Wednesday, February 19, 2014

ទស្សនៈ តើ ERA បំភាន់​មតិ​​ប្រព័ន្ធផ្សព្វផ្សាយបែប​ណា?

ការបង្ហាញ និងការ​បំភ្លៃ​យ៉ាង​ច្រើន​ក្នុងរបាយការណ៍នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត គឺលើសពីគ្រប់គ្រាន់ទៅទៀតដើម្បីបង្ហាញថា នេះគឺជាចេតនានយោបាយ​​ក្នុង​គោល​ដៅ​បន្ទាប​តម្លៃ​នៃ​ការបោះឆ្នោតសកលកាល​ពី​ថ្ងៃទី២៨ ខែកក្កដា ដែលនេះមិនមែនជា​គោល​បំណង​​នៃ​​ការសិក្សា​​ទៅ​លើ​ដំណើរ​ការ​នៃ​ការបោះឆ្នោតនោះទេ ប៉ុន្តែ បើនរណាម្នាក់មានការសង្ស័យ​លើ​ការសន្និដ្ឋាននោះ នៅ​មានភស្តុតាងដែលមិនអាចប្រកែកបានទៀត

ភស្តុតាងនេះ គឺយុទ្ធនាការឃោសនាដែលធ្វើឡើងដោយ​អ្នក​នាំ​មុខ​គេ​មួយរូបរបស់ ERA រយៈពេលមួយខែកន្លះមុនការចេញផ្សាយរបាយការណ៍នេះ គឺជាយុទ្ធនាការ​លាក់​លៀម​ការ​ពិត​នូវអ្វីដែល NGOs ពាក់ព័ន្ធនៅក្នុង​របាយ​ការណ៍​ ERA ដែល​បានរកឃើញ ឬបានសន្និដ្ឋាន​​អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត។ យុទ្ធនាការនេះទទួលបានជោគជ័យក្នុងការបំភាន់​សារ​​ព័ត៌មាន The Cambodia Daily ដូច្នេះជាការសន្និដ្ឋានក៏បានបំភាន់​អ្នកអានរបស់​ខ្លួន​ជាច្រើននាក់ទៀតផងដែរ

 លោក​ស្រី Laura Thornton ជានាយិកា​​​នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ​ប្រចាំ​នៅ​កម្ពុជា ជាអង្គការមួយ​ដែល​ទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែល​អាច​ចាត់​ទុក​ថា ជា​កំលាំង​ដឹកនាំ​ស្នូល​របស់ ERA។ រយៈពេលពីរថ្ងៃជាប់គ្នាក្នុងខែតុលា លោក​ស្រី Thornton បានផ្តល់បទសម្ភាសន៍​ដល់​សារព័ត៌មាន The Cambodia Daily ដែលក្នុងបទសម្ភាសន៍នោះ​ លោក​ស្រី​​បាន​​លាត​ត្រដាង​ឲ្យ​ឃើញ​​អំពីលទ្ធផលនៃការសង្កេតការណ៍របស់ NGOs ​ក្នុង​ស្រុក​លើ​ការបោះឆ្នោត។ សារព័ត៌មាន The Cambodia Daily បានសរសេរអត្ថបទ​​សំខាន់​ជាច្រើន​ដោយផ្អែកលើបទសម្ភាសន៍ទាំងនេះ នៅក្នុង​ការ​បោះ​ពុម្ភ​ផ្សាយថ្ងៃទី២៩ និង៣០ ខែតុលា

នៅក្នុងអត្ថបទមុន (http://www.thecambodiaherald.com/opinion/detail/3?token=MzZjYzIxMDdiMjY4MTZhZTIyOWYzYWZhYzk0N2I4) ខ្ញុំបានដកស្រង់ការអះអាង​​មួយ ក្នុង​ចំណោម​ការអះអាង​ជា​ច្រើនរបស់ លោក​ស្រី ​Thornton  នៅក្នុងបទសម្ភាសន៍នោះ លោក​ស្រី​បាន​លើ​ក​ឡើង​ថា មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់ខ្ពស់ (CAS) បានធ្វើការស្ទង់មតិ​​​មួយទូទាំងប្រទេស​ ​ហើយ​​​បាន​​រកឃើញថា «២៩,៥% នៃប្រជាពលរដ្ឋដែល​បានព្យាយាមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត មិនអាចបោះបាន​ឡើយ​»។ ដូច​ដែល លោក​ស្រី Thornton បានប្រាប់ The Cambodia Daily «ចំនួនអ្នកដែលត្រូវបានគេដក​ហូត​សិទ្ធិបោះ​ឆ្នោត​នេះមានសក្តានុពល​ធំធេង​ក្នុង​ការ​ផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត»។ ប៉ុន្តែ បើគិត​មួយ​ភ្លែត​ធ្វើឱ្យ​យើង​យល់​ច្បាស់ថាNDI និង/ឬCAS ប្រឹងប្រែងហួស​​​សមត្ថ​​ភាព​របស់​ខ្លួន​រហូត​ទទួល​បរាជ័យ​នោះ​គឺ​៖ តួលេខនេះធំធេងពេក ដែលជាតួលេខមិនសមហេតុផល ហើយថែមទាំងផ្ទុយទៅនឹងការសង្កេតការណ៍របស់NGOs ដទៃ​​ទៀត

ការស្ទង់មតិរបៀប​ចោទ​ប្រកាន់​របស់CAS មិនដែលបានផ្សព្វផ្សាយជាសាធារណៈទេ ប៉ុន្តែ​ក៏​​វាមិនចាំបាច់នោះដែរដោយសារតែវាបានបំរើឱ្យគោលបំណងរបស់ លោក​ស្រី​ Thornton ក្នុងការផ្សព្វផ្សាយគំនិត​ដែលថា ប្រជាជនកម្ពុជាមួយចំនួនធំត្រូវបានដកសិទ្ធិបោះឆ្នោត

មួយថ្ងៃមុន លោ​ក​ស្រី Thornton ផ្តល់សម្ភាសន៍​ជាមួយ The Cambodia Daily ជាមួយនឹង​​អ្វីដែលគាត់បាននិយាយគឺជា «សម្រង់» ចេញពីរបាយការណ៍ ERA ដែលនឹងចេញផ្សាយ​បន្ទាប់​​មក​នោះ

«...នៅថ្ងៃបោះឆ្នោត ការព្រមានផ្សេងៗបាន​ក្លាយជាការពិត នៅពេលដែលពលរដ្ឋមាន​​សិទ្ធិបោះឆ្នោតដែលមានអត្តសញ្ញាណត្រឹមត្រូវ ត្រូវបានរារាំងមិនឱ្យបោះឆ្នោតនៅពេលជាមួយគ្នានេះដែរ ប្រជាជនទាំងឡានៗដែល​​អ្នក​ស្រុក​អ្នក​ភូមិ​មិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានដឹកមកស្ថានីយ៍បោះឆ្នោតដើម្បីបោះឆ្នោតដោយគ្មានអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណ​លឿង ICEs ឡើយ​។

«ប្រសិនបើប្រជាពលរដ្ឋដែលត្រូវបានគេ​ដកហូត​សិទ្ធិមួយចំនួនធំ ត្រូវបានគេ​អនុញ្ញតឱ្យបោះឆ្នោត ហើយប្រសិនបើការបោះឆ្នោតខុសច្បាប់ត្រូវបានទប់ស្កាត់នោះ វាមិនច្បាស់ទេថាលទ្ធផលពិតប្រាកដនៃការបោះឆ្នោតនឹងទៅជាយ៉ាងណានោះទេ»

បើ​ស្តាប់ទៅប្រាកដណាស់ហាក់ដូចជា ERA មានភស្តុតាងនៃការប្រព្រឹត្តិខុសទាំងនោះ៖ ប្រជាជនទាំងឡានៗគ្មានអត្តសញ្ញាណទាល់តែសោះ (ទោះជាអត្តសញ្ញាណប័ណ្ណទាហានវៀតណាមក៏ដោយ?) ត្រូវបានដឹក​ចល័ត​ជុំវិញប្រទេសដើម្បីបោះឆ្នោត។ ប្រសិនបើ​គេ​មិនអាច​រកឡាន​ក្រុង​មួយបាន នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​២៨ ខែកក្កដានោះ នោះ​គេ​នឹង​ដឹងអំពី​មូលហេតុ​ហើយ។

វាអាចថា លោក​ស្រី Thornton បាន​បាត់បង់ការអំពាវនាវ​​ពិតប្រាកដរបស់ខ្លួន។ លោក​ស្រី​​គួរតែ​ជា​អ្នក​​សរសេររឿងសម្រាប់ភាពយន្តហូលីវូតកម្រិតB​ល្អ​ជាង​។ មិនមានកថា​ខ័ណ្ឌ​​ណា​មួយ​ដែល​លោកស្រី​​បាន​ដក​ស្រង់​សម្រាប់ The Cambodia Daily នៅក្នុងរបាយការណ៍ ERA នោះទេ

ខ្ញុំមិនអាចបង្ខំ​ចិត្ត​ខ្លួនឯងអានរបាយការណ៍ ERA លើកទីពីរនោះទេ ប៉ុន្តែខ្ញុំ​បាន​ឃើញ​​ពាក្យ «ព្រមាន» «ពេញៗឡាន» «ដឹកតាមឡាន» «គ្មានអត្តសញ្ញាណ ឬគ្មាន​ប័ណ្ណ​លឿង ​​ICEs» «ប្រជាពលរដ្ឋដែលត្រូវបានគេដកសិទ្ធិ» និង «លទ្ធផលបោះឆ្នោតពិតប្រាកដ»។ គ្មានពាក្យណាមួយមាននៅក្នុង របាយ​ការណ៍​ ERA នោះទេ។

ចំណុចតែមួយគត់ដែលខ្ញុំអាចរកឃើញនៅក្នុងរបាយការណ៍នោះ ដែល​ប្រហាក់​ប្រហែល​ទៅនឹង​ការ​ដក​ស្រង់សម្តីនៅក្នុង The Cambodia Daily គឺ «..ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលមានអត្តសញ្ញាណត្រឹមត្រូវត្រូវបានរារាំងមិនឱ្យបោះឆ្នោត ខណៈពេលជាមួយគ្នានោះដែរ អ្នកបោះឆ្នោតត្រូវបានរាយការណ៍ថាឃើញប្រជាជនដែលមិនស្គាល់អត្តសញ្ញាណក្នុង​ស្រុក​ភូមិ​របស់ពួកគេទៅបោះឆ្នោត ដោយប្រើប្រាស់​ប័ណ្ណ​លឿង​»។ ដូច្នេះ «ពេញៗ​ឡាន» ក្លាយជា «ប្រជាជន» តើ​មាន​ប៉ុន្មាននាក់? ​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អ្នក​ស្រុក​ភូមិ​មិន​បាន​ស្គាល់​នោះ? អ្នកបោះ​ឆ្នោតដែលត្រូវបានសម្ភាសន៍ដោយ អង្គ​ការ NGO មួយ មិនបានបង្ហាញ​ពី​​អត្តសញ្ញាណគេ​ទេ។

ជារួម លោក​ស្រី Thornton បានឆ្លងឆ្លើយជាមួយនរណាម្នាក់ដោយជោគជ័យតាមរយៈ The Cambodia Daily។ លោក​ស្រី​បានផ្តល់ឱ្យសារព័ត៌មាននេះនូវ «អត្ថបទសម្រង់»​ ដែល​ស្តាប់​ទៅ​គួរ​ឱ្យ​ទាក់​ទាញ​អារម្មណ៍​​ដែល​ធានាថានឹង​បន្ទាប​តម្លៃ​នៃ​ការបោះឆ្នោត និងបង្កើត​បរិយាកាស​មួយ​ដែល​ការ​ចោទ​ប្រកាន់​​ផ្សេងៗ​ទៀត​របស់ ERA ទំនងជា​​គេជឿ។ នៅពេល​ដែល​របាយការណ៍នេះ ចុងក្រោយ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ ៦​សប្តាហ៍ក្រោយមក ប្រហែល​ជាគ្មាននរណា​បាន​កត់​សម្គាល់ថា «សម្រង់» នោះ ពុំ​បាន​ទាំង​ឃើញ​ស្រមោល​នោះ​ផងទេ។

ដោយ  Allen Myers