Thursday, December 23, 2021

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុច ជំរុញប្រសិទ្ធភាពការងារគយ និងរដ្ឋាករ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន ៥ចំណុច ផ្តល់ជូនដល់រដ្ឋបាលអគ្គនាយករដ្ឋានគយ និងរដ្ឋាករ សម្រាប់ជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាន ៥ចំណុច រួមមាន ចំណុចទី ១ ត្រូវបន្តជំរុញការផ្សព្វផ្សាយច្បាប់ លិខតបទដ្ឋានគតិយុត្តិទាំងអស់ ជូនដល់ភាគីពាក់ព័ន្ធនានា ចំណុចទី២ ត្រូវបន្តអនុវត្តយុទ្ធសាស្ត្រការងារឱ្យមានប្រសិទ្ធភាព និងបង្កើនឆន្ទៈក្នុងការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ឱ្យបានល្អ ចំណុចទី៣ ត្រូវបន្តពង្រឹងកិច្ចការអនុវត្តប្រព័ន្ធកែទម្រង់នានា ក្នុងការជំរុញឱកាសដៃគូវិនិយោគ ចំណុចទី៤ ត្រូវបន្តអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ច ក្នុងបរិបទកូវីដ និងចំណុចទី៥ ត្រូវបន្តបង្ការទប់ស្កាត់ ទំនិញគេចវេសពន្ធ ត្រូវពង្រឹងច្បាប់ និងលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មដោយស្មើភាពគ្នា ស្របច្បាប់៕






សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រពេលនេះកំណត់យកវិស័យអភិវឌ្ឍជាអទិភាពមាន «មនុស្ស ទឹក ភ្លើង និងផ្លូវ»

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា ក្បាលម៉ាស៊ីនរដ្ឋបានកំពុងធ្វើទំនើបកម្មហើយ ដោយមានសាលាបណ្តុះបណ្តាលនៅក្បែរៗទីកន្លែងធ្វើការតែម្តង ដូចជា ក្រសួងពន្ធដារ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌ ជាដើម។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យើងមានសម្ភារៈទំនើប អគារទំនើប តែបើមិនមានមនុស្សទំនើបទេ កុំសង្ឃឹមឱ្យសោះ ថានឹងទទួលបានជោគជ័យក្នុងការងារ ដូច្នេះការអភិវឌ្ឍន៍ធនធានមនុស្ស គឺសំខាន់ខ្លាំងណាស់ ត្រូវបន្តអភិវឌ្ឍទាំងផ្នែកទន់ (សំដៅលើចំណេះដឹង) និងផ្នែករឹង(សំដៅលើប្រសិទ្ធភាពការងារ) នេះជាអ្វីដែលត្រូវយើងត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត៕







សម្តេចតេជោ ហ៊ុន សែន ៖ សំណង់អគាររីកចម្រើនទៅបានដោយសារប្រទេសមានសុខសន្តិភាព

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា អគារ ៣៥ជាន់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) បានកំពុងបង្ហាញខ្លួនយ៉ាងត្រចះត្រចង់ នេះជាការបញ្ជាក់ពីការរីកចម្រើនលើវិស័យអចលទ្រព្យដែលមានការចូលរួមពីវិស័យឯកជនផងដែរ ។


សម្តេចតេជោ ថ្លែងបន្តថា បច្ចុប្បន្នរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺពោរពេញដោយសំណង់អគារខ្ពស់ៗ ធំៗជាច្រើនទៀត បានសម្រេចការសាងសង់ និងកំពុងបន្តរីកដុះដាល ទាំងនេះជាផលកើតចេញពីប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន៕











ផ្សាយបន្តផ្ទាល់ ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារ សារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារ សារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១