(ភ្នំពេញ)៖ ក្នុងសម័យសង្គមរាស្ត្រនិយមនៃសម្តេចព្រះនរោត្តម សីហនុ មាន«ជនក្បត់ជាតិ»ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅបាញ់ចោលនៅត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។ ឥឡូវនេះជនក្បត់ជាតិជំនាន់ទី២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមច្បាប់យកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
«អំពើក្បត់ជាតិ» គឺមិនមែនជាសិទ្ធិសេរីភាពនោះទេ។ គ្មានប្រទេសណាមួយនៅលើពិភពលោកនេះ លើកតម្កើងជនក្បត់ជាតិនោះទេ។ ច្បាប់នៃប្រទេសខ្លះ ទោសក្បត់ជាតិបែបនេះ គឺត្រូវផ្តន្ទារទោសប្រហារជីវិតដោយព្យួរក ឬបាញ់ចោលតែម្តងហើយ កឹម សុខា ដែលជាប់គុកនៅត្រពាំងផ្លុងរង់ចាំការជំនុំជម្រះទោសតាមតុលាការហាក់ដូចជាមានឱកាសជាង «ព្រាប អ៊ិន ដែលត្រូវបានបញ្ជូនយកទៅបាញ់ចោលនៅត្រពាំងក្រឡឹង» កាលជំនាន់មុន។
សារជាតិនៃអំពើក្បត់ជាតិបានស្តែងចេញតាមរយៈវីដេអូរួចហើយ គឺដោយសារអំពើឆោតល្ងង់ខាងនយោបាយ និងចរិតអួតក្អេងក្អាងពើងទ្រូងយកមុខក្នុងគណបក្សរហូតភ្លេចខ្លួនទម្លាយចេញនូវផែនការទុច្ចរិតជាប្រព័ន្ធ។ «អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ដោយសារអណ្តាត»។ ព្រះក៏លោកពិតជាបានផ្តល់យុត្តិធម៌ និងជួយប្រជាជនកម្ពុជាឲ្យរកឃើញ «ជនក្បត់ជាតិ» បានទាន់ពេលវេលា។
តបទៅនឹងភាពក្រអឺតក្រទមពីក្នុងគុក និងតបចំពោះសារ៣សន្លឹកដែលអ្នកដទៃជួយសរសេរឲ្យ យើងជាប្រជាជនកម្ពុជាសូមជូនសារ៣ចំណុចទៅវិញ ទៅកាន់ជនក្បត់ជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង និងជនពាក់ព័ន្ធមួយក្រុមណានោះ៖
ទី១- ប្រជាជនបោះឆ្នោតឲ្យចូលទៅធ្វើការក្នុងរដ្ឋសភា ដើម្បីប្រើប្រាស់ពេលវេលាធ្វើកិច្ចការបម្រើផលប្រយោជន៍ជាតិ មិនមែនឲ្យទៅ«ធ្វើតាមបង្គាប់គ្រូបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរបៀបនៅយូហ្គោស្លាវីនោះទេ»។ ប្រជាជនគ្រប់រូបប្រើសិទ្ធិបោះឆ្នោត តែមិនមែនមានន័យថា ប្រជាជនគាំទ្រអំពើក្បត់ជាតិរបស់អ្នកណាម្នាក់នោះទេ។ អ្នកណាក្បត់ជាតិ គឺអ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលទោសតាមច្បាប់ដោយខ្លួនឯង។ ប្រជាជនកម្ពុជាទាំង១៥លាននាក់ ឬ៣លាននាក់ ឬ៣សែននាក់ ឬ៣០០នាក់ គឺមិនទទួលកំហុសជំនួស និងមិនទទួលទោសជាមួយជនក្បត់ជាតិណានោះទេ។ កុំយកប្រជាជនទៅពាក់ព័ន្ធបិទបាំងអំពើក្បត់ជាតិរបស់ខ្លួន។ សូមច្បាស់ចំណុចនេះ! ទោសអ្នកណា អ្នកនោះទទួល! នៅលើពិភពលោកនិងនៅកម្ពុជា គឺគ្មានច្បាប់ចែងពីការទទួលទោសជំនួសនោះទេ។
ទី២- សូមចងចាំឲ្យច្បាស់ថា បរទេសមានភាពឆ្លាតវៃក្នុងការប្រើមនុស្ស។ បើអ្នកណាមានប្រយោជន៍ចំពោះគេ គឺគេប្រើអ្នកនោះតទៅទៀត។ ក៏ប៉ុន្តែ ក្នុងករណីជនក្បត់ជាតិបែបនេះ ច្បាស់ណាស់ បរទេសគឺកំពុងរកវិធីគេចចេញពីការជាប់ពាក់ព័ន្ធ។ គេមិនភ្ជាប់ខ្លួននិងកិត្តិយសជាមួយជនចោលម្សៀតរបៀបនេះតទៅទៀតទេ។ ត្រូវយល់ឲ្យច្បាស់នូវពាក្យថា «ខូចការណ៍» និង «អត់ប្រយោជន៍» ដែលលែងមានតម្លៃនឹងប្រើប្រាស់តទៅទៀត។
ទី៣- ជនក្បត់ជាតិគ្មានតម្លៃអ្វីទាល់តែសោះនឹងផ្ញើសារគំរាមសមត្ថកិច្ច មកបំភ័ន្តរាជរដ្ឋាភិបាល ឬដាក់លក្ខខ័ណ្ឌចំពោះតុលាការ។ ផែនការបំផ្លាញជាតិ ដើម្បីដណ្តើមអំណាចតាមរយៈការធ្វើ «បដិវត្តន៍ពណ៌» គឺបរាជ័យហើយ។ ឧបាយកលពិសពុលជាន់ឈ្លីអធិបតេយ្យជាតិ ដើម្បីដណ្តើមអំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ គឺបរាជ័យហើយ។ គំនិតទុច្ចរិតអំពាវនាវឲ្យគេវាយឆ្នាំងបាយកម្មករខ្មែរ ដើម្បីបំផ្លាញសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតវិបត្តិសេដ្ឋកិច្ច គឺបរាជ័យហើយ។
សូមចងចាំពាក្យចុងក្រោយត្រឡប់ទៅវិញ៖ គុកមិនដាក់មនសិកាមនុស្សបានទេ តែគុកពិតជាអាចដាក់ជនក្បត់ជាតិឲ្យជាប់ទាំងមូលតែម្តង សូម្បីព្រលឹងនិងអំពើក្បត់ជាតិក៏ជាប់នៅក្នុងគុកនោះដែរ។ សូមចងចាំថា សូម្បីតែឱកាសនៃការបំផ្លាញជាតិដែលអ្នកបានគិតទុកលើឱកាសនៃការចង់សងសឹកតាមរបៀប «ទឹកឡើងត្រីស៊ីស្រមោច...» ក៏ត្រូវជាប់នៅក្នុងគុកជាមួយគ្នារហូតដល់ថ្ងៃចុងក្រោយរបស់អ្នកនោះដែរ។
ពិតណាស់ កម្ពុជាមិនយកមិត្តបរទេសឬអ្នកណាជាសត្រូវនោះទេ។ យើងត្រូវការមិត្តបរទេសមកជួយអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ក៏ប៉ុន្តែ កម្ពុជាមិនត្រូវការទទួលយកមនោគមន៍វិជ្ជាបរទេសដែលបំបែកបំបាក់ស្មារតីជាតិនិងបំផ្លាញកម្ពុជាជាថ្មីម្តងទៀតដូចមេរៀនជូចត់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០នោះទេ។ ពិតណាស់ ផលប្រយោជន៍ជាតិធំធេងណាស់ ដែលមិនត្រូវបណ្តោយឲ្យក្រុមជនក្បត់ជាតិបំផ្លាញជាដាច់ខាត។ ពិតណាស់ ប្រទេសជាតិត្រូវតែបន្តរស់ដោយកិត្តិយស តែជនក្បត់ជាតិត្រូវតែទទួលទោសតាមផ្លូវច្បាប់។ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងកាន់តែមានសុខភាពល្អ នៅពេលសន្តិភាពដែលមានតម្លៃដ៏ពិសិដ្ឋ មិនត្រូវជនក្បត់ជាតិឆក់យកទៅបំផ្លាញចោលបាន។
ប្រជាជនកម្ពុជាមិនតក់ស្លុតក្នុងការថ្កោលទោសជនក្បត់ជាតិនោះទេ។ ទោះក្នុងតម្លៃណាក៏ដោយ យើងរួមគ្នាក្រោម «ស្មារតីនយោបាយជាតិនិយម» ការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសេរីភាពរបស់ប្រជាជាតិយើងប្រកបដោយភាពរឹងមាំនិងកិត្តិយសបំផុត!៕
ដោយ៖ សេនាជាតិ