Wednesday, August 22, 2018
អភិបាលខេត្តប៉ៃលិនបើកការដ្ឋានកសាងផ្លូវបេតុង ១ខ្សែនិងកាយប្រឡាយដាក់លូបង្ហូរទឹក នៅភូមិចំនួនពីរ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
ប៉ៃលិន៖ ភូមិចំនួនពីរគឺភូមិតាង៉ែនលើ និងភូមិប៉ាហ៊ីត្បូង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានកសាងផ្លូវបេតុង និងកាយប្រឡាយដាក់លូបង្ហូរទឹក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រោមមាគ៌ាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើមលើគ្រប់វិស័យ ហើយជាក់ស្តែងនៅថ្ងៃនេះរដ្ឋបាលខេត្ត បានបើកការ ដ្ឋានជួសជុលផ្លូវប៉េតុង ១ខែ្ស និងបើកការដ្ឋានកាយប្រឡាយដាក់លូបង្ហូរទឹក នៅក្នុងសង្កាត់ ប៉ៃលិននេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តក្រុងប៉ៃលិន ឱ្យបានកាន់តែល្អប្រសើរឡើង។
លោកអភិបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ថា ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅមុនពេលបោះឆ្នោត ហើយបន្ទាប់ពីគណបក្សប្រជាជនម្ពុជា បានជាប់ឆ្នោតបន្តដឹកនាំរាជរដ្ឋាភិបាលអណត្តិទី៦នេះ រដ្ឋបាលខេត្តប៉ៃលិននឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ លោក ក៏បានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវកំពុងកសាង មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណៈការខេត្ត ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងដែរថា ផ្លូវចាក់បេតុង១ខ្សែនេះ ឈ្មោះផ្លូវ ១០៦ C ឬ ហៅថាផ្លូវផ្ទះយាយកំពត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានប្រវែង ៣៨៤ម៉ែត្រ ទទឹង ១១.៦ម៉ែត្រ និងកាយប្រឡាយដាក់លូបង្ហូរទឹក នៅតាមបណ្តោយផ្លូវបេតុង លេខ ១០៦ ប្រវែង ៣០០ម៉ែត្រ ខ្នាតលូ ៨០ ដោយរំដោះទឹកពីភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទម្លាក់មកស្ពានមេម៉ាយ ដោយប្រើប្រាស់កញ្ចប់ថវិការបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន៕
ការចាប់អារម្មណ៍របស់គណបក្សមិនជាប់ឆ្នោតជុំវិញការចូលរួមជាមួយឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់
ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយតំណាងគណបក្សនយោបាយដែលមិនជាប់ឆ្នោតចំនួន១៦នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ហើយឈានដល់ការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» រួចមក ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងគណបក្សនយោបាយដែលបានចូលរួម។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (CYP) បានប្រាប់អ្នកកាសែតក្រោយជំនួបថា ការបង្កើតនេះគឺជាចំណុចល្អដោយសារគណបក្សនយោបាយ ចង់ចូលរួមអភិវឌ្ឍជាតិ ចង់ឱ្យជាតិរីកចម្រើន។ លោកបានបន្ថែមថា នេះគឺជាឱកាសមួយផងដែរពីព្រោះការបើកគណបក្សឡើងគោលបំណងធំបំផុតគឺចង់ចូលរួមអភិវឌ្ឍជាតិខ្មែរយើង ជាពិសេសចង់លុបបំបាត់ការជិះជាន់ បំបាត់អំពើពុករលួយ លុបបំបាត់ភាពរើសអើងនយោបាយ និងលុបបំបាត់រឿងឧកញ៉ាទៅប្លន់ដីរាស្ត្រជាដើម។
ចំណែកឯ លោក នួន សុខាវី គណបក្សពន្លឺថ្មី ក៏ប្រកាសគាំទ្រឧត្តមក្រុមប្រឹក្សានេះផងដែរដោយពួកគេបានបញ្ចេញទស្សនៈស្រដៀងគ្នា។ លោក សុខាវី បានថ្លែងថា ការបង្កើតនេះគឺជាចំណុចល្អណាស់ព្រោះរាជរដ្ឋាភិបាលឱ្យយើងមានសិទ្ធិគ្រប់គ្រាន់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង តើមន្ត្រីរាជការណាខុស ហើយរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីអនុវត្តទៅតាមច្បាប់ ហើយយើងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ លោកជឿជាក់ថា ប្រជាពលរដ្ឋពិតជារកយុត្តិធម៌បានច្រើន ព្រោះគណបក្ស ១៦ ចូលរួមនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីរកយុត្តិធម៌ជូនគណបក្សទូទាំងនគរបាន។
ដោយឡែក លោក គង់ មុនីកា វិញបានថ្លែងថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺជាឱកាសថ្មីមួយដែលផ្តល់ឱ្យគណបក្សទាំងអស់ដែលបានចូលរួមបោះឆ្នោតអាចបម្រើនូវឆន្ទៈរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្ររបស់ខ្លួន។ នេះជាឱកាសមួយដែលយើងអាចពាំនាំនូវទុក្ខលំបាក ក៏ដូចជាទុក្ខលំបាកនានាដែលអ្នកគាំទ្រយើងជួបប្រទះ។
គួរបញ្ជាក់ផងដែរថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះមានភារកិច្ចដូចជា៖
ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិនៅលើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល (ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ៕
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ៕
Subscribe to:
Posts (Atom)