សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពចំពោះការរីកចម្រើនវិស័យសាសនានៅកម្ពុជាទាំងពុទ្ធសាសនា ក៏ដូចជាការគោរពជំនឿសាសនាផ្សេងៗទៀតរបស់ប្រជាជនកម្ពុជា ដោយរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពបែបនេះ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា»។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ទោះបីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាផ្សេងៗដោយគ្មានការរើសអើងឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា នៅប្រទេសកម្ពុជាតាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ។ ផ្ទុយទៅវិញ ការគោរពនិងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានា ការពារ នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈឡើយ ដែលយើងអាចនិយាយបានថា គ្មានជម្លោះសាសនាកើតឡើងនៅកម្ពុជាទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតរំលេចថា មានប្រទេសជាច្រើនដែលមិនអាចមានសុខដុមរមនាសាសនានោះទេ ដោយពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននិងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតបានជាសង្គ្រាម ដែលធ្វើឲ្យមនុស្សរាប់រយពាន់នាក់បានស្លាប់បាត់បង់ជីវិត។ ដោយឡែក នៅកម្ពុជា គ្មានទេជម្លោះសាសនា ពោលគឺគ្រប់សាសនាទាំងអស់អាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមាន៕
No comments:
Post a Comment