Wednesday, October 15, 2014

មន្រ្តី​រាជការ ប្រជា​ពល​រដ្ឋ និង​សិស្ស និស្សិត រាប់​បាត្រ​ព្រះសង្ឃ ៥០០​អង្គ ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះវិញ្ញាណក្ខន្ធ ព្រះបរម​រតន​កោដ្ឋ គម្រ​ប់ខួប ២ឆ្នាំ​ថ្ងៃ​សោយ​ទីវង្គត

ព្រះ​មហា​ក្សត្រ ព្រះ​មហា​ក្សត្រី និង​ថ្នាក់​ដឹកនាំ​កំពូល យាង និង​អញ្ជើញ​ចូល​រួម ព្រះរាជ​ពិធី​តាម​ព្រះពុទ្ធ​សាសនា ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសលដល់​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះបរមរតន​កោដ្ឋ

ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រដ្ឋាភិ​បាល អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​២ឆ្នាំ

ពិធី​​ប្រារព្ធ​​ខួប​​អនុស្សាវ​រីយ៍​​លើក​​ទី​២០​​ឆ្នាំ​ នៃ​​ថ្ងៃ​​បង្កើត​​កង​ពលតូច​​ថ្មើរ​ជើង​​លេខ​៧០

ពិធី​​ប្រារព្ធ​​ខួប​​អនុស្សាវ​រីយ៍​​លើក​​ទី​២០​​ឆ្នាំ​ នៃ​​ថ្ងៃ​​បង្កើត​​កង​ពលតូច​​ថ្មើរ​ជើង​​លេខ​៧០ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្ដេច​​អគ្គ​​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន នាយ​​ឧ​ត្ត​ម​សេនីយ៍​​ផុត​​លេខ​​ផ្កាយ​​មាស​៥ នាយក​​រដ្ឋ​​មន្ត្រី ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​​បញ្ជា​​កា​រ​ដ្ឋាន​កង​ពល​តូច​​ថ្មើរ​ជើង​លេខ​​៧០​​ចោម​ចៅ រាជធានី​ភ្នំ​ពេញ​​​

កម្ពុជាកំណត់យកថ្ងៃទី១៥តុលាជាថ្ងៃគោរពព្រះ​វិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋ

ថ្ងៃទី១៥ ខែតុលា ជារៀង​រាល់ឆ្នាំ ត្រូវបាន​រាជ​រដ្ឋា​ភិបាល​កម្ពុជា កំណត់​ធ្វើជា​ទិវា​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ័​ព្រះ​បរមរតន​កោដ្ឋ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ បើគិត​មកត្រឹមថ្ងៃនេះ ការ​​យាង​សោយ​​​ទិវង្គតរបស់​ព្រះអង្គ​មានរយៈពេល២ឆ្នាំមក​ហើយ។

ពីធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ័ព្រះបរមរ​តន​កោដ្ឋថ្ងៃ​នេះ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ រួម​មាន ថ្នាក់​ដឹក​នាំ​​នៃ​​ក្រ​សួង​ស្ថាប័នរដ្ឋ​ទាំង​អស់បានអ​ញ្ជើញ​មកកាន់​វិមាន​តំកល់​ព្រះបរមរូប ព្រះបរមរ​តន​​កោដ្ឋ​​នៅ​លើ​​សួន​​ច្បា​រខាងកើត​វិមានឯករាជ្យ ដើម្បីមក​ចូលរួម​គោរព​ព្រះវិញ្ញាណក្ខន្ធ័។

​ចាប់​តាំង​ពីព្រឹកព្រលឹម​នាថ្ងៃពុធ​ទី១៥​តុលា ឆ្នាំ​២០១៤នេះ ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់ជាតិ បាន​អញ្ជើញ​​មកចូលរួម​គោរព​ព្រះវិញ្ញណក្ខន្ធ័ ព្រះបរម​រតន​កោដ្ឋ​គម្រប់​ខួបពីរឆ្នាំ​នៃការយាង​សោយទិវង្គត​របស់​ព្រះ​អង្គ​ ដើម្បី​ស្មឹងស្មាត​សំរួមកាយវា​ចារចិត្ត សំដែងនូវ​កតាញូ​តាធម៌គោរពដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​គុណូបការៈ ដ៏ឧត្តុងឧត្តម របស់​ព្រះអង្គ​ដែលក្នុងមួយព្រះជន្ម​របស់​ព្រះអង្គ​បានបូជាអ្វីៗគ្រប់​បែប​យ៉ាង​ដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ប្រជារាស្ត្រជាកូន ជាចៅចៅទួត​របស់​ព្រះអង្គដើម្បី​សេចក្តី​សុខ​សាន្ត​​និងភាពរុងរឿងរីកចំរើននៃប្រជា​ជាតិ​កម្ពុជា​ទាំងមូល។

នៅក្នុង​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ័នេះគេ​សង្កេត​ឃើញ​ប្រតិភូ​ថ្នាក់ដឹកនាំ ស្ថាប័ន​ព្រឹទ្ធ​​សភា ប្រតិភូ​ស្ថាប័ន​រដ្ឋសភា​ ប្រតិភូស្ថាប័ន​នីតិប្រតិបត្តិ សមាជិក​រាជ​រដ្ឋា​ភិបាល​​មក​ពី​បណ្តា​ក្រសួង​ចំនួន​២៧ ក្រៅ​ពី​នេះ​ក៏មានគណ​ប្រតិភូមកពីក្រសួង​ព្រះបរមរាជវាំង គណប្រតិភូ​ក្រុម​ប្រឹក្សាធម្មនុញ្ញ តុលាការ​ កំពូល​  គណកម្មាធិការ​ជាតិរៀបចំ​ការបោះ​ឆ្នោត​  ទីស្តីការ​គណៈរដ្ឋមន្ត្រី  អគ្គ​បញ្ជាការដ្ឋានកង​យោធពល​ខេមរៈ​ភូមិន្ទ  អគ្គស្នងការដ្ឋាននគរបាលជាតិ  ធនាគារជាតិនៃកម្ពុជា  អជ្ញា​​​ធរសវន​កម្ម​ជាតិ  អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​ កាកបាទក្រហមកម្ពុជា  គណៈកម្មាធិ​ការជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​គណៈ​​ប្រតិភូមកពីសាលារាជធានីភ្នំពេញ។​ ក្រៅពីក្រសួងស្ថាប័នខាងលើ រាជ​រដ្ឋា​ភិបាល​បាន​ណែនាំ​ឲ្យគ្រប់ស្ថាប័ន គ្រឹះស្ថានសាធារណៈ គ្រប់ស្ថានទូត ស្ថានកុងស៊ុលព្រះ​រាជា​ណាចក្រកម្ពុជា​ប្រចាំ​តាម​បណ្តាប្រទេស​នានា  ​,រដ្ឋបាលក្រោម​ជាតិគ្រប់​លំដាប់​ថ្នាក់   គ្រប់វត្ត​អារាម បូជនីយ៏ដ្ឋានសាសនា អា​ស្រ​ម​វិបស្សនា  និងប្រជា​ពលរដ្ឋ​តាមមូល​ដ្ឋាន ត្រូវរៀប​ចំពិធី​គោរពព្រះ​វិញ្ញាណ​​ក្ខន្ធនេះឲ្យបាន​ស័ក្តិសម​​នឹង​ព្រះគុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ  ឲ្យបានស្រប​តាម​​ព្រះបរមងារ​របស់​ព្រះអង្គ ជា​ព្រះ​វរ​រាជបិតា​ឯកភាព​ជាតិខ្មែរ និង​ឲ្យបាន​វិសេស​វិសាល​ថ្លៃថ្លា ស័ក្តិសម និងសេចក្តីគោរព​ស្រឡាញ់ ដែលផុះ​ចេញ​ពីក្រអៅ​បេះដូង របស់​ប្រជា​រាស្ត្រ​ខ្មែរគ្រប់ៗ​រូប។

​ដោយឡែក​នៅទីស្តីកា​រគណៈរដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ក៏បាន​ដឹកនាំ​ការគោរព​ព្រះវិញ្ញាណ​ក្ខន្ធ័ព្រះ​​បរមរតន​កោដ្ឋ​ផង​​ដែរ​​ដើម្បីផ្តល់​ឱកាស​ដល់​មន្ត្រីរាជកា​រនៃទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំង​អស់បានមក​ចូល​រួមគោ​រព​ព្រះ​វិញ្ញា​ណ​ក្ខន្ធ័ គម្រប់ខួប​ពីរឆ្នាំនៃការ​យាង​សោយ​ទិវង្គតនៃ​អង្គព្រះ​មហាវីរក្សត្រ​នៃយើង។

បើទោះ​បី​ព្រះ​អង្គ​​​​បាន​លាចាក​ឆ្ងាយពី​យើងអស់​រយៈពេល​ពីរឆ្នាំ​កន្លងម​កក៏ពិត​មែន​ ប៉ុន្តែព្រះករុណា​ទិគុណ​ ព្រះ​កិត្តិ​នាម របស់​ព្រះអង្គ​នៅតែមា​នក្លិន​ពិដោរ​ក្រអូប​ត្រជាក់​ដូចទឹក​​អម្រឹត​ប្រោះ​ព្រំប្រទាន​ស័ព្ទ​​សាធុ​ការ​ពរ​​ដល់ប្រ​ជា​រាស្ត្រគ្រប់ៗ​រូបបាន​សុខចំរើន និងមាន​តម្លៃ​មិនអាចកាត់​ថ្លៃបាន។​

ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​ស្ថាព្រះហស្ថ​ដ៏ធំធេង​សម្រាប់​ជាតិ ក្នុងនោះ​​ព្រះអង្គ​បាន​ទាមទា​ឯករាជ្យ​ពេញ​បរិបូរណ៏ពី​អាណា​និគមន៏​និយមបារាំង ព្រះអង្គបានខិត​ខំកសាង​សមិទ្ធ​ផល​​​លើគ្រប់​វិស័យ​ទទួល​​បាន​ការ​រីកចំ​រើន​នៅ​គ្រប់​ទិសទីមានគ្រឹះស្ថាន​សិក្សាគ្រ​ប់កំរឹត​មន្ទីរ​ពេទ្យ ផ្លូវថ្នល់  ស្ពាន  ស្រះ​ទឹក​  ប្រឡាយ​  វត្តអារាម​  រោងចក្រ​  កំពង់ផែ ​ អាកាស​យាន្តដ្ឋាន។ល។ ព្រះអង្គ​ជាព្រះ​ប្រិយ​ក្សត្រ​​អធន​ស្រឡាញ់​សន្តិភាព  និង​បាន​បំពេញ​ព្រះ​រាជកិច្ចដ៏លើសលប់ ដើម្បីសន្តិភាពនៅ​កម្ពុជា នៅក្នុង​តំបន់ និងនៅ​លើ​ពិភព​​​​លោក​ទាំងមូល។​ព្រះវីរៈគំរូដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា វិសេស វិសាល​របស់​ព្រះអង្គ​គឺ​កំពុងស្ថិត​នៅជាប់​ក្នុង​​ដួង​ចិត្ត​ប្រជារាស្ត្រ​ខ្មែរ​​គ្រប់ៗគ្រូប មិនអាចបំភ្លេចបាន ដែលធ្វើឲ្យ កូន​ចៅ​គោរព​ដឹងគុណ ជានិច្ច​ចំពោះ​ព្រះអង្គ បើ​ទោះបីព្រះអង្គ​បានយាង​សោយ​ទិវង្គតចាកឆ្ងាយ​ពីកូន​ចៅ ចៅទួតក៏ ពិតមែន។

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ព្រះ​បរមរតន​កោដ្ឋ ព្រះអង្គ​បាន​យាង​សោយ​ទិវង្គត​កាល​ពីថ្ងៃ១៥ ខែតុលា ឆ្នាំ​២០១២ ​ដោយព្រះជរាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុងប៉េកាំ នៃសាធារ​ណរដ្ឋ​ប្រជាមា​និតចិន ក្នុងព្រះ​ជន្នាយុ៩០ព្រះវស្សា។ ការយាង​សោយ​ទិវង្គតរបស់ព្រះអង្គ គឺជាការ​បាត់បង់​អង្គ​ព្រះមហាវី​រក្សត្រ​កម្ពុជា​ដ៏ឆ្នើម​ពុំមាន​អ្នកប្រៀប​ប្រដូច​ឡើយ៕











មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ជំរាប​ភាគី​ថៃ​អំពី​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៏​របស់ ICC ព្រះវិហារ​កម្ពុជា​ថា មិន​​ប៉ះពាល់​​ដល់​ទំ​នាក់​​ទំ​នង​​ល្អ​​រវាង​​ប្រទេស​​ទាំង​​ពីរ​ទេ​

មន្ត្រីជាន់ខ្ពស់កម្ពុជា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បានមាន​ប្រសាសន៍​​ថា គម្រោងអភិរក្ស និង​អភិវឌ្ឍ ICC ព្រះវិហារ​ គឺធ្វើឡើង​ស្របតាមសាលដីកា​​របស់​តុលាការ​​អន្តរជាតិ ក្រុងឡាអេឆ្នាំ១៩៦២ និង​ការ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ២០១៣ គឺមិនមានការ​ប៉ះពាល់ដល់ទំនាក់​ទំនង​រវាង​កម្ពុជា‑ថៃ ក៏ដូច​ជា​បញ្ហាព្រំដែនរបស់​ប្រទេស​ថៃនោះឡើយ។

ក្នុងជំនួបពិភាក្សាការងារនៅវិមានមិត្តភាពកាលពីថ្ងែទី១៤ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ភាគីថៃ ឯកឧត្តម Nattavudh Photisaro អគ្គលេខខាធិការរងក្រសួងការបរទេសថៃ អំពី​ការ​បង្កើត​គណៈ​កម្មា​ធិ​​ការ​សម្រប​សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៏រមណីយដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារ(ICCព្រះវិហារ)​ថា​ គណៈកម្មាធិការ​នេះបំ​ពេញ​​​​តួនាទីរបស់ខ្លួនដោយឈរ​លើបទដ្ឋាន​គតិយុត្តិ ច្បាប់​ជាតិ ​និងអន្តរ​ជាតិ​​ និងការងារបច្ចេក​ទេសផ្នែកបេតិ​ក​ភណ្ឌ​ទទួលដែល​​ស្គាល់​ដោយ​អង្គ​ការ​យូណេស្កូ ​និង​គណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌពិភពលោក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានជំរាប​ជូន​ដល់ភាគីថៃថា « សូមកុំឲ្យមានការព្រួយ បារម្ភ​ ​អំពី​គម្រោង (​ICC​ព្រះវិហារ) ពីព្រោះ​គម្រោង​​នេះ​​​​មិនធ្វើឲ្យមានការ​ប៉ះពាល់​ដល់​ទំនាក់​ទំនងមិត្ត​ភាព កិច្ច​សហប្រតិបត្តិ​ការល្អ​រវាង​កម្ពុជា​​ថៃនោះ​ទេ ​ហើយក៏មិនធ្វើឲ្យប៉ះ​ពាល់​​ដល់​ខ្សែ​បន្ទាត់​ព្រំ​ដែនរបស់​ប្រទេសថៃនោះដែរ គម្រោងICCព្រះ​វិហារ​​នេះ ​​ធ្វើទៅតាម​ក្រប​ខណ្ឌ​​ដែលអង្គការ​យូណេស្កូបាន​ទទួល​ស្គាល់តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា ​ការសម្រេចបង្កើតICCព្រះវិហារ​ គឺតម្រូវឲ្យ​មាន​សមាជិក៧រូប ក្នុងនោះក៏មានភាគីថៃជា​សមាជិក​មួយ​រូបផងដែរ។​​ សមាជិកទាំង៧នៃ ICCព្រះ​វិហារ​នេះ  មានសិទ្ធិជជែកជាចំហរចំពោះ​កិច្ចការទាក់ទង​នឹងការអភិរក្ស អភិវឌ្ឍន៏ និង​ជួស​​ជុល​រមនីយ​ដ្ឋានតំបន់ប្រវត្តិសាស្ត្រព្រះវិហារនេះ។ ដូច្នេះ​ រាល់គម្រោងដែលICCព្រះ​វិហារ​ត្រូវធ្វើ​គឺគោរព​តាម​សាលដីការ​បស់​តុលាការ​យុត្តិធម៌អន្តរជាតិក្រុងឡាអេឆ្នាំ១៩៦២(ICJ)  និងស្របតាមការបក​ស្រាយ​សាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ​ឆ្នាំ២០១៣​កន្លងម​កនេះ។
ក្នុងខ្លឹមសារសាលដីកានោះបានបកស្រាយច្បាស់ថា ភាគីថៃមិនត្រូវរារាំងឬទប់​ស្កាត់កម្ពុជា​ក្នុង​ការ​អភិរក្ស និង​អភិ​វឌ្ឍន៏​រមនីយ​ដ្ឋាន​ព្រះវិហារ​នេះ​ឡើយ រីឯកម្ពុជា គឺមានសិទ្ធិ​ពេញលេញ​ក្នុង​ការការ​ពារ កសាង និងអភិរក្សប្រា​សាទ​​​ព្រះវិហារបស់ខ្លួន។

សូមបញ្ចាក់ថា​ សាលដីកាឆ្នាំ១៩៦២នេះ បានសម្រេចយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុងអធិបតេយ្យ​ភាពទឹកដីរបស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថៃត្រូវតែ​ដកឆ្នាំការពារ​ពីតំបន់​ព្រះវិហារ​ចេញ ហើយក៏​តម្រូវឲ្យភាគីថៃត្រូវ​សងវត្ថុបុរាណ​ដែលថៃ​បានលួច​​យកពីប្រាសាទ​ព្រះ​វិហារ​មក​ឲ្យ​កម្ពុជា​វិញផងដែរ៕

អត្ថបទដោយ​៖ សុវណ្ណាតារា

សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សារា លេខ ៥៦២/១៤ នប.សណ ស្តីពី​ឧបទ្ទវ​ហេតុ​បាក់បែក​ព្រះពុទ្ធ​រូប​នៅប្រាង្គ​កណ្តាល​ប្រាសាទ​បាយ័ន



ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ័ ព្រះ​មហា​វីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដឹកនាំ​ដោយ​ឯកឧត្ត​ម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នៅ​វិមាន​មិត្តភាព ទីស្តីការ​គណៈរដ្ឋមន្រ្តី



Photo: Samreth Socheat

Photo: Samreth Socheat

Photo: Samreth Socheat

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

Photo: Mr. Sim Leap

បទ​វិភាគ៖ យុទ្ធនាការដោយប្រើអំពើហិង្សាដឹក​នាំ​លោក ថាច់ សេដ្ឋា និង​ការ​លូកដៃ​ របស់គណបក្សសង្គ្រោះជាតិ ធ្វើ​អោយខ្មែរបែកបាក់

ពិតណាស់ថា ជោគជ័យរបស់កញ្ញា ស៊ន សៀវម៉ី ដែល​បាន​ទទួល​ជ័យ​លាភី​មេដាយ​មាស​តេក្វាន់ដូ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ប្រទេសកូរ៉េ  គឺ​ជាមោទនភាព​របស់​ប្រទេស​កម្ពុជា លើឆាកអន្តរជាតិ ក្នុង​ការបង្ហាញឲ្យឃើញ ពីភាពវិជ្ជមាន​នៃការខិតខំ​របស់រាជ​រដ្ឋាភិបា​ល ដើម្បី​បង្កើ​ត​​​សាមគ្គីភាព និងការផ្សារភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសក្នុងតំបន់ និងបណ្តា​ប្រទេស​ក្នុង​ពិភព​លោកផងដែរ។ ក៍ប៉ុន្តែការខិតខំទាំងនេះ ត្រូវបានបង្អាក់ដំណើរដោយក្រុម​មនុស្ស​មួយ​ក្រុម​តូច​ដែល​មានបំណងធ្វើឲ្យកម្ពុជាបែកបាក់មិត្តភាព និងកាន់តែធ្វើឲ្យមានភាពឃ្លាតឆ្ងាយពីប្រទេស​ជិត​ខាង​ក៏ដូច​ជាប្រទេសមួយចំនួននៅលើពិភពលោកទៅ​វិញ​ ។

ជាក់ស្តែង គណបក្សសង្គ្រោះជាតិ ដែលមាននិន្នាការនយោបាយ រើសអើងពូជសាសន៍  បាន​ធ្វើ​សកម្មភាពផ្សព្វផ្សាយ តាម​គ្រប់រូបភាព នូវសកម្មភាព​​ហិង្សា ញុះ​ញង់​ បង្ក​ជម្លោះ​ជា​មួយ​ប្រទេស​ជិត​ខាង​ គឺមិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រយោជន៍ជាតិជាធំ និង​មិនដែល​ថ្លឹងថ្លែងពីផលប៉ះពាល់ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេសជាមិត្ត និងកិច្ច​សហប្រតិបត្តិការជាមួយប្រទេសជិតខាងសោះ​ឡើយ ។

ការញុះ​ញង់​ រើសអើងពូជសាសន៍នេះ មិនគ្រាន់តែជាកង្វល់របស់​​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​តែប៉ុណ្ណោះទេ ប៉ុន្តែបញ្ហា​នេះ ​ក៏ជាកង្វល់របស់សកលលោកផង​ដែរ ជាពិសេស ទង្វើជ្រុល​និយម​ នាំ​ឲ្យ​មាន​ជា​ហិង្សាបង្ក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​ក្រុម​សង្ឃអត់​វិន័យ​មួយ​ចំ​នួន​​  គឺ​ បាន និង​​កំ​ពុង​​ដើរផ្ទុយ​ពីគោល​ការណ៍​​អនុ​សញ្ញា​អន្តរជាតិ ស្តីពីការបំបាត់រាល់​ទម្រង់នៃ​ការរើស​អើង​ពូជ​សាសន៍ឆ្នាំ ១៩៦៩​ផងដែរ ។ សកម្មភាព​ទាំងអស់​នេះហើយ គឺ​ជាប្រភព​នៃការបែកបាក់​ផ្ទៃ​ក្នុង​ប្រ​ទេស និង​ក៏​ជាការបង្ក​ឲ្យមាន​សង្គ្រាម​ស៊ី​វិល​កើត​មានឡើងជាថ្មីម្តងទៀត ដែល​មិន​អាច​ស្មាន​បាន​។

តាមរយៈឯកសារវីដេអូរបស់សារព័ត៌មានអន្តរជាតិ BBC ចេញផ្សាយថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០១៤ បាន​លើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាជនស្លូតត្រង់រស់នៅក្នុងប្រទេសកម្ពុជា​ដែលមានសញ្ជាតិខ្មែរស្របច្បាប់ត្រឹមត្រូវ ក៏​ប៉ុន្តែមានសាច់ញ្ញាតិ្តជាជនជាតិវៀតណាម បាន​បាត់បង់ អាយុជីវិតប្តី និងកូន។  លោក ជិន វ៉ាន់ឈៀង Tran Van Chien ដែល​បាត់​​បង់អាយុជីវិត​ចោល​ប្រពន្ធ ដែល​ពរពោះកូនស្រី៨ខែ ក្មួយស្រីដែលគួរអោយអាសូរ(មិនស្គាល់ឪពុក) ដែលឪពុកក្មេង​ស្រី​នេះត្រូវ​បានសំលាប់ដោយគ្មានធម៌មេត្តាពីក្រុមបាតុករ ដែលទទួលឥទ្ធិពល​ពីការ​​ផ្សព្វផ្សាយ​របស់​គណបក្ស សង្គ្រោះជាតិ បង្កើត​អោយមានការស្អប់ខ្ពើមប្រជាជនខ្មែរវៀតណាម ។  

សួរថាតើអ្នក​ដឹកនាំសកម្មភាពនេះ គួរតែទទួលខុសត្រូវចំពោះការបាត់បង់នេះដែរឬទេ ?
យោងតាមរដ្ឋធម្មនុញ្ញ   មាត្រាទី៣១ ជំពូកទី៣ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទិ្ធសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥត​ប្រកាន់​ពូជសាសន៍ ពណ៍សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ  ដើមកំណើត ជាតិ ឋានៈ​សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ ម៉្យាងទៀត សេចក្តីប្រកាស​ជាសកល​ស្តីពី​សិទិ្ធ​មនុស្សឆ្នាំ ១៩៤៨ និងអនុសញ្ញាស្តីពីការលុបបំបាត់ពីការរើសអើងពូជសាសន៍របស់អង្គការ​សហ​ប្រជាជាតិ ក៏​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ផល​វិបាក​នៃ​ការ​អនុវត្តផ្ទុយ​ពី​គោលការណ៍​ជា​លក្ខណៈ​អន្តរ​ជាតិ​នេះ​ដែរ។

យ៉ាង​ណា​មិញ បើ​លោក ថាច់ សេដ្ឋា ជាបុគ្គលស្រលាញ់ប្រទេស  ស្រលាញ់ការអភិវឌ្ឍ ស្រលាញ់ និង​គោរពសិទ្ធិមនុស្ស គោរពច្បាប់ និងរដ្ឋធម្មនុញ្ញមែននោះ រូបលោកមិនគួរ​ប្រព្រឹត្ត​សកម្ម​ភាព​អ្វី​ដែល​ផ្ទុយពីច្បាប់កំពូលរបស់ប្រទេសឡើយ។ ​ផ្ទុយ​ទៅ​វិញ​ លោក ថាច់ សេដ្ឋា​ គាត់មិន​បាន​គោរព​ និង​ឲ្យ​តម្លៃ​សិទ្ធិ​មនុស្សរបស់អង្គការសហប្រជាជាតិ សោះ​ឡើយ គឺ​លោកបាន​ដឹក​នាំ​បង្ក​​ឲ្យមាន​ការ​រើសអើងទៅលើដើមកំ​ណើតជាតិសាសន៏របស់បុគ្គល។ ទង្វើ​នេះ គឺជាបញ្ហាចំបង​ដែល​នឹង​ជំរុញ​ឲ្យ​មានអសន្តិសុខ និងអស្ថេរភាពក្នុងប្រទេស ជាពិសេសទៅលើការវិនិយោគ​របស់បរទេស ដែល​ជា​ប្រភពសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ក៍ដូចការបង្កើតការងារជូនប្រជាជនខ្មែរ​។

លោក ថាច់ សេដ្ឋា ប្រធាន​សមាគមខ្មែរកម្ពុជា​ក្រោម​ ដែល​ជា​មេដឹក​នាំធ្វើ​​បាតុកម្ម​អានា​ធិប​តេយ្យ បង្ក​ហិង្សា​មុខស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​ គប្បី​ដឹង​ថា ប្រសិនបើ​គ្មានសន្តិសុខ សង្គម​ទេ​នោះ នឹងអាច​បណ្តាលឲ្យ​គ្មាន​ការ​​ទុកចិត្តពីសំណាក់​អ្នកវិនិយោគបរទេសឡើយ និង​ថែម​ទាំង​បានបង្ក​ឲ្យមាន​ភាព​​​រាំង​ស្ទះដក្នុង​​ការ​ស្វែង​រក​​ការងារធ្វើរបស់ប្រជាពលរដ្ឋ​ និង​បង្ក​ឲ្យ​ជនបរទេស​ភ័យ​ខ្លាច​ក្នុង​ការ​មក​បណ្តាក់​ទុន​វិនិយោគ​ទៀត​ផង។

បើ​ទោះ​ជា​ខ្មែរកណ្តាល ខ្មែរក្រោម ខ្មែរកាត់​ចិន ឬខ្មែរអាមេរិច គឺ​សុទ្ធ​តែជាខ្មែរដូចគ្នា​ទាំង​អស់​ គឺ​ទាំងអស់គ្នា​ចូលរួមក្នុងសង្គមដូចគ្នា ចូលរួមក្នុងចង្វាក់សេដ្ឋកិច្ចប្រទេសស្មើៗគ្នា ដូច្នេះហើយ​បានជារាជ​រដ្ឋាភិបាលមានតួនាទីដ៍សំខាន់ក្នុងការប្រតិបត្តិរដ្ឋធម្មនុញ និងការពារសុវត្ថិភាព រក្សា​ស្ថេរភាពសង្គមជូនប្រជាជនខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៏​ និងកំណើត​ដើមឡើយ ។​ឧទាហរណ៍ដូចជាប្រទេសអូស្ត្រាលីដែលបើកចំហរទ្វារ ស្វាគមន៏ប្រជាជនលើពិភពលោក​ដែល​មាន​ជំនាញឲ្យ​ចូល​ធ្វើ​ការ និង​ពលរដ្ឋ​ទូ​ទៅដែលចង់មករស់នៅប្រទេសអូស្ត្រាលី។ នេះគឺឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កិច្ច​សហប្រតិបត្តិការល្អ​រវាង​ប្រជាជន និង​ប្រជាជន ក៏​ដូចជា​ជាមួយ​រាជរដ្ឋាភិបាល​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​ទាំង​មូល​រីកចំ​រើន​គួរ​ឲ្យ​កត់​សម្គាល់​​​។

បើ​ពិនិត្យ​មើលពី​បរិបទ​ក្នុង​សង្គម​កម្ពុជា​វិញ​ សួរថាតើ​ លោក ថាច់ សេដ្ឋា ដែលជា​សកម្មជន​របស់គណបក្សសង្គ្រោះជាតិ  ជា​ទី​ប្រឹក្សាផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​ទី​១រដ្ឋ​សភា​ដែល​ជា​គណបក្សមួយ​ត្រូវផ្តល់តម្លៃឲ្យធ្វើ​ជាតំណាងប្រជាជនក្នុងសភានោះ  គប្បី​គិតពី​ប្រយោជន៏​សេដ្ឋកិច្ចជាតិ គិតពីការគោរពសិទ្ធិមនុស្ស និងគោរពរដ្ឋធមនុញ ដែឬទេ ?

ពិតណាស់ថា លោក ថាច់ សេដ្ឋា ដែលជាសមាជិកសកម្មរបស់គណបក្សសង្គ្រោះជាតិ និង​ក៍ ជាអ្នកដឹកនាំបាតុកម្មជាច្រើនលើកច្រើនសារក្នុងបំណងបង្ករហឹង្សាដោយបង្ហាញអោយឃើញ​ ពី​ភាព​​គ្មានសុជីវធម៌ក្នុងការដឹកនាំ ដោយបាន​ដុតបំផ្លាញទង់ជាតិរបស់ប្រទេសវៀត​ណាម​ ដែលជាតំណាង អោយប្រទេសជាតិគេ និងប្រជាជនវៀតណាមទាំងមូល ។​ ទង្វើ​នេះ​វាហាក់បី​ដូចជាការដុត​បំផ្លាញ​កិត្តិយសប្រទេស ហើយ​ក៏ជាការស្តែងអោយឃើញ​ថា អ្នកដឹកនាំឲ្យ​មានការដុតនោះ​ជាបុគ្គល​បែប​ណា?​ ការយកហិង្សា និងមិនយកឧត្តមគតិមកដោះស្រាយបញ្ហា គឺជាការ​បន្ទាបកិត្តិយសប្រទេស​កម្ពុជាទាំងមូល ដោយហេតុថា ប្រទេសយើងមានសភា មានច្បាប់ត្រឹមត្រូវ ចុះហេតុអ្វី​បានជាយក ទងើ្វដែលអាណាធិបតេយ្យមកដោះស្រាយបញ្ហាទៅ​វិញ​? ។ ម៉្យាង​វិញ​ទៀត ប្រជា​ជន​ខ្មែរដែល​ធ្លាប់​មាន​វប្បធម៌ថ្កុំ​ថ្កើង ស្លូត​បូត​ សុភាព​រាប​សារ ក៏​គួរពិចារណា​ឡើង​វិញ​ម្តង​ទៀត​ថា  ការ​ដែល​វៀត​ណាម​ ផ្លាស់​ប្តូរ​អ្នក​នាំ​ពាក្យ​ស្ថានទូត​ថ្មី គឺ​អាច​មាន​តម្លៃ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ជាក់​ថា ការ​និយាយពី​បញ្ហា​ទឹក​ដី​ខ្មែរកម្ពុជា​ក្រោម​កន្លងមកនោះ ដែល​ក្រុម​បាតុករចោទ​ថា ជា​ការ​បំ​ភ្លៃ​ប្រវត្តិសាស្ត្រ​ អាច​ថា គេពិត​ជា​បាន​ទទួល​កំ​ហុសហើយ​។ ដូច្នេះ សូម​ខ្មែរពន្លត់​ទៅ​នូវ​ការ​ទាម​ទារ​យុត្តិធម៌​នៅ​ពី​ក្រោយ​ការ​សូម​អភ័យ​ទោស​របស់​អ្នក​ដទៃ ដែល​គេដឹង​ថា បាន​ធ្វើ​ខុស។ ការ​អាធ្យាស្រ័យ​ក៏​ជា​ការ​ទុកមុខមាត់​កិត្តិយសដល់​ប្រទេស​ជិត​ខាង​ផង​ដែរ​​។

អំ​ពើ​ហិង្សាមិន​មែន​ជាជម្រើសល្អ​នាំ​ឲ្យ​សង្គម​មាន​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​ ហិង្សា នឹង​នាំ​ឲ្យ​សង្គម​ខ្មែរបែកបាក់ បង្កឲ្យ​មាន​អរី​ភាព​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​នាំ​ឲ្យ​អន្តរជាតិវាយតម្លៃតាមរយៈសកម្មភាពរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ថា ប្រទេសខ្មែរ ជា​ប្រទេសអត់ច្បាប់ អត់ទំលាប់ និងប្រជាជន មាន​ចរិត​ឃោរឃៅ អសុជីវធម៌ទៅ​វិញ​នោះ​ទេ។

 ទោះ​ជា​យ៉ាង​ណា​ រាជ​រដ្ឋាភិបាលដែល​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​ គឺ​បាន ​និង​កំ​ពុង​ខិតខំលើក​តម្កើង​ការ​អនុវត្តច្បាប់​ ដើម្បី​​ពង្រឹងនូវ​នីតិរដ្ឋ​នៅ​កម្ពុជា​ និង​ទទួល​បាន​នូវ​ការវាយតម្លៃ ពីសំណាក់អន្តរជាតិអំពី​មុខមាត់ កិត្តិយស​របស់កម្ពុជា​​ ដែល​ពុំ​គួរ​គប្បី​ត្រូវ​បាន​ក្រុមអគិតិមួយចំ​នួន​តូច ព្យា​យាមធ្វើ​ឲ្យ​ប្រទេសរបស់​ខ្លួន​អាប់មុខទៅវិញនោះ​ឡើយ​ ។

ដូច្នេះ គណបក្សសង្គ្រោះជាតិ និងសកម្មជន លោក ថាច់ សេដ្ឋា រួម​ជា​មួយ​ក្រុម​សង្ឃជ្រុល​និយម​មួយ​ចំ​នួន​ គួរ​បញ្ឈប់​ការញុះ​ញង់ អុជ​អាល បង្ក​ហិង្សា​ ក្នុង​ន័យ​​កេង​ចំ​ណេញ​យក​ផល​ប្រយោជន៏​បក្ស និងបុគ្គល ធំជាងកិត្តិយសប្រទេសជាតិ​ទៀត​ទៅ​។ ដូចគ្នានេះដែរ ព្រះ​សង្ឃគួរគប្បី​​ប្រកាន់​យក​នូវ​ធម៌​ខន្តី​ ទើប​សាក​សមជា​បុព្វជិតដែល​ប្រជាពលរដ្ឋគោរព និង​នាំ​ឲ្យ​ព្រះ​ពុទ្ធ​សាសនារុង​រឿង៕​
អត្ថបទដោយ៖ សុខ ពេជ្រ

​​​​​​​​​​