Tuesday, July 09, 2024

ការបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ គឺដើម្បីកាត់បន្ថយការប្រឈមគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។


បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោងព្រាតគ្រប់ច្រកល្ហកនាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។


ប្រមុខក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។ ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុ ដូចបច្ចុប្បន្ននេះបានឡើយ។


ក្រៅពីប្រធានបទស្ដីការផ្សព្វផ្សាយគ្រឿងស្រវឹង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានរម្លឹកដល់អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងកម្លាំងចម្រុះចំណុះរដ្ឋបាលខេត្ត នូវបញ្ជាដ៏ម៉ឺម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្មជាតិ។ 


ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់ខូចអនាគត និងកិត្តិយស៕






ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤

 









ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ខេត្តតាកែវ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុង​ភូមិ​ខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់​ដឹក​នាំ មន្ត្រីរាជការខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួម​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ ជា​ច្រើនរូបទៀត។

«រុក្ខទិវា» ត្រូវបានបានផ្តួចផ្តើមប្រារព្ធចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមាន​ភាព​វិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់​ឆ្នាំ ចាប់​តាំង​​ពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតន​កោដ្ឋ។ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្រារព្ធពិធី​រុក្ខ​ទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល​នីតិ​កាលទី៧ នៃរដ្ឋសភា។

ពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយ​ផ្សព្ធ​ផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិត​នៅ​ជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​កាលពី​ឆ្នាំ​២០០៨។

ស្ថានីយបន្ទាយអង្គរត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការ​ប្រជា​ជន​បដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ បច្ចុប្បន្នរដ្ឋបាលព្រៃ​ឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១,១០០ហិកតា។

ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ហិកតា ត្រូវបានប្រើប្រាស់ដើម្បី​ដាំ​ដុះ​ឈើ​ប្រភេទប្រេងខ្យល់ និងអាកាស្យាដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋា​ភិបាល​​បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើង វិញលើ​ទី​តាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មី​លើផ្ទៃដី​ទំហំ ៨៤១ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបាន​សម្រេចផ្តល់​ដី​ទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួល​ពុទ្ធ​បរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យ​ផ្សេង​ទៀត​ដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។

សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ ដោយឡែកក្នុងឆ្នាំ​២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើប​បាន​បញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦,៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតា​ផ្សេង​ទៀត នៅស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាម​បណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនា​ស្រឡាញ់​ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើត​ជាចម្ការ​ឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្ត​អារាម រមណីយដ្ឋាន និងសួនឯកជននានា។

ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បានបណ្តុះ និងដាំកូនឈើ បានជាង ២០,៥០​លាន​ដើម​ផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ២០២៤នេះ ជាមួយសមត្ថភាពបណ្តុះ​កូន​ឈើ​ដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើម​ផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់​បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត៕ (Fresh News)