Tuesday, October 31, 2017

លោក ប៉ាន សូរស័ក្ដិ អញ្ជើញបញ្ចុះបឋមសិលាកសាងអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងបញ្ចុះបឋមសិលាកសាងអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តព្រៃវែង។ នៅក្នុងថ្ងៃតែមួយនេះដែរ លោករដ្ឋមន្ត្រី ក៏បានធ្វើដំណើរទៅខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលដែលបំពេញការងារនៅក្នុងខេត្តស្វាយរៀងផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៅខេត្តទាំងពីរ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មដែលបានសម្រេចបានកន្លងមករួមមាន៖ ការអនុម័តរបស់ព្រឹទ្ធសភាលើសេចក្ដីព្រាងច្បាប់ឧបាស្រ័យពាណិជ្ជកម្មដែលចែងអំពីវិធានទប់ស្កាត់ការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធន និងការនាំចូលដោយគំហុកដែលអាចបង្កឱ្យខូចឧស្សាហកម្មក្នុងស្រុក និងសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិនដែលមានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ានឱ្យកាន់តែស៊ីជម្រៅជាមួយនឹងប្រទេសចិនតាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

ជាមួយនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីជំហររបស់ក្រសួងពាណិជ្ជកម្មក្នុងគោលបំណងគាំពារសុខមាលភាព និងសិទ្ធិប្រជាជនដែលជាអ្នកប្រើប្រាស់ក៏ដូចជាការពារការអនុវត្តសកម្មភាពធុរកិច្ចដោយមិនស្មោះត្រង់តាមរយៈការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗដទៃទៀតដូចជាច្បាប់ស្ដីពីចំណីអាហារ ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែង។ ក្រៅពីនេះទៀតលោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាពិសេសជំនាញភាសាអង់គ្លេស និងជំនាញព័ត៌មានវិទ្យាដើម្បីចូលរួមការងាររបស់ស្ថាប័នខ្លួនឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបានរំលឹកទៀតថាការប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើនធនធានមនុស្សនេះហើយដែលជាកត្តារួមផ្សំក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាបនិងអនុញ្ញាតឱ្យកម្ពុជាក្លាយខ្លួនជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួចនៅអង្គការពាណិជ្ជកម្មពិភពលោក។

សម្រាប់ការងារនៅពេលខាងមុខ លោករដ្ឋមន្រ្តី បានជម្រាបជូនពីកាតព្វកិច្ចសំខាន់មួយទៀតរបស់ប្រទេសកម្ពុជាគឺការចូលរួមកិច្ចប្រជុំតាមដានគោលនយោបាយពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលលោកនឹងដឹកនាំគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជាចូលរួមនៅប្រទេសស្វីសនៅខែវិច្ឆិកាខាងមុខនេះ។ ការងារមួយទៀតគឺការចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកដែលកម្ពុជានឹងដើរតួយ៉ាងសំខាន់ផងដែរមិនត្រឹមតែក្នុងនាមប្រទេសកម្ពុជាខ្លួនឯងនោះទេគឺជាតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីននៅខែធ្នូខាងមុខនេះ៕












ខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២សម្រាប់ឆ្នាំ២០១៧

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ក្រោមអធិបតីភាពលោក ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្តសរុប៤៥នាក់។

របៀបវារៈសំខាន់ដែលត្រូវបានអង្គប្រជុំលើកយកពិភាក្សានិងអនុម័តនាពេលនោះរួមមាន៖
១. សេចក្ដីព្រាងរបៀបវារៈប្រជុំសាមញ្ញលើកទី៤១
២. កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត
៣. លទ្ធផលសកម្មភាពការងារគ្រប់វិស័យ ប្រចាំខែតុលា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
៤. លទ្ធផលសកម្មភាពការងារគ្រប់វិស័យ ត្រីមាសទី៣ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
៥. ឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត
៦. ការឆ្លើយបំភ្លឺសំណួរ និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០
៧. សំណួរ ចម្លើយ និងបញ្ហាផ្សេងៗ៕





ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ផ្អាកសកម្មភាព អង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ក្រោយអំពាវនាវឱ្យធ្វើបាតុកម្ម ករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះហត្ថ លេខាលើសេចក្តីសម្រេច ផ្អាកសកម្មភាពអង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ជាបណ្តោះអាសន្ន ដោយហេតុផលថា អង្គការមួយនេះបានធ្វើសកម្មភាពបំពានច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល។

អង្គការសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ដែលមានលោក ឡេង សេងហុង ជាប្រធាន ត្រូវបាន លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យ ចូលបង្ហាញខ្លួននៅ នាយកដ្ឋាន សន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីប្រធាន សមាគមរូបនេះ បានចេញសេចក្តីអំពាវនាវមួយ ដោយអំពាវនាវដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមធ្វើបាតុកម្មអហិង្សា ក្នុងករណីគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ។

ក្នុងដីកាបញ្ជាឱ្យចូលខ្លួន ដែលចេញកាលពីទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយលោក សៀង សុខ បានបញ្ជា ឱ្យលោក ឡេង សេងហុង ចូលខ្លួនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការ ដ្ឋាននរគបាលជាតិ ដើម្បីសាកសួរបំភ្លឺលើករណីញុះញុង ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ៕



ប្រធានគណបក្សយុវជនកម្ពុជា៖ លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ខណៈប្រធានបក្សកំពុងជាប់ពន្ធនាគារ

ស្របពេលដែលអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមកចោទ ដោយត្រង់ៗថា លោក ម៉ៅ មុនីវណ្ណ ជាជនក្បត់បក្សដោយស្តាប់តាមការបង្គាប់បញ្ជារបស់ លោ​កនា​យករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ចោទថា លោក ម៉ៅ មុនីវណ្ណ កំពុងធ្វើបក្សប្រហារនោះ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ខណៈប្រធានបក្សកំពុងជាប់ពន្ធនាគារ។

តាមរយៈវីដេអូឃ្លីបពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបង្ហោះនៅលើទំព័រ Facebook នាព្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ឥឡូវមានអ្នកចេញមុខធ្វើតាមការណែនាំនិងការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា គឺលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ គាត់ចេញមុខដើរទាក់ទងគេឲ្យទៅតាមគាត់ព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិហើយ គាត់ចង់មកធ្វើជាថ្នាក់ដឹកនាំជំនួសលោក កឹម សុខា ជំនួសអ្នកស្មោះត្រង់ដូច្នេះនេះជាអំពើក្បត់ ក្បត់ដ៏ថោកទាបដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។ បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់ថា ជាជនក្បត់ជាតិនោះ លោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបវិញដោយស្នើឲ្យលោក សម រង្ស៊ី ធ្វើការពិចារណា ឬក៏អាចសួរជាមុនសិន មុននឹងចោទរូបលោកថាជាជនក្បត់បក្ស។

ការចោទប្រកាន់លោក ម៉ៅ មុនីវណ្ណ នេះ ត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានចេញមុខអះអាងថា នេះជាសេណារីយោពិតមួយ ដែលលោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ខណៈប្រធានបក្សកំពុងជាប់ពន្ធនាគារនៅត្រពាំងផ្លុង។ លោកអះអាងទៀតថា លោក សម រង្ស៊ី ពូកែណាស់អាខាងលាបពណ៌គេឯង ហើយឥឡូវនេះអស់អ្នកលាបពណ៌ទៅ គឺលោក សម រង្ស៊ី បែរកាណុងមកលាបពណ៌កូនចៅរបស់ខ្លួន។

លោក ពេជ្រ ស្រស់ បានឱ្យដឹងថា ៖ «សេណារីយោពិតមួយបានលាតត្រដាងចេញមកហើយ គឺលោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តវាយកម្ទេចក្រុមរបស់លោក កឹម សុខា ក្រោយមកខ្លួននឹងទទួលបាននូវតំណែងធ្វើជាប្រធានគណបក្សប្រឆាំងនៅកម្ពុជាដដែល ខណៈប្រធានគណបក្សសង្រ្គោះជាតិកំពុងជាប់ពន្ធនាគារ។ អ្នកណាមិនគាំទ្រខ្លួនសុទ្ធតែគេអាយ៉ង និងជនអាក្រក់ទាំងអស់ នេះជាមាយាទលោក សម រង្ស៊ី មិនអាចកែប្រែបាននោះឡើយ»។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាក៏បានលើកឡើងបន្ថែមនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះថា «លោក សម រង្ស៊ី ពូកែណាស់អាខាងលាបពណ៌គេឯង ហើយឥឡូវនេះអស់អ្នកលាបពណ៌ទៅ គឺលោក សម រង្ស៊ី បែរកាណុងមកលាបពណ៌កូនចៅរបស់ខ្លួនដើម្បីជាថ្នូរនឹងការលើកលែងទោសពីលោកនាយករដ្ឋមន្រ្តីដោយហេតុថាលោក សម រង្ស៊ី ចង់មកបន្តជីវិតនយោបាយឡើងវិញនៅកម្ពុជាប៉ុន្តែស្លាក់នឹងក្រុមលោក កឹម សុខា ប៉ុន្តែឥឡូវនេះជាឱកាសដ៏ល្អបំផុតដើម្បីកម្ទេចក្រុមលោក កឹម សុខា ក្រោយមកអ្នកទោសម្នាក់នេះនឹងសរសេរលិខិតសុំទោសមួយទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តីទូលព្រះមហាក្សត្រលើកលែងទោសឱ្យខ្លួន ក្រោយមកលោក សម រង្ស៊ី នឹងសន្យាជាមួយនាយករដ្ឋមន្រ្តីថាខ្លួននឹងឈប់ដណ្តើមអំណាចពីលោកនាយករដ្ឋមន្រ្តីទៀតហើយគឺសុំតែម្យ៉ាងគត់គឺធ្វើជាប្រធានបក្សប្រឆាំងស៊ីឈ្នួលតែប៉ុណ្ណោះ។ សូមអ្នកគាំទ្រគណបក្សជិតរលាយ មេត្តាជួយជេរអ្នកទោស (សម រង្ស៊ី) គំនិតអាក្រក់មួយនេះផងទាន កុំផ្កាប់មុខរហូតដល់ឃើញលា​មកក៏ថាមាសដែរនោះ»៕


រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់ នៃរថយន្ដក្រុងសាធារណៈ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈជនថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងធ្វើការកែសម្រួលតម្រាយផ្លូវខ្សែរត់ទី៧A និងដាក់ឱ្យដំណើរការខ្សែរត់ទី៦ និងខ្សែរត់ទី៩ថ្មី របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។

ខាងក្រោមនេះគឺជាខ្សែរត់ថ្មី របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈសាលារាជធានីភ្នំពេញ៖
*ខ្សែរត់ទី៧A៖ ចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ វិថីទេពផន ផ្សារដេប៉ូ កាត់ស្ដុបនាងគង្ហីង ផ្សារអូឬស្សី វិថីព្រះមុន្នីវង្ស វិថីព្រះសីហនុ មហាវិថីព្រះនរោត្តម វិថីឧកញ៉ា ជ្រុណន យូហាក់ វិថីព្រះសុធារស ដល់ចំណតផ្សារអ៊ីអន១។
*ខ្សែរត់ទី៦៖ ចេញពីចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលកូចកាណុង ផ្លូវលេខ៧០ រង្វង់មូលអង់តែនទួលគោក រង្វង់មូលកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្ដេច ជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងឆ្ពោះទៅដល់ចំណតផ្សារសេនជូរីផ្លាហ្សា។
*ខ្សែរត់ទី៩៖ ចេញពីចំណតបុរីសន្ដិភាព២ ផ្លូវជាតិលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ២ ត្រឡប់មកផ្លូវប្រទះឡាង ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
*ខ្សែរត់ទី៨៖ ដែលគ្រោងចេញដំណើរពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែព្នៅ ផ្លូវឧកញ៉ា លី យ៉ុងផាត់ ផ្លូវជាតិលេខ៦អា ដល់ចំណតផ្សារបុរីរុងរឿង នឹងត្រូវពន្យាពេលទៅដំណើរការនៅខែមិថុនា ឆ្នាំ២០១៨វិញ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ទទួលរថយន្ដក្រុងដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន។

សូមជម្រាបថា ការកែសម្រួលខ្សែរត់ និងបន្ថែមថ្មីនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណើ សំណូមពរ និងសេចក្ដីត្រូវការលើសេវាដឹកជញ្ជូនសាធារណៈ រថយន្ដក្រុងរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ កីឡាការិនី និងបងប្អូនកម្មករ កម្មការិនីទាំងអស់ ៕





ព្រះរាជពិធីបុណ្យអុំទូកនឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរជនរួមជាតិកម្សាន្តសប្បាយ និងរួមគ្នាថែរក្សាសន្តិភាព

តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ក្នុង​ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺនឹងប្រារព្ឋធ្វើនៅថ្ងៃទី ២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទីក្រុងភ្នំពេញនឹងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមកពីតាមបណ្តាខេត្តនានា រួមទាំងកីឡាករប្រណាំងទូកផងដែរ។ នេះក៏ជាឱកាសដ៏វិសេសវិសាល ដើម្បីកូនចៅយុវជនជំនាន់ក្រោយ បាន​​ស្គាល់នូវពិធីបុណ្យប្រពៃណីរបស់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះដែរ ទេសចរបរទេសក៏​​បានស្គាល់នូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ»។

ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបន្តទៀតថា «ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូកនេះ សូម​បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ចូលរួមកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា។ អរគុណ​បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នា មានឱកាសប្រា​រព្ធព្រះរាជពិធីអុំទូកដ៏អធិកអធមនេះឡើង»។

លោកនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តនានា សូមមានសុខសុវត្ថិភាពតាមផ្លូវគ្រប់ទីកន្លែង៕





ដំណើរការការដ្ឋានផ្លូវបេតុងប្រវែង ៣២,១២គីឡូម៉ែត្រ ក្នុង​ស្រុកស្វាយលើ​ គឺជាសរសៃឈាម​ ក្នុងការបង្កើន​សេដ្ឋកិច្ច​ក្នុងគ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​

សៀមរាប៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុនសាងសង់ បានកៀរ បាញ់ទឹក និងបង្ហាប់ដី ដើម្បីជាគ្រឹះសម្រាប់សាងសង់ផ្លូវបេតុង ដែលមានប្រវែង ៣២,១២គីឡូម៉ែត្រ ចាប់ពីចំណុចកែងផ្សារស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ រហូតដល់ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។

ផ្លូវនេះសាងសង់ឡើង ដើម្បីដោះស្រាយការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាប់ធ្វើដំណើរទៅទស្សនាកម្សាន្តរមណីយដ្ឋានជាតិភ្នំគូលែនផងដែរ។
ជាងនេះទៅទៀត ការសាងសង់ផ្លូវនេះ គឺជាសរសៃឈាមមួយទៀត ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ពួកគាត់ ទៅរកទីផ្សារក្នុងការបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ បានថែមមួយកម្រិតទៀត៕




រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ដើម្បីកាត់បន្ថយនូវការ ស្ទះចរាចរនៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ហាមមិនឱ្យរថយន្ដធុនធំ រថយន្ក្រឡុកស៊ីម៉ង់ត៍ រថយន្ដដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញ និងផ្អាកការដ្ឋានសំណងទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

មួយវិញទៀតសម្រាប់រថយន្ដឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្ដោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរចូល ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០:០០ព្រឹកនាទី រហូតដល់ម៉ោង១០:០០នាទីយប់ ប្រភេទយានយន្ដទាំងអស់ខាងលើ អាចចរាចរបានចាប់ពី ម៉ោង១០:០០នាទីយប់ រហូតដល់ម៉ោង១០:០០នាទីព្រឹក។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖



កម្ពុជារៀបចំវេទិកាស្ដីពីទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលអ្នកទេសចរចិន

សៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាលើកទី២ ស្ដីពីទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិ (China-Ready) ទទួលភ្ញៀវទេសចរចិន សម្រាប់ទេសចរណ៍កម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ។

ពិធីបើកវេទិកាខាងលើ ប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Yang Xiuping អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន។
វេទិកាដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧៕






ប្រវត្តិ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែ​តប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក

យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរម បុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។

តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរ  នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយ កងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩. ០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចខាងក្រោមនេះ ៖

ទាហានជើងទឹក ចែកជា៣ក្រុម៖

-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។

-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ

-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ។

របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាននៅក្នុងឱវាទស្និទ្ធិបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។

តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។

ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។

ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ យើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង រដូវទឹក ជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេស កម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។

ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មីខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប៕
























យុទ្ធនាការពាក់មួកសុវត្ថិភាពនៅខេត្តកែប

កែប៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ រដ្ឋបានខេត្តកែប ដោយមានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បាននិងកំពុងអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដឹកនាំដោយ លោក ទេព យុទ្ធី អភិបាលរងខេត្ត និងលោកប្រធានមន្ទីរ និងមានចូលរួមពីស្នងការនគរបាលខេត្ត ក្រុមការងារនគរបាលចរាចរណ៍ មន្ទីរអង្គភាពមួយចំនួនចំណុះខេត្ត និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន នៅផ្លូវជាតិលេខ៣៣ ត្រង់ទីតាំងផ្សារដំណាក់ចង្អើរ។

លោក ទេព យុទ្ធី បានមានប្រសាសន៍ថា​ មន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ​ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ​ និងសូមអោយប្រជាពលរដ្ឋទាំងអស់ អនុវត្តអោយបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍​ និង​គ្រោះថ្នាក់ដល់អាយុជីវិត​។​

សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី៣០ ខែតុលានេះ មន្ត្រីរាជការចូលរួមចំនួន ៨៧នាក់ស្រី១២នាក់ អ្នកទទួលមួកចំនួន ១២៥នាក់ ស្រី ២៩ នាក់ សៀវភៅច្បាប់ចរាចរណ៍ចំនួន ១២៥ក្បាលសៀវភៅ អ្នកបើកបរទោចក្រយានយន្តគួរយល់ដឹងចំនួន១២៥ក្បាល ខិតបណ្ណអប់រំផ្សេងៗចំនួន៨៧៥ បណ្ណ បិទស្ទិគរ័ចំនួន ៣០Km/h ចំនួន១២៥ បណ្ណ៕