Tuesday, November 30, 2021

នាយករដ្ឋមន្រ្តីឡាវ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

(ភ្នំពេញ)៖ នៅចុងបញ្ចប់នៃការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។


លោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ តាមទំនៀមទម្លាប់ទស្សនកិច្ចផ្លូវការ។ លោកបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕














នាយករដ្ឋមន្រ្តីឡាវ ចូលជួបសម្តែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា


(ភ្នំពេញ)៖ អំឡុងបំពេញទស្សនកិច្ចផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវបានចូលជួបសម្តែងការគួរសមជាមួួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។


បន្ទាប់ពីនេះ លោកក៏នឹងបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងផងដែរ មុននឹងបញ្ចប់ទស្សនកិច្ច។

លោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ តាមទំនៀមទម្លាប់ទស្សនកិច្ចផ្លូវការ។ លោកបានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសជំនួបទ្វេភាគីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕








នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខាទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ 


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ 

ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបសម្លែងការគួរសម។ ឯកឧត្តម បានលើកឡើងថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញបានឃើញកម្ពុជា មានការរីកចម្រើនខ្លាំង ជាពិសេសរាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើន ដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋសភា។ 

ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្តល់សម្ភារៈបរិក្ខាពេទ្យ មានម៉ាស វ៉ាក៉សាំង ដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ កម្ពុជាបានផ្តល់ជំនួយថវិកា១៣លានដុល្លារ  វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្មនិងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងវេទិកាអន្តរជាតិ ដូចជា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីនេះៗ ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ 

ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានពាំនាំការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភាឡាវ ជូនសម្តេចដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយ ផងដែរ។ ឯកឧត្តមប្រធានគណៈប្រតិភូបានបានជម្រាបសម្តេចប្រធានរដ្ឋសភាថានៅដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងបងប្អូនរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាបងប្អូន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាននាពេលកន្លងមកទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថាទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ។ 

សម្តេចបានគូសបញ្ជាក់ថារដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។ 

ឆ្លើយតបចំពោះការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបានសន្យាថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕








កូនស្រី លោក កឹម សុខា៖ «ឪពុកខ្ញុំ មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន»

 (ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះលោក សម រង្ស៉ី ថា ឪពុករបស់កញ្ញា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។

តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញា កឹម មនោវិទ្យា បានលើកឡើងដូច្នេះថា៖ «ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»

“My father #KemSokha is entitled to his opinion to call his deceitful partner to stop exploiting him & deceiving the public. The partnership was effectively over when his partner called on the party/people in #Cambodia to abandon him when he’s imprisoned & led a deceitful campaign”

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា បានចេញមុខរិះគន់ លោក សម រង្ស៉ី ដែលបន្តបំភ្លៃនេះថា ជា «មនុស្សមិនចេះអៀនខ្មាស់ និងឡប់គ្រឿង»។ លោក បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៉ី ដែលធ្វើមិនយល់អំពីការប្រកាសរបស់ លោក កឹម សុខានោះ គឺជារឿងគួរឱ្យអស់សំណើចបំផុត។

តាមរយៈសារបស់ខ្លួនទៅកាន់ លោក សម រង្ស៉ី, លោក កឹម សុខា បានលើកឡើងដូច្នេះថា៖ «លោក សម រង្ស៉ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»

លោក កឹម សុខា បានបន្តថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៉ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ»

អតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៉ី និង ក្រុមនោះឡើយ៕