Wednesday, August 22, 2018

ការចាប់អារម្មណ៍របស់គណបក្សមិនជាប់ឆ្នោតជុំវិញការចូលរួមជាមួយឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់

ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសំណេះសំណាលជាមួយតំណាងគណបក្សនយោបាយដែលមិនជាប់ឆ្នោតចំនួន១៦នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ហើយឈានដល់ការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» រួចមក ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងគណបក្សនយោបាយដែលបានចូលរួម។
លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ (CYP) ​បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​ថា​ ការបង្កើតនេះគឺជាចំណុច​​ល្អ​ដោយសារគណ​បក្ស​នយោបាយ ​ចង់​ចូលរួមអភិវឌ្ឍ​ជាតិ ចង់​ឱ្យ​ជាតិ​​រីកចម្រើន។ លោកបានបន្ថែមថា នេះគឺជា​ឱកាសមួយផង​ដែរ​ពីព្រោះ​ការ​បើក​គណបក្ស​ឡើងគោលបំណង​ធំ​បំផុត​គឺ​ចង់​ចូលរួម​អភិវឌ្ឍ​ជាតិ​ខ្មែរ​យើង ជាពិសេស​ចង់​លុប​បំបាត់​ការជិះជាន់ បំបាត់​អំពើ​ពុករលួយ លុបបំបាត់​ភាពរើសអើង​នយោបាយ និង​លុប​បំបាត់រឿង​ឧកញ៉ា​ទៅ​ប្លន់​ដី​រាស្ត្រ​ជាដើម។
ចំណែកឯ ​លោក នួន សុខាវី គណបក្ស​ពន្លឺ​ថ្មី ក៏​ប្រកាស​គាំទ្រ​ឧត្តម​ក្រុមប្រឹក្សា​នេះ​ផងដែរ​ដោយ​ពួកគេ​បាន​បញ្ចេញ​ទស្សនៈ​ស្រដៀង​គ្នា​។ លោក សុខាវី បានថ្លែង​ថា​ ការបង្កើតនេះគឺជាចំណុចល្អណាស់ព្រោះ​រាជរដ្ឋាភិបាល​ឱ្យយើង​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង តើ​មន្ត្រីរាជការ​ណា​ខុស ហើយរាយការណ៍​ជូន​រាជរដ្ឋាភិបាល ដើម្បីអនុវត្ត​ទៅ​តាម​ច្បាប់​ ហើយយើង​ត្រូវចូលរួមគោរព​ច្បាប់​ទាំងអស់​គ្នា​។ លោកជឿជាក់​ថា ប្រជាពលរដ្ឋ​​ពិតជា​រក​យុត្តិធម៌​បាន​ច្រើន ព្រោះ​គណបក្ស​ ១៦ ​ចូលរួម​នេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដើម្បី​រក​យុត្តិធម៌​ជូន​គណបក្ស​ទូទាំង​នគរ​បាន​។
ដោយឡែក លោក​ គង់ មុនីកា វិញ​បានថ្លែង​ថា​ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺជា​ឱកាស​ថ្មី​មួយ​ដែល​ផ្តល់​ឱ្យគណបក្ស​ទាំងអស់​ដែល​បាន​ចូលរួម​បោះឆ្នោត​អាច​បម្រើ​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន​។ នេះ​ជា​ឱកាស​មួយ​ដែល​យើង​អាច​ពាំនាំ​នូវ​ទុក្ខលំបាក ក៏​ដូចជា​ទុក្ខលំបាក​នានា​ដែល​អ្នកគាំទ្រ​យើង​ជួបប្រទះ​។
គួរបញ្ជាក់ផងដែរថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះមានភារកិច្ចដូចជា៖

ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិនៅលើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល (ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ៕



No comments:

Post a Comment