បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ថ្ងៃទី២៧ ខែកុម្ភៈ និងដង្ហែពានជ័យលាភីឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ និងពានជ័យលាភីលេខ១ “វិញ្ញាសាល្ខោនអប់រំថ្នាក់មធ្យម” ពានរង្វាន់ជ័យលាភីលេខ២ “វិញ្ញាសារបាំសហសម័យខ្មែរ” របស់ខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៨។
រសៀសថ្ងៃពុធ ១៣រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ថ្ងៃទី២៧ ខែកុម្ភៈ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទាំងអស់គ្នា” និងអបអរសាទរក្រុងបាត់ដំបង ទទួលបានជ័យលាភីឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ និងពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង លើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ និងពានជ័យលាភីលេខ១ “វិញ្ញាសាល្ខោនអប់រំថ្នាក់មធ្យម” ពានរង្វាន់ជ័យលាភីលេខ២ “វិញ្ញាសារបាំសហសម័យខ្មែរ” របស់ខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៨ នៅបរិវេណនាគសន្តិភាព ក្រុងបាត់ដំបង។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន បានចូលរួមយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថាក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ លើកទី១ គឺទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) លោកទី២ គឺទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើនៅរាជធានីភ្នំពេញ លើកទី៣ គឺជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ និងនេះជាលើកទី៤ គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង (ជាលើកទី២) (២០១៨-២០២១) ដែលបានប្រារព្វពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៦ទីក្រុង-១២ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល។
ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។
ទីក្រុង-ខណ្ឌបេក្ខភាពដែលបំពេញបានតាមសូចនាករ និងលក្ខណវិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបែលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖
១-ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៥៨ ទៅ ៧៧ នៃលក្ខណវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។
២-ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ ទៅ ៥៧ នៃលក្ខណវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។
៣-ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង-ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៣១ ទៅ ៤៥ នៃលក្ខណវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។
មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖
១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន
២) សូចនាករគោលនៃភាពស្អាត
៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
៥) សូចនាករគោលនៃតំបន់បៃតង
៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង
៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍
ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន៣៣ និងត្រូវបានដាក់ពិន្ទុតាមលក្ខណវិនិច្ឆ័យ ចំនួន៧៧ សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង-ខណ្ឌបេក្ខភាព៕