Friday, November 17, 2023

សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ ៨អង្គ

 CMF:

សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិ​កាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់
សូមក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត​ អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ,​
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល,
គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្តសីលវតី លោក/អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស
អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ​និងជនរួមជាតិទាំងអស់​ ជាទីស្រលាញរាប់អាន

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានក្តីសោមនស្ស​ ​ប្រកបដោយសទ្ធា​ជ្រះថ្លា ដែលបានចូលរួមក្នុងពិធី​ស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្ដេច និងព្រះរាជាគណៈ ជាព្រះ​មន្រ្តី​សង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១ ព្រះអង្គ ​នាពេលនេះ​ ។ ពិធីស្រោចស្រពព្រះសុគន្ធវារី​នាថ្ងៃនេះ ជាសក្ខីកម្ម​នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរ​ដ្ឋកម្ពុជា បាននិងកំពុងរស់នៅ ដោយភាពសុខក្សេមក្សាន្ត ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ​ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេនសព្ទសាធុការពរ សម្តេច និង ព្រះរាជាគណៈ ជាព្រះ​មន្រ្តី​សង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ​ទាំង ១១ ព្រះអង្គ ដែលត្រូវទទួលព្រះសុគន្ធវារី នាពេលនេះ សូមសមប្រកបតែនឹង​ព្រះសុខភាពល្អបរិបូរណ៍ ​ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុ​លើកស្ទួយ​ព្រះពុទ្ធ​សាសនា ​វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់​​ជាតិ​ ដែលជាគោលការណ៍ដឹកនាំជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​សម្រាប់​សាសនិទាំងអស់ឱ្យមាន សីលធ​ម៌ គុណធម៌ សុជីវ​ធម៌  ដែលជាកុសលចេតនា ក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជា ក៏ដូចជាពិភពលោក ​មានសន្តិភាព និង ការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះ ការរីកចម្រើនវិស័យសាសនានៅកម្ពុជា ទាំងពុទ្ធចក្រ ក៏ដូចជាការគោរពជំនឿសាសនាផ្សេងទៀតរបស់ប្រជាជនកម្ពុជា ដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកឡើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំង​ឱ្យឃើញអំ​ពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះព្រះពុទ្ធសាសនា និងភាពសុដុម​រមនាជាមួយនឹងសាសនាដទៃទៀត ។

ទី១ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ហើយមុំមួយ ក្នុងចំណោមមុំ នៃបញ្ចកោណទាំង៥ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ដែលផ្តោតសំខាន់លើការធ្វើពលវូបនីយកម្មពលរដ្ឋ ឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌​ ហើយថែមទាំងមានវិន័យ ព្រមទាំងការទទួលខុសត្រូវខ្ពស់ ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមដ៏ចម្បងពីសំណាក់ការអប់រំទូន្មាន តាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា ដែលតែងប្រោសសត្វលោកឱ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនារវាងគ្នាទៅវិញទៅមក។

នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា គុណតម្លៃនៃការទូន្មានរបស់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

គ្រប់សាសនាទាំងអស់ (១) មិនថាសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ដ សាសនាផ្សេងៗ សុទ្ធតែមានគោលបំណងដូចគ្នា​ គឺការអប់រំមនុស្ស អប់រំអ្នកប្រតិបត្តិ ឱ្យមាននូវផ្នត់គំនិត នូវស្មារតី នូវសុចរិតភាព ប្រព្រឹត្តិអំពើល្អ និងគោរពគ្នាទៅវិញទៅមក ដែលនេះជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នា និងសុខដុមរមនា។ ការកំណត់តម្លៃនៅក្នុងខ្លួន គឺជាកិច្ចការសំខាន់ នៅក្នុងសម័យទំនើប សម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន យុវនារី សម្រាប់កុមារ ដែលក្លាយទៅជាអនាគតរបស់ប្រទេសជាតិ ទាមទារចាំបាច់ធ្វើការកំណត់តម្លៃនៅក្នុងខ្លួនឱ្យបានច្បាស់លាស់។

ពេលដែលយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពេលដែលប្រទេសក្រីក្រ ពេលដែលប្រទេសយើងលំបាក កាលពីជំនាន់ខ្ញុំព្រះករុណាខ្ញុំនៅក្មេង ជម្រើសនិងលទ្ធភាពក្នុងការទទួលបាននូវការអប់រំ ឬព័ត៌មាន ឬមួយការទទួលលទ្ធភាពតាមបែបផែនសម្ភារនិយម មិនទាន់មានច្រើន។ អញ្ចឹងជម្រើសនៃការអប់រំរបស់យើងពេលនោះ គឺផ្ដោតខ្លាំងទៅលើការរៀនសូត្រ ទៅលើការបំពេញតួនាទីជាកូនល្អ ជាសិស្សល្អ​។ នៅ (២) ក្នុងសម័យបច្ចុប្បន្ន ដែលមានទំនើបកម្ម ជាពិសេសការទទួលបាននូវអរិយធម៌ និងលទ្ធភាពក្នុងការទទួលបាននូវសីលធម៌ នូវសម្ភារៈផ្សេងៗពីក្រៅប្រទេស ក៏ដូចជាភាពទំនើបកម្មនៅក្នុងសង្គមរបស់យើង ធ្វើឱ្យប្រជាពលរដ្ឋយើងមានជម្រើសច្រើនទាំងល្អទាំងអាក្រក់។ ការសម្រចចិត្តរបស់យុវជន របស់ប្រជាពលរដ្ឋយើងថាតើត្រូវទទួលយកអ្វី ឬប្រតិបត្តិអ្វីដែលល្អនិងអាក្រក់ គឺសំខាន់ណាស់។

ហេតុដូច្នេះ ការអប់រំ ការផ្ដល់ ការកសាងតម្លៃក្នុងខ្លួន គឺជាកត្តាចាំបាច់ ដើម្បីឱ្យមនុស្ស នៅពេលដែលជម្រើសច្រើន (សំរេចថា)តើយើងយកមួយណាដែលល្អ មួយណាដែលអាក្រក់ មួយណាដែលធ្វើទៅបានផលទៅដល់ខ្លួន ទៅដល់សង្គម មួយណាដែលធ្វើឱ្យប៉ះពាល់ផលអវិជ្ជមានដល់សង្គម ទៅដល់ជាតិនិងសាសនា។ អញ្ចឹងការ (៣)អប់រំទូន្មាន ប្រៀនប្រដៅទាំងនៅក្នុងសាសនាទាំងអស់ រួមជាមួយនឹងការអប់រំប្រៀនប្រដៅនៅក្នុងសាលានិងនៅក្នុងគ្រួសារ ដើរតួនាទីសំខាន់ណាស់ក្នុងការបង្កើតនូវតម្លៃច្បាស់លាស់ក្នុងខ្លួននៃប្រជាពលរដ្ឋយើង ហើយជាពិសេសតាំងពីក្មេងវ័យតែម្ដង

[បញ្ចប់សេចក្ដីអធិប្បាយ១]

ទី២ ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរព និងជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង បើប្រៀបធៀបជាមួយនឹងពេលដែលរបបប៉ុលពត ត្រូវបានផ្តួលរលំនៅឆ្នាំ១៩៧៩ ដែលពេលនោះ វត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស ។ បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រឹស្ត ជាច្រើនទៀត នៅទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់បង្ហាញច្បាស់ អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បាន រវាងផ្នែកអាណាចក្រ និងសាសនា​ចក្រ។

ទី៣ ទោះបី​ជា​ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើ​ទុក្ខបុកម្នេញដោយសា​រ​តែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នា​ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារ នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ ក៏ដូចជា ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាពព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបានសុខដុមនីយកម្ម ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់រយ រាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

នៅកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬមួយទទួលបានឆ្លងកាត់នូវស្ថានភាពដូចគ្នា ទាំងល្អ ទាំងអាក្រក់។ បើយើងនិយាយតែក្នុងរង្វង់ ៧០ឆ្នាំ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំងនៅឆ្នាំ ១៩៥៣ គ្រប់សាសនាចាប់ផ្តើមមានសេរីភាពប្រតិបត្តិឡើងវិញ។ ប៉ុន្តែជាអកុសលនៅពេលដែលប្រទេសយើងធ្លាក់នៅក្នុងភ្លើងសង្គ្រាមនៅទស្សវត្សរ៍ទី៧០ គ្រប់សាសនាត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសារសង្គ្រាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ (៤) ឆ្នាំ ១៩៧៥ – ១៩៧៩ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ មិនថាសាសនាគ្រីស្ត សាសនាព្រះពុទ្ធ ឬសាសនាឥស្លាម នោះទេ សាសនាមហាយាន ឬសាសនាផ្សេងៗ

ក្រោយឆ្នាំ ១៩៧៩ សាសនាទាំងអស់ក៏បានទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា និងការយកចិត្តទុកដាក់ដូចគ្នា គឺរស់ឡើងវិញដូចគ្នា។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ប្រជាពលរដ្ឋដែលទទួលរងការកាប់សម្លាប់មិនមែនតែសាសនាព្រះពុទ្ធទេ សាសនាឥស្លាម សាសនាគ្រឹស្ត គឺសម្លាប់រួមតែម្តង។ ការរស់ឡើងវិញក៏ដូចគ្នា។ ផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត គឺរស់រានមានជីវិតគ្រប់គ្នាឡើងវិញមិនថាសាសនាណាទេ។ (៥) ឱកាសចូលរួមក្នុងជីវភាពសង្គម គ្រប់ទិដ្ឋភាពទាំងអស់ ទាំងនយោបាយទាំងសាសនា ទាំងសង្គមនៅក្នុងជួរមន្ត្រីរាជរដ្ឋាភិបាល ត្រូវបានផ្តល់ដូចគ្នាសម្រាប់សាសនិក និងគ្រប់សាសនាទាំងអស់។ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលបានបង្កើតឡើង ហើយយើងបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ បានបញ្ចប់សង្គ្រាម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។ (៦) ពេលមានសង្គ្រាម (មិនថា)ក្នុងកងទ័ព ឬមួយភូមិដែលប្រជាពលរដ្ឋរស់នៅឬមួយគ្រប់សាសនា (សុទ្ធតែមានការ)ប៉ះពាល់ដោយសង្គ្រាម។ ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនិងគ្រប់សាសនាទាំងអស់ស្មើគ្នា។ ការគោរពប្រតិបត្តិ ការជំរុញ និងលើកកម្ពស់នូវសិទ្ធិសេរីភាពសាសនាគឺបានធ្វើគ្រប់ទាំងអស់ ទោះបីថាសាស​នាព្រះពុទ្ធ(ត្រូវបានកំណត់ថា)ជាសាសនារបស់រដ្ឋក៏ដោយ យើងបានជំរុញនិងការលើកកម្ពស់ទាំងអស់(ដូចគ្នា)។ នេះជាអ្វីដែលចូលរួមក្នុងការថែរក្សានូវសុខដុមនីយកម្មសាសនាដែលចៀសផុតពីការបំផ្លាញ។

កត្តាទី២ (៧) ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាលចូលរួមដល់ការប្រតិបត្តិសាសនា យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជាមិនមានសាសនាណាមួយដែលប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា។ នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា។ នៅក្នុងគ្រីស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឱ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ។

ដូច្នេះ កត្តាទាំង២ គឺ (៨) កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា(ការដែលមិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយម) ការចូលរួមរបស់សហគមន៍ បានជួយទប់ស្កាត់និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជានូវការប្រកាន់គោលជំហររើសអើង។ យើងដាច់ខាតត្រូវរួមគ្នាការពារកុំឱ្យកើតមានគោលនយោបាយរើសអើង ឬមួយក៏គោលនយោបាយទស្សនជ្រុលនិយមបែបណាមួយនោះ ហើយបើមានត្រូវលុបបំបាត់ឱ្យអស់ដើម្បីថែរក្សានូវសុខសន្តិភាព និងសុខដុមរមនានៅក្នុងសង្គមរបស់យើង។​

(៩) ទស្សននិងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឱ្យអស់ ព្រោះវាធ្វើឱ្យបែកបាក់សាមគ្គីក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព។ សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ … អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ការប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការឲ្យស្អប់សញ្ជាតិនេះ សាសនានោះ។ រឿងមួយនេះគឺជាកត្តាដែលធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា។ បើស្អប់គ្នាហើយ មិនចាំបាច់មានអាវុធទេ សូម្បីតែដៃ ដុំថ្ម ក៏អាចបង្កើតសង្គ្រាមបានដែរ។ តែ (១០) បើសិនជាមានភាពកក់ក្តៅ ការយោគយល់គ្នា ស្រឡាញ់គ្នា រក្សានូវសុខដុមរមនាកម្ម ប្រកាន់នូវជំហរកណ្តាល ការគោរពគ្នាទៅវិញទៅមក នេះហើយគឺជាមូលដ្ឋានគ្រឹះដែលអាចឲ្យយើងថែរក្សានូវសុខសន្តិភាពបាន។ នយោបាយឈ្នះឈ្នះ (ដែល)បញ្ចប់(សង្គ្រាមបាន)គឺដោយសារការធ្វើបុណ្យ មិនមែនដោយសារការមិនទុកចិត្តគ្នានោះទេ។ សម្តេចតេជោ អាចចូលទៅតំបន់គ្រោះថ្នាក់នៅសំឡូត ម៉ាឡៃ (ទីតាំង)ចុងក្រោយដែលយើងឃើញ បានដោយសារការទុកចិត្តគ្នា ការជឿជាក់គ្នា ការប្រកាន់នូវសច្ចៈភាព ហើយការដែលកម្លាំងខ្មែរក្រហមបានព្រមទម្លាក់អាវុធចុះ … គឺដោយសារការទទួលដោយធម៌ និងការផ្តល់ធម៌ទៅវិញ។

(១២) គោលការណ៍ ៣ (ជាស្នូលនៃគោលនយោបាយឈ្នះឈ្នះគឺ) ទី១ ការមិនយកទោសពៃរ៍ ទី២ ការផ្តល់នូវសិទ្ធសេរីភាពថែរក្សាអាយុជីវិតទ្រព្យសម្បត្តិ និង(ទី៣ ការរក្សានូវ)តួនាទី គឺជាការផ្តល់ការយោគយល់និងការគោរពគ្នា និងការធ្វើយ៉ាងណាឲ្យខ្មែរយើងរួមគ្នា។ ៥០០ ឆ្នាំនៃសង្គ្រាម កើតឡើងដោយការបែក(បាក់គ្នា) តែត្រូវបានបញ្ចប់នៅឆ្នាំ ១៩៩៨ ដោយសារយើងយោគយល់គ្នាស្រឡាញ់គ្នា។ គោលនយោបាយរួមគ្នានេះ ធ្វើឲ្យយើងមាននិរន្តភាពនៃសន្តិភាព។ ប្រទេសច្រើនណាស់ដែលដាក់ចេញនូវគោលនយោបាយ បទឈប់បាញ់ តែនៅតែបន្តបាញ់គ្នាទៀត ដោយសារ(មិនមាន)ជំនឿទុកចិត្តនេះ។ កន្លែងខ្លះត្រូវបញ្ចប់ដោយការកម្ទេចចោលទាំងស្រុង។ អង្គការចាត់តាំងដឹកនាំនៅប្រទេសខ្លះ ត្រូវវាយកម្ទេចចោលតែម្តង។ អត់មាននូវការយោគយល់(តាមរបៀប)នយោបាយឈ្នះឈ្នះទេ។

យើងបានបញ្ចប់សង្គ្រាម ជាមួយនឹងន័យថានៅថែរក្សាចិត្តចរចា ការមិនគុំគួនគ្នា។ នយោបាយឈ្នះឈ្នះ តាមរយៈការផ្តល់នូវការយោគយល់ទាំង ៣ចំណុចខាងលើនេះ បានធ្វើឲ្យយើងជឿទុកចិត្ត និងឈានទៅដល់ការធា​នានូវសន្តិភាពមួយដែលមានចីរភាព។ នៅក្នុងតំបន់ខ្លះ ឧទាហរណ៍ថាយើងឃើញនៅក្នុងទូរទស្សន៍រាល់ថ្ងៃនេះ ព្យាយាមដោះស្រាយតាំងពីឆ្នាំ ១៩៧០ ជាង ៣០ ឆ្នាំ ៤០ ឆ្នាំ មិនទាន់ចប់ ដោយសារការបង្កើត(មិនបាន)​នូវរូបមន្តមួយក្នុងការទុកចិត្តគ្នា ជាពិសេសការញែកពីគ្នានៅក្នុងជម្លោះសាសនា។ ខ្ញុំមានការសប្បាយរីករាយដែលថា នៅក្នុងប្រទេសយើងមិនមានជម្លោះសាសនា ដែលជាកត្តាមួយ(ដ៏គ្រោះថ្នាក់នាំដល់)ជម្លោះសហគមន៍។

ហេតុនេះ (១៣) រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណីនិងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ ជំរុញ បើកសិទ្ធសេរីភាព និងធានាសិទ្ធសេរីភាពដល់គ្រប់សាសនាទាំងអស់ និងព្យាយាមថែរក្សាសុខដុមរមនីយ៍កម្មសាសនា ជាធាតុមួយសំខាន់ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាលុបបំបាត់គោលនយោបាយឬទស្សនៈជ្រុលនិយមណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព … គ្មានអ្វីល្អ ឬសំខាន់ជាងការអង្គុយនៅវត្តចំពុះក្អែកប្រកបទៅដោយសេចក្តីសុខ(នោះទេ)។

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានស្តាប់ចម្រៀងមួយជំនាន់ លន់ នល់ និយាយពីវត្តចំពុះក្អែក ដែលពេលនោះគឺជាទីតាំងកងទ័ព(ក្នុងការ)ច្បាំងគ្នានៅទីនេះ។ មូលដ្ឋានទ័ព កន្លែងដែលសែងសព សែងអ្នករបួសមកទីនេះ ដាក់អាវុធ ដាក់គ្រាប់នៅឃ្លាំង មិនមែនជាកន្លែងសម្រាប់ប្រតិបត្តិ ឬបង្រៀនសាសនា ព្រះសង្ឃ ធម្មទេសនា​ទេ។ អញ្ចឹងយើងត្រូវរួមគ្នា(ការពារសុខសន្តិភាព) កុំឲ្យតថភាព(រន្ធត់សោកសៅ)នេះកើតឡើងវិញ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ស្របតាមទឡ្ហីករណ៍ទាំង ៣ យើងសង្កេតឃើញថា ការរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ និងការរៀបចំពិធីសាសនា​​ ពីមួយឆ្នាំទៅមួយឆ្នាំ ការរៀបចំពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ដូចជាការរៀបចំពិធីសា​ស​នា​​ កាន់តែមានភាពអធិកអធមខ្លាំងឡើងៗ។ នៅ​​​ប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងរៀប​ចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ​សារ​​ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអញ្ជើញពុទ្ធបរិស័ទ ក៏ដូចជាជនរួមជាតិទាំងអស់ ចូលរួម​អបអរសាទរ​ និងសប្បាយរីករាយឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យជាតិរបស់យើងខាងលើនេះ ។

ដើម្បីរួមចំណែកជាមួយនឹងក្រសួងធម្មការ និងសាសនា និងគណៈសង្ឃ ក្នុងនាម​រាជរដ្ឋាភិបាល និងក្នុងនាមជាពុទ្ធបរិស័ទមួយរូប ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម​រួម​​ចំណែកផ្តល់ជូននូវវិភាគទានស្មារតីមួយចំនួនដល់អង្គពិធី ក្នុងការពិចារណា ដូចខាងក្រោម៖​

ទី១ សូមសម្ដេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គព្រះមេត្តា បន្តផ្ដោតព្រះទ័យជួយជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៌វិន័យ ឱ្យបានត្រឹមត្រូវតាម​ពុទ្ធដីកា ដើម្បីជាយានសម្រាប់ចម្លង និងជាស្រែបុណ្យប្រក​ប​ដោយ​សម្មាទិដ្ឋិ និងជាការសន្សំបុណ្យកុសលសម្រាប់ព្រះសង្ឃរៀងៗព្រះអង្គ ​និងពុទ្ធ​បរិស័ទ​ ​ឱ្យមានសុខសន្តិភា​ព និងការអភិវឌ្ឍ​ជានិច្ច​និរន្តរ៍។

ទី២ ក្នុងដំណើរយាង និមន្តលើមាគ៌ាព្រះធម៌ សូមសម្តេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយ​តាម​​បណ្តាញសង្គម​ ​ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតី​ប្រកប​ដោយព្រហ្មវិហារធម៌ កាត់បន្ថយ​អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន​សុខដុមរមនា និងពង្រឹងសាមគ្គីធម៌​។

ទី៣ សូមគណៈសង្ឃ​ទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់​សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បន្តកិច្ចសហការជាមួយ​ក្រសួងធម្មការ​ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម។ ​ក្រសួងធម្មការ និងសាសនាត្រូវបន្ត​សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជួយលើកកម្ពស់សាសនា និងសីលធម៌សង្គម។

ទន្ទឹមនេះដែរ ក្រសួងធម្មការ និងសាសនា ត្រូវជំរុញរៀបចំច្បាប់ស្តីពីសាសនាឱ្យបានឆាប់ តាមដែល​អាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារវិស័យសាសនា និងបំពេញបន្ថែមលិខិតបទដ្ឋានគិតយុត្តនានាក្រោមច្បាប់ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ក្រសួង សម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា លើកកម្ពស់សីលធម៌សង្គ​ម សុខដុមនីយកម្មសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

មុននឹងបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ អរគុណជាថ្មីម្តងទៀត ថ្វាយ ប្រគេនជូន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទទាំងអស់​ ចំពោះព្រះវត្តមាន និងវត្តមានដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោច​ស្រព​ព្រះ​សុគន្ធាវារីនេះ ដែលបង្ហាញឱ្យឃើញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមដំបូលនៃសុខសន្តិភាព ​និងការ​ចូលរួមក្នុងការធ្វើស្រែបុណ្យ និងការបំពេញបុណ្យកុសលរួមគ្នា ប្រកបដោយសទ្ធាជ្រះថ្លា។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេនពរ និងជូនពរ ​សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ​នាយក សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ​ឧកញ៉ា អស់លោក លោកស្រី សីលវន្ត សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស ភ្ញៀវកិត្តិយសទាំងអស់ សូមប្រកប​ដោយ​ពរ និងពុទ្ធពរទាំង ៥ ​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

[សេចក្តីអធិប្បាយ៣]

ក្នុងឱកាសនេះដែរ ទួលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ ក៏បានរៀបចំប្រគេនថ្វាយ ក្នុងនោះទេយ្យទានប្រគេនព្រះសង្ឃលើវេទិកានិងព្រះសង្ឃចូលរួមក្នុងពិធី។ សម្រាប់ជូនសាធារណជន លោកតា លោកយាយ ២០០នាក់ ម្នាក់ៗ ក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល។ ជូនលោក/អ្នកគ្រូ​ ១០១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ២០០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ១ម៉ឺនរៀល។ ជូនសិស្ស និស្សិតកំពុងស្នាក់នៅក្នុងវត្ត ៥៥នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្រុមយុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធនិស្សិត … ក្នុងពេទ្យ TYDA ៧៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ ជូនសាលាបឋមសិក្សា ហ៊ុន សែន ចំពុះក្អែក ថវិកា ៥០ម៉ឺនរៀល។ សាលាខណ្ឌច្បារអំពៅ ថវិកា២លានរៀល។ ជូនក្រុមភ្លេងបុរាណ ថវិកា ៥លានរៀល និងគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀលផងដែរ​៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the showring ceremony for the senior Buddhist monks
[Unofficial translation]
**************

CMF:

All religions (1), Buddhism, Islam, Christianity, and other religions all have the same purpose – to educate people/practitioners to have a righteous mindset, to do good deeds, and to respect each other as a basis for living with morality, virtue, mutual respect and harmony. Self-esteem is an important task in modern times, when we have many choices, especially for young men and women, and for children who become the future of the nation, as everyone requires clear self-esteem […]

When we freed ourselves from the genocidal regime of Pol Pot, when the country is poor and (2) when our country was in difficult state […] the options and possibility to have access to education or information was impossible, and where materialism was not yet our choice, at that time, the focus was more on learning to fulfill the role of a good child and a good student […] in the current era of modernization, especially the acquisition of civilization and the ability to acquire morality from various materials from abroad, as well as modernization in our society, our people started to have more choices – good and bad. The youth and people have had to make decision on what to accept or execute and/or what is good and bad […]

Education and building self-esteem is a necessary factor for people when there are many choices (to make) whether the one we take is good or is bad, or it benefits the society or has a negative impact on society to the nation and religion. Thus, (3) education, counseling, teaching in all religions, along with education in the school and in the family plays an important role in creating a clear value in our people, and especially from a young age […]

In Cambodia, all religions, or both, went through the same situation – good and bad […]  after gaining independence from the France in 1953, all religions in the Kingdom began to practice their freedom again. Unfortunately, when our country fell into the flames of war in the 1970s, because of which the people of all faiths, especially during the genocidal regime of Pol Pot, were affected. (4) From 1975 to 1979, all religious practices were shut down and many religious achievements were destroyed, be it Christianity, Buddhism or Islam, Mahayana or other religions […]

After (the liberation of the country from the genocidal regime of Democratic Kampuchea (5) on January 7,) 1979, religion was given the same opportunities, rights and attention, and the same resurrection. Under the genocidal regime of Pol Pot, the people who were massacred were not only Buddhists, but also Muslims and Christians. Equal chances are given to everyone, to religious or non-religious people, to participate in social activities, in all aspects, political and social, as well as in the ranks of government. The win-win policy of Samdech Techo, (the former Prime Minister), which ended the war in 1998 has saved life of the Cambodians of all religions from death […]

(6) When there is a war, (whether) in the army or in a village, where the people live or in any religion, (all are) affected. The end of the war saved people’s lives and gave equal opportunities to people and all religions. Respect and practicing, promotion and uplifting the religious freedom is done (in every religion), and even though Buddhism (is defined as) the state religion, all religions are promoted. This contributes to the maintenance of religious harmony that avoids destruction […]

(7) Apart from the Royal Government’s policy of engaging in religious practice, we can proudly say that there is no religion in Cambodia that is extremist. In Buddhism we have different denominations. In Islam, there are also different denominations. In Christianity, there are also different denominations, but there are no extremist practices that cause conflicts within one religion or between religions in Cambodia […]

The two factors – (8) the policy factors of the Royal Government and (that fact that no religion adheres to extremist tendencies), the participation of the community has helped prevent and eliminate the occurrence of religious conflicts/discriminatory stance in the territory of Cambodia. We must work together to prevent any form of discriminatory or extremist policy, and if there were any, we are to eradicate it in order to maintain peace and harmony in our society […]

(9) The three principles (at the core of the win-win policy are), first, impunity, second, the granting of rights, freedoms, preservation of life, property, and (third, the preservation) of title and roles, […] which has provided understanding and respect of/for each other and allowed Cambodians to reunite together. The 500 years of war were caused by division, and had come to the end in 1998 because we understood and loved each other. This policy of working and living together gives us lasting peace […]

Therefore, (10) the Royal Government of the 7th legislative term (of the National Assembly) will continue the traditions and policies that the Royal Government in the past over 40 years, and respects and promotes the rights and freedoms of all religions, and tries to maintain religious harmony as an element important in maintaining peace, as well as eliminating any extremist policies or views that attempt to destroy peace […]./.

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ជប់លៀងអបអរសាទរជោគជ័យការរៀបចំជាម្ចាស់ផ្ទះនិងការប្រកួត កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម

 CMF:

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣,

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី
កីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!

ថ្ងៃនេះរូបខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីសោមនស្សបានចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងពិធីជប់លៀងអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នេះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាទន្ទឹងរង់ចាំរយៈពេល ៦៤ ឆ្នាំ ទោះបីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទើបតែបានបិទបញ្ចប់ កាលពីខែមិថុនា ឆ្នាំ ២០២៣ ក៏ដោយ ក៏លទ្ធផលស្នាដៃកិត្តិយស និងកិត្យានុភាពជាតិ ដែលកើតចេញពីព្រឹត្តិការណ៍ទាំងនេះ គឺហាក់ដូចជាស្ថិតនៅថ្មីៗ ហើយនៅស្ថិតស្ថិរជានិច្ចនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើង។ តបតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានរាយការណ៍ជូនអង្គពិធីអម្បាញ់មិញ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានសម្រេចបាន។ រាល់មេដាយដែលយើងទទួលបាននៅក្នុងព្រឹត្តិការណ៍នេះ ជាជោគជ័យរបស់កីឡាករ/ការិនី គ្រប់រូប ហើយថែមទាំងជាមោទនភាពដ៏ត្រចេះត្រចង់របស់ប្រជាជនកម្ពុជាផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

អាចនិយាយបានថា តាមការចងចាំរបស់ខ្ញុំ មកដល់ពេលនេះ ព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាព្រឹត្តិការណ៍ដ៏កម្រនៅកម្ពុជាយើង ដែលទាក់ទាញការចាប់អារម្មណ៍ និងការគាំទ្រពីប្រជាជនទូទាំងប្រទេសក្នុងពេលតែមួយ។ និយាយរួម កីឡាអីក៏ដោយ បើសូម្បីតែអ្នកដែលអត់ស្គាល់កីឡាក៏តាមមើលដែរ បានន័យថាពិសេសហើយ។ ជាក់ស្តែង ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម ទាំងព្រឹត្តិការណ៍បើក និងព្រឹត្តិការណ៍ការប្រកួតនេះ ប្រជាជនយើងទូទាំងប្រទេស មិនថាអ្នកចូលចិត្តវិស័យកីឡា ឬមិនធ្លាប់(មើលកីឡា សុទ្ធតែបានតាមដាន)។ នៅក្នុងផ្ទះខ្ញុំក៏អញ្ចឹងដែរ។ គ្រួសារខ្ញុំអត់ធ្លាប់លេងកីឡាបាល់ទះអីទេ។ ដល់ម៉ោងកីឡាកម្ពុជាប្រកួតគាត់អត់ឲ្យខ្ញុំដូរប៉ុស្តិទេ។ បានន័យថាមានការគាំទ្រនិងការតាមដាន។

ក្រោយពីថ្ងៃបើកព្រឹត្តិការណ៍ ចុះទៅបំពេញការងារកម្មវិធីផ្សេងៗនៅទូទាំងប្រទេស បានជួបប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តឆ្ងាយៗ ខ្ញុំតែងតែសួរថា លោកតាលោកយាយ អ៊ំ ពូ មីង បានឃើញកីឡាទេ។ ភាគច្រើនណាស់ ឬសឹងតែទាំងអស់ថាបានតាមដាន បានតាមមើល។ អញ្ចឹង ព្រឹត្តិការណ៍នៃការប្រកួតនេះ មិនត្រឹមតែជាការប្រកួតកីឡានោះទេ ប៉ុន្តែសម្រាប់កម្ពុជាយើងគឺជាមោទនភាពមួយ ដែលប្រជាជាតិយើងទាំងមូលរួមគ្នា មិនថាចាស់ មិនថាក្មេង មិនថាអ្នកនៅរាជធានីភ្នំពេញ ឬនៅជនបទទេ គឺតាមដាននិងគាំទ្រ។ នេះហើយគឺជាសមិទ្ធផលរួមនិងភាពជោគជ័យនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលយើងបានធ្វើម្ចាស់ផ្ទះដោយជោគជ័យ។

មិនតែប៉ុណ្ណោះ (យើងដណ្តើមបាន)មេដាយកើនដល់ទៅ ២៨២ (ក្នុងការប្រកួតកីឡាស៊ីហ្គេម)។ ពីមួយឆ្នាំមុនយើងបានតែ ៦៣។ កីឡាប៉ារ៉ាហ្គេមបានទៅដល់ ៧៣ នៅក្នុងមេដាយនេះ។ នេះហើយជាមោទនភាពរបស់យើងដែលកើតចេញពីការគាំទ្រ និងបំផុសនូវស្មារតីនៃកីឡានេះ។ ខ្ញុំថាជាព្រឹត្តិការណ៍ដែលមានការចាប់អា​រម្មណ៍ខ្ពស់ ហើយព្រឹត្តិការណ៍តិចណាស់ដែលអាចមានចាប់អារម្មណ៍ និងមានការគាំទ្រផុសផុលបែបនេះ។ គឺជាស្មារតីជាតិតែម្តង។ សូមអបអរសាទរចំពោះភាពជោគជ័យនេះ

[បញ្ចប់សេចក្ដីអធិប្បាយ១]

ខណៈដែលយើងកំពុងអបអរសាទរនូវសមិទ្ធផលទាំងនេះ យើងក៏មិនអាចបំភ្លេចឡើយនូវសមិទ្ធផលទាំងនេះ មិនអាចកើតឡើងប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសក្រោមការដឹកនាំដ៏ភ្លឺថ្លានិងមាន ចក្ខុវិស័យចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាក្រុមការងាររៀបចំដែលមានឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន និងថ្នាក់ដឹកនាំរបស់គណៈកម្មការរៀបចំក្នុងការជំរុញ។ ជាពិសេសគឺពីបងប្អូនកីឡាករ ពីគណៈកម្មការជំនាញ បងប្អូនកីឡាករ/ការិនី គ្រូបង្វឹក សិល្បៈករ/ការិនី បងប្អូនយុវជនស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ និងកងក​ម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចំណាយកម្លាំង និងពេលវេលាចូលរួមញាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធឹកអធម និងកាន់តែទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

ចំពោះកីឡាករ/ការិនី និងគណៈកម្មការ តាមខ្ញុំដឹងគឺតាំងពីចប់ប្រកួតស៊ីហ្គេមទី៣១ (ដោយនិយាយ)ពាក្យសាមញ្ញគឺត្រូវចាក់សោរ ឬចូលប្រមូលផ្តុំ ព្រោះយើងការពារ២​៖ ទី១ គឺការពារជំងឺកូវីដ-១៩ ការឆ្លងរីករាលដាលនឹងធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈហ្វឹកហ្វឺនរបស់យើង។ ទី២ គឺការប្រមូលផ្តុំនៅក្នុងការហ្វឹកហ្វឺនដើម្បីបំប៉នកម្លាំង។ ការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះប្រកួតត្រូវការរយៈពេលវែង … មានប្អូនៗសិស្សានុសិស្សមួយចំនួនក៏បានចូលរួម។ មានគោលការណ៍ឱ្យមករៀនកន្លែងនេះតែម្តង យោងតាមរបាយការណ៍ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី(រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា)។ មកបង្រៀន មករៀននៅទីនេះពេលហ្វឹកហ្វឺនតែម្តង។

ចំពោះកីឡា/ការិនី ២៦រូប ដែលបានទទួលមេដាយ មាស ប្រាក់ និងសំរិទ្ធ នៅ​(ក្នុងការប្រកួត)កីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ ហើយឆ្នាំនេះត្រូវប្រឡងបាក់ឌូប្លិ៍ ល្ងាចមិញគឺ ឯកឧត្តម ហង់ជួន ណារ៉ុន បានស្នើសុំគោលការណ៍អោយជាប់ស្វ័យប្រវត្តិ។ ខ្ញុំបានចារឯកភាពល្ងាចមិញ ជាការលើកទឹកចិត្ត។ ប្អូនៗប្រឹងប្រែងដើម្បីយកមេដាយជូនជាតិហើយខិតខំរៀនផង។ ខ្ញុំគិតថាសមណាស់ហើយ។ កាលពីឆ្នាំកីឡាលើកទី៣១ សម្តេចតេជោក៏បានផ្តល់ប្រ​គល់ជូន ៨នាក់ ជាការលើកទឹកចិត្តឱ្យសមស្របទៅតាម(ការប្រឹងប្រែង)នេះ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទន្ទឹមនេះការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ របស់យើង ក៏នឹងមិនអាចប្រព្រឹត្តិឡើងទៅបានឡើយបើយើងគ្មាន ពហុកីឡដ្ឋាន « មរតកតេជោ » ដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ត្រនេះ។ ពហុកីឡនេះជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីងភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ បើសិនជាគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិន ក្នុងការកសាងពហុកីឡដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ។ នៅក្នុងន័យនេះតាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលចាត់ទុកកម្ពុជាជា «មិត្តដែកថែប» «មិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យកីឡាផងដែរ។ ខ្ញុំក៏សូមអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការជួយទៅដល់កម្ពុជាទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ ដើម្បីយើងអាចដំណើរការ ការប្រតិបត្តិនេះដោយជោគជ័យ ក៏ដូចជាបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ និងក្រុមការងារជំនាញមកចូលរួម ដើម្បីដឹកនាំការប្រកួតនេះឱ្យបានជោគជ័យប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! យើងបានជ្រើសរើសយកពាក្យស្លោកដ៏ត្រឹមត្រូវបំផុតសម្រាប់ការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ លើកទី ៣២ នេះដែលនោះគឺ « កីឡារស់ក្នុងសន្តិភាព »។យើងបានជ្រើសយកពាក្យស្លោកនេះ ព្រោះយើងយល់ថាគុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្ដាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះពិតជាងាយណាស់ដែលត្រូវបានគេមើលរំលង។ ជាក់ស្ដែងដោយសារសង្គ្រាមស៊ីវិល ប៉ុន្មានទសវត្សមុននេះ កម្ពុជាធ្លាប់តែរុងរឿងហើយថែមទាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា GANEFO លើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក នៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម បានវិនាសខ្ទេចខ្ទំ បានក្លាយជាវាលពិឃាតដ៏គួរឱ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់យើងបានបាត់បង់ស្ទើរតែទាំងស្រុង។ កីឡាករ/ការនីយើង ស្ទើរទាំងអស់ត្រូវបានបាត់បង់ជីវិត យើងចាំបាច់ត្រូវខិតខំប្រមូលអតីតកីឡាករ/ការនី ដែលរស់នៅសេសសល់ពីការកាប់សម្លាប់ ចូលមកមកបម្រើការងារនិងស្ដារវិស័យកីឡាឡើងវិញរហូតយើងមានធនធាន អត្តពលិកនិងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតជាតិ តំបន់ និងអូឡាំពិកដូចសព្វថ្ងៃនេះ។

ក្នុងន័យនេះប្រសិនបើគ្មានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាក ដោយសម្ដេចតេជោស្ថាបនិកមគ្គទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុនដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ​ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏នឹងគ្មានថ្ងៃនេះ យើងគ្មានថ្ងៃដែលយើងអាច​ធ្វើជាម្ចាស់ផ្ទះ នៃ(ការ) ប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ។ ប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម ហើយយើងដែលជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបានប្រកបដោយសុភមង្គល ហើយអាចលេងកីឡាឬទស្សនាកីឡាលេងយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ។ ដូច្នេះកីឡាពិតជារស់នៅក្នុងសន្តិភាព។ យើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក៏ដោយ។

ជាមួយគ្នានេះ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ មិនត្រឹមតែបានបានបង្ហាញទៅកាន់អន្តរជាតិ អំពីការរីកចម្រើនរបស់កម្ពុជានៅក្រោយសង្គ្រាមទេ ក៏ដូចជាបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួន ដូចជាប្រសាទអង្គរនិងកីឡា ល្បុក្កតោនោះទេ។ ព្រឹត្តិការណ៍នេះក៏បានបំផុសស្មារតីស្រលាញ់ជាតិ ស្រលាញ់កីឡា ស្រលាញ់សុខភាពនិងចលនាជាតិនិយមយ៉ាងផុសផុល ដល់បងប្អូនជនរួមជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ៗរូបឱ្យចងចាំឡើងវិញថា កម្ពុជាពិតជាជាតិមួយថ្កើងថ្កាន មានអរិយធម៌ខ្ពង់ខ្ពស់ យើងគ្រប់គ្នាត្រូវតែមានមោទនភាព។ តាមរយៈការចូលរួមគាំទ្ររបស់បងប្អូនជនរួមជាតិគ្រប់វ័យ គ្រប់ស្រទាប់ ជីវភាពនិងគ្រប់និន្នាការនយោបាយទាំងក្នុងនិងក្រៅប្រទេស​ ព្រឹត្តិការណ៍នេះបានបំផុសចលនាស្មារតីស្រលាញ់ជាតិ ដល់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ថែមទាំងជំរុញឱ្យខ្មែរគ្រប់រូបកាន់តែមានសាមគ្គីភាព និងកាន់តែជិតស្និទ្ធរវាងគ្នាទៅវិញទៅមក។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាកំណត់ត្រាប្រវត្តិថ្មីមួយទៀតរបស់កម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការនីកម្ពុជា ដែលបានរួមគ្នាដណ្ដើមបានមេដាយមាសជាច្រើនពុំធ្លាប់មានពីមុនមក ជាពិសេសចំពោះវីរកីឡាការនី ស៊ន សៀវម៉ី, ខាន់ ចេសា, ប៉ាល់ ឆរស្មី, កីឡាករ បឺត សង្ឃឹម, អ្នកស្រី ឌុច ចត្ថា, កីឡាការនីអត្តពលកម្មជនពិការ ក្រុមកីឡាបាល់បោះរទេះនារី និងក្រុមកីឡាបាល់ទះជនពិការបុរស ជាដើម។ ខ្ញុំក៏សូមកោតសរសើរចំពោះកីឡាករ/កានី ដទៃទៀតទាំងអស់ទោះមិនបានមេដាយមាសក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈនិងស្មារតី កីឡាអូឡាំពិកដែលមិនរុញរា ឬបោះចោលការប្រកួតទោះដឹងថាមិនអាចយកឈ្នះក៏ដោយ។ ស្មារតីត្រូវបានបង្ហាញជាពិសេសដោយកីឡាការនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀង ផ្គរ រហូតដល់គោលដៅទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ។ ត្រូវបានបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗ បណ្ដាញផ្សព្វផ្សាយធំៗនានា ធ្វើការចុះផ្សាយនិងមានទស្សនារហូតទៅដល់ជាង ២ ០០០ លានដង។

ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិល្បៈករ/ការនី ប្អូនៗយុវជនស្ម័គ្រចិត្តក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ៍យ។ ការចូលរួមរបស់បងប្អូន ជាកាយវិការដ៏គួរឱ្យគោរព ខ្ញុំសង្ឃឹមថាបទពិសោធន៍នៃព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាការចង់ចាំដ៏ល្អរបស់បងប្អូនទៅអ្នកជំនាន់ក្រោយ។ ជាពិសេសស្មារតីនឹងបានឃើញម្ដងទៀតនៅពេលដែលយើងធ្វើម្ចាស់ផ្ទះនៅកីឡាអាស៊ានយុវជននៅឆ្នាំ ២០២៩ ខាងមុខ។ យើងអាចនិយាយបានថាជំនួបនារាត្រីដ៏សែនមនោរម្យនេះ គឺជាការបិទបញ្ចប់នូវព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីយើងបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែរាល់ទង្វើនិងសកម្មភាព និងអនុស្សាវរីយ៍ល្អៗដែលយើងបានសាងរួមគ្នា និងជាមួយគ្នាគឺនៅតែចងចាំស្ថិតស្ថិរ និងកត់ត្រាទុកក្នុងបេះដូងរបស់យើងគ្រប់ៗគ្នាជានិច្ច។

ជាទីបញ្ចប់រូបខ្ញុំ និងភរិយា សូមគោរពជូនពរសម្ដេចពិជ័យសេនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស កីឡាករ/ការនី សិល្បៈករ/ការនីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំឃ្លៀងឃ្លាតឡើយ។ កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា៕

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងពិធីជប់លៀងអបអរសាទរជោគជ័យ SEA Games-ASEAN Para Games ឆ្នាំ២០២៣

 ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ   បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមរំឭកផងដែរថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤ ។


នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី



ឥណ្ឌូនេស៊ី៖  បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ីបន្តទៀត។

ថ្លែងបើកកិច្វប្រជុំ ឯឧត្តម ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរដល់សហរដ្ឋអាមេរិក ដែលបានធ្វើការជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីសន្តិភាព និងស្ថេរភាព។ ឯកឧត្តមបន្តថា៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក និងធ្វើជាសក្ខីភាពចំពោះអាស៊ាន និង សហរដ្ឋអាមេរិក និងភាពជាដៃគូរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម ការយោគយល់គ្នា សន្តិភាព ស្ថេរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិច។ កិច្ចប្រជុំនេះ បានផ្តល់ឱកាសដ៏មានតម្លៃបំផុត សំរាប់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា និង ការធ្ចើអោយស៊ីជំរៅនៃការយោគយល់គ្នា ។

ឯកឧត្តម ឡយដ៍ អូស្ទីន (Loyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និង វិបុលភាព នៅអាស៊ីអាគ្មេយ៍ ដើម្បីពង្រឹងភាពជាដៃគូរនៅទីនេះ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ អាស៊ានមានសារៈសំខាន់សម្រាប់កិច្ចសន្ទនា និង សហប្រតិបត្តិការក្នុងតំបន់ នេះជាមូលហេតុដែលធ្វើ អោយសហរដ្ឋអាមេរិក ធ្វើការងារអោយកាន់តែស៊ីជំរៅជាមួយអាស៊ាននៅគ្រប់កំរិត ។

ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន - អាមេរិក នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ភាពជាដៃគូអាស៊ាន-អាមេរិក បានបន្តប្ដេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាវិបុលភាពសម្រាប់តំបន់របស់យើង។ កិច្ចព្រមព្រៀងរវាងមេដឹកនាំអាស៊ាន-អាមេរិកក្នុង ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីភាពទូលំទូលាយ និងស៊ីជម្រៅនៃទំនាក់ទំនងរបស់យើង និងបានបើកផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យការពារជាតិបន្ថែមទៀត ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់ តួនាទីស្ថាបនារបស់សហរដ្ឋអាមេរិកក្នុងតំបន់ រួមទាំងការចូលរួមយ៉ាងសកម្ម ក្នុងក្រុមការងារជំនាញនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus )។ សហរដ្ឋអាមេរិកបានធ្វើជាសហប្រធាន ក្រុមការងារជំនាញ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានចំនួន ៣ លើករួចមកហើយ។ ឯកឧត្តមបញ្ជាក់ថា៖ សហរដ្ឋអាមេរិក នឹងធ្វើជាសហប្រធាននៃក្រុមការងារ ជំនាញជុំទី៥ លើវិស័យវេជ្ជសាស្ត្រយោធា ជាមួយនឹងប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាសូមគាំទ្រការរួមចំណែកដ៏មានតម្លៃបែបនេះ។ 

ឯកឧត្តម សង្កត់ធ្ងន់ថា៖ សហរដ្ឋអាមេរិក, តែងតែជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ាន។ ស្របពេលដែលអាស៊ាន និងអាមេរិកកំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ យើងក៏មានបំណងចង់បន្តធ្វើការជាមួយគ្នាប្រកបដោយការជឿទុកចិត្តគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតំបន់ដែលទទួលបាននូវ សន្តិភាព វិបុលភាព និងសន្តិសុខយូរអង្វែង ៕












សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះជំនឿក្នុងគ្រប់សាសនាទាំងអស់ ត្រូវបានធានា និងការពារដោយច្បាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងពេលនេះ ប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយសារការគោរពជំនឿសាសនារបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ការគោរព ការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានធានា និងការពារ នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ។ ពោលគឺគេអាចនិយាយបានថា «គ្មានជម្លោះសាសនានៅកម្ពុជាទេ» ដែលជាតថភាពមួយ ដែលយើងគួរមានមោទនភាព ព្រោះបើប្រៀបធៀបជាមួយប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនា ពេលខ្លះបានបង្កជម្លោះបែកបាក់ប្រជាជននិងប្រជាជននៅក្នុងសហគមន៍ រហូតដល់ទៅបង្កើតបានជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជម្រើសនិងលទ្ធភាពក្នុងការទទួលបានការអប់រំបែបសម្ភារៈនិយម មិនទាន់មានច្រើនទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលប្រទេសយើងលំបាក នៅពេលយើងទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពេលដែលប្រទេសយើងនៅក្រីក្រនៅឡើយ ជម្រើសនិងលទ្ធភាពក្នុងការទទួលបានការអប់រំ ឬការទទួលបានលទ្ធភាពបែបសម្ភារៈនិយម នៅមិនទាន់មានច្រើននៅឡើយទេ។ សម្តេចបានបន្តថា ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការរីកចម្រើន និងចរន្តនៃសាកលភាវូបនីយកម្ម យុវជនមានជម្រើសច្រើនក្នុងការទទួលបានការអប់រំ ទាំងល្អ ទាំងអាក្រក់ ដូច្នេះ ការសម្រេចចិត្តរបស់យុវជននិងប្រជាពលរដ្ឋយើង ថាតើត្រូវទទួលយកអ្វី ឬប្រតិបត្តិអ្វីល្អ អ្វីអាក្រក់ គឺសំខាន់ណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងសម័យទំនើបនេះ យើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន យុវនារី និងសម្រាប់កុមារ ដែលនឹងក្លាយទៅជាសសរទ្រូងសម្រាប់ប្រទេសជាតិយើង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព​ព្រះ​សុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ


នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា បានអញ្ជើញ​ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត​ចំ​ពុះ​ក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈ​ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា ក្នុងនោះរួមមាន៖

១-សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល (ចន្ទនត្ថេរោ) ព្រះរាជាគណៈថ្នាក់​ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ​វត្ត​លង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេកង១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។

២-សម្តេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) ឧត្តមទីប្រឹក្សាផ្ទាល់គណៈ​សង្ឃ​នាយក សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងជាព្រះចៅអធិការ​វត្តរាជ​បូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

៣-សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត (សីលសំវរោ) ព្រះអនុ​ប្រធាន​លេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសាកល​វិទ្យា​ធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបា​ឡាត់​គណរាជធានីភ្នំពេញ។

៤-សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ (ឋិតសីលប្បញ្ញោ) សមាជិកថេរសភា​នៃព្រះ​ពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ លេខា​ធិការ​ដ្ឋាន​គណៈសង្ឃនាយក ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទទួលបន្ទុកជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះបាឡាត់​គណរាជ​ធានីភ្នំពេញ។

៥-សម្តេចព្រះមហាវិមលធម្ម មួង សទ្ធាពុទ្ទពង្ស (សញ្ជាតធម្មោ) ព្រះរាជាគណៈ​ថ្នាក់​ទោ និងជាព្រះចៅអធិការវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

៦-ព្រះមុនីកោសល វ៉ង់ គឹមសន (សច្ចគុត្តោ) ព្រះរាជាគណៈថ្នាក់ទោ ទីប្រឹក្សាផ្ទាល់​សម្តេចព្រះមហាសុមេធាធិបតី ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ព្រះអនុប្រធានមណ្ឌលវិបស្សនាធុរៈ និងជាព្រះចៅអធិការ​វត្ត​ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៧-ព្រះពុទ្ធវង្ស សុខ សុភាព (សច្ចសីលោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរគណ​រាជធានីភ្នំពេញ ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ ឧត្តមប្រឹក្សាផ្ទាល់​សម្តេច​ព្រះមហាសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី សមាជិកលេខាធិការ​ដ្ឋានគណៈសង្ឃនាយក វិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការ​វត្ត​វារិន្ទព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៨-ព្រះឧបាលិវង្ស កែវ សាវ៉ន (ជោតិថេរោ) ព្រះរាជាគណៈថ្នាក់ត្រី ព្រះមង្គលទិព្វលោករង្សី ព្រះមេគណខេត្តតាកែវ និងជាព្រះចៅអធិការវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

៩-ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា (ឥន្ទញ្ញាណោ) ព្រះជលធីវាសី មេគណខេត្តកំពត និងជាព្រះចៅអធិការវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

១០-ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ (ធម្មធរោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តព្រជុំនទី (ក្រពើហា) ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

១១-ព្រះវិន័យសំវរ រិន សុផុន (ឥន្ទប្បញ្ញោ) ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តធម្មវិបស្សនារាម ហៅតាភេម។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥,១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨,៩៦៧ អង្គ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។ សម្ដេចបន្តទៀតថា ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែនបានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

ឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា និងបានអំពាវនាវដល់ពុទ្ធបរិស័ទ។ នៅថ្ងៃនេះ សម្តេចធិបតីបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ

និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕