Friday, October 08, 2021

សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំកំពូលជាតិ គឺដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច និងបញ្ចៀសការជ្រៀតជ្រែករបស់បរទេស

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា មានហេតុផលសំខាន់ពីរដែលនាំឱ្យសម្តេចសម្រេចស្នើធ្វើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយចំពោះមេដឹកនាំកំពូលស្ថាប័នរបស់ជាតិ។ ហេតុផលនោះ គឺដើម្បីបញ្ជាក់ថា សម្តេចមានសញ្ជាតិមួយ ឬពីរដូចការចោទក្រុមឧទ្ទាមក្រៅច្បាប់ និងមួយទៀត ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេសលើកិច្ចការជាតិ ក៏ដូចជាបង្ហាញនូវភក្តីភាពសម្រាប់ជាតិរបស់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិផងដែរ។


រយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ គណៈរដ្ឋមន្ត្រីបានលើកយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញ ដើម្បីបើកផ្លូវលើការកំណត់សញ្ជាតិខ្មែរតែមួយលើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើច្បាប់នេះក្នុងល្បឿនលឿនបែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់គណៈរដ្ឋមន្ត្រីកម្ពុជាដែលធ្វើការងារអត់ដេកពួន ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈ និងតួនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ។ ប៉ុន្តែបើ ហ៊ុន សែន អត់មានសញ្ជាតិពីរទេ ហ៊ុន សែន នៅតែបន្ត»។

បើតាមសម្តេចតេជោ ហ៊ុន សែន ការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញដើម្បីកំណត់សញ្ជាតិនេះ ក៏ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ជាតិកម្ពុជា គឺការបញ្ចៀសនូវការជ្រៀតជ្រែងពីបរទេស ក៏ដូចជាបញ្ជាក់ពីភក្តីភាពរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ ចំពោះជាតិមាតុភូមិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះ «បញ្ហាវាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ។ ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែកពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធ ឱ្យនៅក្រៅប្រទេស ហើយគេអាចកំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯងនៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ»។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទៅថ្ងៃមុខកម្ពុជានឹងត្រូវធ្វើការកំណត់ឱ្យកាន់តែទូលាយ ពាក់ព័ន្ធសញ្ជាតិរបស់មន្ត្រីខ្មែរ តែពេលបច្ចុប្បន្ននឹងមានការកំណត់សញ្ជាតិឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា ព្រឹទ្ធសភានោះទេ។ សម្រាប់សម្តេចតេជោ ការមិនកំណត់បែបនេះ គឺទុកផ្លូវឱ្យខ្មែរនៅក្រៅប្រទេស បានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុស ពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។

ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ៕













No comments:

Post a Comment