Friday, October 08, 2021

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

 
 ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

ខ្លឹមសារទាំងស្រុង៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដែលគណៈរដ្ឋមន្រ្តីបានអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា (៣ទំព័រ)


(ភ្នំពេញ)៖ ខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ (៣ទំព័រ) ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិចំនួន៤ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តហើយ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា។







សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ គឺដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បីបញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។


រយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្ត្រីបានលើកយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញ ដើម្បីបើកផ្លូវលើការកំណត់សញ្ជាតិខ្មែរតែមួយលើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើច្បាប់នេះក្នុងល្បឿនលឿនបែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជាដែលធ្វើការងារអត់ដេកពួន ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈ និងតួនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ។ ប៉ុន្តែបើ ហ៊ុន សែន អត់មានសញ្ជាតិពីរទេ ហ៊ុន សែន នៅតែបន្ត»។

បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះ ក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា គឺការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះ «បញ្ហាវាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធ ឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ»។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទៅថ្ងៃមុខកម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពាក់ព័ន្ធសញ្ជាតិរបស់មន្ត្រីខ្មែរ តែពេលបច្ចុប្បន្ននឹងមានការកំណត់សញ្ជាតិឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ។ សម្រាប់សម្តេចតេជោ ការមិនកំណត់បែបនេះ គឺទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុស ពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។

ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ៕













អង្គគណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន


(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយមានការបន្ថែមពាក្យពេចន៍មួយចំនួន។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងប្រាប់នៅមុននេះបន្តិច។


លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖ (១) ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, នេះម្យ៉ាង និងម្យ៉ាងទៀត, ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់ ()វិបត្តិជំងឺកូវីដ-១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ (៣) កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង (៤) ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។

សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។

សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោងភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។

លោកបានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ ជាច្បាប់ថ្មី ជំនួសឱ្យច្បាប់ស្តីពីសម្បទាន ហើយក៏ពុំមែនជាច្បាប់ស្តីពីវិសោធនកម្មនោះទេ។
ទន្ទឹមនេះ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ឱ្យបានពេញលេញ និងមានលក្ខណៈជាប្រព័ន្ធ ស្របតាមចក្ខុវិស័យដូចមានចែងនៅក្នុងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភ.រ.ជ សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។

សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវអត្ថប្រយោជន៍គន្លឹះចំនួន ២ដូចខាងក្រោម៖

* ការពង្រីកលំហហិរញ្ញវត្ថុសាធារណៈ៖ តាមរយៈការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែងខ្ពស់, លទ្ធភាពបង្កើនចំណាយសាធារណៈ ក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាឃ្នាស់នៃកំណើនសេដ្ឋកិច្ច និងពង្រីកវិសាលភាពសេវាសាធារណៈឱ្យកាន់តែប្រសើរ និងខិតជិតប្រជាពលរដ្ឋ។

* ប្រសិទ្ធភាព និងនវានុវត្តន៍នៃការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងរបស់វិស័យឯកជន៖ បច្ចុប្បន្នការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមកិច្ចលទ្ធកម្មសាធារណៈពីប្រភពថវិកាជាតិ និងប្រភពធនធានហិរញ្ញប្បទានកៀរគរបានពីដៃគូអភិវឌ្ឍន៍ ផ្តោតសំខាន់លើលក្ខណៈបច្ចេកទេស តាមយថាប្រភេទ និងបរិមាណនៃទំនិញ ការងារសាងសង់ ការងារជួសជុល ឬសេវាកម្ម ឬហៅថាបទដ្ឋានយថាប្រភេទធាតុចូល (Input Specifications) ។ដោយឡែក កិច្ចលទ្ធកម្មតាមយន្តការភ.រ.ជ គឺផ្តោតលើបទដ្ឋានយថាប្រភេទធាតុចេញ (Output Specifications) នៃការសាងសង់ និងការងារប្រតិបត្តិការ ដែលផ្តល់លទ្ធភាពឱ្យវិស័យឯកជនអាចប្រើប្រាស់នូវចំណេះដឹង ចំណេះធ្វើរបស់ខ្លួន ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ដែលគ្របណ្ដប់ពេញវដ្ដគម្រោងរួមមាន៖ ការងារពាក់ព័ន្ធនឹងការរចនាប្លង់វិស្វកម្ម ការសាងសង់ ហិរញ្ញប្បទានគម្រោង ការធ្វើប្រតិបត្តិការ និងការថែទាំទ្រព្យសម្បត្តិគម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់និងភាគីរដ្ឋ ដែលជាគូភាគីនៃកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានផលចំណេញហិរញ្ញវត្ថុសមរម្យ ផ្អែកលើសមិទ្ធិកម្មការងារក្នុងអនុវត្តគម្រោង។

លោកបញ្ជាក់បន្ថែមទៀតថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ ដែលជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា៕























សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា


(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ហើយត្រៀមបញ្ជូនទៅកាន់រដ្ឋសភា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីសមាជិកនានា របស់រាជរដ្ឋាភិបាល ក្នុងនោះមានរបៀបវារៈចំនួន៤ ដែលត្រូវបានពិភាក្សា និងអនុម័ត ដូចជា៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន

៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥

៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

លោកបានបញ្ជាក់បន្ថែមថា រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ទៀតថា «ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមាន សញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែ មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោត ដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោតពីខាងក្រៅ»។

លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។

ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕