Tuesday, March 03, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ទិវាវប្បធម៌ជាតិ៣​មីនា លើកទី២២ ក្រោមប្រធានបទ៖ យុវជនដើម្បីវប្បធម៌ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៦ និងការ សំណេះសំណាលជាមួយសិល្បករ សិល្បការិនី

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ទិវាវប្បធម៌ជាតិ៣​មីនា លើកទី២២ ក្រោមប្រធានបទ៖ យុវជនដើម្បីវប្បធម៌ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៦ និងការ  សំណេះសំណាលជាមួយសិល្បករ សិល្បការិនី
ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #ទិវាវប្បធម៌ជាតិ៣​មីនា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ និងបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៦




សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។
ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #ទិវាវប្បធម៌ជាតិ

ក្រសួងការពារជាតិ ប្រគល់សំភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា(កូវីត១៩) ដល់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន

សំភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា(កូវីត១៩) មានម៉ាស់ចំនួន៣០ម៉ឺន និងសំលៀកបំពាក់ការពារឆ្លងមេរោគប្រមាណ១ពាន់៥រយឈុត ត្រូវបានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ពិធីប្រគល់បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាង វិនធាន បានលើកឡើងថា ចាប់តាំងពីប្រទេសចិនបានឆ្លងជំងឺកូវីត១៩ កន្លងមក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែរួមសុខ រួមទុក្ខជាមួយនឹងរដ្ឋាភិបាល និងប្រជាជនចិនជានិច្ច។ ពិសេសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការយកព្រះហរទ័យទុកដាក់ចំពោះប្រជាជនចិន និងផ្ដល់ការគាំទ្រជារៀងរហូត។ លោកបានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសនូវគោលនយោបាយមិនបញ្ឈប់ជើងហោះហើរ, មិនជម្លៀសប្រជាពលរដ្ឋកម្ពុជា, មិនរើសអើង ប្រជាជនចិន។ ពិសេសក្នុងពេលលំបាកបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់នៅ ទីក្រុងប៉េកាំង នេះគឺជាការបង្ហាញនៅគន្លឹះ និងអត្ថន័យដ៏ធំធេង។
លោក វ៉ាង វិនធាន បានបញ្ជាក់ទៀតថា ថ្ងៃនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវទឹកចិត្តអាណិតស្រឡាញ់ប្រជាជនចិន ក៏ដូចជាបង្ហាញនៅសាមគ្គីភាព រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយចំពោះសមយុទ្ធនាគមាសរវាងប្រទេសទាំងពីរកម្ពុជា-ចិនវិញ នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុកដដែល។
ថ្លែងក្នុងឱកាសនោះ លោក ទៀ បាញ់ បានសម្ដែងនូវការសោកស្ដាយ និងសូមជួយរំលែកទុក្ខដល់ប្រជាជនចិន ដែលកំពុងតែរងគ្រោះដោយសារមេរោគកូវីត១៩។ហើយបើទោះបីជាសម្ភារៈដែលក្រសួងការពារជាតិកម្ពុជាប្រគល់ជូនដល់ក្រសួងការពារចិន មានកម្រិតតិចតួចមែនប៉ុន្តែវាជាទឹកចិត្តមួយបង្ហាញអំពីការចូលរួមចែករំលែកទុក្ខ និងបង្ហាញអំពីភាពស្មោះស្ម័គ្ររបស់កម្ពុជា ចំពោះមិត្តចិន។

លោក ទៀ បាញ់ បានលើកឡើងទៀតថា បញ្ហាមេរោគកូរ៉ូណា ឬមេរោគCovid-19នេះ បាន កំពុងផ្ទុះឡើងខ្លាំងនៅប្រទេសចិន ហើយកម្ពុជាក្នុងនាមជាមិត្តរបស់ចិន គាំទ្រជានិច្ចចំពោះការខិតខំរបស់ប្រទេសចិន ក្នុងការស្វែងរកដំណោះស្រាយនៃបញ្ហានេះ ហើយកម្ពុជារំពឹងថារដ្ឋាភិបាលចិន នឹងទទួលបានជោគជ័យនាពេលឆាប់ៗខាងមុខនេះ ក្នុងការទប់ស្កាត់នូវបញ្ហាមេរោគមួយនេះ៕



មតិសាធារណជនសម្តែងការយល់ឃើញពីការតាំងពិព័រណ៍ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា

ពិព័រណ៍សមិទ្ធផលការងាររយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ត្រូវបានរៀបចំជាលើកទី២នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយស្ថាប័នអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនផ្កាឈូក និងមូលនិធិផ្កាឈូក បានទទួលការគាំទ្រយ៉ាងច្រើនពីសាធារណជន។
លោក តែម ចន្ថា មគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ការតាំងពិព័រណ៍នេះ បានឱ្យលោកដឹងពីសមិទ្ធផលអភិរក្ស និងអភិវឌ្ឍន៍ជាច្រើនក្នុងរយៈពេល២៥ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរដូចជា ការជួសជុលអភិរក្សប្រាសាទ ការកំណាយស្រាវជ្រាវ ការរៀបចំសួនមុខប្រាសាទអង្គរវត្ត សណ្តាប់តាមប្រាសាទ។ល។
លោកបន្ថែមថា សាធារណជនទាំងអស់គួរតែចូលរួមទស្សនាដើម្បីស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា និងការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាប្រយោជន៍សម្រាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន។
លោកមានទស្សនៈថា ការបង្កើតឱ្យមានស្ថាប័នជាតិមួយនេះ បានផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងការអភិរក្សសម្បត្តិដូនតា បើគ្មានស្ថាប័ននេះទេ ច្បាស់ជាតំបន់អង្គររងការទន្ទ្រានយកដីសាងសង់លំនៅដ្ឋាន ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញបុរាណដ្ឋានមិនខាន។
លោក ស៊ិន បញ្ញា និស្សិតឆ្នាំទី១នៃសាកលវិទ្យាបញ្ញាសាស្រ្ត បានឱ្យដឹងថា ការតាំងពិព័រណ៍គម្រប់ខួប២៥ឆ្នាំរបស់អាជ្ញាធរជាតិអប្សរា បានឱ្យលោកស្វែងយល់ពីការសាងសង់ ជួសជុលប្រាសាទរបស់ដូនតាឱ្យមានភាពរឹងមាំរាប់រយឆ្នាំមកដល់សព្វថ្ងៃ រួមទាំងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ដែលផ្តល់ជាប្រយោជន៍ដល់រូបលោក ក៏ដូចជាយុវជន សិស្ស និស្សិតផ្សេងៗទៀត។ លោក ស៊ិន បញ្ញា ក៏មានបំណងឱ្យកម្មវិធីតាំងពិព័រណ៍នេះធ្វើឱ្យបានច្រើនដង ដើម្បីផ្សព្វផ្សាយ អប់រំ ចំណេះដឹងដល់សាធារណជនឱ្យស្គាល់ពីតម្លៃសម្បតិ្តដូនតា និងជាតិទាំងមូល។
ព្រះតេជគុណ កែវ វិថៃ សាមណសិស្សមកពីសីហនុរាជ្យខេត្តបាត់ដំបង មានសង្ឃដីការថា អាត្មាបានស្គាល់អាជ្ញាធរជាតិអប្សរាតាមរយៈកិច្ចការថែទាំបេតិកភណ្ឌ ក្នុងនោះមានការជួសជុលអភិរក្សប្រាសាទបុរាណនានា ហើយនឹងតាមរយៈវិស័យទេសចរណ៍ មិនតែប៉ុណ្ណោះសេដ្ឋកិច្ចជាតិមួយផ្នែកធំក៏ទទួលបានតាមរយៈរមណីយដ្ឋានអង្គរ។
ជាមួយគ្នានោះ ព្រះអង្គបានចាប់អារម្មណ៍ទាក់ទងនឹងការជួសជុលប្រាសាទ និងការគ្រប់គ្រងទឹក ដែលដូនតាខ្មែរបានរៀបចំប្រព័ន្ធធារាសាស្រ្តបានយ៉ាងល្អជាយូរមកហើយ និងជាការលើកតម្កើង ពិសេសផ្សព្វផ្សាយទៅកាន់ពិភពលោកពីជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ។ ព្រះអង្គបានសំណូមពរឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ទៀតដើម្បីឱ្យអ្នកសិក្សារៀនសូត្រយល់ដឹងពីសម្បត្តិបេតិកភណ្ឌ និងចូលរួមថែរក្សាទាំងអស់គ្នា។
កញ្ញា គង់ រស្មី និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នការពារ អភិរក្ស ថែទាំរមីយដ្ឋានអង្គរ ហើយការដែលបង្កើតកម្មវិធីពិព័រណ៍នេះឡើងគឺពិតជាល្អណាស់ ព្រោះថាប្រជាជនមួយចំនួនតូចមិនបានយល់ច្បាស់ពីកិច្ចការដែលស្ថាប័ននេះកំពុងតែធ្វើឡើយ ហើយថែមទាំងមានគំនិតអវិជ្ជមានចំពោះអាជ្ញាធរជាតិអប្សរាទៀតផង។

កញ្ញាបន្តថា ដោយជាក់ស្តែងអាជ្ញាធរជាតិអប្សរា បានខិតខំបំពេញឡើងវិញនូវទឹកក្នុងកសិន្ធុ និងបារាយណ៍នានាដែលបានស្ងួត និងមានទឹកឡើងវិញគ្រប់រដូវកាលដែលប្រព័ន្ធធារាសាស្រ្តទាំងនោះជួយពង្រឹងគ្រឹះប្រាសាទបានយ៉ាងល្អ។ ក្នុងនាមជាកូនខ្មែរគ្រប់រូបកុំគិតថា យើងមនុស្សតែម្នាក់ មិនអាចជួយអ្វីបាន ប៉ុន្តែអ្វីក៏ដោយផ្តើមចេញពីពលរដ្ឋម្នាក់ៗនិងទាំងអស់គ្នា និងផ្តើមចេញពីខ្លួនយើង នៅពេលយើងចូលរួមនៅក្នុងការអភិរក្ស និងយល់ដឹងនូវតម្លៃសម្បត្តិដូនតា ជួយថែរក្សាទាំងអស់គ្នា ទៅបានធ្វើឱ្យសង្គមជាតិមានការរីកចម្រើន និងមានសន្តិភាព៕




នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅតំបន់ប្រាសាទព្រះវិហារ

ព្រៈវិហារ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និង នាយទាហានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចុះពិនិត្យស្ថានការណ៍សន្តិសុខ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរលោកក៏បានសាកសួរសុខទុក្ខយុទ្ធជំងឺរបួសដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យជួរមុខសម្តេចតេជោ ស្ថិតក្នុងភូមិសាស្ត្រ តំបន់ព្រំដែន នៅទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ នៅទីបញ្ជាការជួរមុខរបស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសកំពុងត្រៀមលក្ខណៈសម្បត្តិ ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នាឆ្នាំ២០២០នេះ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ !

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋា ភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។

តាមរយៈបណ្តាញហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ការប្រារព្ធវប្បធម៌ជាតិ ជាការ ជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិ សេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វ កិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជា ណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕








អភិបាលរងខេត្តស្វាយរៀង ផ្តល់អនុសាសន៍អប់រំដល់សិស្សានុសិស្សត្រូវខិតខំសិក្សាឱ្យក្លាយទៅជាទំពាំងស្នងឬស្សី

ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានចូលរួមពីលោក ប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ អយក ខេត្ត និងលោកស្រីប្រធានការិយាល័យទាំង១១ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ-ដៃគូពាក់ព័ន្ធ លោក លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ តំណាងប្រតិភូកីឡាក្រុង ស្រុកទាំង៨ និងគ្រូបង្វឹកចំនួន ១៤៥នាក់ ស្រី ៤០នាក់ ព្រមទាំងកីឡាករ កីឡាការិនីចំនួន ៥៩ក្រុម ស្មើនឹង ៧២៥នាក់ ស្រី ៣៧១នាក់ ។
ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ខេត្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លើកីឡា ៥វិញ្ញាសាររួមមាន (1)បាល់ទាត់បុរស-នារី (2)បាល់ទះបុរស-នារី (3)បាល់បោះបុរស-នារី (4)អត្តពលកម្មបុរស-នារី និង(5)ប៉េតង់បុរស-នារី។ ក្រុមទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពានមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភីមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ៣ ប័ណ្ណសរសើរមួយ ថវិកាមួយចំនួន និងសម្ភារកីឡា។

នាឱកាសនោះលោកអភិបាលរងខេត្ត បានមានប្រសាសន៍នូវខ្លឹមសារសំខាន់មួយៗចំនួនដូចខាងក្រោម៖
•សព្វថ្ងៃប្រទេសជាតិមានភាពសំបូរសប្បាយ ការអភិវឌ្ឍន៍គ្រប់ទិសទី សុខសន្តិភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយអ្វីដែលមិនអាចបំភ្លេចបាននូវពាក្យមួយឃ្លា គឺ”អរគុណ ! សន្តិភាព”
•សូមក្មួយៗសិស្សានុសិស្សដែលទទួលបានជ័យលាភី សូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមចូលរួមប្រកួតនៅមណ្ឌលភ្នំពេញ យកជ័យលាភីត្រឡប់មកខេត្តយើងវិញ
•ត្រូវណែនាំដល់បងប្អូន មិត្តភក្ដិចូលរួមលេងកីឡាអោយបានច្រើន តែក៏មិនត្រូវភ្លេចខិតខំរៀនសូត្រផងដែរ
•សូមក្មួយៗ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា
•សូមក្មួយៗ ត្រូវអនាម័យអោយបានល្អ ពិសេសត្រូវសម្អាតដៃញឹកញាប់ និងទៀងទាត់មុនពេលបរិភោគអាហារ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ ៕









ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ ១៩

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ថា មកដល់ពេលនេះពុំមានប្រជាជនណាម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩នោះទេ វិទ្យាស្ថានប៉ាស្ទ័របានធ្វើតេស្តសំណាកបុគ្គលដែលសង្ស័យសរុបចំនួន១៣៥នាក់ គិតត្រឹមថ្ងៃទី២ ខែមីនា តែមិនមានរកឃើញអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជាមានវីរុសកូវីដ១៩នោះឡើយ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖





ប្រកាសស្តីពីការបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃទីស្តីការគណៈរដ្ឋមន្រ្តី

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញប្រកាសស្តីពីការបង្កើតលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានភារកិច្ចរៀបចំនីតិវិធីនិងគោលការណ៍សម្រាប់អនុវត្តក្របខណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់មុនពេល ក្នុងពេល និងក្រោយពេលគ្រោះមហន្តរាយ និងភារកិច្ចមួយចំនួនទៀត។

សូមអានប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីខាងក្រោម៖