(តូក្យូ)៖ ជាធម្មតា មនុស្សដែលឈ្លោះប្រកែក និងវាយតប់គ្នាលើបញ្ហាអ្វីមួយ នៅតែអាចក្លាយជាមិត្តភក្តិនឹងគ្នាម្ដងទៀត តាមរយៈការដោះស្រាយការខ្វែងគំនិតគ្នា។ ប៉ុន្តែ ប្រសិនបើមនុស្សមិនទុកចិត្តគ្នាទៅវិញទៅមកលើបញ្ហា «អត្តចរិត និងមហិច្ឆតា» នោះវាមិនងាយនឹងផ្សះផ្សាគ្នាឡើយ តួយ៉ាងដូចជា សហរដ្ឋអាមេរិក និងចិន។ ជំនួបទល់មុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ដល់កម្រិតដ៏ទាបមួយដែលពិបាកខ្លាំងណាស់ក្នុងការផ្សះផ្សាគ្នាឡើងវិញ។ ជាការពិតណាស់ លោក បៃដិន និងលោក ស៊ី ជិនពីង បានឯកភាពគ្នាបន្តកិច្ចសន្ទនា ដើម្បីបញ្ចៀសកុំឱ្យការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្នផ្ទុះទៅជាជម្លោះ ឬសង្រ្គាម ហើយកិច្ចការបន្ទាប់ គឺដល់វេនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) ដែលត្រូវបានគេរំពឹងថានឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមឆ្នាំ២០២៣ ជាមួយក្ដីសង្ឃឹមបើកកិច្ចសន្ទនា ទ្វេភាគីឡើងវិញ ពាក់ព័ន្ធនឹងកិច្ចការយោធា ការប្រែប្រួលអាកាសធាតុ និងជាបញ្ហាជាច្រើនទៀត។
ក្នុងខែវិច្ឆិកានេះដែរ ក៏មានផងដែរនូវសញ្ញាបង្ហាញថាកិច្ចសន្ទនារវាងយោធាអាមេរិក និងចិន កំពុងត្រូវបានស្ដារឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានសម្រេចចិត្តកាត់ផ្ដាច់ ចោល ជាការសងសឹកទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់កាលពីខែសីហាកន្លងទៅ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបសមភាគីចិនរបស់លោក គឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកានេះ ដើម្បីជជែកគ្នាពីសារៈសំខាន់នៃកិច្ចសន្ទនា ក្នុងការកាត់បន្ថយហានិភ័យនៃជម្លោះ។
តែទោះជាក្នុងករណីដែលប្រទេសទាំងពីរ អាចស្ដារកិច្ចសន្ទនានឹងគ្នាឡើងវិញក៏ដោយ ក៏អាមេរិក និងចិនមិនអាចធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ ក្នុង ពេលដ៏ខ្លីនោះដែរ ខណៈការមើលឃើញគ្នាទៅវិញទៅមកថាជា «សត្រូវ» កាន់តែមានលក្ខណៈស៊ីជម្រៅ ដែលនេះមានន័យថាការដោះស្រាយភាពជាប់គាំងតាមរយៈ កិច្ចសន្ទនានឹងកាន់តែពិបាក។ នៅក្រោមរដ្ឋបាលលោក បៃដិន ពោលដូចគ្នាទៅនឹងជំនាន់លោក ដូណាល់ ត្រាំដែរ គឺយល់ថាចិនកំពុងព្យាយាមទាញទម្លាក់សហរដ្ឋអាមេរិក ចេញពីតំណែងជាកំពូលមហាអំណាចពិភពលោក តាមរយៈការធ្វើឱ្យឥទ្ធិពលអាមេរិកនៅក្នុងតំបន់អាស៊ីចុះខ្សោយ។ ជាក់ស្ដែង នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយត្រូវ បានបញ្ចេញខ្លះៗកាលពីខែតុលាកន្លងទៅ រដ្ឋបាលលោក បៃដិន បានអនុម័តគោលនយោបាយមួយដែលគោលដៅខ្ទប់ការកើនឡើងឥទ្ធិពលចិន និងចាត់ទុកចិន ជាគូប្រជែងធំបំផុតរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិកមើលឃើញថារុស្ស៉ីជា «ការគំរាមកំហែងបន្ទាន់» ក៏ដោយ។
ដោយឡែក ចំណែកឯចិនវិញ ក៏កាន់តែមិនទុកចិត្តលើទីក្រុងវ៉ាស៊ីនតោន រឹតតែខ្លាំងឡើងផងដែរ ដ្បិតប៉េកាំងយល់ថាសហរដ្ឋអាមេរិក ចង់បំផ្លាញរបបដឹកនាំកុម្មុយនិស្ដរបស់ ខ្លួន។ កាលពីឆ្នាំ២០០៤ សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ចលនាបដិវត្តន៍ពណ៌ទឹកក្រូចនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានទម្លាក់រដ្ឋាភិបាលអ៊ុយក្រែន គាំទ្ររុស្ស៉ីពីអំណាច។ លោក ស៊ី ជិនពីង និងមនុស្សជំនិតរបស់លោក ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀតថាទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងព្យាយាមធ្វើដូចគ្នានេះ មកលើចិន ដោយការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ពិសេសគឺបញ្ហាហុងកុង និងតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទង្វើព្យាយាមបំផ្លាញរបបដឹកនាំ នៃគណបក្សកុម្មុយនិស្ដចិន។
បើតាមក្រុមអ្នកជំនាញ វាអាចទៅរួចដែលសហរដ្ឋអាមេរិក និងចិន នឹងផ្សះផ្សា ឬដោះស្រាយជម្លោះនឹងគ្នាតាមរយៈកិច្ចសន្ទនាលើបញ្ហាមួយចំនួនដូចជា បច្ចេកវិទ្យា ពាណិជ្ជកម្ម និងផលប្រយោជន៍រវាងប្រទេសទាំងពីរ ក្នុងតំបន់អាស៊ីបូព៌ា។ ប៉ុន្តែ ព្រមពេលជាមួយ ការមិនជឿទុកចិត្តគ្នាបានកើនឡើងដល់កម្រិតមួយ ដែលធ្វើឱ្យអាមេរិក និងចិន មើលឃើញថាសកម្មភាពរបស់ភាគីម្ខាងបំផ្លាញប្រយោជន៍របស់ភាគីម្ខាងទៀត។ លើសពីនេះទៅទៀត លទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក៏ទំនងជាកាន់តែនឹងបង្កឱ្យមានភាពតានតឹងរវាងចិន និងអាមេរិកដែរ។ គណបក្សសាធាណរដ្ឋដែលនឹងឡើងមកគ្រប់គ្រងសភាតំណាងរាស្ត្រ មានគោលបំណងបង្កើតគណៈកម្មាធិការថ្មីមួយ មានតួនាទីត្រួតពិនិត្យគោលនយោបាយអាមេរិកចំពោះចិន ព្រមទាំងមានផែនការត្រួតពិនិត្យឡើងវិញលើការដោះស្រាយ កិច្ចការពាក់ព័ន្ធនឹងចិនរបស់រដ្ឋបាលលោក បៃដិន ហើយនឹងជំរុញការបង្កើនការដាក់សម្ពាធលើចិន ទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។
មួយវិញទៀត ប្រសិនបើ លោក Kevin McCarthy មកពីបក្សសាធារណរដ្ឋ ពិតជាឡើងកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិកមែន នោះលោកត្រូវបានគេរំពឹង ខ្ពស់ថាអាចនឹងដឹកនាំប្រតិភូសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងឆមាសទី១ នៅឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកាលពីខែសីហា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ បានធ្វើឱ្យចិនក្ដៅប្រហាយយ៉ាងខ្លាំង។ ម្លោះហើយ ក្រុមអ្នកជំនាញមើលឃើញថាការវិវត្តស្ថានការណ៍សព្វថ្ងៃ បង្ហាញថាសហរដ្ឋអាមេរិក និងចិន កំពុងធ្វើ «សង្រ្គាមត្រជាក់ថ្មីមួយ» ហើយការទាស់ទែងគ្នារវាងមហាអំណាចទាំងពីរ មិនមែនកំណត់នៅត្រឹមសេដ្ឋកិច្ច ឬកិច្ចការដែនសមុទ្រ នោះទេ ប៉ុន្តែវាលាតសន្ធឹងដល់ប្រព័ន្ធនយោបាយ រួមទាំងមហិច្ឆតាធ្វើជាមេដឹកនាំពិភពលោករៀងៗខ្លួន។
«សង្រ្គាមត្រជាក់ថ្មី» រវាងសហរដ្ឋអាមេរិក និងចិន គឺមានភាពខុសប្លែកគ្នាខ្លាំងពីសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត។ អាមេរិក និងចិនមាន ទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធនឹងគ្នា រីឯទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងអតីតសហភាពសូវៀតគឺមានការរឹតត្បិតយ៉ាងខ្លាំង ហើយខណៈសូវៀតព្យាយាម «នាំចេញ មនោគមន៍វិជ្ជាកុម្មុយនិស្ដ» ទៅកាន់ពាសពេញពិភពលោក ចិនវិញមិនបានព្យាយាមពង្រីក «មនោគមន៍វិជ្ជាកុម្មុយនិស្ដ» នោះទេដែលនេះអាចធ្វើឱ្យមនុស្សមួយចំនួន មានគំនិតសុទិដ្ឋិនិយមថាទំនាក់ទំនងរវាងអាមេរិក និងចិន នឹងមិនក្លាយជាសត្រូវនឹងគ្នាដូចរវាងសហរដ្ឋអាមេរិក និងសូវៀតឡើយ។ តែតាមពិតទៅ សង្រ្គាមត្រជាក់ថ្មីរវាង អាមេរិក និងចិន មានគ្រោះថ្នាក់ខ្លាំងជាងសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតទៅទៀត នៅក្រោមទិដ្ឋភាពជាច្រើន។
ម្យ៉ាង ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ចិនមានសេដ្ឋកិច្ចធំជាងអតីតសហភាពសូវៀតឆ្ងាយណាស់។ វិទ្យាស្ថាន Japan Center for Economic Research បានព្យាករថាចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក លើ Nominal GDP ឬ GDP សរុប មិនរាប់បញ្ចូលអតិផរណា នៅឆ្នាំ២០៣៣។ ដូច្នេះហើយដោយសារតែ សហរដ្ឋអាមេរិក និងចិនប្រកួតប្រជែងគ្នាយ៉ាងប្រកៀកប្រកិត វានឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាយ៉ាងពេញទំហឹង និងយូរអង្វែងជាងការប្រជែងគ្នារវាងអាមេរិក និងសូវៀត។ ទី២៖ ភូមិសាស្ត្រនយោយបាយ មានភាពខុសគ្នាខ្លាំង។ នៅពេល សហរដ្ឋអាមេរិក និងសូវៀតចាប់ផ្ដើមប្រជែងដណ្ដើមឥទ្ធិពលគ្នានៅក្នុងតំបន់អឺរ៉ុប មហាអំណាចទាំងពីរ សុទ្ធតែមានប្លុកយោធាផ្ទាល់ខ្លួន និងមានការខណ្ឌចែកដែនឥទ្ធិពលច្បាស់លាស់រវាងអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត។ តែសម្រាប់សហរដ្ឋអាមេរិក និងចិនវិញ កំពុងប្រជែងគ្នាដោយផ្ដោតជាសំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមិនមានការគូស ឬបែងចែកដែនឥទ្ធិពលច្បាស់លាស់នោះទេ ហើយនេះជាកត្តាមួយ ពិបាកក្នុងការរក្សាស្ថិរភាពនៃតុល្យភាពយោធា ក្នុងបរិបទតៃវ៉ាន់ត្រូវបានគេជឿជាក់ថាជាចំណុចក្ដៅដែលអាចធ្វើសង្រ្គាមផ្ទុះឡើងគ្រប់ពេលវេលារវាងអាមេរិក និងចិន។
ទី៣៖ មកទល់នឹងពេលនេះ មានយន្ដការតិចតួចប៉ុណ្ណោះ ក្នុងការបញ្ចៀស ឬទប់ស្កាត់ជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។ សហរដ្ឋអាមេរិក និងសូវៀតបានបង្កើត ខ្សែទូរស័ព្ទបន្ទាន់មួយ ជាទូទៅគេហៅថា «ខែ្សទូរស័ព្ទក្រហម» មួយឆ្នាំបន្ទាប់ពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែលសឹងតែរុញឱ្យប្រទេសទាំង២ធ្លាក់ចូលក្នុង សង្រ្គាមនុយក្លេអ៊ែរ។ យន្ដការនេះអាចអនុញ្ញាតឱ្យមេដឹកនាំធ្វើការទំនាក់ទំនងគ្នាក្នុងករណីបន្ទាន់ ឬអាសន្នណាមួយ ហើយក្នុងឆ្នាំ១៩៧២ សហរដ្ឋអាមេរិក និងសូវៀត ក៏បានចុះហត្ថលេខាដែរលើកិច្ចព្រមព្រៀងមួយចំនួនស្ដីពីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែ យន្ដការបែបនេះមិនមានឡើយរវាងសហរដ្ឋអាមេរិក និងចិន។ ទីក្រុងប៉េកាំង បានច្រានចោលសំណើពីសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីការគ្រប់គ្រង អាវុធ និងបើទោះជាមានខែ្សទូរស័ព្ទបន្ទាន់រវាងក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិចិនក៏ពិតមែន ក៏មធ្យោបាយទំនាក់ទំនងនេះមិនមានភាពល្អប្រសើរ នោះដែរ។ ក្រុមមន្ត្រីអាមេរិកជារឿយៗតែងតែអះអាងថាខ្លួនព្យាយាមទំនាក់ទំនងជាមួយចិន តែខាងទីក្រុងប៉េកាំង មិនបានឆ្លើយតបទាន់ពេលនោះទេ ដោយសារតែ មន្ត្រីយោធាកំពូលចិន មិនត្រូវបានអនុញ្ញាតឱ្យធ្វើការចរចា ឬសន្ទនាលើបញ្ហានយោបាយរសើបៗជាមួយសហរដ្ឋអាមេរិកឡើយ។
គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ គឺជាខួបលើកទី៦០ នៃវិបត្តិមីស៊ីលគុយបា ចំពេលពិភពលោកកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃសង្រ្គាមនៅអ៊ុយក្រែន។ ប្រសិនបើ វិបត្តិដូចគ្នានេះកើតឡើងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្រុមអ្នកជំនាញភាគច្រើនជឿថាវានឹងអាចរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លី៕ Fresh News