ថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ធ្វើជាទិវាគោរពព្រះវិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ បើគិតមកត្រឹមថ្ងៃនេះ ការយាងសោយទិវង្គតរបស់ព្រះអង្គមានរយៈពេល២ឆ្នាំមកហើយ។
ពីធីគោរពព្រះវិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋថ្ងៃនេះ ប្រជាជាតិកម្ពុជាទាំងមូល រួមមាន ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋទាំងអស់បានអញ្ជើញមកកាន់វិមានតំកល់ព្រះបរមរូប ព្រះបរមរតនកោដ្ឋនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ័។
ចាប់តាំងពីព្រឹកព្រលឹមនាថ្ងៃពុធទី១៥តុលា ឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំសំខាន់ៗរបស់ជាតិ បានអញ្ជើញមកចូលរួមគោរពព្រះវិញ្ញណក្ខន្ធ័ ព្រះបរមរតនកោដ្ឋគម្រប់ខួបពីរឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ដើម្បីស្មឹងស្មាតសំរួមកាយវាចារចិត្ត សំដែងនូវកតាញូតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគុណូបការៈ ដ៏ឧត្តុងឧត្តម របស់ព្រះអង្គដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានបូជាអ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រជាកូន ជាចៅចៅទួតរបស់ព្រះអង្គដើម្បីសេចក្តីសុខសាន្តនិងភាពរុងរឿងរីកចំរើននៃប្រជាជាតិកម្ពុជាទាំងមូល។
នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ័នេះគេសង្កេតឃើញប្រតិភូថ្នាក់ដឹកនាំ ស្ថាប័នព្រឹទ្ធសភា ប្រតិភូស្ថាប័នរដ្ឋសភា ប្រតិភូស្ថាប័ននីតិប្រតិបត្តិ សមាជិករាជរដ្ឋាភិបាលមកពីបណ្តាក្រសួងចំនួន២៧ ក្រៅពីនេះក៏មានគណប្រតិភូមកពីក្រសួងព្រះបរមរាជវាំង គណប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ កំពូល គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ធនាគារជាតិនៃកម្ពុជា អជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈប្រតិភូមកពីសាលារាជធានីភ្នំពេញ។ ក្រៅពីក្រសួងស្ថាប័នខាងលើ រាជរដ្ឋាភិបាលបានណែនាំឲ្យគ្រប់ស្ថាប័ន គ្រឹះស្ថានសាធារណៈ គ្រប់ស្ថានទូត ស្ថានកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំតាមបណ្តាប្រទេសនានា ,រដ្ឋបាលក្រោមជាតិគ្រប់លំដាប់ថ្នាក់ គ្រប់វត្តអារាម បូជនីយ៏ដ្ឋានសាសនា អាស្រមវិបស្សនា និងប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះឲ្យបានស័ក្តិសមនឹងព្រះគុណូបការៈរបស់ព្រះអង្គចំពោះជាតិមាតុភូមិ ឲ្យបានស្របតាមព្រះបរមងាររបស់ព្រះអង្គ ជាព្រះវររាជបិតាឯកភាពជាតិខ្មែរ និងឲ្យបានវិសេសវិសាលថ្លៃថ្លា ស័ក្តិសម និងសេចក្តីគោរពស្រឡាញ់ ដែលផុះចេញពីក្រអៅបេះដូង របស់ប្រជារាស្ត្រខ្មែរគ្រប់ៗរូប។
ដោយឡែកនៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានដឹកនាំការគោរពព្រះវិញ្ញាណក្ខន្ធ័ព្រះបរមរតនកោដ្ឋផងដែរដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់បានមកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ័ គម្រប់ខួបពីរឆ្នាំនៃការយាងសោយទិវង្គតនៃអង្គព្រះមហាវីរក្សត្រនៃយើង។
បើទោះបីព្រះអង្គបានលាចាកឆ្ងាយពីយើងអស់រយៈពេលពីរឆ្នាំកន្លងមកក៏ពិតមែន ប៉ុន្តែព្រះករុណាទិគុណ ព្រះកិត្តិនាម របស់ព្រះអង្គនៅតែមានក្លិនពិដោរក្រអូបត្រជាក់ដូចទឹកអម្រឹតប្រោះព្រំប្រទានស័ព្ទសាធុការពរដល់ប្រជារាស្ត្រគ្រប់ៗរូបបានសុខចំរើន និងមានតម្លៃមិនអាចកាត់ថ្លៃបាន។
ព្រះអង្គបានបន្សល់ទុកនូវស្ថាព្រះហស្ថដ៏ធំធេងសម្រាប់ជាតិ ក្នុងនោះព្រះអង្គបានទាមទាឯករាជ្យពេញបរិបូរណ៏ពីអាណានិគមន៏និយមបារាំង ព្រះអង្គបានខិតខំកសាងសមិទ្ធផលលើគ្រប់វិស័យទទួលបានការរីកចំរើននៅគ្រប់ទិសទីមានគ្រឹះស្ថានសិក្សាគ្រប់កំរឹតមន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ស្រះទឹក ប្រឡាយ វត្តអារាម រោងចក្រ កំពង់ផែ អាកាសយាន្តដ្ឋាន។ល។ ព្រះអង្គជាព្រះប្រិយក្សត្រអធនស្រឡាញ់សន្តិភាព និងបានបំពេញព្រះរាជកិច្ចដ៏លើសលប់ ដើម្បីសន្តិភាពនៅកម្ពុជា នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ព្រះវីរៈគំរូដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា វិសេស វិសាលរបស់ព្រះអង្គគឺកំពុងស្ថិតនៅជាប់ក្នុងដួងចិត្តប្រជារាស្ត្រខ្មែរគ្រប់ៗគ្រូប មិនអាចបំភ្លេចបាន ដែលធ្វើឲ្យ កូនចៅគោរពដឹងគុណ ជានិច្ចចំពោះព្រះអង្គ បើទោះបីព្រះអង្គបានយាងសោយទិវង្គតចាកឆ្ងាយពីកូនចៅ ចៅទួតក៏ ពិតមែន។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងសោយទិវង្គតកាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធនៅមន្ទីរពេទ្យទីក្រុងប៉េកាំ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្នាយុ៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់អង្គព្រះមហាវីរក្សត្រកម្ពុជាដ៏ឆ្នើមពុំមានអ្នកប្រៀបប្រដូចឡើយ៕







No comments:
Post a Comment