Thursday, December 24, 2015
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កំណត់យករបៀបវារៈចំនួន២ ដើម្បីបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកស្អែក
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ
បានឲ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា
បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា
បានកំណត់យករបៀបវារៈចំនួន២ ដើម្បីបើកការពិនិត្យ និងផ្តល់យោបល់
នៅក្នុងកិច្ចប្រជុំពេញអង្គ ដែលនឹងធ្វើឡើងនៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥
ស្អែកនេះ។
យោងតាមការប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាថ្ងៃទី២៣
ខែធ្នូ ឆ្នាំ២០១៥ បានកំណត់យក របៀបវារៈចំនួន២
ដែលនឹងដាក់ឱ្យពិនិត្យ និងផ្តល់យោបល់ ក្នុងនោះរួមមាន៖ ទី១,ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម
លើពិធីសារសម្រាប់ សោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្ម
នៅតំបន់ឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀង ម៉ារ៉ាកេស ទី២,ពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន៕
សម្តេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ ដែលបានគាំទ្រនយោបាយការបរទេសរបស់សម្តេច
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា
ដែលតែងតែគាំទ្រដល់ នយោបាយការបរទេសរបស់សម្តេចនាពេលកន្លងមក ដើម្បីនាំមកនូវប្រយោជន៍ជូនជាតិ
និងប្រជាជនកម្ពុជាទាំងមូល។
នយោបាយការបរទេស ដែលសម្តេចតេជោ
សំដៅដល់នាពេលនេះ គឺការបញ្ជូនកងទ័ពកម្ពុជា ក្រោមទង់របស់អង្គការសហប្រជាជាតិ
ដើម្បីបំពេញបេសកកម្មមនុស្សធម៌ និងស្វែងរកសន្តិភាព នៅតាមបណ្តាប្រទេសកំពុងជួបសង្រ្គាម។
យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech
Hun Sen, Cambodian Prime Minister ចុះផ្សាយនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅ ក្នុងអតីតកាលមានជនជាតិកម្ពុជាមួយចំនួនធ្លាប់បានកាន់អាវុធទៅប្រទេសក្រៅដូចជា
អាល់ហ្សេរី ម៉ារ៉ុក តែកាលទៅពេលនោះគឺទៅក្នុងឋានៈជាទាហានបារាំង ព្រោះប្រទេសយើងស្ថិតក្រោមអាណានិគមបារាំង។ ទាំងកងទ័ព អាវុធហត្ថ
គ្រូពេទ្យ និងអ្នកបច្ចេកទេសកម្ពុជាដែលបាននិងកំពុងប្រតិបត្តិការនៅ ស៊ូដង់
ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះសៃប្រិស គឺសុទ្ឋតែជាកម្លាំងរបស់កម្ពុជា
ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍
មកជួយស្វែងរកសន្តិភាពនៅកម្ពុជាក្រោមឈ្មោះថា អ៊ុនតាក់ (UNTAC) ។ ឆ្នាំ២០០៦
ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណា ខ្ញុំបានសម្រេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់មួយ
គឺបញ្ជូនកងទ័ពកម្ពុជាឲ្យពាក់មួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
នៅប្រទេសនានាលើសកលលោកវិញ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះព្រះសង្ឃ
និងជនរួមជាតិ ដែលបានគាំទ្រដល់នយោបាយការបរទេសរបស់សម្តេច បានដាក់ចេញ
និងអរគុណចំពោះយុទ្ធជនយុទ្ធនារី ដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយសេចក្ដីក្លាហាន
និងការទទួលខុសត្រូវ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមចូលរួមរំលែកទុក្ខ
ចំពោះក្រុមគ្រួសារនៃយុទ្ធជន ដែលបានពលីជីវិតកន្លងមកផងដែរ៕
ក្រសួងការងារប្រកាសគាំទ្រចំណាត់ការរបស់សមត្ថកិច្ចដែលបានទប់ស្កាត់ការប៉ុនប៉ង ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី២២ ខែធ្នូ
ឆ្នាំ២០១៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា៖ ចាប់តាំងពីថ្ងៃទី១៦
ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មានជនអនាមិកមួយចំនួនបានដើរបំផុសនូវពាក្សចចាមអារ៉ាម
ដោយគ្មានឯកសារយោងនិងគ្មានតំណាងពិតប្រាកដ រហូតបង្កអោយមានភាពជ្រួលច្របល់
របួសស្នាម សកម្មភាពហិង្សា ដូចជាការគប់បំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
និងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង។ បើទោះបីជាអំពើហិង្សាបានកើតឡើង
ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្មករនិយោជិត និងដំណើរការផលិតកម្មរបស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចទាំងពីរក៏ដោយ
ក៏ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរមានសមត្ថកិច្ចបានខិតខំអត់ធ្មត់ខ្ពស់បំផុត
និងបានប្រើប្រាស់គ្រប់មធ្យោបាយដោយសន្តិវិធី សំដៅស្តារនូវសណ្តាប់ធ្នាប់
និងប្រក្រតីភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរឡើងវិញ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសំដែងការសោកស្តាយចំពោះហេតុការណ៍ហិង្សានេះ
ហើយក៏សូមថ្កោលទោសចំពោះជនទុច្ចរិតដែលជាអ្នកញុះញង់ និងនៅពីក្រោយនៃហេតុការណ៍នេះ
ព្រមទាំងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ និងវិជ្ជាជីវៈខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច
ក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចដោយជនទុច្ចរិតមួយក្រុមតូចដែលមានបំណងបំផ្លាញការងារប្រចាំថ្ងៃ
របស់បងប្អូនកម្មករ និយោជិតផង ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលផង។
ក្រសួងការងារបានសង្កត់ធ្ងន់ថាសកម្មភាពហិង្សានេះជាអំពើល្មើសច្បាប់
មិនមែនជាកូដកម្ម ដូចមានចែងក្នុងជំពូកទី១៣នៃច្បាប់ស្តីពីការងារ ហើយសកម្មភាពនេះគឺបានកើតឡើងចំពេលដែលអ្នកបញ្ជាទិញអន្តរជាតិកំពុងធ្វើការប្រៀបធៀបកម្ពុជា
ជាបណ្តាប្រទេសផ្សេងទៀត និងត្រូវសម្រេចថាដាក់ផែនការបញ្ជាទិញប្រចាំឆ្នាំពីកម្ពុជាចំនួនប៉ុន្មាន? ភាពជ្រួលច្របល់នេះធ្វើឡើងក្នុងគោលបំណងឲ្យអ្នកវិនិយោគ
និងអ្នកបញ្ជាទិញបាត់ជំនឿក្នុងការវិនិយោគនៅកម្ពុជា និងដកបញ្ជាទិញពីកម្ពុជា។
ក្រសួងបានបន្តថា តាមរយៈជំនួយបច្ចេកទេស ពីអង្គការអន្តរជាតិខាងការងារ(ILO)ភាគីសហជីព និងភាគីនយោជក ទាំងអស់នៅកម្ពុជា បានឯកភាពគ្នាកំណត់ឲ្យមានយន្តការចចារប្រាក់ឈ្នួល
អប្បបរមាច្បាស់លាស់។ ចាប់ពីខែកក្កដា ឆ្នាំ២០១៥នេះ ភាគគីសហជីព និងភាគីនយោជកបានធ្វើការចរចាគ្នារយៈពេលជាង៣ខែ។
ចាប់ពីខែ មករា ឆ្នាំ២០១៦នេះតទៅ បងប្អូនកម្មករកាត់ដេរ និងផលិតស្បែកជើងនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៤០ដុល្លារអាមេរិកក្នុ១ខែ។
ក្រសួងក៏សូមធ្វើការអំពាវនាវដល់សាធារណជន និងបង្កើនការប្រុងប្រយ័ត្នចំពោះចំពោះពាក្សចរចាមអារាមនានាដែលគ្មានឯកសារយោងច្បាស់លាស់
ហើយរាល់ការទាមទារណាមួយ សូមបងប្អូនប្រកានខ្ជាប់នូវនីតិវិធីស្របច្បាប់
និងជ្រើសរើសតំណាងត្រឹមត្រូវពិតប្រាកដ ដើម្បីទំនាក់ទំនងស្នើសុំការអន្តរាគមន៍មកក្រសួងបណ្តុះបណ្តាលការងារ
និងវិជ្ជាជីវៈឬមន្ត្រីទទួលបន្ទុកប្រចាំការរបស់ក្រសួងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ៕
Subscribe to:
Posts (Atom)