកតែម្នាក់ឯងថាជាដើមចមនៃការដួលរលំរបស់អាហ្វហ្កានីស្ថានបានឡើយ។ តែថ្នាក់ដឹកនាំអាហ្វហ្កានីស្ថានខ្លួនឯងក៏ត្រូវទទួលខុសត្រូវចំពោះ រឿងនេះដែរ ដោយសារតែមិនចេះចាប់យកឱកាសពង្រឹងសមត្ថភាព។ លោក អាឡិចហ្សាន់ដ័រ ហួង ឆៀ ឈិន (Alexander Huang Chieh-cheng) ជាសាស្ត្រាចារ្យម្នាក់ផ្នែក ទំនាក់ទំនង និងការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ មកពីសាកលវិទ្យាល័យ Tamkang មានមូលដ្ឋាននៅកោះតៃវ៉ាន់បាននិយាយថាការដួលរលំរបស់អាហ្វហ្កានីស្ថានបានផ្ដល់ មេរៀនដ៏សំខាន់មួយឱ្យកោះតៃវ៉ាន់ និងប្រទេសដទៃ នោះគឺការគិតពិចារណាជាថ្មីថាតើពួកគេគួរតែយកជោគវាសនារបស់ខ្លួនឯងទៅផ្ញើនឹងអ្នកផ្សេងដែរឬក៏យ៉ាងណា?

ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺមានជាប់ពាក់ព័ន្ធនឹងការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោតសំខាន់លើតំបន់អាស៊ី ជាពិសេសគឺការខ្ទប់ការកើនឡើងឥទ្ធិពលចិនរបស់ សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្របែបនេះមានតាំងតែពីសម័យអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាមកម្លេះ ហើយកំពុងត្រូវបានយកមកអនុវត្តបន្តក្រោមរដ្ឋបាល

របស់លោកប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែវាមិនមែនមានន័យថាប្រទេសនៅអាស៊ីទាំងអស់សុទ្ធតែទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីអាមេរិកនោះទេ។

ជាក់ស្ដែងនៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាផ្ដោតសំខាន់ជាងគេតែទៅលើក្រុមប្រទេសជាសមាជិកកិច្ចសន្ទនាសន្តិសុខចតុភាគី ឬគេស្គាល់ថា Quad រួមមាន អាមេរិក ជប៉ុន, អូស្ត្រាលី និងឥណ្ឌា បូករួមទាំងប្រទេសមួយចំនួនទៀតដែលអាមេរិកយល់ថាសំខាន់មិនអាចខ្វះបានសម្រាប់យុទ្ធសាស្ត្រ ខ្ទប់ឥទ្ធិពលចិនតែប៉ុណ្ណោះ។ ត្រង់នេះអាចពន្យល់បានតាមរយៈការបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់មន្ត្រីកំពូលអាមេរិកមកកាន់តំបន់អាស៊ីដោយចុចចំឈ្មោះលើ ប្រទេសវៀតណាម, សិង្ហបុរី និងហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាគាំទ្រ និងអាចជួយពង្រឹងឥទ្ធិពកអាមេរិកនៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តមួយចំនួនសង្ស័យចំពោះការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តខ្លួនឯងរបស់ សហរដ្ឋអាមេរិក។ តែនេះមិនមែនមានន័យថាពួកគេលែងត្រូវការអាមេរិកនោះទេ គ្រាន់តែចង់ ឬមិនចង់ពួកគេនឹងចាប់ផ្ដើមគិតគូរឡើងវិញពីការពង្រឹងសមត្ថភាព។ ការដួលរលំ របស់រដ្ឋាភិបាលទីក្រុងកាប៊ុល ក៏ត្រូវបានព្យាករទុកជាមុនពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែរ។ មានន័យថាអាមេរិកដឹងមុនថាអាហ្វហ្កានីស្ថាននឹងដួលរលំក្រោយ

កងទ័ពអាមេរិកត្រូវបានដកចេញ គ្រាន់តែថាគេមិននឹកស្មានដល់ថាទីក្រុងកាប៊ុលដួលរលំរហ័សបែបនេះសោះ៕

ប្រភព៖ Diplomat, Times Magazine (ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១)

ដោយ៖ Fresh News




រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគំលាតសុវត្តិភាពក្នុងភូមិសាស្ត្រខេត្តក្រចេះ

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្ចកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគំលាតសុវត្តិភាព ដែលបានកំណត់ដាក់ភូមិសាស្ត្រខេត្តក្រចេះ ជាភូមិសាស្ត្រមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម÷


 

អង្ករចំនួន ១៨តោន ជាអំណោយមនុស្សធម៌របស់លោក អ៊ុក រ៉ាប៊ុន ដើម្បីចែកជូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១  លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្ត អញ្ជើញចូលរួមអមដំណើរលោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអង្ករ១៨តោន របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។
លោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោករដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

មានប្រសាសន៍ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង០៩ សូមយកអំណោយរបស់លោក អ៊ុក រ៉ាប៊ុន យកទៅបែងចែក ឬផ្ដល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ពោលគឺត្រូវបែងចែកឱ្យចំគោលដៅ និងប្រកបដោយតម្លាភាព។

លោក ក៏បានជម្រុញដល់អាជ្ញាធរឃុំទូទាំងស្រុកត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់និងម៉ត់ចត់បំផុតនូវចំនួនប្រជាពលរដ្ឋដែលចំណូលថ្មី ព្រមទាំងបន្ដជម្រុញផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ធ្វើយ៉ាងដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩។ ជាងនេះទៅទៀត ដោយក្នុងបរិការណ៍កូវីដ-១៩ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ៕




 

សាខាកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី ១៨  ខែ សីហា ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី   បានចុះសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ បណ្ដាលខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ គ្រួសារ មានទំហំ បណ្ដោយ ៧ ម ទទឹង ៦ ម (ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់) របស់ឈ្មោះ  សំ  ឈួត ភេទ ប្រុស អាយុ ៩៥ ឆ្នាំ នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល។

អំណោយចែកជូនរួមមាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់(ភួយ,មុង,សារុង,ក្រមា) ម៉ាស់ ១ ប្រអប់ និងថវិកាចំនួន ២០០,០០០ រៀល ៕



 

លោកស្រី មិថុនា ភូថង និងលោក កាយ សំរួម ដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩"

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងលោក កាយ សំរួម ប្រធាមក្រុមប្រឹក្សាខេត្តកោះកុង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមធានបទ "រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩" នៅទីធ្លាសួនច្បារមុខសាលាខេត្តកោះកុង រួចដង្ហែរក្បួនចេញពីសាលាខេត្ត ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ និងបន្តដង្ហែរជុំវិញផ្សារដងទង់ បញ្ចប់យុទ្ធនាការនៅមុខសាលាខេត្តកោះកុង។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង សូមអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមាន ការពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូម មានការប្រុងប្រយ័ត្នធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាលខេត្តបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញ ដោយ ក្រសួងសុខាភិបាល ដែលខេត្តកោះកុងតម្រូវឱ្យមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សា គម្លាត សុវត្ថិភាព៕






 

កិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ភ្នំពេញ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយដើម្បីឈានទៅរក ការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២០ ដែលមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះ មានសមាសធាតុឆ្លងខ្លាំងបំផុតបើធៀបនឹងវីរុសកូវីដ-១៩ ប្រភេទមុនៗ។ ភាពសាហាវរបស់មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) គឺឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩  ប្រភេទផ្សេងៗទៀតហើយជាប្រភេទមេរោគដែលសកលលោកទាំងមូលទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ពោលគឺឆ្លងក្នុងល្បឿនពី១០ទៅ១៥នាក់ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ។

លោក ឃួង ស្រេង បន្តទៀតថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤ ប្រទេស ក្នុងពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ ។

គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋាន ចំនួន ២២ រាជធានី-ខេត្ត លើកលែងខេត្តចំនួន ០៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។

លោកបន្តថា ដោយឡែក សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១ នាក់ដោយ បែងចែកជា ៣ ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍។

អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានី បានត្រៀមទីតាំងមណ្ឌលចត្តាឡឺស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ចំនួន ២ ទីតាំង បន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យប៊ុនរាំនី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០ គ្រែនិង (២) វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នក ចត្តាឡីស័កចំនួន ៥៥០ គ្រែឬ នាក់ និងត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០ គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១៣៥០ គ្រែ នឹងត្រែសង្គ្រោះ៖ បន្ទាន់ មានចំនួន ៨៨ គ្រែ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះជាលំដាប់ និងបានជម្រុញឱ្យយកចិត្តទុកដាក់អោយបានខ្លាំងក្លាបន្ថែមទៀតក្នុងការរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕